ជំនួយ​ការសិក្សា
អេសាយ


អេសាយ

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ព្យាករ​ពី​ឆ្នាំ ៧៤០–៧០១ ម.គ.ស.។ ជា​នាយ​ប្រឹក្សា​នៃ​ស្ដេច​ហេសេគា នោះ​អេសាយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ទាំង​ខាង​សាសនា និង​ខាង​រដ្ឋាភិបាល។

ព្រះ​យេស៊ូវ​ទ្រង់​តែងតែ​ស្រង់​ពាក្យ​អេសាយ​ជាង​ព្យាការី​ណាៗ​ទាំង​អស់។ ពាក្យ​អេសាយ​ក៏​តែងតែ​បាន​ស្រង់​ដោយ​ពេត្រុស យ៉ូហាន និង​ប៉ុល នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ព្រះ​គម្ពីរ​មរមន និង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា មាន​ពាក្យ​ស្រង់​ពី​អេសាយ​ច្រើន​ជាង​ពី​ព្យាការី​ណាៗ​ទាំង​អស់ ហើយ​ផ្ដល់​នូវ​ជំនួយ ក្នុង​ការ​បកស្រាយ​ពាក្យ​អេសាយ។ នីហ្វៃ​បាន​បង្រៀន​ប្រជាជន​លោក​ចេញ​ពី​ការ​សរសេរ​របស់​អេសាយ (២ នីហ្វៃ ១២–២៤; អេសាយ ២–១៤)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ថា « ពាក្យ​របស់​អេសាយ ជា​ពាក្យ​ដ៏​មហិមា » ហើយ​ថា​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​អេសាយ​បាន​ព្យាករ​នោះ​នឹង​បាន​សម្រេច (៣ នីហ្វៃ ២៣:១–៣)។

គម្ពីរ​អេសាយ 

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ពាក្យ​ព្យាករណ៍​របស់​អេសាយ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​យាង​មក​នៃ​ព្រះ​ដ៏​ប្រោស​លោះ ព្រម​ទាំង​ការ​បង្រៀន​របស់​ទ្រង់​នៅ​លើ​ផែនដី (អេសាយ ៩:៦) ហើយ​ជា​ព្រះ​មហាក្សត្រ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ (អេសាយ ៦៣)។ លោក​ក៏​បាន​ព្យាករ​ជា​ច្រើន​អំពី​អនាគត​នៃ​អ៊ីស្រាអែល។

ជំពូក​ទី ១ គឺជា​អារម្ភបទ​ចំពោះ​គម្ពីរ​ទាំង​មូល។ អេសាយ ៧:១៤; ៩:៦–៧; ១១:១–៥; ៥៣:១–១២; និង ៦១:១–៣ រៀបរាប់​ទុកជាមុន​អំពី​បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ។ ជំពូក​ទី ២, ១១, ១២ និង ៣៥ ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ចុង​ក្រោយ កាល​ដំណឹង​ល្អ​បាន​សាង​ឡើង​វិញ, អំពី​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ជួបជុំ និង​អំពី​ដែនដី​ហួតហែង​នឹង​ត្រូវ​បាន​ផ្កា​ឡើង​ដូច​ជា​កុលាប។ ជំពូក​ទី ២៩ មាន​នូវ​ពាក្យ​ព្យាករណ៍​អំពី​ការ​ចេញ​មក​នៃ​ព្រះ​គម្ពីរ​មរមន (២ នីហ្វៃ ២៧)។ ជំពូក​ទី ៤០–៤៦ ប្រកាស​ប្រាប់​អំពី​ឥទ្ធិ​ឫទ្ធិ​ខ្ពង់​ខ្ពស់​នៃ​ព្រះ​យេហូវ៉ា ទុកជា​ព្រះ​ដ៏​ពិត លើ​រូប​ព្រះ​ទាំង​ឡាយ​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ផ្សេងៗ។ ជំពូក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន គឺ ៤៧–៦៦ ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​អំពី​ការ​សាង​ឡើង​វិញ​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ និង​ការ​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ដោយ​មាន​ព្រះ​អម្ចាស់ ទ្រង់​គង់​នៅ​ចំណោម​រាស្ត្រ​របស់​ទ្រង់។