ជំនួយ​ការសិក្សា
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា


គោល​លទ្ធិ និង​សេចក្ដី​សញ្ញា

ជា​ការ​ប្រជុំ​វិវរណៈ​ពី​ព្រះ និង​សេចក្ដី​ប្រកាស​ដែល​បំផុស​គំនិត​នៅ​ថ្ងៃ​ចុង​ក្រោយ។ ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​របស់​ទាំង​នេះ​ដល់​យ៉ូសែប ស៊្មីធ និង​ដល់​ពួក​អ្នក​ខ្លះ​ក្រោយ​ពី​លោក​ទៅ សម្រាប់​ការ​តាំង ហើយ​ចាត់ចែង​នគរ​ព្រះ​នៅ​លើ​ផែនដី​នៅ​ថ្ងៃ​ចុង​ក្រាយ​បង្អស់។ គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ជា​គម្ពីរ​បមាណីយ​មួយ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជាមួយ​នឹង​ព្រះ​គម្ពីរ​ប៊ីប ព្រះ​គម្ពីរ​មរមន និង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។ គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ជា​របស់​ចម្លែក​មួយ ពី​ព្រោះ​មិនមែន​ជា​ការ​បកប្រែ​ចេញ​ពី​បញ្ជី​បុរាណ​ទេ។ ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​វិវរណៈ​ទាំង​នេះ​ដល់​ពួក​ព្យាការី​ដ៏​ជម្រើស​របស់​ទ្រង់​នៅ​បច្ចុប្បន្ន​នេះ ដើម្បី​សាង​នគរ​ទ្រង់​ឡើង​វិញ។ នៅ​ក្នុង​វិវរណៈ​ទាំង​ប៉ុន្មាន​នោះ ជន​នីមួយៗ​ឮ​នូវ​សំឡេង​ដ៏​ទន់ភ្លន់ និង​មុតមាំ​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (គ. និង ស. ១៨:៣៥–៣៦)។

ព្យាការី​យ៉ូសែប ស៊្មីធ មាន​ប្រសាសន៍​ថា គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ហើយ​ជា​ផល​ប្រយោជន៍​ដល់​ពិភពលោក (គ. និង ស. ៧០:ចំណង​ជើង)។ វិវរណៈ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​នោះ ចាប់​ផ្ដើម​ការ​រៀបចំ​ផ្លូវ​ចាំ​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​អម្ចាស់ ក្នុង​ការ​សម្រេច​នូវ​គ្រប់​ទាំង​ពាក្យ​ដែល​បាន​ពោល​ដោយ​ពួក​ព្យាការី ចាប់​តាំង​ពី​កំណើត​លោកិយ​មក។