ធីម៉ូថេ, សំបុត្រដល់
ជាគម្ពីរពីរក្បាលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ពីប្រភពទឹកដើមគម្ពីរទាំងពីរនេះ គឺជាសំបុត្រដែលប៉ុលបានសរសេរទៅធីម៉ូថេ។
ធីម៉ូថេទី ១
ប៉ុលបានសរសេរសំបុត្រទីមួយ បន្ទាប់ពីលោកត្រូវជាប់គុកមុនដំបូង។ លោកបានទុកឲ្យធីម៉ូថេ នៅស្រុកអេភេសូរ ដោយគិតថានឹងវិលមកវិញ (១ ធីម៉ូ. ៣:១៤)។ ប៉ុន្តែប៉ុលគិតថា លោកត្រូវបង្អង់នៅ ម្ល៉ោះហើយ ទើបលោកសរសេរសំបុត្រទៅ ធីម៉ូថេ មើលទៅប្រហែលជាបានសរសេរចេញពីស្រុកម៉ាសេដូន (១ ធីម៉ូ. ១:៣) ដើម្បីឲ្យសេចក្ដីទូន្មាន និងសេចក្ដីលើកទឹកចិត្ត ដើម្បីបំពេញកិច្ចការរបស់លោក។
ជំពូកទី ១ ជាការសួរសុខទុក្ខមកពីប៉ុល និងការបង្រៀនរបស់លោក អំពីការស្ទង់ស្មានដ៏ឥតប្រយោជន៍ ដែលឃើញមាននៅក្នុងសាសនាចក្រ។ ជំពូកទី ២–៣ ប្រាប់ពីរបៀបថ្វាយបង្គំរបស់បណ្ដាជន និងពីលក្ខណៈ និងចរិតនៃពួកអ្នកបង្រៀន។ ជំពូកទី ៤–៥ មាននូវការអធិប្បាយប្រាប់ អំពីសេចក្ដីក្បត់សាសនានៅថ្ងៃចុងក្រោយ និងសេចក្ដីទូន្មានដល់ធីម៉ូថេនូវរបៀបរៀបចំដល់អ្នកដែលលោកដឹកនាំ។ ជំពូកទី ៦ ជាសេចក្ដីដាស់តឿនឲ្យឃើញថាស្មោះត្រង់ ហើយឲ្យចៀសវាងពីទ្រព្យសម្បត្តិខាងលោកិយ។
ធីម៉ូថេទី ២
ប៉ុលបានសរសេរសំបុត្រទីពីរ កាលលោកជាប់គុកលើកទីពីរ គឺមុនពីទុក្ករកម្មលោកបន្តិច។ គម្ពីរនេះមាននូវពាក្យចុងក្រោយបង្អស់របស់ប៉ុល ហើយបង្ហាញនូវសេចក្ដីក្លាហានដ៏អស្ចារ្យ និងសេចក្ដីទុកចិត្តដែលលោកមាន កាលលោកប្រឈរមុខនឹងសេចក្ដីស្លាប់។
ជំពូកទី ១ មាននូវការសួរសុខទុក្ខពីប៉ុល និងបន្ទុកដល់ធីម៉ូថេ។ ជំពូកទី ២–៣ ប្រាប់នូវការព្រមាន និងការដឹកនាំទាំងឡាយ ព្រមទាំងការប្រឹងប្រែងឲ្យតស៊ូនឹងគ្រោះថ្នាក់ខាងមុខ។ ជំពូកទី ៤ ជាបណ្ដាំដល់មិត្តទាំងឡាយរបស់ប៉ុល គឺមាននូវពាក្យណែនាំឲ្យធ្វើដូចម្ដេចចំពោះអ្នកក្បត់សាសនា។