យ៉ូណាស
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះអម្ចាស់ ទ្រង់បានហៅឲ្យទៅផ្សាយអំពីការប្រែចិត្តដល់ទីក្រុងនីនីវេ (យ៉ូណាស ១:១–២)។
គម្ពីរយ៉ូណាស
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលប្រាប់អំពីការពិសោធន៍នៅក្នុងជីវិតយ៉ូណាស។ ប្រហែលជា យ៉ូណាសពុំបានសរសេរគម្ពីរនេះដោយខ្លួនលោកទេ។ គំនិតដ៏សំខាន់នៅក្នុងគម្ពីរយ៉ូណាស គឺថាព្រះយេហូវ៉ាសោយរាជ្យនៅគ្រប់ទិសទី ហើយមិនត្រឹមតែប្រទានសេចក្ដីស្រឡាញ់របស់ទ្រង់ដល់សាសន៍ ឬប្រជារាស្ត្រតែមួយប៉ុណ្ណោះទេ។
នៅជំពូកទី ១ ព្រះអម្ចាស់ទ្រង់បានហៅឲ្យយ៉ូណាសទៅផ្សាយដល់ពួកនីនីវេ។ ដោយមិនធ្វើតាមដែលព្រះអម្ចាស់បានបញ្ជា នោះស្រាប់តែយ៉ូណាសរត់ទៅទីផ្សេងប្រងើយ បានទៅចុះទូក ហើយត្រូវត្រីធំលេប។ ជំពូកទី ២ យ៉ូណាសបានអធិស្ឋានទៅព្រះអម្ចាស់ ហើយត្រីបានខ្ជាក់យ៉ូណាសចេញទៅលើដីគោក។ ជំពូកទី ៣ កត់ថា យ៉ូណាសបានទៅក្រុងនីនីវេ ហើយបានព្យាករអំពីការរលំនៃទីក្រុងនោះ។ ប៉ុន្តែប្រជាជនបានប្រែចិត្ត។ ជំពូកទី ៤ ព្រះអម្ចាស់ទ្រង់បានបន្ទោសយ៉ូណាសដែលបានខឹង ពីព្រោះព្រះអម្ចាស់ទ្រង់បានទុកជីវិតឲ្យប្រជាជននៅរស់។
ព្រះយេស៊ូវទ្រង់បានបង្រៀនថា យ៉ូណាសត្រូវត្រីលេបនោះចាត់ទុកជាស្រមោលដែលនឹងកើតឡើងអំពីការសុគត និងដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវផ្ទាល់ (ម៉ាថាយ ១២:៣៩–៤០; ១៦:៤; លូកា ១១:២៩–៣០)។