ឆ្កាង, ការឆ្កាង
ជារបៀបសម្លាប់របស់ពួករ៉ូមម្យ៉ាង ដែលមានទូទៅនៅសម័យព្រះគម្ពីរសញ្ញាថ្មី គឺសម្លាប់មនុស្សដោយចង ឬក៏បោះដែកគោលដៃ និងជើងអ្នកនោះទៅលើឈើឆ្កាង។ តាមធម្មតា របៀបនេះ គឺធ្វើដល់តែពួកអ្នកបម្រើ និងពួកអ្នកទោសទាបបំផុតប៉ុណ្ណោះ។ តាមធម្មតា មានការវាយដំមុនការឆ្កាង (ម៉ាកុស ១៥:១៥)។ អ្នកដែលត្រូវគេឆ្កាង តាមធម្មតា ត្រូវលីឈើឆ្កាងដោយខ្លួនឯងទៅទីសម្លាប់ (យ៉ូហាន ១៩:១៦–១៧)។ តាមធម្មតា ពួកទាហានដែលធ្វើការសម្លាប់ ក៏យកខោអាវអ្នកនេះ (ម៉ាថាយ ២៧:៣៥)។ គេដោតឈើឆ្កាងទៅក្នុងដីដើម្បីឲ្យជើងអ្នកនោះខ្ពស់ពីដីប្រមាណ ១ ទៅ ២ ហត្ថប៉ុណ្ណោះ។ ពួកទាហានចាំយាមឈើឆ្កាង រហូតដល់អ្នកនៅលើឈើឆ្កាងស្លាប់ គឺជួនកាលមានដល់ទៅ ៣ ថ្ងៃ (យ៉ូហាន ១៩:៣១–៣៧)។
ព្រះយេស៊ូវគ្រីស្ទត្រូវគេឆ្កាង ពីព្រោះមានពួកអ្នកមិនជឿមួយក្រុម បានចោទបង្ខុសដល់ទ្រង់ ថាបាននាំការបះបោរទាស់នឹងសេសារ ហើយបានប្រមាថដល់ព្រះ ពីព្រោះទ្រង់បានមានព្រះបន្ទូលថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។ គេបានបំពាក់លើទ្រង់នូវអាវពណ៌ស្វាយ (យ៉ូហាន ១៩:២) និងភួងបន្លា ហើយបានជេរប្រមាថព្រះយេស៊ូវនូវប្រការផ្សេងៗ (ម៉ាថាយ ២៦:៦៧; ម៉ាកុស ១៤:៦៥)។