អេលីយ៉ា
ជាព្យាការីម្នាក់ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានវិលមកវិញនៅថ្ងៃចុងក្រោយ ដើម្បីប្រគល់កូនសោទាំងឡាយ នៃអំណាចខាងការភ្ជាប់ទៅលើ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី។ នៅជំនាន់លោក អេលីយ៉ាបានបង្រៀននៅនគរអ៊ីស្រាអែលខាងជើង (១ ពង្សាវ. ១៧–២២; ២ ពង្សាវ. ១–២)។ លោកមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ជាខ្លាំង ហើយបានសម្គាល់ចំពោះអព្ភូតហេតុជាច្រើន។ លោកហាមមិនឲ្យភ្លៀងអស់រយៈពេលបីឆ្នាំកន្លះ។ លោកបានប្រោសក្មេងប្រុសម្នាក់ឲ្យរស់ពីស្លាប់ ហើយបានហៅឲ្យភ្លើងចុះមកពីលើមេឃ (១ ពង្សាវ. ១៧–១៨)។ ប្រជាជនយូដានៅតែរង់ចាំឲ្យអេលីយ៉ាវិលមកវិញ ដូចដែលម៉ាឡាគីបានព្យាករថាលោកនឹងមក (ម៉ាឡាគី ៤:៥)។ លោកជាភ្ញៀវដែលត្រូវអញ្ជើញនៅបុណ្យរំលងនៃសាសន៍យូដាជាដរាប ដែលមានទ្វារបើកចំហ និងទីអង្គុយទំនេររង់ចាំលោកជានិច្ច។
ព្យាការី យ៉ូសែប ស៊្មីធ មានប្រសាសន៍ថា អេលីយ៉ាបានកាន់អំណាចខាងការភ្ជាប់នៃបព្វជិតភាពម៉ិលគីស្សាដែក ហើយជាព្យាការីចុងក្រោយបង្អស់ ដែលបានកាន់កូនសោនោះ មុនជំនាន់ព្រះយេស៊ូវគ្រីស្ទ។ លោកបានលេចមកលើភ្នំប្រែរូបជាមួយនឹងម៉ូសេ ហើយបានប្រគល់កូនសោទាំងឡាយនៃបព្វជិតភាពទៅលើពេត្រុស យ៉ាកុប និងយ៉ូហាន (ម៉ាថាយ ១៧:៣)។ លោកបានលេចមកម្ដងទៀត ជាមួយនឹងម៉ូសេ និងអ្នកផ្សេងៗទៀតនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ១៨៣៦ គឺនៅក្នុងព្រះវិហារខឺតឡង់ រដ្ឋអូហៃអូ ហើយបានប្រគល់កូនសោដដែលដល់ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី (គ. និង ស. ១១០:១៣–១៦)។ ការទាំងនេះ គឺជាការរៀបចំថ្វាយការយាងមកលើកទីពីរនៃព្រះអម្ចាស់ ដូចដែលបានពោលដល់ក្នុងគម្ពីរម៉ាឡាគី ៤:៥–៦។
អំណាចអេលីយ៉ា គឺជាអំណាចខាងការភ្ជាប់នៃបព្វជិតភាព ដែលថាអ្វីៗនៅលើផែនដីបានចង ឬស្រាយ នោះត្រូវបានចង ឬស្រាយនៅលើស្ថានសួគ៌ដែរ (គ. និង ស. ១២៨:៨–១៨)។ ពួកអ្នកបម្រើជម្រើសរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ មានអំណាចខាងការភ្ជាប់ ហើយប្រព្រឹត្តិពិធីសង្គ្រោះនៃដំណឹងល្អសម្រាប់មនុស្សនៅរស់ និងមនុស្សស្លាប់ (គ. និង ស. ១២៨:៨)។