អ៊ីស្រាអែល
ព្រះអម្ចាស់ទ្រង់បានឲ្យឈ្មោះអ៊ីស្រាអែលទៅយ៉ាកុប ដែលជាកូនប្រុសរបស់អ៊ីសាក ហើយជាចៅរបស់អ័ប្រាហាំ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (លោកុ. ៣២:២៨; ៣៥:១០)។ ឈ្មោះថា អ៊ីស្រាអែល អាចនិយាយដល់យ៉ាកុបផ្ទាល់ ពូជពង្សលោក ឬក៏នគរដែលពួកពូជពង្សលោក បានអាស្រ័យនៅសម័យព្រះគម្ពីរសញ្ញាចាស់ (២ សាំយូ. ១:២៤; ២៣:៣)។ ក្រោយពីលោកម៉ូសេ បាននាំពួកកូនចៅអ៊ីស្រាអែលចេញពីការឃុំឃាំងរបស់សាសន៍អេស៊ីព្ទ (និក្ខ. ៣–១៤) នោះពួកគេត្រូវបានគ្រប់គ្រងដោយពួកចៅហ្វាយអស់ជាង ៣០០ ឆ្នាំ។ ចាប់ផ្ដើមនឹងស្ដេចសូល នោះស្ដេចទាំងឡាយបានគ្រប់គ្រងលើអ៊ីស្រាអែលទាំងមូល រហូតដល់មរណភាពរបស់ស្ដេច សាឡូម៉ូន កាលពូជទាំង១០ អំបូរបានបះបោរចេញពីស្ដេចរេហូបោម ដើម្បីទៅរៀបចំបង្កើតប្រទេសផ្សេង។ ក្រោយពីនគរអ៊ីស្រាអែលបានបែកចែក នោះពូជអំបូរខាងជើង ជាភាគធំជាង បានយកឈ្មោះអ៊ីស្រាអែល រីឯនគរខាងត្បូងបានហៅថា យូដា។ សព្វថ្ងៃនេះ ស្រុកកាណានក៏បានហៅថា អ៊ីស្រាអែល។ តាមសេចក្ដីម្យ៉ាងទៀត អ៊ីស្រាអែល មានន័យថា អ្នកជឿតាមព្រះគ្រីស្ទពិត (រ៉ូម ១០:១; ១១:៧; កាឡាទី ៦:១៦; អេភេ. ២:១២)។
ពូជអ៊ីស្រាអែលទាំង១២អំបូរ
យ៉ាកុបជាចៅរបស់លោកអ័ប្រាហាំ ដែលបានដូរឈ្មោះទៅជាអ៊ីស្រាអែល មានកូនប្រុស ១២ នាក់។ ពូជពង្សពួកគេត្រូវបានស្គាល់ថា ពូជអ៊ីស្រាអែល ១២ អំបូរ ឬក៏កូនចៅរបស់អ៊ីស្រាអែល។ នេះគឺជាពូជទាំង១២ អំបូរ ៖ រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន (ពួកកូនប្រុសរបស់យ៉ាកុបជាមួយនឹងនាងលេអា); ដាន់ និង ណែបថាលី (ពួកកូនប្រុសរបស់យ៉ាកុបជាមួយនឹងនាងប៊ីលហា); កាឌ់ និង អេស៊ើរ (ពួកកូនប្រុសរបស់យ៉ាកុបជាមួយនឹងនាងស៊ីលផា) យ៉ូសែប និង បេនយ៉ាមីន (ពួកកូនប្រុសរបស់យ៉ាកុបជាមួយនឹងនាងរ៉ាជែល) (លោកុ. ២៩:៣២–៣០:២៤; ៣៥:១៦–១៨)។
យ៉ាកុបបានប្រទានពរឲ្យអ្នកដឹកនាំពូជអំបូរនីមួយៗ មុនលោកស្លាប់ទៅ (លោកុ. ៤៩:១–២៨)។ ចំពោះព័ត៌មានបន្ថែមទៀត សូមមើលតាមឈ្មោះកូនរបស់យ៉ាកុបនីមួយៗ។
រូបេន ជាកូនប្រុសច្បងរបស់យ៉ាកុប និងប្រពន្ធទីមួយ គឺនាងលេអា បានបាត់បង់សិទ្ធិកូនច្បង និងកេរមរតកពីរភាគមកពីអំពើកាមគុណ (លោកុ. ៤៩:៣–៤)។ សិទ្ធិកូនច្បងក៏បានទៅយ៉ូសែប ជាកូនច្បងរបស់នាងរ៉ាជែល ជាប្រពន្ធទីពីររបស់យ៉ាកុប (១ របា. ៥:១–២)។ រីឯលេវី ជាពូជអំបូរដែលព្រះអម្ចាស់ទ្រង់បានរើសឲ្យបម្រើជាអ្នកចាត់ចែងបព្វជិតភាពរបស់ទ្រង់ នោះពុំបានទទួលកេរមរតកអ្វីឡើយ ពីព្រោះពីការងារដ៏វិសេស ដើម្បីជួយផ្គត់ផ្គង់ដល់គ្រប់ពូជអំបូរទាំងអស់។ ហេតុនេះហើយ ទើបបណ្ដោយឲ្យកេរមរតករបស់យ៉ូសែបពីរផ្នែក ដើម្បីចែកគ្នានឹងកូនប្រុសពីរនាក់របស់យ៉ូសែប គឺអេប្រាអិម និងម៉ាន៉ាសេ (១ របា. ៥:១; យេរេ. ៣១:៩) ដែលរាប់ជាអំបូរផ្សេងទៀតរបស់អ៊ីស្រាអែល (ក.យ.ស., លោកុ. ៤៨:៥–៦)។
សមាជិកនៃពូជអំបូរយូដាត្រូវបានទៅជាពួកអ្នកគ្រប់គ្រង រហូតដល់ព្រះមែស៊ីយាងមក (លោកុ. ៤៩:១០; ក.យ.ស., លោកុ. ៥០:២៤)។ នៅថ្ងៃចុងក្រោយបង្អស់ ពូជអំបូរអេប្រាអិមនឹងមានឱកាសផ្សាយដំណឹង អំពីការសាងឡើងវិញនៃដំណឹងល្អទៅដល់មនុស្សលោក និងអំពីការប្រមូលពួកសាសន៍អ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយ (ចោទិ. ៣៣:១៣–១៧)។ ពេលវេលានឹងមកដល់ តាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះអេប្រាអិមនឹងមានមុខងារដឹកនាំ ក្នុងការរួបរួមពូជអំបូរនៃអ៊ីស្រាអែល (អេសាយ ១១:១២–១៣; គ. និង ស. ១៣៣:២៦–៣៤)។
ការខ្ចាត់ខ្ចាយនៃពួកសាសន៍អ៊ីស្រាអែល
ព្រះអម្ចាស់ទ្រង់បានកម្ចាត់កំចាយ ហើយធ្វើទុក្ខដល់ពូជអ៊ីស្រាអែលទាំង ១២ អំបូរ ពីព្រោះតែអំពើឥតសុចរិត និងការបះបោររបស់ពួកគេ។ ក៏ប៉ុន្តែព្រះអម្ចាស់ទ្រង់ក៏ប្រើការខ្ចាត់ខ្ចាយនៃរាស្ត្រជម្រើសរបស់ទ្រង់ ក្នុងចំណោមសាសន៍ទាំងឡាយក្នុងលោកិយដើម្បីប្រទានពរដល់សាសន៍ទាំងនោះ។
ការប្រមូលនៃសាសន៍អ៊ីស្រាអែល
វង្សអ៊ីស្រាអែលនឹងត្រូវបានប្រមូលនៅថ្ងៃចុងក្រោយបង្អស់ គឺមុនការយាងមកនៃព្រះគ្រីស្ទ (ម. នៃ ស. ១:១០)។ ព្រះអម្ចាស់ទ្រង់ប្រមូលពួកអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់ កាលណាគេទទួលស្គាល់ទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។
ពូជអ៊ីស្រាអែលទាំង១០អំបូរដែលបាត់
ពូជអ៊ីស្រាអែលទាំង១០ អំបូរបានធ្វើជានគរអ៊ីស្រាអែលខាងជើង ហើយត្រូវបានចាប់យកជាឈ្លើយទៅស្រុកអាសស៊ើរ នៅឆ្នាំ ៧២១ ម.គ.ស.។ នៅសម័យនោះ គេបានទៅឯ « ស្រុកខាងជើងទាំងឡាយ » ហើយក៏ក្លាយទៅបាត់ដំណឹងពីអ្នកផ្សេងៗ។ នៅគ្រាចុងក្រោយបង្អស់ នោះពួកគេនឹងវិលមកវិញ។