ជំនួយ​ការសិក្សា
សំបុត្រ​របស់​ប៉ុល


សំបុត្រ​របស់​ប៉ុល

គម្ពីរ​១៤​ច្បាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ពី​ដើម​គឺជា​សំបុត្រ​ដែល​បាន​សរសេរ​ដោយ​សាវក​ប៉ុល ដល់​សមាជិក​ក្នុង​សាសនាចក្រ។ គម្ពីរ​ទាំង​នេះ​អាច​ញែក​ចេញ​ជា​បួន​ក្រុម​ដែល​មាន​ដូច​ត​ទៅ​នេះ គឺ ៖

ថែស្សាឡូនីច​ទី ១ និង​ទី ២ (ឆ្នាំ ៥០–៥១ គ.ស.)

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​ថែស្សាឡូនីច​ពី​កូរិនថូស នៅ​គ្រា​លោក​ធ្វើ​បេសកកម្ម​លើក​ទី​ពីរ។ កិច្ចការ​របស់​លោក​នៅ​ស្រុក​ថែស្សាឡូនីច បាន​អធិប្បាយ​ប្រាប់​នៅ​ក្នុង​គម្ពីរ​កិច្ចការ ជំពូក​ទី ១៧។ លោក​ចង់​វិល​ទៅ​ស្រុក​ថែស្សាឡូនីច​វិញ ប៉ុន្តែ​លោក​មិន​អាច​ទៅ​បាន (១ ថែស្សា. ២:១៨)។ ហេតុ​ដូច្នោះ​ហើយ ទើប​លោក​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​កំសាន្ត​ពួក​ប្រែ​ចិត្ត​ជឿ ហើយ​ឲ្យ​វិល​មក​ប្រាប់​លោក​វិញ អំពី​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សំបុត្រ​ទី ១ គឺជា​ផល​នៃ​សេចក្ដី​អំណរគុណ អំពី​ការ​វិល​មក​វិញ​នៃ​ធីម៉ូថេ។ សំបុត្រ​ទី ២ បាន​សរសេរ​នៅ​ពេល​បន្ទាប់​ពី​នោះ​ភ្លាម។

កូរិនថូស​ទី ១ និង​ទី ២, កាឡាទី, រ៉ូម (ឆ្នាំ ៥៥–៥៧ គ.ស.)

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​កូរិនថូស នៅ​គ្រា​លោក​ធ្វើ​បេសកកម្ម​លើក​ទី​បី ដើម្បី​ឆ្លើយ​នូវ​សំណួរ​ទាំង​ឡាយ ហើយ​សម្រួល​ការ​មិន​ស្រុះស្រួល​គ្នា​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ស្រុក​កូរិនថូស។

សំបុត្រ​ដល់​ពួក​កាឡាទី​ប្រហែលជា​បាន​សរសេរ​ដល់​សាសនាចក្រ ជា​ច្រើន ក្រុម​នៅ​ស្រុក​កាឡាទី​ទាំង​មូល។ សមាជិក​ខ្លះ​នៅ​ក្នុង​សា​សនាច​ក្រ​បាន​លះបង់​ចោល​ដំណឹង​ល្អ ហើយ​យល់​ស្រប​តាម​ក្រឹត្យ​វិន័យ​នៃ​សាសន៍​យូដា។ នៅ​ក្នុង​សំបុត្រ​នេះ ប៉ុល​បាន​ពន្យល់​ប្រាប់​អំពី គោលបំណង​នៃ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ និង​តម្លៃ​នៃ​សាសនា​ខាង​វិញ្ញាណ។

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​រ៉ូម​ពី​ក្រុង​កូរិនថូស ដោយ​ចង់​រៀប​ចំ​ពួក​បរិសុទ្ធ​សាសន៍​រ៉ូម ដែល​លោក​បាន​សង្ឃឹម​ថា​នឹង​បាន​ទៅ​ជួប​ពួក​គេ។ សំបុត្រ​នេះ​ក៏​បញ្ជាក់​ម្ដង​ទៀត​អំពី​ដំណឹង​ល្អ ដែល​កំពុងតែ​មាន​ទំនាស់​គ្នា ដោយ​ពួក​សាសន៍​យូដា ដែល​បាន​ប្រែ​ចិត្ត​ជឿ​តាម​សាសនា​គ្រីស្ទាន។

ភីលីព, កូល៉ុស, អេភេសូរ, ភីលេម៉ូន, ហេព្រើរ (ឆ្នាំ ៦០–៦២ គ.ស.)

ប៉ុល​បាន​សរសេរ​សំបុត្រ​ទាំង​នេះ កាល​លោក​ជាប់​គុក​មុនដំបូង​នៅ​ក្រុង​រ៉ូម។

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​ភីលីព គោល​សំខាន់ គឺ​ដើម្បី​បង្ហាញ​នូវ​អំណរគុណ និង​សេចក្ដី​គាប់​ចិត្ត​ចំពោះ​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព ហើយ​ដើម្បី​លួងលោម​ពី​ព្រោះ​ការ​ខក​ចិត្ត​ដែល​លោក​ត្រូវ​ជាប់​គុក​យ៉ាង​យូរ។

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​កូល៉ុស មក​ពី​ដំណឹង​ថា ពួក​បរិសុទ្ធ​នៅ​កូល៉ុស កំពុងតែ​ធ្លាក់​ទៅ​ក្នុង​កំហុស​ដ៏​ធ្ងន់​មួយ។ គេ​បាន​ជឿ​ថា ការ​ល្អ​ឥត​ខ្ចោះ​កើត​ឡើង ដោយ​សារ​ការ​គោរព​តាម​ពិធី​បរិសុទ្ធ​ខាង​ក្រៅ តែ​មួយ​ជាជាង​ការ​សាង​ចរិយា​ឲ្យ​បាន​ដូច​ព្រះ​គ្រីស្ទ​វិញ។

សំបុត្រ​ដល់​ពួក​អេភេសូរ គឺ​មាន​សារៈសំខាន់​ដ៏​ធំ ព្រោះ​សំបុត្រ​នេះ​មាន​នូវ​ការ​បង្រៀន​ទាំង​ឡាយ​របស់​ប៉ុល អំពី​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ។

សំបុត្រ​ដល់​ភីលេម៉ូន គឺជា​សំបុត្រ​ផ្ទាល់​ខ្លួន​អំពី​អូនេស៊ីម ជា​បាវ​បម្រើ​ដែល​បាន​ប្លន់​ភីលេម៉ូន ជា​ចៅហ្វាយ​របស់​ខ្លួន ហើយ​រត់​ទៅ​ក្រុង​រ៉ូម។ ប៉ុល​បាន​ចាត់​ឲ្យ​អូនេស៊ីម​វិល​ទៅ​រក​ចៅហ្វាយ​វិញ ព្រម​ទាំង​សំបុត្រ​អង្វរ​ឲ្យ​លោក​អត់​ទោស​ឲ្យ​អូនេស៊ីម​ផង។

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​ហេព្រើរ​ដល់​សមាជិក​សាសន៍​យូដា​នៅ​ក្នុង​សាសនាចក្រ ដើម្បី​បញ្ចុះ​បញ្ចូល​ពួក​គេ​ថា ក្រឹត្យ​វិន័យ លោក​ម៉ូសេ​នោះ​បាន​ត្រូវ​សម្រេច​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ថា ក្រឹត្យ​វិន័យ​ខាង​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​បាន​មក​ជំនួស​ហើយ។

ធីម៉ូថេ​ទី ១ និង​ទី ២, ទីតុស (ឆ្នាំ ៦៤–៦៥ គ.ស.)

ប៉ុល​បាន​សរសេរ​សំបុត្រ​ទាំង​នេះ បន្ទាប់​ពី​លោក​បាន​ចេញ​ពី​គុក​នៅ​ក្រុង​រ៉ូម​លើក​ទី​មួយ។

ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​អេភេសូរ ជាទី​ដែល​លោក​ទុក​ធីម៉ូថេ​ឲ្យ​បញ្ឈប់​ការ​ដុះ​នៃ​ការ​ស្មាន​ខ្លះ ដោយ​សង្ឃឹម​ថា​នឹង​បាន​វិល​មក​វិញ​នៅ​ពេល​ក្រោយ។ លោក​បាន​សរសេរ​សំបុត្រ​ទី ១ ទៅ​ធីម៉ូថេ ប្រហែលជា​ចេញ​ពី​ក្រុង​ម៉ាសេដូន ដើម្បី​ទូន្មាន ហើយ​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ក្នុង​ការ​សម្រេច​កិច្ចការ​លោក។

ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ទីតុស នៅ​គ្រា​លោក​បាន​រួច​ពី​គុក។ លោក​ប្រហែលជា​បាន​ទៅ​កោះ​ក្រេត ជាទី​ដែល​ទីតុស​ធ្វើ​ការ​បម្រើ។ គោល​សំខាន់​នៃ​សំបុត្រ​នេះ​ទាក់​ទង់​ទៅ​នឹង​ការ​រស់នៅ​ដោយ​សុចរិត និង​ការ​អប់​រំ​នៅ​ក្នុង​សាសនាចក្រ។

ប៉ុល​បាន​សរសេរ​សំបុត្រ​ទី ២ ទៅ​ធីម៉ូថេ កាល​លោក​ជាប់​គុក​លើក​ទី​ពីរ មុន​ទុក្ករកម្ម​របស់​លោក​បន្តិច។ សំបុត្រ​នេះ​មាន​នូវ​ពាក្យ​សំដី​ចុង​ក្រោយ​បង្អស់​របស់​ប៉ុល ហើយ​បង្ហាញ​នូវ​ការ​ក្លាហាន និង​ការ​ទុក​ចិត្ត​ដ៏​អស្ចារ្យ នៅ​ពេល​លោក​ប្រឈមមុខ​នឹង​សេចក្ដី​ស្លាប់។