អេប្រាអិម
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនប្រុសទីពីររបស់យ៉ូសែប និងនាងអាសន៉ាត់ (លោកុ. ៤១:៥០–៥២; ៤៦:២០)។ ខុសពីទំនៀមទម្លាប់ធម្មតា អេប្រាអិមបានទទួលពរខាងសិទ្ធិកូនច្បង ជំនួសម៉ាន៉ាសេ ដែលជាកូនប្រុសច្បង (លោកុ. ៤៨:១៧–២០)។ អេប្រាអិមកើតជាឪពុក នៃពូជអំបូររបស់អេប្រាអិម។
ពូជអំបូររបស់អេប្រាអិម
អេប្រាអិមត្រូវបានទទួលសិទ្ធិកូនច្បង នៅស្រុកអ៊ីស្រាអែល (១ របា. ៥:១–២; យេរេ. ៣១:៩)។ នៅថ្ងៃចុងក្រោយបង្អស់ នោះកម្មសិទ្ធិ និងភារកិច្ចរបស់ពួកគេ គឺកាន់បព្វជិតភាព នាំសារអំពីដំណឹងល្អដែលបានសាងឡើងវិញទៅដល់ពិភពលោក ហើយលើកទង់ ដើម្បីប្រមូលសាសន៍អ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ (អេសាយ ១១:១២–១៣; ២ នីហ្វៃ ២១:១២–១៣)។ ពួកកូនចៅអេប្រាអិមនឹងបំពាក់សិរីល្អជាមកុដឲ្យពួកអ្នកមកពីស្រុកខាងជើងទាំងឡាយ ដែលនឹងត្រឡប់មកវិញនៅថ្ងៃចុងក្រោយបង្អស់ (គ. និង ស. ១៣៣:២៦–៣៤)។
បន្ទះឈើនៃអេប្រាអិម ឬយ៉ូសែប
ជាបញ្ជីនៃក្រុមមួយចេញពីពូជអំបូររបស់អេប្រាអិម ដែលបាននាំចេញពីក្រុងយេរូសាឡិមទៅអាមេរិក នៅប្រហែល ៦០០ មុន គ.ស.។ បញ្ជីនៃក្រុមនេះហៅថា បន្ទះឈើនៃអេប្រាអិម ឬយ៉ូសែប ឬក៏ព្រះគម្ពីរមរមន។ បន្ទះឈើនេះ និងបន្ទះឈើនៃយូដា (ព្រះគម្ពីរប៊ីប) ផ្សំទីបន្ទាល់អំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទអំពីដំណើររស់ឡើងវិញ និងអំពីកិច្ចការដ៏ឧត្ដមរបស់ទ្រង់ នៅក្នុងចំណោមចំណែកទាំងពីរនេះក្នុងវង្សអ៊ីស្រាអែល។