ជំនួយ​ការសិក្សា
មរមន, ព្យាការី​សាសន៍​នីហ្វៃ


មរមន, ព្យាការី​សាសន៍​នីហ្វៃ

ជា​ព្យាការី​សាសន៍​នីហ្វៃ ជា​ឧត្ដម​សេនីយ៍ ហើយ​ជា​អ្នក​កត់​បញ្ជី​ប្រវត្តិ​ម្នាក់ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ មរមន​បាន​រស់នៅ​ប្រមាណ​ជា​ឆ្នាំ ៣១១–៣៨៥ គ.ស. (មរមន ១:២, ៦; ៦:៥–៦; ៨:២–៣)។ លោក​ជា​មេទាហាន​ស្ទើរតែ​អស់​មួយ​ជីវិត​របស់​លោក គឺ​ចាប់​តាំង​ពី​អាយុ ១៥ ឆ្នាំ (មរមន ២:១–២; ៣:៨–១២; ៥:១; ៨:២–៣)។ អាំម៉ារ៉ុន​បាន​បង្គាប់​មរមន​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​កាន់​បញ្ជី និង​ការ​កត់​បញ្ជី​ទុក (មរមន ១:២–៥; ២:១៧–១៨)។ បន្ទាប់​ពី​បាន​កត់​ប្រវត្តិ​អំពី​សម័យ​លោក នោះ​មរមន​បាន​សង្ខេប​ផ្ទាំង​ធំ​របស់​នីហ្វៃ​ទៅ​លើ​ផ្ទាំង​មរមន។ ក្រោយ​មក លោក​បាន​ប្រគល់​បញ្ជី​ពិសិដ្ឋ​ឲ្យ​ទៅ​មរ៉ូណៃ ជា​កូន​ប្រុស​របស់​លោក។ ផ្ទាំង​ទាំង​នេះ គឺជា​ផ្នែក​នៃ​បញ្ជី​ដែល​យ៉ូសែប ស៊្មីធ បាន​បក​ប្រែជា​ព្រះ​គម្ពីរ​មរមន។

ពាក្យ​សំដី​នៃ​មរមន 

ជា​គម្ពីរ​តូច​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ រវាង​ពាក្យ​ចុង​ក្រោយ​បង្អស់​របស់​អាម៉ាលេកៃ​នៅ​ក្នុង​គម្ពីរ​អោមណៃ នឹង​ពាក្យ​មុន​បង្អស់​នៅ​ក្នុង​គម្ពីរ​ម៉ូសាយ នោះ​មរមន ជា​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នូវ​អស់​ទាំង​បញ្ជី បាន​ដាក់​ពាក្យ​សង្ខេប​ដ៏​ខ្លី​នេះ។ (សូម​មើល « ការ​អធិប្បាយ​ដ៏​ខ្លី​អំពី​ព្រះ​គម្ពីរ​មរមន » នៅ​ខាង​មុខ​ព្រះ​គម្ពីរ​មរមន)។

គម្ពីរ​មរមន 

ជា​គម្ពីរ​មួយ​ទៀត នៅ​ក្នុង​កណ្ឌ​នៃ​បទគម្ពីរ​ដែល​ស្គាល់​ថា​ជា​ព្រះ​គម្ពីរ​មរមន។ ជំពូក​ទី ១–២ ប្រាប់​អំពី​អាំម៉ារ៉ុន ជា​ព្យាការី​សាសន៍​នីហ្វៃ​ម្នាក់ ដែល​បាន​បង្គាប់​មរមន​អំពី​ពេល​វេលា និង​ទី​កន្លែង ដើម្បី​ទៅ​យក​ផ្ទាំង​ទាំង​ឡាយ។ ហើយ​និង​អំពី​សង្គ្រាម​ដ៏​ធំ​ទាំង​ឡាយ ដែល​បាន​ចាប់​ផ្ដើម និង​អំពី​សាសន៍​នីហ្វៃ​បី​នាក់​ត្រូវ​បាន​ដក​ចេញ​ទៅ ពី​ព្រោះ​តែ​អំពើ​អាក្រក់​របស់​មនុស្ស។ ជំពូក​ទី ៣–៤ ប្រាប់​អំពី​សម្រែក​របស់​មរមន ដែល​ប្រាប់​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត ប៉ុន្តែ​ពួក​គេ​មាន​ចិត្ត​វក់​ទៅ​វិញ ហើយ​អំពើ​អាក្រក់​ឈ្នះ​លើ​អ៊ីស្រាអែល​ជាង​ពេល​មុនៗ​មក។ ជំពូក​ទី ៥–៦ កត់​អំពី​ចម្បាំង​ចុង​ក្រោយ​បង្អស់​រវាង​ពួក​សាសន៍​នីហ្វៃ​នឹង​ពួក​សាសន៍​លេមិន។ មរមន​ត្រូវ​គេ​ប្រហារ​ជាមួយ​នឹង​សាសន៍​នីហ្វៃ​ភាគ​ច្រើន។ ក្នុង​ជំពូក​ទី ៧ មុន​លោក​ស្លាប់ មរមន​បាន​ហៅ​ប្រាប់​ប្រជាជន — នៅ​ពេល​នោះ និង​នៅ​ពេល​អនាគត — ឲ្យ​ប្រែ​ចិត្ត។ ជំពូក​ទី ៨–៩ កត់​ថា នៅ​ទី​បញ្ចប់ មាន​តែ​មរ៉ូណៃ ជា​កូន​ប្រុស​របស់​មរមន​មួយ​គត់​ដែល​នៅ​សល់។ លោក​បាន​កត់​អំពី​ស្ថានភាព​ចុង​ក្រោយ​បង្អស់​នៃ​សេចក្ដី​ស្លាប់ និង​សព ព្រម​ទាំង​ទីបំផុត​នៃ​ប្រជាជន​នីហ្វៃ ហើយ​បាន​សរសេរ​ពាក្យ​ចំពោះ​តំណ​មនុស្ស​ជំនាន់​ក្រោយ និង​ពួក​អ្នក​អាន​បញ្ជី​នេះ។