ព្រះគម្ពីរ
ការ​អធិប្បាយ​ដ៏​ខ្លី​អំពី​ព្រះ​គម្ពីរ​មរមន


ការ​អធិប្បាយ​ដ៏​ខ្លី​អំពី​
ព្រះ​គម្ពីរ​មរមន

ព្រះ​គម្ពីរ​មរមន គឺជា​បញ្ជី​ដ៏​ពិសិដ្ឋ​នៃ​ជន​សម័យ​បុរាណ​នៅ​ទ្វីប​អាមេរិក ហើយ​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​ដែក។ ផ្ទាំង​ដែកទាំង​បួន​ដែល​បាន​ពោល​ដល់​នៅ​ក្នុង​គម្ពីរ​នេះគឺ ៖

  1. ផ្ទាំង​នីហ្វៃ ដែល​មាន​ពីរ​យ៉ាង គឺ ៖ ផ្ទាំង​តូច​និង​ផ្ទាំង​ធំ។ ផ្ទាំង​តូច​កត់ត្រា​ជា​ពិសេស​នូវ​រឿងរ៉ាវ​ខាង​វិញ្ញាណ និង​ការងារ​បម្រើ និង​ការ​បង្រៀន​នៃ​ពួក​ព្យាការី រីឯ​ផ្ទាំង​ធំ​កត់ត្រា​ជា​ច្រើន​នូវ​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជន (នីហ្វៃ ទី ១ ៩:២–៤)។ ប៉ុន្តែ​ចាប់​តាំង​ពី​សម័យ​ម៉ូសាយ​មក ផ្ទាំង​ធំ​ក៏​កត់​បញ្ចូល​នូវ​ប្រវត្តិ​ផ្សេងៗ នៃ​ការណ៍​សំខាន់​ខាង​វិញ្ញាណ​ដែរ។

  2. ផ្ទាំង​មរមន ដែល​មាន​នូវ​ការ​សង្ខេប​អំពី​ផ្ទាំង​ធំ​របស់​នីហ្វៃ ព្រម​ទាំង​មាន​នូវ​សេចក្ដី​អត្ថាធិប្បាយ​ទាំង​ឡាយ។ ផ្ទាំង​ទាំង​នេះ​ក៏​មាន​ប្រវត្តិសាស្ត្រ​ត​រៀង​មក ដែល​សរសេរ​ដោយ​មរមន​ផ្ទាល់ ព្រម​ទាំង​សេចក្ដី​បន្ថែម ដែល​សរសេរ​ដោយ​មរ៉ូណៃ ដែល​ជា​កូន​ប្រុស​របស់​មរមន។

  3. ផ្ទាំង​អេធើរ ដែល​ចែង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ពួក​សាសន៍​យ៉ារេឌ។ បញ្ជី​នេះ​សង្ខេប​ដោយ​មរ៉ូណៃ ដែល​បាន​បញ្ចូល​នូវ​អត្ថាធិប្បាយ​ផ្ទាល់​របស់​លោក ព្រម​ទាំង​បាន​បញ្ចូល​ទៅ​ក្នុង​សាច់រឿង​នូវ​ប្រវត្តិសាស្ត្រ​ទូទៅ ក្រោម​ចំណង​ជើង​ថា « គម្ពីរ​អេធើរ »។

  4. ផ្ទាំង​លង្ហិន ដែល​ប្រជាជន​លីហៃ​បាន​នាំ​មក​ពី​ដែនដី​យេរូសាឡិម ក្នុង​កំឡុង​ឆ្នាំ​៦០០ មុន គ.ស.។ ផ្ទាំង​ទាំង​នេះ​មាន​នូវ ​« គម្ពីរ​ម៉ូសេ​ប្រាំ​ច្បាប់ … ហើយ​ក៏​មាន​នូវ​បញ្ជី​ប្រវត្តិ​នៃ​ពួក​សាសន៍​យូដា ចាប់​តាំង​ពី​ដើមដំបូង​មក … រហូត​មក​ដល់​ការ​ចាប់​ផ្ដើម​រជ្ជកាល​នៃ​សេដេគា ជា​ស្ដេច​ស្រុក​យូដា ហើយ​ព្រម​ទាំង​មាន​នូវ​សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ​នៃ​ពួក​ព្យាការី​បរិសុទ្ធ » (នីហ្វៃ ទី ១ ៥:១១–១៣)។ ពាក្យ​ស្រង់​ជា​ច្រើន​ចេញ​ពី​ផ្ទាំង​ទាំង​នេះ យោង​តាម​ពាក្យ​ព្យាករណ៍​របស់​អេសាយ និង​តាម​ពាក្យ​ព្យាករណ៍​របស់​ពួក​ព្យាការី​ផ្សេងៗ​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប និង​នៅ​ក្រៅ​ព្រះ​គម្ពីរ​ប៊ីប ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។

ព្រះ​គម្ពីរ​មរមន​បែង​ចែក​ជា ១៥ ភាគ ឬ​បទ ដែល​ស្គាល់​ថា​ជា​គម្ពីរ​ទាំង​ឡាយ ដាក់​តាម​ឈ្មោះ​អ្នក​និពន្ធ​ឯក លើក​លែងតែ​មួយ​គត់។ ផ្នែក​ទី​មួយ (គម្ពីរ​ប្រាំមួយ​ច្បាប់​មុនដំបូង ដែល​បញ្ចប់​នឹង​គម្ពីរ​អោមណៃ) គឺ​បាន​បកប្រែ​ចេញ​ពី​ផ្ទាំង​តូច​របស់​នីហ្វៃ។ នៅ​ចន្លោះ​គម្ពីរ​អោមណៃ និង​គម្ពីរ​ម៉ូសាយ គឺជា​ពាក្យ​បញ្ចូល​ដែល​ហៅ​ថា ពាក្យ​សំដី​នៃ​មរមន។ ពាក្យ​បញ្ចូល​នេះ​ភ្ជាប់​បញ្ជី​ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​តូច ទៅ​នឹង​សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំង​ធំ។

ផ្នែក​វែង​បង្អស់ ចាប់​ពី​ម៉ូសាយ​ទៅ​ដល់​មរមន ជំពូក​ទី៧ គឺជា​សេចក្ដី​បកប្រែ​នៃ​ការ​សង្ខេប​របស់​មរ​ម​ន ពី​ផ្ទាំង​ធំ​របស់​នីហ្វៃ។ ផ្នែក​ខាង​ចុង​នៃ​ព្រះ​គម្ពីរ​មរមន ចាប់​ពី​មរមន ជំពូក​ទី៨ រហូត​ដល់​ចប់ ត្រូវ​បាន​ឆ្លាក់​ដោយ​កូន​ប្រុស​របស់​មរមន គឺ​មរ៉ូណៃ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​បញ្ជី​អំពី​ជីវិត​របស់​ឪពុក​លោក​ហើយ នោះ​ក៏​បាន​សង្ខេប​នូវ​បញ្ជី​អំពី​សាសន៍​យ៉ារេឌ (ជា​គម្ពីរ​អេធើរ) ហើយ​បន្ទាប់​មក លោក​ក៏​បាន​បន្ថែម​នូវ​វគ្គ​ទាំង​ឡាយ ដែល​ស្គាល់​ថា​ជា​គម្ពីរ​មរ៉ូណៃ។

ក្នុង​រយៈ​ពេល ឬ​ប្រមាណ​ជា​ឆ្នាំ ​៤២១ គ.ស. មរ៉ូណៃ ជា​ព្យាការី​-ប្រវត្តិសាស្ត្រ​ចុង​ក្រោយ​បំផុត​នៃ​សាសន៍​នីហ្វៃ បាន​ផ្សារភ្ជាប់​នូវ​បញ្ជី​ដ៏​ពិសិដ្ឋ ហើយ​លាក់​ទុក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​នឹង​នាំ​លេច​មក​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ដូច​ដែល​បាន​ព្យាករ​ដោយ​សំឡេង​នៃ​ព្រះ តាម​រយៈ​ពួក​ព្យាការី​បុរាណ​របស់​ទ្រង់។ នៅ គ.ស. ១៨២៣ មរ៉ូណៃ​ដដែល ជា​អ្នក​ដែល​បាន​រស់​ឡើង​វិញ បាន​មក​រក​ព្យាការី​យ៉ូសែប​ស៊្មីធ ហើយ​នៅ​ទី​បញ្ចប់ ក៏​បាន​ប្រគល់​ផ្ទាំង​ចារិក​ទាំង​ឡាយ​ទៅ​លោក។