ព្រះគម្ពីរ
ទំព័រ​ចំណង​ជើង​នៃ​ព្រះ​គម្ពីរ​មរមន


ព្រះ​គម្ពីរ​មរមន

ដំណើរ​រឿង​ដែល​បាន​សរសេរ​ទុក​ដោយ​
ដៃ​របស់​មរមន
លើ​ផ្ទាំង​ទាំង​ឡាយ​
បាន​ដកស្រង់​ចេញ​ពី​ផ្ទាំង​ទាំង​ឡាយ​នៃ​នីហ្វៃ

ហេតុដូច្នេះ គម្ពីរ​នេះ​គឺជា​បញ្ជី​សង្ខេប​អំពី​ប្រជាជន​នីហ្វៃ និង​អំពី​ពួក​សាសន៍​លេមិន​ផង — សរសេរ​ដល់​ពួក​សាសន៍​លេមិន ដែល​ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល និង​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ផង — សរសេរ​តាម​រយៈ​ការ​បញ្ជា ហើយ​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ​ផង — សរសេរ ហើយ​បិទ​ត្រា​ជិត ហើយ​លាក់​ទុក​ថ្វាយ​ព្រះ​អម្ចាស់ ដើម្បី​ពុំ​អាច​នឹង​ត្រូវ​បំផ្លាញ​បាន​ឡើយ — សម្រាប់​នឹង​នាំ​ចេញ​មក​ឲ្យ​ឃើញ​ដោយ​អំណោយទាន និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ តាម​ការ​បកប្រែ​នេះ — បាន​បិទ​ត្រា​ជិត​ទុក​ដោយ​ដៃ​របស់​មរ៉ូណៃ ហើយ​បាន​លាក់​ទុក​ថ្វាយ​ព្រះ​អម្ចាស់​សម្រាប់​នឹង​នាំ​ចេញ​មក​ឲ្យ​ឃើញ​នៅ​វេលា​កំណត់ តាម​រយៈ​សាសន៍​ដទៃ — ការ​បកប្រែ​នេះ​ធ្វើ​ឡើង​ដោយ​អំណោយទាន​នៃ​ព្រះ។

សេចក្ដី​សង្ខេប​ដែល​ដកស្រង់​ចេញ​ពី​គម្ពីរ​អេធើរ​មាន​ផង​ដែរ គឺជា​បញ្ជី​អំពី​ប្រជាជន​យ៉ារេឌ ដែល​ខ្ចាត់ខ្ចាយ​ទៅ នៅ​វេលា​ដែល​ព្រះ​អម្ចាស់​ទ្រង់​បំភាន់​ភាសា​មនុស្ស កាល​មនុស្ស​ទាំង​នោះ កំពុងតែ​សាង​ប៉ម​ទៅ​កាន់​ស្ថានសួគ៌ — ដើម្បី​បង្ហាញ​ដល់​សំណល់​នៃ​វង្ស​អ៊ីស្រាអែល អំពី​រឿង​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​អយ្យកោ​គេ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​យល់​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ថា គេ​នឹង​មិន​ត្រូវ​បោះបង់​ចោល​រហូត​ឡើយ — ហើយ​ក៏​ដើម្បី​ជា​ការ​បរិវត្តន៍​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ — ហើយ​ឥឡូវ​នេះ ប្រសិន​បើ​មាន​កំហុស​ណាមួយ គឺជា​សេចក្ដី​ភាន់ច្រឡំ​របស់​មនុស្ស​ទេ ហេតុ​ដូច្នេះ​ហើយ សូម​កុំ​ថ្កោលទោស​ដល់​វត្ថុ​ដែល​ជា​របស់​ផង​ព្រះ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​អាច​បាន​ឃើញ​ថា​គ្មាន​ទោស​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ៕

ការ​បកប្រែ​មុន​ដំបូង​ចេញ​ពី​ផ្ទាំង​ទាំង​ឡាយ ទៅ​ជា​ភាសា​អង់គ្លេស
ដោយ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ

បាន​បោះពុម្ពផ្សាយ​លើក​ទី​មួយ ជា​ភាសា​អង់គ្លេស​នៅ​
ទី​ក្រុង​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក ឆ្នាំ ១៨៣០