លីហៃ, ឪពុករបស់នីហ្វៃ
នៅក្នុងព្រះគម្ពីរមរមន គឺជាព្យាការីម្នាក់នៃពួកហេព្រើរដែលបាននាំគ្រួសារ និងពួកអ្នកដើរតាមលោកចេញពីក្រុងយេរូសាឡិមទៅកាន់ដែនដីសន្យា នៅអឌ្ឍគោលខាងលិច ប្រមាណជាឆ្នាំ ៦០០ ម.គ.ស.។ លីហៃ គឺជាព្យាការីទីមួយនៅចំណោមរាស្ត្រលោកនៅក្នុងព្រះគម្ពីរមរមន។
លីហៃបានភៀសខ្លួនចេញពីក្រុងយេរូសាឡិមជាមួយនឹងគ្រួសារលោក តាមបញ្ជានៃព្រះអម្ចាស់ (១ នីហ្វៃ ២:១–៤)។ លោកត្រូវជាពូជពង្សពីយ៉ូសែប ដែលត្រូវបានលក់ទៅស្រុកអេស៊ីព្ទ (១ នីហ្វៃ ៥:១៤)។ ព្រះអម្ចាស់ទ្រង់បានប្រទានការនិមិត្តមួយអំពីដើមជីវិតដល់លោក (១ នីហ្វៃ ៨:២–៣៥)។ លីហៃ និងកូនៗលោកបានធ្វើសំពៅមួយ ហើយបានបើកក្ដោងទៅកាន់អឌ្ឍគោលខាងលិច (១ នីហ្វៃ ១៧–១៨)។ លោក និងពូជពង្សលោកបានតាំងទីលំនៅនៅដែនដីថ្មី (១ នីហ្វៃ ១៨:២៣–២៥)។ មុនលោកស្លាប់ទៅ នោះលីហៃ បានឲ្យពរដល់កូនៗលោក ហើយបានបង្រៀនគេអំពីព្រះគ្រីស្ទ និងអំពីការចេញមកនៃព្រះគម្ពីរមរមននៅគ្រាចុងក្រោយ (២ នីហ្វៃ ១:១–៤:១២)។
គម្ពីរលីហៃ
យ៉ូសែប ស៊្មីធ បានចាប់ផ្ដើមពីគម្ពីរលីហៃ កាលលោកបកប្រែព្រះគម្ពីរមរមន។ គឺជាបញ្ជីដែលមរមនបានសង្ខេបមកពីផ្ទាំងលីហៃ។ បន្ទាប់ពីលោកបានបកប្រែគម្ពីរនេះបានឯកសារដល់ទៅ ១១៦ សន្លឹក នោះលោកបានប្រគល់ឯកសារទៅម៉ាទិន ហារិស ដែលជាស្មៀនរបស់យ៉ូសែបមួយរយៈខ្លីក្នុងការបកប្រែព្រះគម្ពីរមរមន។ ក្រោយមក សន្លឹកទាំងនោះក៏បាត់ទៅ។ យ៉ូសែប មិនបានបកប្រែគម្ពីរលីហៃសាឡើងវិញ ដើម្បីជួសឯកសារដែលបាត់នោះទេ ប៉ុន្តែលោកបានបកប្រែដំណើររឿងដែលទាក់ទងនឹងគ្នាចេញពីផ្ទាំងមាសទៀត (សូមមើល បុព្វកថា គ. និង ស. ៣, ១០)។ ឥឡូវនេះ ដំណើររឿងទាំងនេះផ្សេងៗទៀត គឺជាគម្ពីរលើកទីមួយទាំងគម្ពីរប្រាំមួយក្បាលនៃព្រះគម្ពីរមរមន។