ជំនួយ​ការសិក្សា
វិវរណៈ​របស់​យ៉ូហាន


វិវរណៈ​របស់​យ៉ូហាន

ជា​គម្ពីរ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​មាន​នូវ​វិវរណៈ ដែល​បាន​ប្រទាន​ដល់​យ៉ូហាន​ជា​សាវក។ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើល​ឃើញ​ប្រវត្តិ​នៃ​ពិភពលោក​ជា​ពិសេស​អំពី​ថ្ងៃ​ចុង​ក្រោយ​បង្អស់ (វិវរ. ១:១–២; ១ នីហ្វៃ ១៤:១៨–២៧; គ. និង ស. ៧៧)។ វិវរណៈ​របស់​យ៉ូហាន​ក៏​បាន​ស្គាល់​ថា អ័ប៉ូកាលិព្ស។

យ៉ូហាន​បាន​ទទួល​វិវរណៈ​នេះ នៅ​ថ្ងៃ​របស់​ព្រះ​អម្ចាស់ នៅ​ឯ​កោះ​ប៉ាត់ម៉ុស (វិវរ. ១:៩–១០) គឺ​ចេញ​ពី​ឆ្នេរសមុទ្រ​អាស៊ី មិន​ឆ្ងាយ​ពី​ស្រុក​អេភេសូរ​ប៉ុន្មាន​ទេ។ រីឯ​ថ្ងៃ​ពិតប្រាកដ​អំពី​វិវរណៈនេះ នោះ​មិន​ដឹង​ប្រាកដ​ទេ។

សម្គាល់​ទាំង​ឡាយ ដើម្បី​ឲ្យ​បាន​យល់​គម្ពីរ​នេះ នោះ​មាន​នៅ​ក្នុង ១ នីហ្វៃ ១៤:១៨–២៧ និង គ. និង ស. ៧៧ (អេធើរ ៤:១៥–១៦)។

ជំពូក​ទី ១–៣ គឺជា​បុព្វកថា​ដល់​គម្ពីរ​នេះ និង​សំបុត្រ​ទាំង​ឡាយ​ទៅ​សាសនាចក្រ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។ យ៉ូហាន​បាន​សរសេរ សំបុត្រ​ទាំង​ឡាយ​ទៅ​ជួយ​ពួក​បរិសុទ្ធ​ដោះ​ស្រាយ​បញ្ហា​ខ្លះៗ។ ជំពូក​ទី ៤–៥ កត់​អំពី​ការ​និមិត្ត​ទាំង​ឡាយ ដែល​យ៉ូហាន​បាន​ទទួល ដែល បង្ហាញ​នូវ​ឫទ្ធានុភាព និង​ង​ព្រះ​ចេស្ដា​ដ៏​សុចរិត​នៃ​ព្រះ និង​ព្រះ​គ្រីស្ទ។ នៅ​ក្នុង​ជំពូក​ទី ៦–៩, ១១ យ៉ូហាន​បាន​កត់​ថា​បាន​ឃើញ​គម្ពីរ​មួយ ដែល​បិទ​ដោយ​ត្រា​ប្រាំពីរ រីឯ​ត្រា​នីមួយៗ​ទុកជា​តំណាង​មួយ​ពាន់​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក។ ជំពូក​ទាំង​នេះ ទាក់​ទង​ជា​សំខាន់ នឹង​ព្រឹត្តិការណ៍​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ត្រា​ទី​ប្រាំពីរ (សូម​មើល វិវរ. ៨–៩; ១១:១–១៥)។ ជំពូក​ទី ១០ អធិប្បាយ​ប្រាប់​អំពី​គម្ពីរ ដែល​យ៉ូហាន​បាន​បរិភោគ។ គម្ពីរ​នោះ​គឺជា​តំណាង​អំពី​បេសកកម្ម​ខាង​មុខ​ដែល​លោក​នឹង​ធ្វើ។ ជំពូក​ទី ១២ កត់​នូវ​ការ​និមិត្ត​អំពី​ការ​អាក្រក់​ដែល​បាន​ចាប់​ផ្ដើម​នៅ​លើ​ស្ថាន​សួគ៌ កាល​អារក្ស​សាតាំង​បាន​បះបោរ ហើយ​ត្រូវ​បាន​បោះ​ចោល។ សង្គ្រាម​ដែល​បាន​ចាប់​ផ្ដើម​នៅ​ទី​នោះ ក៏​នៅ​តែ​ច្បាំង​នៅ​លើ​ផែនដី​ត​ទៅ​ទៀត។ នៅ​ក្នុង​ជំពូក​ទី ១៣, ១៧–១៩ យ៉ូហាន​បាន​អធិប្បាយ​ប្រាប់​អំពី​នគរ​ដ៏​ទុច្ចរិត​ទាំង​ឡាយ​នៅ​លើ​ផែនដី ដែល​បាន​កាន់កាប់​ដោយ​អារក្ស​សាតាំង ហើយ​បាន​កត់​នូវ​ទំនាយ​អំពី​នគរ​ទាំង​នោះ ព្រម​ទាំង​ការ បំផ្លិចបំផ្លាញ​ចុង​ក្រោយ​បង្អស់​នៃ​អំពើ​អាក្រក់។ ជំពូក​ទី ១៤–១៦ អធិប្បាយ​ប្រាប់​អំពី​សេចក្ដី​សុចរិត​នៃ​ពួក​បរិសុទ្ធ ដែល​នៅ​កណ្ដាល​អំពើ​អាក្រក់ មុន​ពេល​ព្រះ​គ្រីស្ទ​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ។ ជំពូក​ទី ២០–២២ អធិប្បាយ​ប្រាប់​អំពី​សហស្សវត្ស អំពី​ទី​ក្រុង​យេរូសាឡិម​ថ្មី​ដ៏​ល្អ និង​អំពី​ព្រឹត្តិការណ៍​ចុង​ក្រោយ​បង្អស់​នៃ​ប្រវត្តិ​របស់​ផែនដី។