ជំនួយ​ការសិក្សា
ពង្សាវតារ​ក្សត្រ


ពង្សាវតារ​ក្សត្រ

ជា​គម្ពីរ​ពីរ​ក្បាល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ គម្ពីរ​ទាំង​ពីរ​នេះ​រៀបរាប់​អំពី​ប្រវត្តិ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ការ​បះបោរ​នៃ​អ័ដូនីយ៉ា ជា​បុត្រ​ទី​បួន​នៃ​ស្ដេច​ដាវីឌ (ប្រមាណ​ជា​ឆ្នាំ ១០១៥ ម.គ.ស.) រហូត​ដល់​ការ​ឃុំ​ឃាំង​ស្រុក​យូដា (ប្រមាណ​ជា​ឆ្នាំ ៥៨៦ ម.គ.ស.)។ គម្ពីរ​ទាំង​ពីរ​នេះ​ក៏​មាន​នូវ​ប្រវត្តិ​ទាំង​ឡាយ​អំពី​នគរ​ខាង​ជើង (ពូជ​អ៊ីស្រាអែល ១០ អំបូរ) ចាប់​តាំង​ពី​ការ​បែកបាក់​គ្នា រហូត​ដល់​ពួក​សាសន៍ អាសស៊ើរ​ចាប់​គេ​យក​ទៅ​ស្រុក​ខាង​ជើង។

ពង្សាវតារ​ក្សត្រ​ទី ១ 

ជំពូក​ទី ១ អធិប្បាយ​ប្រាប់​អំពី​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ជីវិត​ស្ដេច​ដាវីឌ។ ជំពូក​ទី ២–១១ កត់​អំពី​ជីវិត​របស់​សាឡូម៉ូន។ ជំពូក​ទី ១២–១៦ ប្រាប់​អំពី​អ្នក​គ្រងរាជ្យ​បន្ទាប់​សាឡូម៉ូន គឺ​រេហូបោម និង​យេរ៉ូបោម។ យេរ៉ូបោម​បាន​បណ្ដាល​ឲ្យ​មាន​ការ​បែកបាក់​នគរ​អ៊ីស្រាអែល។ ឯ​ស្ដេច​ផ្សេងៗ​ទៀត​ក៏​បាន​ពោល​ដល់​ដែរ។ ជំពូក​ទី ១៧–២១ កត់​ភាគ​ទាំង​ឡាយ​អំពី​ការងារ​បម្រើ​របស់​អេលីយ៉ា កាល​លោក​ទូន្មាន​ដល់​អ័ហាប់​ជា​ស្ដេច​អ៊ីស្រាអែល។ ជំពូក​ទី ២២ កត់​អំពី​សង្គ្រាម​ទាស់​នឹង​ស្រុក​ស៊ីរី​ដែល​អ័ហាប់ និង​យ៉ូសាផាត ជា​ស្ដេច​យូដា បាន​ចូល​ដៃ​គ្នា។ ព្យាការី​មីកាយ៉ា​ព្យាករ​ជំទាស់​នឹង​ពួក​ស្ដេច។

ពង្សាវតារ​ក្សត្រ​ទី ២ 

ជំពូក​ទី ១–២:១១ ប្រាប់​អំពី​ជីវិត​របស់​អេលីយ៉ា​តម​ក ព្រម​ទាំង​អំពី​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌ ជិះ​រថ​ជា​ភ្លើង។ ជំពូក​ទី ២–៩ ប្រាប់​អំពី​ការងារ​បម្រើ​របស់​អេលីសេ អំពី​សេចក្ដី​ជំនឿ និង​អំណាច​ដ៏​ធំ។ ជំពូក​ទី ១០ ប្រាប់​អំពី​យេហ៊ូវ ជា​ស្ដេច ហើយ​អំពី​របៀប​ដែល​ទ្រង់​បំផ្លាញ​ដំណាក់​អ័ហាប់ និង​ពួក​សង្ឃ​នៃ​ព្រះ​បាល​យ៉ាង​ម៉េច។ ជំពូក​ទី ១១–១៣ កត់​អំពី​រាជ្យ​ដ៏​សុចរិត​របស់​យ៉ូអាស និង​មរណភាព​នៃ​អេលីសេ។ ជំពូក​ទី ១៤–១៧ ប្រាប់​អំពី​ស្ដេច​ផ្សេងៗ​ទៀត ដែល​បាន​សោយរាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា​ភាគ​ច្រើន គឺ​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត។ ជំពូក​ទី ១៥ កត់​អំពី​សាសន៍​ស៊ីរី​ចាប់​យក​ពូជ​អ៊ីស្រាអែល​ទាំង​១០ អំបូរ។ ជំពូក​ទី ១៨–២០ កត់​អំពី​ជីវិត​ដ៏​សុចរិត​នៃ​ហេសេគា ជា​ស្ដេច​យូដា និង​អំពី​ព្យាការី​អេសាយ។ ជំពូក​ទី ២១–២៣ ប្រាប់​អំពី​ស្ដេច​ម៉ាន៉ាសេ និង​ស្ដេច​យ៉ូសៀស។ តាម​ទំនៀម​ទម្លាប់ គឺ​ម៉ាន៉ាសេ​បាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ទុក្ករកម្ម​អេសាយ។ យ៉ូសៀស​ជា​ស្ដេច​ដ៏​សុចរិត​ម្នាក់ ដែល​បាន​តាំង​ក្រឹត្យ​វិន័យ​ឡើង​នៅ​ចំណោម​ពួក​សាសន៍​យូដា។ ជំពូក​ទី ២៤–២៥ កត់​អំពី​ការ​ឃុំ​ឃាំង​ដោយ​សាសន៍​បាប៊ីឡូន។