ជំនួយ​ការសិក្សា
ម៉ាថាយ


ម៉ាថាយ

ជា​សាវក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ម្នាក់ ហើយ​ជា​អ្នក​និពន្ធ​គម្ពីរ​ទី​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ម៉ាថាយ​ជា​សាសន៍​យូដា ដែល​ជា​អ្នក​យកពន្ធ​ឲ្យ​ពួក​រ៉ូម​នៅ​ក្រុង​កាពើណិម ប្រហែលជា​ធ្វើ​ការ​ឲ្យ​ស្ដេច​ហេរ៉ូឌ អាន់ទីប៉ាស។ មុន​បាន​ប្រែ​ចិត្ត​ជឿ នោះ​លោក​ត្រូវ​បាន​ស្គាល់ថា​ជា លេវី កូន​របស់​អាល់ផាយ (ម៉ាកុស ២:១៤)។ មិន​យូរប៉ុន្មាន ក្រោយ​ពី​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ នោះ​លោក​បាន​ធ្វើ​បុណ្យ​ជប់​លៀង​ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​យាង​ទៅ (ម៉ាថាយ ៩:៩–១៣; ម៉ាកុស ២:១៤–១៧; លូកា ៥:២៧–៣២)។ ម៉ាថាយ​ប្រហែលជា​មាន​ចំណេះ​អំពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​យ៉ាង​ជ្រៅ​ជ្រះ ហើយ​បាន​ឃើញ​ការ​សម្រេច​យ៉ាង​ល្អិត​ល្អន់ អំពី​ពាក្យ​ព្យាករណ៍​នៅ​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​អម្ចាស់។ ជីវិត​របស់​សាវក​នេះ​បន្ត​មក នោះ​មិនសូវ​ដឹង​ទេ។ មាន​ទំនៀម​ទម្លាប់​មួយ​ចែងថា លោក​បាន​ស្លាប់​ជា​ទុក្ករបុគ្គល។

ដំណឹង​ល្អ​តាម​លោក​ម៉ាថាយ 

ជា​គម្ពីរ​ទី​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ដំណឹង​ល្អ​តាម​លោក​ម៉ាថាយ ប្រហែលជា​បាន​សរសេរ​ដំបូង​ទុក​សម្រាប់​ការ​ប្រើ​ប្រាស់​ដល់​ពួក​សាសន៍​យូដា នៅ​ស្រុក​ភីលីស្ទីន។ គម្ពីរ​នេះ​មាន​ពាក្យ​ស្រង់​ជា​ច្រើន​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ បំណង​ដ៏​ធំ​របស់​ម៉ាថាយ គឺ​ដើម្បី​បង្ហាញ​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​មែស៊ី ដែល​ពួក​ព្យាការី​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ពោល​ទុក។ លោក​ក៏​បាន​បញ្ជាក់​ថា ព្រះ​យេស៊ូវ គឺជា​មហាក្សត្រ ហើយ​ជា​ចៅក្រម​នៃ​មនុស្ស​លោក។

ចំពោះ​ជំពូក​សង្ខេប សូម​មើល « ដំណឹង​ល្អ​ទាំង​ឡាយ »។