វិញ្ញាណ
ជាផ្នែកនៃរូបដែលមានជីវិតរស់នៅ តាំងពីមុនកំណើតមក ដែលអាស្រ័យនៅក្នុងរូបកាយខាងសាច់ឈាម កាលនៅលើផែនដី ហើយនឹងមានតទៅទៀត បន្ទាប់ពីសេចក្ដីស្លាប់ទៅជារូបផ្សេង រហូតដល់ដំណើររស់ឡើងវិញ។ គ្រប់របស់របរដែលមានជីវិត — មនុស្សលោក សត្វ និងតិណជាតិ — គឺជាវិញ្ញាណមុនមានរបស់ទាំងនោះរស់នៅលើផែនដី (លោកុ. ២:៤–៥; ម៉ូសេ ៣:៤–៧)។ រូបកាយខាងវិញ្ញាណ មើលទៅដូចជារូបកាយខាងសាច់ឈាម (១ នីហ្វៃ ១១:១១; អេធើរ ៣:១៥–១៦; គ. និង ស. ៧៧:២; គ. និង ស. ១២៩)។ វិញ្ញាណគឺជារូបធាតុ ប៉ុន្តែគឺជារបស់ហ្មត់ ឬសុទ្ធសាធជាងវត្ថុធាតុ ឬរូបធាតុមនុស្សទៅទៀត (គ. និង ស. ១៣១:៧)។
មនុស្សគ្រប់រូប គឺពិតជាបុត្រា ឬបុត្រីរបស់ព្រះ ដោយបានកើតជាវិញ្ញាណពីមាតាបិតាសួគ៌ មុនដែលបានកើតមកពីឪពុកម្ដាយនៅលើផែនដី (ហេព្រើរ ១២:៩)។ ជននីមួយៗដែលនៅលើផែនដី មានរូបកាយខាងវិញ្ញាណដែលមិនចេះស្លាប់ ព្រមទាំងមានរូបកាយជាសាច់ និងឆ្អឹងផង។ ជួនកាល ព្រះគម្ពីរអធិប្បាយប្រាប់ថា វិញ្ញាណ និងរូបកាយខាងសាច់ឈាម រួមគ្នាទៅជាព្រលឹង (លោកុ. ២:៧; គ. និង ស. ៨៨:១៥; ម៉ូសេ ៣:៧, ៩, ១៩; អ័ប្រា. ៥:៧)។ វិញ្ញាណអាចរស់នៅ ដោយពុំចាំបាច់រូបកាយខាងសាច់ឈាមបាន ប៉ុន្តែរីឯរូបកាយខាងសាច់ឈាមវិញ ពុំអាចរស់នៅដោយគ្មានវិញ្ញាណឡើយ (យ៉ាកុប [ព.ស.ថ.] ២:២៦)។ សេចក្ដីស្លាប់ខាងសាច់ឈាម គឺជាការបែកវិញ្ញាណចេញពីរូបកាយ។ នៅក្នុងដំណើររស់ឡើងវិញ វិញ្ញាណត្រូវបានចូលរួមនឹងរូបកាយសាច់ និងឆ្អឹងដដែល ដែលមានពីដើម តែមានការខុសគ្នាពីរយ៉ាង គឺ វិញ្ញាណ និងរូបកាយ នឹងមិនបែកចេញពីគ្នាទៀតទេ ហើយរូបកាយខាងសាច់ឈាមនឹងទៅជាមិនអាចស្លាប់ ហើយនឹងបានល្អឥតខ្ចោះ (អាលម៉ា ១១:៤៥; គ. និង ស. ១៣៨:១៦–១៧)។