រស់ឡើងវិញ, ដំណើររស់ឡើងវិញ
ជាការរួបរួមជាថ្មីនូវរូបកាយខាងវិញ្ញាណទៅនឹងរូបកាយខាងសាច់ឈាម ដែលមានសាច់ និងឆ្អឹង បន្ទាប់ពីបានស្លាប់ទៅហើយ។ ក្រោយពីដំណើររស់ឡើងវិញ វិញ្ញាណ និងរូបកាយនឹងមិនត្រូវបែកចេញពីគ្នាទៀតឡើយ ហើយជននោះនឹងបានក្លាយទៅជាជនដ៏មានជីវិតអមត។ ជនរាល់រូបដែលបានកើតនៅផែនដីនឹងបានរស់ឡើងវិញ ពីព្រោះព្រះយេស៊ូវគ្រីស្ទ ទ្រង់បានមានជ័យជម្នះលើសេចក្ដីស្លាប់ហើយ (១ កូរិន. ១៥:២០–២២)។
ព្រះយេស៊ូវគ្រីស្ទ ទ្រង់ជាអ្នកមុនដំបូង ដែលបានមានព្រះជន្មរស់ឡើងវិញនៅលើផែនដីនេះ (កិច្ចការ ២៦:២៣; កូល៉ុស ១:១៨; វិវរ. ១:៥)។ ព្រះគម្ពីរសញ្ញាថ្មីផ្ដល់នូវភស្តុតាងជាច្រើនថា ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញទាំងព្រះកាយខាងសាច់ឈាមរបស់ទ្រង់ ៖ ផ្នូររបស់ទ្រង់នៅទទេ ទ្រង់សោយត្រី និងទឹកឃ្មុំ ទ្រង់មានព្រះកាយជាសាច់ និងឆ្អឹង បណ្ដាជនបានពាល់ទ្រង់ ហើយពួកទេវតាបានថា ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ (ម៉ាកុស ១៦:១–៦; លូកា ២៤:១–១២, ៣៦–៤៣; យ៉ូហាន ២០:១–១៨)។ វិវរណៈនៅថ្ងៃចុងក្រោយបញ្ជាក់នូវហេតុការណ៍ដែលមានពិតប្រាកដ អំពីដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ និងមនុស្សលោកទាំងអស់ (អាលម៉ា ១១:៤០–៤៥; ៤០; ៣ នីហ្វៃ ១១:១–១៧; គ. និង ស. ៧៦; ម៉ូសេ ៧:៦២)។
មនុស្សទាំងអស់នឹងមិនបានរស់ឡើងវិញដល់សិរីល្អដូចគ្នាទេ (១ កូរិន. ១៥:៣៩–៤២; គ. និង ស. ៧៦:៨៩–៩៨), ក៏នឹងមិនបានរស់ឡើងវិញដំណាលគ្នាដែរ (១ កូរិន. ១៥:២២–២៣; អាលម៉ា ៤០:៨; គ. និង ស. ៧៦:៦៤–៦៥, ៨៥)។ ពួកបរិសុទ្ធជាច្រើនបានរស់ឡើងវិញ បន្ទាប់ពីព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ (ម៉ាថាយ ២៧:៥២)។ ពួកមនុស្សសុចរិតនឹងបានរស់ឡើងវិញមុនពួកមនុស្សទុច្ចរិត ហើយនឹងចេញមកនៅក្នុងដំណើររស់ឡើងវិញទីមួយ (១ ថែស្សា. ៤:១៦); ពួកមនុស្សបាបដែលពុំបានប្រែចិត្ត នោះនឹងបានចេញនៅក្នុងដំណើររស់ឡើងវិញចុងក្រោយបង្អស់ (វិវរ. ២០:៥–១៣; គ. និង ស. ៧៦:៨៥)។