ជនគណនា
ជាគម្ពីរទីបួននៅក្នុងព្រះគម្ពីរសញ្ញាចាស់។ លោកម៉ូសេបានសរសេរគម្ពីរជនគណនា។ គម្ពីរជនគណនាប្រាប់អំពីរឿងនៃពួកសាសន៍អ៊ីស្រាអែល ធ្វើដំណើរពីភ្នំស៊ីណាយ ទៅឯវាលទំនាបនៅស្រុកម៉ូអាប់ នៅព្រំដែនស្រុកកាណាន។ មេរៀនដ៏សំខាន់មួយ ដែលគម្ពីរនេះបង្រៀន គឺថារាស្ត្ររបស់ព្រះត្រូវដើរដោយសេចក្ដីជំនឿ ដោយទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់ បើសិនជាពួកគេនឹងបន្តទៅដោយជោគជ័យ។ គម្ពីរនេះរៀបរាប់អំពីការកាត់ទោសរបស់ព្រះ ដល់ពួកអ៊ីស្រាអែល ចំពោះការមិនគោរពតាម ហើយផ្ដល់នូវដំណឹងអំពីក្រឹត្យវិន័យនៃសាសន៍អ៊ីស្រាអែល។ ឈ្មោះគម្ពីរគឺបានដកចេញមកពីភាពដ៏ធំនៃការស្រង់ចំនួនប្រជាជន (ជនគ. ១–២, ២៦)។
ជំពូកទី ១–១០ ប្រាប់អំពីការរៀបចំនៃពួកអ៊ីស្រាអែល ដើម្បីធ្វើដំណើរចេញពីភ្នំស៊ីណាយ។ ជំពូកទី ១១–១៤ អធិប្បាយប្រាប់អំពីដំណើរ, អំពីការចាត់ឲ្យមនុស្សទៅសង្កេតមើលស្រុកកាណាន, និងអំពីការដែលពួកអ៊ីស្រាអែលមិនព្រមចូលដែនដីសន្យា។ ជំពូកទី ១៥–១៩ កត់នូវក្រឹត្យវិន័យផ្សេងៗ និងព្រឹត្តិការណ៍ខាងប្រវត្តិ។ ជំពូកទី ២០–៣៦ គឺជាប្រវត្តិនៃឆ្នាំចុងក្រោយបង្អស់ ដែលបណ្ដាជនស្ថិតនៅក្នុងទីរហោស្ថាន។