ដាវីឌ
ជាស្ដេចម្នាក់នៅស្រុកអ៊ីស្រាអែលពីបុរាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ដាវីឌជាកូនប្រុសរបស់អ៊ីសាយពីពូជអំបូររបស់យូដា។ លោកជាកំលោះក្លាហានម្នាក់ដែលបានប្រហារសិង្ហ ខ្លាឃ្មុំ និងកូលីយ៉ាត ជាសាសន៍ភីលីស្ទីនមាឌធំម្នាក់ (១ សាំយូ. ១៧)។ ដាវីឌត្រូវបានរើស ហើយចាក់ប្រេងតាំងឡើងជាស្ដេចអ៊ីស្រាអែល។ ដូចជា សូលដែរ ទ្រង់ក៏មានទោសយ៉ាងធ្ងន់ កាលមានព្រះជន្មធំឡើង ប៉ុន្តែមិនដូចសូលទេ ទ្រង់អាចមានសេចក្ដីទន់ទាបដ៏ពិត។ ហេតុដូច្នេះហើយ ទ្រង់អាចទទួលការអត់ទោសឲ្យ លើកលែងតែក្នុងការប្រហារអ៊ូរី (គ. និង ស. ១៣២:៣៩)។ ជីវិតទ្រង់អាចចែកចេញជាបួនភាគ គឺ ៖ (១) នៅភូមិបេថ្លេហិម ជាទីដែលទ្រង់ជាអ្នកគង្វាល (១ សាំយូ. ១៦–១៧); (២) នៅក្នុងវាំងនៃស្ដេចសូល (១ សាំយូ. ១៨:១–១៩:១៨); (៣) ជាអ្នករសាត់ព្រាត់ (១ សាំយូ. ១៩:១៨–៣១:១៣; ២ សាំយូ. ១:១–២៧); (៤) ជាស្ដេចលើយូដា នៅឯអេប្រុន (២ សាំយូ. ២–៤) ហើយបន្ទាប់មកជាស្ដេចលើអ៊ីស្រាអែលទាំងអស់ (២ សាំយូ. ៥–២៤; ១ ពង្សាវ. ១:១–២:១១)។
អំពើបាបរបស់ដាវីឌចំពោះការសហាយស្មន់នឹងនាងបាតសេបា នោះមានការឥតផលជាច្រើនតតាមមក ដែលធ្វើឲ្យខូចខាតដល់ជីវិត ទ្រង់អស់រយៈពេល ២០ ឆ្នាំចុងក្រោយ។ នៅក្នុងរាជ្យទ្រង់ ប្រទេសទាំងមូលបានចម្រើនលូតលាស់ ប៉ុន្តែចំពោះដាវីឌ ទ្រង់រងទុក្ខមកពីផលនៃអំពើបាបរបស់ទ្រង់។ មានការមិនស្រុះស្រួលក្នុងគ្រួសារជានិច្ច គឺក្នុងរឿងអាប់សាឡំម និងអ័ដូនីយ៉ា ដែលចប់ក្នុងការបះបោរពេញខ្នាត។ ហេតុការណ៍ទាំងនេះ ជាការសម្រេចនៃពាក្យបន្ទុករបស់ណាថាន់ ជាព្យាការី មកលើដាវីឌ ពីព្រោះតែអំពើបាបរបស់ទ្រង់ (២ សាំយូ. ១២:៧–១៣)។
សូម្បីតែមានវិបត្តិទាំងនេះក៏ដោយ គង់តែរាជ្យដាវីឌក៏ជារាជ្យដ៏ប្រសើរបំផុតមួយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ពីព្រោះ (១) ទ្រង់បានរួបរួមពួកពូជអំបូរទៅជាប្រទេសមួយ (២) ទ្រង់រក្សាទុកនូវរបស់របរសាធារណៈនៃប្រទេស (៣) ទ្រង់តម្កល់រដ្ឋាភិបាលលើសាសនាពិត ដើម្បីទុកព្រះហឫទ័យរបស់ព្រះជាច្បាប់នៃអ៊ីស្រាអែល។ ដោយហេតុទាំងនេះហើយ ទើបរាជ្យដាវីឌត្រូវបានរាប់ទុកថា ជាយុគដ៏ឧត្ដមមួយក្នុងប្រទេស ហើយជាគំរូអំពីយុគដ៏រុងរឿងទៅទៀត កាលព្រះមែស៊ីនឹងយាងមក (អេសាយ ១៦:៥; យេរេ. ២៣:៥; អេសេ. ៣៧:២៤–២៨)។
ជីវិតរបស់ដាវីឌអធិប្បាយប្រាប់អំពីសេចក្ដីត្រូវការនៃជនគ្រប់រូប ដើម្បីកាន់ខ្ជាប់ក្នុងសេចក្ដីសុចរិតដរាបដល់ចុងបំផុត។ កាលនៅវ័យក្មេង នោះទ្រង់ត្រូវគេរាប់ថា ជាមនុស្សត្រូវនឹង « ព្រះហឫទ័យ » របស់ព្រះអម្ចាស់ (១ សាំយូ. ១៣:១៤)។ កាលធំពេញវ័យ ទ្រង់មានបន្ទូលដោយព្រះវិញ្ញាណ ហើយមានវិវរណៈជាច្រើន។ ប៉ុន្តែទ្រង់បង់តម្លៃដ៏ធ្ងន់ចំពោះការមិនគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ (គ. និង ស. ១៣២:៣៩)។