ជំនួយ​ការសិក្សា
យ៉ូសែប ជុញ្ញ័រ ស៊្មីធ


យ៉ូសែប ជុញ្ញ័រ ស៊្មីធ

ជា​ព្យាការី​ម្នាក់ ដែល​បាន​ជ្រើសរើស​ឲ្យ​សាង​សាសនាចក្រ​ពិត នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​លើ​ផែនដី​វិញ។ យ៉ូសែប ស៊្មីធ បាន​កើត​នៅ​រដ្ឋ​វ័រម៉ន្ត សហរដ្ឋអាមេរិក ហើយ​បាន​រស់នៅ​ពី​ឆ្នាំ ១៨០៥ ទៅ​ឆ្នាំ ១៨៤៤។

នៅ​ឆ្នាំ ១៨២០ ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​លេច​មក​ឯ​យ៉ូសែប ហើយ​លោក​បាន​ដឹង​ថា គ្មាន​សាសនា​ណាមួយ​នៅ​លើ​ផែនដី​ជា​សាសនាចក្រ​ពិត​ឡើយ (យ.ស.—ប្រវត្តិ ១:១–២០)។ បន្ទាប់​មក​មរ៉ូណៃ ជា​ទេវតា ក៏​បាន​មក​រក​លោក ហើយ​បាន​បើក​សម្ដែង​ប្រាប់​កន្លែង​លាក់​ផ្ទាំង​មាស​ទាំង​ឡាយ ដែល​មាន​បញ្ជី​ប្រវត្តិ​នៃ​ប្រជាជន​ពី​សម័យ​បុរាណ​នៅ​លើ​ទ្វីប​អាមេរិក (យ.ស.—ប្រវត្តិ ១:២៩–៥៤)។

យ៉ូសែប​បាន​បកប្រែ​ផ្ទាំង​មាស​ទាំង​ឡាយ​នោះ ហើយ​បាន​បោះពុម្ព​ចេញ​ជា​ព្រះ​គម្ពីរ​មរមន នៅ​ឆ្នាំ ១៨៣០ (យ.ស.—ប្រវត្តិ ១:៦៦–៦៧, ៧៥)។ នៅ​ឆ្នាំ ១៨២៩ លោក​បាន​ទទួល​អំណាច​នៃ​បព្វជិតភាព​ពី​យ៉ូហាន-បាទីស្ទ និង​ពី​ពេត្រុស យ៉ាកុប និង​យ៉ូហាន (គ. និង ស. ១៣; ២៧:១២; ១២៨:២០; យ.ស.—ប្រវត្តិ ១:៦៨–៧០)។

ដូចដែល​បាន​ដឹកនាំ​ដោយ​ព្រះ នៅ​ថ្ងៃ​ទី ៦ មេសា ១៨៣០ យ៉ូសែប និង​ពួក​អ្នក​ឯ​ទៀត​ក៏​បាន​រៀបចំ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​សាង​ឡើង​វិញ (គ. និង ស. ២០:១–៤)។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​យ៉ូសែប សាសនាចក្រ​បាន​លូតលាស់ នៅ​ប្រទេស​កាណាដា ប្រទេស​អង់គ្លេស និង​នៅ​ភូមិ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ ជា​ពិសេស គឺ​នៅ​រដ្ឋ​អូហៃអូ រដ្ឋ​មិសសួរី និង​រដ្ឋ​អិលលីណោយ។ មាន​សេចក្ដី​បៀតបៀន​ដ៏​ធ្ងន់​ជាប់​តាម​យ៉ូសែប និង​ពួក​បរិសុទ្ធ​មិន​ថា​ជា​ពួក​គេ​នៅ​ទីណា​ក្ដី។ នៅ​ថ្ងៃ​ទី ២៧ មិថុនា ១៨៤៤ យ៉ូសែប និង​ហៃរុម ជា​បង​ប្រុស​របស់​លោក ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម​នៅ​ទី​ក្រុង​កាតធេច រដ្ឋ​អិលលីណោយ សហរដ្ឋអាមេរិក។

ព្រះ​គម្ពីរ​ដែល​ព្យាការី​យ៉ូសែប ស៊្មីធ​បាន​នាំ​ចេញ​មក 

យ៉ូសែប​បាន​បកប្រែ​ភាគ​ទាំង​ឡាយ​នៃ​ផ្ទាំង​មាស ដែល​ទេវ​តា​មរ៉ូណៃ​បាន​ប្រគល់​ដល់​លោក រីឯ​ការ​បកប្រែ​នេះ ក៏​បាន​បោះពុម្ព​នៅ​ឆ្នាំ ១៨៣០ ចេញ​ជា​ព្រះ​គម្ពីរ​មរមន។ លោក​ក៏​បាន​ទទួល​វិវរណៈ​ជា​ច្រើន​ពី​ព្រះ​អម្ចាស់ ដែល​រាយ​នូវ​គោល​លទ្ធិ​សំខាន់ៗ និង​ការ​រៀបចំ​សាសនាចក្រ។ វិវរណៈ​ទាំង​នេះ​ភាគ​ច្រើន ត្រូវ​បាន​ប្រមូល​ទុក​ដែល ឥឡូវ​នេះ​ស្គាល់​ថា គោល​លទ្ធិ និង​សេចក្ដី​សញ្ញា។ លោក​ក៏​បាន​នាំ​ចេញ​មក​នូវ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា គឺជា​ការ​បកប្រែ​ដែល​បាន​បំផុស​គំនិត​ចេញ​ពី​ការ​សរសេរ​ទាំង​ឡាយ​នៃ​លោក​ម៉ូសេ​ខ្លះ លោក​អ័ប្រាហាំ​ខ្លះ និង​ពី​ម៉ាថាយ​ខ្លះ ព្រម​ទាំង​ការ​សង្ខេប​ចេញ​ពី​ប្រវត្តិ និង​ទី​បន្ទាល់​របស់​លោក​ផ្ទាល់ ព្រម​ទាំង​មាត្រា ១៣ ប្រការ អំពី​គោល​លទ្ធិ និង​ជំនឿ ដែល​សាសនាចក្រ​ជឿ។