យេរេមា
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានកើតពីត្រកូលសង្ឃ ហើយបានព្យាករនៅស្រុកយូដា ពីឆ្នាំ ៦២៦–៥៨៦ ម.គ.ស.។ លោកបានរស់នៅសម័យពួកព្យាការីដ៏មហិមា គឺ ៖ លីហៃ អេសេគាល ហូសេ និង ដានីយ៉ែល។
យេរេមាបានត្រូវតែងតាំងឲ្យធ្វើជាព្យាការី តាំងពីជីវិតមុនផែនដីម្ល៉េះ (យេរេ. ១:៤–៥)។ កំឡុងពេលប្រមាណជា ៤០ ឆ្នាំ ជាព្យាការី នោះលោកបានបង្រៀនជំទាស់នឹងការថ្វាយបង្គំរូបព្រះ និងអំពើកាមគុណនៅក្នុងចំណោមប្រជាជននៃសាសន៍យូដា (យេរេ. ៣:១–៥; ៧:៨–១០)។ លោកត្រូវប្រឈមមុខទាស់នឹងការប្រឆាំង និងការមើលងាយរហូត (យេរេ. ២០:២; ៣៦:១៨–១៩; ៣៨:៤)។ ក្រោយពីការរលំនៃក្រុងយេរូសាឡិម នោះពួកសាសន៍យូដា ដែលបានភៀសខ្លួនចូលទៅស្រុកអេស៊ីព្ទក៏បានយកយេរេមាទៅជាមួយពួកគេ (យេរេ. ៤៣:៥–៦), តាមទំនៀមទម្លាប់ គឺជាកន្លែងដែលពួកគេបានយកថ្មគប់សម្លាប់លោក។
គម្ពីរយេរេមា
ជំពូកទី ១–៦ មានពាក្យព្យាករណ៍ទាំងឡាយនៅក្នុងរាជ្យនៃស្ដេចយ៉ូសៀស។ ជំពូកទី ៧–២០ ជាពាក្យព្យាករណ៍ទាំងឡាយនៅសម័យស្ដេចយេហូយ៉ាគីម។ ជំពូកទី ២១–៣៨ ទាក់ទងនឹងរាជ្យនៃសេដេគា។ ជំពូកទី ៣៩–៤៤ មានពាក្យព្យាករណ៍ទាំងឡាយ ហើយបានអធិប្បាយប្រាប់អំពីព្រឹត្តិការណ៍ខាងប្រវត្តិ ក្រោយពីការរលំនៃក្រុងយេរូសាឡិម។ ជំពូកទី ៤៥ មានពាក្យសន្យាដល់បារូក ជាស្មៀនរបស់លោក ថាជីវិតនៃបារូកនឹងបានរក្សាទុក។ ជាទីបញ្ចប់ ជំពូកទី ៤៦–៥១ ជាពាក្យព្យាករណ៍ជំទាស់នឹងប្រទេសក្រៅទាំងឡាយ។ ជំពូកទី ៥២ ជាពាក្យបញ្ចប់ខាងប្រវត្តិ។ ពាក្យព្យាករណ៍របស់យេរេមាខ្លះ មាននៅក្នុងផ្ទាំងលង្ហិនរបស់ឡាបាន់ ដែលយកបានដោយនីហ្វៃ (១ នីហ្វៃ ៥:១០–១៣)។ យេរេមាក៏ត្រូវបានពោលដល់ពីរដងទៀតនៅក្នុងព្រះគម្ពីរមរមន (១ នីហ្វៃ ៧:១៤; ហេលេ. ៨:២០)។
គម្ពីរយេរេមាក៏មាននូវការទទួលស្គាល់អំពីការរស់នៅមុនផែនដីនៃមនុស្ស និងការតែងតាំងរបស់យេរេមា តាំងពីមុនកំណើតលោកិយ (យេរេ. ១:៤–៥); ពាក្យព្យាករណ៍មួយអំពីការវិលមកវិញនៃពួកអ៊ីស្រាអែលពីស្ថានភាពខ្ចាត់ខ្ចាយរបស់ពួកគេ ដោយការប្រមូលម្នាក់ពីក្រុងមួយ ហើយពីរនាក់ពីគ្រួសារមួយ នាំទៅក្រុងស៊ីយ៉ូនវិញ គឺជាដែនដីដ៏គាប់ចិត្ត ដែលពួកអ៊ីស្រាអែល និងពួកយូដានឹងអាស្រ័យនៅក្នុងសេចក្ដីសុខសាន្តត្រាន (យេរេ. ៣:១២–១៩); និងពាក្យព្យាករណ៍មួយ អំពីការដែលព្រះអម្ចាស់ទ្រង់ប្រមូលពួកអ៊ីស្រាអែលចេញពីស្រុកខាងជើង ដោយចាត់ « ពួកនេសាទ » និង « ពួកបរបាញ់ » ជាច្រើនឲ្យទៅរកពួកគេ (យេរេ. ១៦:១៤–២១)។ ព្រឹត្តិការណ៍នៅថ្ងៃចុងក្រោយនេះ គឺនឹងទៅជាការដ៏ធំជាង កាលម៉ូសេនាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅទៀត (យេរេ. ១៦:១៣–១៥; ២៣:៨)។