ជំនួយ​ការសិក្សា
បុព្វកថា


បទ​ជម្រើស​នានា​ចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស៊្មីធ

ត​ទៅ​នេះ គឺជា​ភាគ​ជម្រើស​ទាំង​ឡាយចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ច្បាប់​ស្ដេច​យេម្ស ដោយ​យ៉ូសែប ស៊្មីធ (ក.យ.ស.)។ ព្រះ​អម្ចាស់​ទ្រង់​បាន​បំផុស​គំនិត​ដល់​យ៉ូសែប ស៊្មីធ ឲ្យ​សាង​ឡើង​វិញ​នូវ​សេចក្ដី​ពិត​ទាំង​ឡាយ ចំពោះ​ឯកសារ​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​បាន​បាត់បង់ ឬ​បាន​ប្រែប្រួល ចាប់​តាំង​ពី​បាន​សរសេរ​ពាក្យ​ពេចន៍​នោះ​លើក​ដំបូង​មក។ សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​បាន​សាង​ឡើង​វិញ​នេះ បាន​បញ្ជាក់​នូវ​គោល​លទ្ធិ ហើយ​បាន​ពន្យល់​បទគម្ពីរ​ឲ្យ​បាន​ច្បាស់លាស់​ឡើង។ វគ្គ​ទាំង​ឡាយ​ដែល​បាន​ជ្រើសរើស​ឡើង​សម្រាប់​សេចក្ដី ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ នឹង​អាច​ជួយ​ឲ្យ​អ្នក​យល់​បទ​ព្រះ​គម្ពីរ​កាន់តែ​ច្បាស់លាស់​ឡើង ទោះ​ជា​បាន​បកប្រែ​ចូល​ភាសា​ណា​ក្ដី។

ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​បើក​សម្ដែង​ប្រាប់​ដល់​យ៉ូសែប អំពី​សេចក្ដី​ពិត​ខ្លះៗ ដែល​ពួក​អ្នក​និពន្ធ​ដើម​បាន​កត់​ទុក​នៅ​គ្រា​មួយ នោះ​ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ មិន​ដូច​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ឯ​ទៀត​នៅ​ក្នុង​ពិភពលោក​ឡើយ។ តាម​ន័យ​នេះ ពាក្យ​ថា ការ​បកប្រែ គឺ​បាន​យក​មក​ប្រើ​ក្នុង​បែប​ដ៏​ទំ​លំ​ទូលាយ​មួយ ហើយ​ខុស​ពី​ធម្មតា ព្រោះ​ការ​ប្រែ​ដោយ​យ៉ូសែប គឺជា​វិវរណៈ ជាជាង​ការ​បកប្រែ​ចំ​ៗពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល « ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ (ក.យ.ស.) » នៅ​ក្នុង​បញ្ជី​រាយ​មុខ​ប្រធាន​បទ​តាម​លំដាប់​អក្ខរក្រម នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ។

ការ​ពន្យល់​ដែល​មាន​ដូច​ត​ទៅ​នេះ បង្ហាញ​នូវ​បទ​ជ្រើសរើស​ជា​ឧទាហរណ៍​ចេញ​ពី ក.យ.ស. ៖

ឧទាហរណ៍

ក.យ.ស., ម៉ាថាយ ៤:១, ៥–៦, ៨–៩ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៤:១, ៥–៦, ៨–៩; ការ​កែសម្រួល​ដូច​គ្នា ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​គម្ពីរ​លូកា ៤:២, ៥–១១)

(ព្រះ​យេស៊ូវ​ទ្រង់​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ពុំ​មែន​ដោយ​អារក្ស​ទេ)។

គ្រា​នោះ​ព្រះ​យេស៊ូវ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​ទៅ​ឯ​ទី​រហោស្ថាន ដើម្បី​ទៅ​ជួប​ព្រះ។

គ្រា​នោះ ព្រះ​យេស៊ូវ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ឯ​ក្រុង​បរិសុទ្ធ ហើយ​ព្រះ​វិញ្ញាណ​បាន​ដាក់​ទ្រង់​លើ​កំពូល​ព្រះ​វិហារ​បរិសុទ្ធ។

គ្រា​នោះ អារក្ស​បាន​មក​រក​ទ្រង់ ហើយ​ទូល​ថា បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ចុះ ត្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា « ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់​ពី​ដំណើរ​អ្នក ហើយ​ពួក​ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម »។

ហើយ​មួយ​ទៀត ព្រះ​យេស៊ូវ​ទ្រង់​បាន​គង់នៅ​ក្នុង​ព្រះ​វិញ្ញាណ ហើយ​ព្រះ​វិញ្ញាណ​បាន​នាំ​ទ្រង់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ហើយ​បាន​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកិយ និង​សិរី​ល្អ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត។

ហើយ​អារក្ស​បាន​មក​រក​ទ្រង់​ទៀត ហើយ​ទូល​ថា គ្រប់​របស់​ទាំង​នេះ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ។

សេចក្ដី​យោង​នៅ​ក្នុង​អក្សរ​ធំ​នេះ គឺជា​វគ្គ​ដែល​យ៉ូសែប ស៊្មីធ ធ្វើ​ការ​បកប្រែ​ពី​ព្រះ​គម្ពីរ​ប៊ីប​ច្បាប់​ស្ដេច​យេម្ស។ ពី​ព្រោះ​ការ​បកប្រែ​របស់​លោក​បាន​សាង​ពាក្យ​ពេចន៍​ឡើង​វិញ​ដល់​ឯកសារ​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប នោះ​ខ​ទាំង​ឡាយ​ប្រហែល​ខុស​ពី​គម្ពីរ​ដែល​អ្នក​ប្រើ។

នៅ​ក្នុង​វង់​ក្រចក គឺជា​សេចក្ដី​យោង​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ដែល​អ្នក​ត្រូវ​ប្រៀបធៀប​នឹង​ការ​បកប្រែ​ដោយ​យ៉ូសែប​ស៊្មីធ។

សេចក្ដី​ថ្លែង​នេះ ពន្យល់​ប្រាប់​ពី​ប្រភេទ​គោល​លទ្ធិ ដែល​យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ប្រាប់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​ការ​បកប្រែ​របស់​លោក។

នេះ​គឺជា​ឯកសារ ដែល​យ៉ូសែប ស៊្មីធ​បាន​បកប្រែ។