២០១៧
អនុភាព​នៃ​ព្រះគម្ពីរ​មរមន
May 2017


សារលិខិត​ការ​បង្រៀន​សួរ​សុខ​ទុក្ខ ខែ ឧសភា ឆ្នាំ ២០១៧

អនុភាព​នៃ​ព្រះគម្ពីរ​មរមន

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​សិក្សា ហើយ​ពិចារណា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​សូម​ជម្រាប​សួរ​ដោយ​ក្តី​នឹក​រលឹក​​បំផុត កាល​ដែល​យើង​ជួប​គ្នា​ម្ដងទៀត​ក្នុង​សន្និសីទ​ទូទៅ​ដ៏​អស្ចារ្យ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ពី​មុន​ចាប់ផ្ដើម​សារលិខិត​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន​ប្រាំ​ទៀត ដែល​នឹង​សាងសង់​នៅ​ទីតាំង​ដូច​ត​ទៅ​នេះ ៖ ទីក្រុង​ប្រាស៊ីលីយ៉ា ប្រទេស ប្រេស៊ីល ទីក្រុង ហ្គ្រែធើរ ម៉ានីល ប្រទេស ហ្វីលីពីន តំបន់ ណៃរ៉ូប៊ី ប្រទេស កេនយ៉ា ទីក្រុង ប៉ូកាទែឡូ រដ្ឋ អៃដាហូ សហរដ្ឋ​អាមេរិក និង ទីក្រុង សារ៉ាតូហ្កា រដ្ឋ យូថាហ៍ សហរដ្ឋ​អាមេរិក ។

នា​ព្រឹក​នេះ ខ្ញុំ​និយាយ​អំពី​អនុភាព​នៃ​ព្រះគម្ពីរ​មរមន និង​តម្រូវ​ការ​ដ៏សំខាន់​ដែល​យើង​មាន​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ ដើម្បីសិក្សា ពិចារណា និង​អនុវត្ត​ការ​បង្រៀន​ពី​ព្រះគម្ពីរ​នៅក្នុង​ជីវិត​របស់​យើង ។ សារៈសំខាន់​នៃ​ការ​មាន​ទីបន្ទាល់​រឹងមាំ​ពិត​អំពី​ព្រះគម្ពីរ​មរមន ពុំ​អាច​បំផ្លើស​បានទេ ។

យើង​រស់នៅ​ក្នុង​គ្រា​ដែលវឹកវរ​ និង​សេចក្ដីទុច្ចរិត​ដ៏មហិមា ។ តើ​មាន​អ្វី​នឹង​ការ​ពារ​យើង​ពី​អំពើបាប និង​សេចក្ដី​អាក្រក់​ដែល​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ? ខ្ញុំជឿ​ថា ការ​មាន​ទីបន្ទាល់​រឹងមាំ​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង ជា​ព្រះយេស៊ូវ​គ្រីស្ទ និង​អំពី​ដំណឹងល្អ​របស់​ទ្រង់ នឹង​ជួយ​ឃុំ​គ្រង​យើង​ឲ្យ​ទទួល​បាន​សុវត្ថិភាព ។ ប្រសិន​បើ​បងប្អូន​មិន​បានអាន​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ​ទេ សូម​ចាប់ផ្តើមអាន ។ ប្រសិន​បើ​បងប្អូន​នឹង​អាន​គម្ពីរ​ដោយ​ការ​អធិស្ឋាន ហើយ​ដោយ​​ចិត្ត​ស្មោះ​ដើម្បី​ស្គាល់​សេចក្ដីពិត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បើក​សម្ដែង​សេចក្ដីពិត​មក​កាន់បងប្អូន ។ ប្រសិនបើ​គម្ពីរ ​គឺ ជា​ការ​ពិត — ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏ឧឡារិកថា — យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​មួយរូប​ដែល​បាន​មើល​ឃើញព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។

ដោយ​សារ​ព្រះគម្ពីរ​មរមន​ពិត នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុ​ងក្រោយ គឺជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ហើយ​បព្វជិតភាព​បរិសុទ្ធ​របស់​ព្រះ​ត្រូវ​បាន​ស្ដារ​ឡើងវិញ​ដើម្បី​ជា​ប្រយោជន៍ និង​ជា​ពរជ័យ​នៃ​កូនចៅ​របស់​ទ្រង់ ។

ប្រសិន​បើ​បងប្អូន​ពុំ​ទាន់​មាន​ទីបន្ទាល់​រឹងមាំ​អំពី​រឿង​ទាំង​នេះ​ទេ ចូរ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​ទីបន្ទាល់នេះ ។ វា​ជាការ​ចាំបាច់​សម្រាប់បងប្អូន​ដើម្បី​មាន​ទីបន្ទាល់ផ្ទាល់​ខ្លួននៅ​ក្នុង​គ្រា​លំបាក​ទាំងនេះ ពីព្រោះ​​ទីបន្ទាល់​របស់អ្នកដទៃ​នឹង​ដឹកនាំ​បងប្អូន​ទៅមិន​បាន​ឆ្ងាយ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​បាន​ទទួល​ទីបន្ទាល់ ហើយ ទីបន្ទាល់នោះ​ចាំបាច់​ត្រូវ​រក្សា​ឲ្យ​មាន​តម្លៃ ហើយ​ឲ្យ​នៅ​រស់រវើក​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​ដល់​បទ​បញ្ញត្តិ​របស់ព្រះ និង​តាមរយៈ​ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ​ជា​បន្ដ​បន្ទាប់ ។

បងប្អូន​ជាទីស្រឡាញ់​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​អើយ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​សិក្សា និង​ពិចារណា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន ។ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ស្ដាប់​ឭ​សំឡេង​នៃ​ព្រះវិញ្ញាណ ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង ដើម្បី​យក​ឈ្នះ​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច ហើយ​ទទួល​ជំនួយ​ពី​ស្ថានសួគ៌​នៅក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នេះ​ដោយ​អស់​ពី​ចិត្ត​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បោះពុម្ព