សារលិខិតគណៈប្រធានទីមួយ ខែ វិច្ឆិកា ឆ្នាំ ២០១៧
ចូរកុំខ្លាចនឹងធ្វើល្អឡើយ
ព្រះអម្ចាស់ប្រាប់យើងថា ពេលយើងឈរដោយសេចក្តីជំនឿលើថ្មដារបស់ទ្រង់ នោះក្តីសង្ស័យនឹងសាបសូន្យទៅ ហើយបំណងប្រាថ្នាក្នុងការធ្វើល្អនឹងកើនឡើងវិញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមអធិស្ឋានដោយរាបទាបថា ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងគង់នៅជាមួយពួកយើងពេលខ្ញុំនិយាយនាថ្ងៃនេះ ។ ដួងចិត្តខ្ញុំពោរពេញដោយអំណរគុណចំពោះព្រះអម្ចាស់ ដែលជាព្រះអម្ចាស់នៃសាសនាចក្រនេះ ខ្ញុំមានអំណរគុណចំពោះការបំផុសគំនិតដែលយើងបានទទួលក្នុងការអធិស្ឋានដោយក្លៀវក្លា ទេសនកថាដ៏បំផុសគំនិត និងចម្រៀងនៃពួកទេវតានៅក្នុងសន្និសីទនេះ ។
កាលពីខែមេសា ប្រធាន ថូម៉ាស អេស ម៉ន បានផ្តល់សារលិខិតមួយដែលមានឥទ្ធិពលលើដួងចិត្តមនុស្សនៅទូទាំងពិភពលោករួមទាំងខ្ញុំផងដែរ ។ លោកបានមានប្រសាសន៍អំពីព្រះចេស្ដានៃព្រះគម្ពីរមរមន ។ លោកបានជំរុញឲ្យយើងសិក្សា ពិចារណា និងអនុវត្តការបង្រៀនដែលមានក្នុងនោះ ។ លោកបានសន្យាថា ប្រសិនបើយើងលះបង់ពេលវេលារៀងរាល់ថ្ងៃដើម្បីសិក្សា និងគិតពិចារណា ហើយគោរពបទបញ្ញត្តិដែលមានក្នុងព្រះគម្ពីរមរមន នោះយើងនឹងមានទីបន្ទាល់ដ៏ចាំបាច់អំពីសេចក្តីពិតរបស់ព្រះគម្ពីរនេះ ហើយទីបន្ទាល់ដែលយើងទទួលបានអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់នឹងជួយយើងឲ្យស៊ូទ្រាំដោយសុវត្ថិភាពនៅក្នុងគ្រាលំបាក ។ ( សូមមើល « The Power of the Book of Mormon » Liahona, ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៦–៨៧ ។ )
ដូចបងប្អូនជាច្រើនដែរ ខ្ញុំបានឮពាក្យពេចន៍របស់ព្យាការី ដូចជាសំឡេងនៃព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំ ។ ហើយដូចបងប្អូនជាច្រើនដែរ ខ្ញុំបានសម្រេចចិត្តធ្វើតាមពាក្យពេចន៍ទាំងនោះ ។ តាំងពីក្មេងរហូតដល់ឥឡូវនេះ ខ្ញុំទទួលទីបន្ទាល់ថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ ថាព្រះវរបិតា និងព្រះបុត្រាបានបង្ហាញព្រះកាយ និងមានបន្ទូលទៅកាន់យ៉ូសែប ស្ម៊ីធ ហើយថាពួកសាវកពីបុរាណបានមកជួបព្យាការី យ៉ូសែប ដើម្បីស្តារកូនសោបព្វជិតភាពដល់សាសនាចក្រនៃព្រះអម្ចាស់ឡើងវិញ ។
ដោយសារទីបន្ទាល់នោះ ខ្ញុំបានអានព្រះគម្ពីរមរមនរៀងរាល់ថ្ងៃអស់រយៈពេលជាង ៥០ ឆ្នាំហើយ ។ ប្រហែលជាខ្ញុំអាចមានហេតុផលថា ប្រសាសន៍របស់ប្រធានម៉នសុនគឺសម្រាប់អ្នកដទៃទៀត ។ ប៉ុន្តែ ដូចជាបងប្អូនជាច្រើនដែរ ខ្ញុំបានទទួលការលើកទឹកចិត្តពីព្យាការី និងការសន្យារបស់លោកចំពោះខ្ញុំឲ្យកាន់តែខិតខំឡើង ។ បងប្អូនជាច្រើនបានធ្វើដូចខ្ញុំ ៖ បានបន្ថែមបំណងនៃការអធិស្ឋាន បានប្តេជ្ញាចិត្តគិតពិចារណាព្រះគម្ពីរកាន់តែច្រើន ហើយព្យាយាមកាន់តែខ្លាំងក្នុងការបម្រើព្រះអម្ចាស់ និងអ្នកដទៃទៀតជំនួសទ្រង់ ។
លទ្ធផលដ៏ជាទីរីករាយសម្រាប់ខ្ញុំ និងបងប្អូនជាច្រើន គឺជាអ្វីដែលព្យាការីបានសន្យា ។ ពួកយើងដែលទទួលយកការទូន្មានដ៏បំផុសគំនិតរបស់លោកទៅក្នុងដួងចិត្ត បានស្តាប់ឮព្រះវិញ្ញាណកាន់តែច្បាស់ឡើង ។ យើងបានរកឃើញអនុភាពកាន់តែប្រសើរឡើងក្នុងការទប់ទល់នឹងការល្បួង ហើយទទួលអារម្មណ៍នៃសេចក្តីជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ លើដំណឹងល្អរបស់ទ្រង់ និងលើសាសនាចក្រដ៏សកម្មរបស់ទ្រង់ ។
នៅក្នុងជំនាន់នៃការកើនឡើងនូវការរំជើបរំជួលក្នុងពិភពលោក អស់អ្នកដែលមានទីបន្ទាល់កើនឡើង បានបណ្តេញក្តីសង្ស័យ និងការភ័យខ្លាចចេញ ហើយបាននាំមកនូវអារម្មណ៍នៃភាពសុខសាន្តដល់យើងវិញ ។ ការស្តាប់តាមការទូន្មានរបស់ប្រធាន ម៉នសុន មានឥទ្ធិពលពីរដ៏អស្ចារ្យផ្សេងទៀតលើរូបខ្ញុំ ៖ ទីមួយ ព្រះវិញ្ញាណដែលលោកបានសន្យាបានបង្កើតនូវស្មារតីនៃភាពសុទិដ្ឋិនិយមអំពីអ្វីដែលកើតឡើងនាពេលខាងមុខ ទោះបីជាការរំជើបរំជួលក្នុងពិភពលោកនេះហាក់ដូចជាកាន់តែរីកដុះដាលឡើងក្តី ។ ហើយទីពីរ ព្រះអម្ចាស់បានប្រទានដល់ខ្ញុំ — និងបងប្អូន — នូវអារម្មណ៍នៃក្តីស្រឡាញ់របស់ទ្រង់ចំពោះអស់អ្នកដែលមានទុក្ខព្រួយកាន់តែខ្លាំងឡើង ។ យើងកាន់តែមានបំណងចង់ទៅជួយសង្គ្រោះអ្នកដទៃ ។ បំណងប្រាថ្នានោះគឺជាគោលការណ៍សំខាន់នៅក្នុងការងារបម្រើ និងការបង្រៀនរបស់ប្រធានម៉នសុន ។
ព្រះអម្ចាស់បានសន្យានូវសេចក្តីស្រឡាញ់ដល់អ្នកដទៃ ហើយលើកទឹកចិត្តដល់ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ពេលពួកលោកមានកិច្ចការដែលហាក់ដូចជាលំបាកធ្វើនាពេលខាងមុខ ។ ព្រះអម្ចាស់មានបន្ទូលថា ភាពក្លាហានដ៏ចាំបាច់កើតឡើងពីសេចក្តីជំនឿរបស់ពួកគេលើទ្រង់ដែលជាថ្មដារបស់ពួកគេ ៖
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ ឱបុត្រារបស់យើងអើយ ត្បិតពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រួសចុះ នោះនឹងច្រូតបានពូជនោះឯង ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាព្រួសចុះពូជល្អ នោះអ្នករាល់គ្នាក៏នឹងច្រូតបានពូជល្អ ទុកជារង្វាន់របស់អ្នកដែរ ។
« ហេតុដូច្នេះហើយ កុំឲ្យខ្លាច ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ត្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ ។
«មើលចុះយើងមិនបានកាត់ទោសអ្នកទេអញ្ជើញទៅចុះតែកុំធ្វើបាបទៀតឡើយ ចូរធ្វើដោយម៉ឺងម៉ាត់នូវកិច្ចការដែលយើងបានបញ្ជាដល់អ្នក ។
«ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិតចូរកុំ សង្ស័យកុំខ្លាចឡើយ ។
« ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់ កាន់តាមបញ្ញត្តិទាំងឡាយរបស់យើងនោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក » ( គ. និង ស. ៦:៣៣–៣៧ ) ។
ព្រះអម្ចាស់បានប្រាប់ថ្នាក់ដឹកនាំទ្រង់ពីការស្តារឡើងវិញ ហើយទ្រង់ប្រាប់យើងថា ពេលយើងឈរលើថ្មដារបស់ទ្រង់ដោយសេចក្តីជំនឿ នោះក្តីសង្ស័យនឹងសាបសូន្យទៅ ហើយបំណងប្រាថ្នាក្នុងការធ្វើល្អនឹងកើនឡើងវិញ ។ នៅពេលយើងទទួលយកការអញ្ជើញរបស់ប្រធានម៉នសុន ឲ្យដាំដុះក្នុងចិត្តយើងនូវទីបន្ទាល់អំពីព្រះយេសូវគ្រីស្ទ នោះយើងទទួលអនុភាព បំណងប្រាថ្នា និងភាពក្លាហានដើម្បីទៅសង្គ្រោះអ្នកដទៃដោយពុំខ្វល់ខ្វាយពីតម្រូវការរបស់ខ្លួនយើងឡើយ ។
ខ្ញុំបានឃើញសេចក្តីជំនឿ និងភាពក្លាហានបែបនោះជាច្រើនដង កាលពួកបរិសុទ្ធដែលមានជំនឿបានប្រឈមមុខនឹងការលាកល្បងដ៏គួរឲ្យខ្លាច ។ ឧទាហរណ៍មួយ ខ្ញុំបាននៅរដ្ឋអៃដាហូ ពេលទំនប់ទឹក តេតុន ដាម បានបាក់នៅថ្ងៃ ៥ ខែ មិថុនា ឆ្នាំ ១៩៧៦ ។ ទំនប់ទឹកនោះបានហូរធ្លាក់ចុះមក ។ មនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ។ មានផ្ទះសម្បែង និងពាណិជ្ជកម្មរាប់ពាន់កន្លែងត្រូវបានបំផ្លិចបំផ្លាញ ។ ដោយអព្ភូតហេតុ មានមនុស្សតិចជាង ១៥ នាក់បានស្លាប់ ។
អ្វីដែលខ្ញុំបានឃើញនៅទីនោះ គឺខ្ញុំបានឃើញថា ពួកបរិសុទ្ធថ្ងៃចុងក្រោយឈរយ៉ាងរឹងប៉ឹងនៅលើថ្មដានៃទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ ។ ដោយសារពួកគេជឿជាក់ថា ទ្រង់ទតមើលថែពួកគេ នោះពួកគេគ្មានការភ័យខ្លាចឡើយ ។ ពួកគេបំភ្លេចការសាកល្បងផ្ទាល់ខ្លួន ដើម្បីទៅសង្គ្រោះអ្នកដទៃ ។ ហើយពួកគេធ្វើដូច្នេះដោយសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់ ហើយពុំទាមទារការតបស្នងអ្វីឡើយ ។
ឧទាហរណ៍ នៅពេលទំនប់ទឹក តេតុន ដាម បានបាក់ គូស្វាមីភរិយាមួយគូជាពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងធ្វើដំណើរចេញឆ្ងាយពីផ្ទះរបស់ពួកគេជាច្រើនគីឡូម៉ែត្រ ។ ពេលពួកគេបានស្តាប់ឮព័ត៌មាននេះតាមវិទ្យុភ្លាម នោះពួកគេប្រញាប់ត្រឡប់ទៅទីក្រុងរីកប៊ើហ្គ វិញ ។ ផ្ទុយឲ្យការត្រឡប់ទៅមើលផ្ទះសម្បែងរបស់ខ្លួន ដើម្បីដឹងថាតើផ្ទះពួកគេខូតខាតឬអត់នោះ ពួកគេបែរទៅរកប៊ីស្សពជំនួសវិញ ។ ប៊ីស្សពបាននៅក្នុងអគារមួយដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលជួយសង្គ្រោះ ។ ប៊ីស្សពកំពុងជួយដឹកនាំអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ដែលមកដល់ទីនោះដោយជិះឡានសាលាពណ៌លឿង ។
គូស្វាមីភរិយានោះបានដើរសំដៅទៅរកប៊ីស្សប ហើយនិយាយថា « ពួកខ្ញុំទើបតែត្រឡប់មកវិញ ។ ប៊ីស្សព តើយើងអាចជួយនៅទីណាបាន ? » ប៊ីស្សពបានឲ្យឈ្មោះគ្រួសារមួយទៅពួកគេ ។ គូស្វាមីភរិយានោះបានកាយភក់ និងបាចទឹកចេញពីផ្ទះមួយទៅផ្ទះមួយ ។ ពួកគេបានធ្វើការតាំងពីព្រលឹមទល់ព្រលប់អស់ជាច្រើនថ្ងៃ ។ ទីបំផុតពួកគេបានឈប់សម្រាកដើម្បីទៅមើលផ្ទះរបស់ពួកគេ ។ ផ្ទះរបស់ពួកគេបានលិចលង់ក្នុងទឹក ដោយគ្មានសេសសល់អ្វីទុកឲ្យសម្អាតឡើយ ។ ដូច្នេះជាថ្មីម្ដងទៀតពួកគេបានត្រឡប់ទៅរកប៊ីស្សពពួកគេវិញភ្លាម ។ ពួកគេបានសួរថា « ប៊ីស្សព តើលោកមាននរណាម្នាក់ដែលពួកខ្ញុំអាចជួយដែរឬទេ ? »
អព្ភូតហេតុនៃភាពក្លាហាន និងសេចក្តីសប្បុរសនោះ — ដែលជាសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ — បានបន្តកើតឡើងអស់ជាច្រើនឆ្នាំ និងនៅទូទាំងពិភពលោក ។ វាបានកើតឡើងនៅក្នុងគ្រាដ៏អាក្រក់នៃការបៀតបៀន និងការសាកល្បងក្នុងគ្រាដែលព្យាការី យ៉ូសែប ស៊្មីធ នៅរដ្ឋមិសសួរី ។ វាបានកើតឡើងពេល ព្រិកហាំ យ៉ង់ បានដឹកនាំការធ្វើដំណើរពី ណៅវ៉ូ ហើយក្រោយមកទៀតបានហៅពួកបរិសុទ្ធឲ្យទៅទីវាលខ្សាច់នៅភាគខាងលិចសហរដ្ឋអាមេរិក ដើម្បីជួយគ្នាបង្កើតទីក្រុងស៊ីយ៉ូនថ្វាយព្រះអម្ចាស់ ។
ប្រសិនបើអ្នកអានកំណត់ហេតុរបស់ពួកអ្នកត្រួសត្រាយទាំងនោះ អ្នកនឹងឃើញអព្ភូតហេតុនៃសេចក្តីជំនឿបានបណ្តេញការសង្ស័យ និងការភ័យខ្លាចចេញឆ្ងាយ ។ ហើយអ្នកអានអំពីពួកបរិសុទ្ធដែលទុកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនមួយអន្លើរ ដើម្បីជួយនរណាម្នាក់ទៀតដែលត្រូវការជំនួយ ពីមុនត្រឡប់ទៅរកចៀម ឬចម្ការដែលពុំទាន់ភ្ជួររាស់របស់ខ្លួន ។
ខ្ញុំបានឃើញអព្ភូតហេតុដូចគ្នានេះកាលពីប៉ុន្មានថ្ងៃមុន នៅក្នុងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីព្យុះកំណាច អ៊ីម៉ា នៅ ពឺតតូ រីកូ, សេន ថូម៉ាស់ និងហ្លូរីដា ជាកន្លែងដែលពួកបរិសុទ្ធថ្ងៃចុងក្រោយសហការនឹងព្រះវិហារដទៃទៀត ក្រុមសហគមន៍ក្នុងមូលដ្ឋាន និងអង្គកាក្នុងស្រុកក្នុងការធ្វើកិច្ចការសម្អាត ។
ដូចជាមិត្តភក្តិរបស់ខ្ញុំនៅ រីកប៊ើហ្គដែរ គូស្វាមីភរិយាមួយគូនៅ ហ្លូរីដា ដែលមិនមែនជាសមាជិក បានផ្តោតលើការជួយដល់សហគមន៍ ជាជាងខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិរបស់ខ្លួន ។ ពេលពួកបរិសុទ្ធមួយចំនួនដែលជាអ្នកជិតខាងផ្តល់ជំនួយកាត់ដើមឈើធំពីរដើមដែលពាំងផ្លូវឡានរបស់ពួកគេ គូស្វាមីភរិយានោះបានពន្យល់ថា ពួកគេមានការស្មុគស្មាញណាស់ ហើយបានទៅជួយអ្នកដទៃទៀត ដោយមានជំនឿថាព្រះអម្ចាស់នឹងប្រទានជំនួយដែលពួកគេត្រូវការនៅឯផ្ទះរបស់ពួកគេ ។ ក្រោយមកស្វាមីគាត់បានចែកចាយថា ពីមុនសមាជិកសាសនាចក្រយើងបានមកជួយ គូស្វាមីភរិយានោះបានកំពុងអធិស្ឋាន ។ ពួកគេបានទទួលចម្លើយថា នឹងមានជំនួយបញ្ចូនមក ។ វាបានកើតឡើងនៅអំឡុងពេលប៉ុន្មានម៉ោងក្រោយពីការបញ្ជាក់នោះ ។
ខ្ញុំបានឮរបាយការណ៍មួយថា មានមនុស្សមួយ ចំនួនបានចាប់ផ្តើមហៅពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលពាក់អាវយឺតពណ៌លឿង មានរូបសញ្ញា ដៃសម្រាប់ជួយថា « ទេវតាពណ៌លឿង » ។ មានពួកបរិសុទ្ធម្នាក់យកឡានរបស់គាត់មកជួយបម្រើ ហើយបុរសដែលជួយនាងបានពិពណ៌នាថាជា « បទពិសោធន៍ខាងវិញ្ញាណ » ដែលគាត់មាន ពេលដែលមនុស្សពាក់អាវយឺតពណ៌លឿង បានរំកិលដើមឈើចេញពីរានហាលរបស់គាត់ បន្ទាប់មកគាត់បាននិយាយថា « ពួកគេបានច្រៀងចម្រៀងមួយចំនួនឲ្យខ្ញុំស្តាប់ អំពីការធ្វើជាកូនរបស់ព្រះ » ។
មានអ្នករស់នៅរដ្ឋហ្លូរីដា ម្នាក់ទៀត — ដែលពុំមែនជាសមាជិកយើង — បានថ្លែងថា មានពួកបរិសុទ្ធថ្ងៃចុងក្រោយបានមកផ្ទះរបស់គាត់ ពេលគាត់កំពុងរៀបចំនៅក្នុងរានហាលដែលខូចខាតរបស់គាត់ដោយមានអារម្មណ៍ស្មុគស្មាញជាខ្លាំង បែកញើស ហើយហៀបនឹងយំ ។ អ្នកស្ម័គ្រចិត្តទាំងនោះបានធ្វើឲ្យគាត់បន្លឺពាក្យឡើងថា « វាពិតជាអព្ភូតហេតុ » ។ ពួកគេពុំគ្រាន់តែបម្រើដោយឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ពួកគេថែមទាំងមាននូវការសើចសប្បាយ និងស្នាមញញឹមដោយពុំចង់ទទួលការតបស្នងអ្វីឡើយ ។
នៅយប់ជ្រៅនាថ្ងៃសៅរ៍មួយ ខ្ញុំបានឃើញការឧស្សាហ៍ព្យាយាម និងស្តាប់ឮសំឡេងសើចសប្បាយនោះ ពេលខ្ញុំបានទៅសួរសុខទុក្ខពួកបរិសុទ្ធមួយក្រុមនៅរដ្ឋហ្លូរីដា ។ ពួកអ្នកស្ម័គ្រចិត្តទាំងនោះបានឈប់ធ្វើការបោសសម្អាតមួយ សន្ទុះ ដោយទុកពេលឲ្យខ្ញុំចាប់ដៃពួកគេ ។ ពួកគេបាននិយាយថា សមាជិកស្ដេករបស់ពួកគេចំនួន ៩០ នាក់នៅរដ្ឋចចចារ បានបង្កើតគម្រោងមួយចូលរួមក្នុងការជួយសង្គ្រោះនៅរដ្ឋហ្លូរីដា មុនយប់នោះមួយថ្ងៃ ។
ពួកគេបានចេញទៅចចចារនៅម៉ោង ៤ ព្រឹក បើកឡានអស់ជាច្រើនម៉ោង ធ្វើការតាំងពីព្រឹកទល់ព្រលប់ ហើយមានផែនការធ្វើការសម្អាតម្ដងទៀតនៅថ្ងៃស្អែក ។
ពួកគេបានរៀបរាប់ប្រាប់ខ្ញុំពីរឿងនេះដោយស្នាមញញឹម និងឥរិយាបថរីករាយ ។ ភាពតានតឹងតែមួយដែលខ្ញុំបានឃើញគឺថា ពួកគេចង់ឈប់ឲ្យមានការអរគុណ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅធ្វើការវិញ ។ ប្រធានស្តេកបានបញ្ឆេះរណាររបស់គាត់ ហើយបានកាត់ដើមឈើដែលរលំ ហើយមានប៊ីស្សពម្នាក់បានរំកិលមែកឈើ ពេលយើងត្រឡប់ចូលក្នុងរថយន្តវិញ ដើម្បីទៅក្រុមសង្គ្រោះមួយទៀត ។
នៅពេលយើងបើកឡានចេញទៅកន្លែងមួយទៀត មានបុរសម្នាក់បានដើរសំដៅមករកឡានយើង ដោះមួកគាត់ចេញ ហើយបានអរគុណយើងសម្រាប់ពួកអ្នកស្ម័គ្រចិត្តទាំងនេះ ។ គាត់បាននិយាយថា « ខ្ញុំពុំមែនជាសមាជិកក្នុងសាសនាចក្រអ្នកទេ ។ ខ្ញុំសឹងតែមិនជឿលើអ្វីដែលអ្នកបានធ្វើចំពោះពួកយើងឡើយ ។ « សូមព្រះប្រទានពរដល់ប្អូន ! » មានអ្នកស្ម័គ្រចិត្តអិល.ឌី.អេស.ម្នាក់ដែលឈរនៅក្បែរគាត់បានញញឹម ហើយញាក់ស្មា ដោយបង្ហាញថាគាត់ពុំចង់បានការសរសើរអ្វីឡើយ ។
អំឡុងពេលដែលអ្នកស្ម័គ្រចិត្តមកពីរដ្ឋចចចារ បានមកជួយបុរសនេះដែលគាត់សឹងតែពុំចង់ជឿ នោះពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់រយនាក់ ដែលទទួលរងការបំផ្លិចបំផ្លាញនៅក្នុងតំបន់នោះនៃរដ្ឋហ្លូរីដា បានចេញដំណើរទៅរាប់រយគីឡូម៉ែត្រទៅកន្លែងផ្សេងទៀតក្នុងរដ្ឋហ្លូរីដា ដែលពួកគេបានឮថា មានមនុស្សដែលរងគ្រោះធ្ងន់ធ្ងរជាងនេះទៅទៀត ។
ថ្ងៃនោះ ខ្ញុំបានចាំ ហើយបានយល់កាន់តែច្បាស់អំពីប្រសាសន៍របស់ព្យាការីយ៉ូសែប ស្ម៊ីធ ដែលថា ៖ « មនុស្សដែលពេញដោយសេចក្តីស្រឡាញ់នៃព្រះ គឺមិនចង់បានពរជ័យសម្រាប់តែគ្រួសារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែចង់ឲ្យពរជ័យនោះមានពេញពិភពលោកទាំងមូល មានចិត្តអន្ទះសារផ្តល់ពរដល់មនុស្សជាតិទាំងមូល » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ] ទំព័រ ៤២៦ ) ។
យើងឃើញសេចក្តីស្រឡាញ់បែបនេះនៅក្នុងជីវិតពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់ទិសទី ។ រាល់ពេលដែលមានព្រឹត្តិការណ៍សោកដនាកម្មនៅលើពិភពលោកនេះ ពួកបរិសុទ្ធថ្ងៃចុងក្រោយបរិច្ចាគ និងស្ម័គ្រចិត្តជួយក្នុងកិច្ចការជំនួយមនុស្សធម៌របស់សាសនាចក្រ ។ សំណើសុំអ្នកស្ម័គ្រចិត្តនេះគឺពិតជាចាំបាច់ណាស់ ។ ប្រាកដណាស់ នៅក្នុងកាលៈទេសៈមួយចំនួន យើងត្រូវស្នើសុំឲ្យអ្នកដែលស្ម័គ្រចិត្តរង់ចាំក្នុងការធ្វើដំណើរទៅតំបន់ជួយសង្គ្រោះ រហូតដល់អស់អ្នកដែលដឹកនាំការងារនេះបានរៀបចំទទួលពួកគេសិន ។
បំណងប្រាថ្នាដើម្បីផ្តល់ពរ គឺជាផលផ្លែនៃមនុស្សដែលទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អទ្រង់ សាសនាចក្រទ្រង់ដែលបានស្តារឡើងវិញ និងព្យាការីរបស់ទ្រង់ ។ នោះជាមូលហេតុដែលរាស្ត្ររបស់ទ្រង់គ្មានការសង្ស័យ និងគ្មានការភ័យខ្លាចឡើយ ។ នោះជាមូលហេតុដែលពួកអ្នកផ្សព្វផ្សាយស្ម័គ្រចិត្តបម្រើនៅគ្រប់ច្រកល្ហក់នៅលើពិភពលោក ។ នោះជាមូលហេតុដែលឪពុកម្តាយអធិស្ឋានជាមួយកូនៗពួកគេសម្រាប់សម្រាប់អ្នកដទៃ ។ នោះជាមូលហេតុដែលថ្នាក់ដឹកនាំសំណូមពរដល់ពួកយុវវ័យរបស់ពួកគេ ឲ្យទទួលសំណើរបស់ប្រធានម៉នសុន ឲ្យសិក្សាព្រះគម្ពីរមរមនឲ្យបានស៊ីជម្រៅ ។ ផលផ្លែនោះពុំកើតឡើងដោយការជំរុញពីថ្នាក់ដឹកនាំឡើយ ប៉ុន្តែវាកើតឡើងដោយពួកយុវវ័យអនុវត្តដោយសេចក្តីជំនឿ ។ សេចក្តីជំនឿនោះនាំឲ្យឈានទៅរកសកម្មភាពដែលតម្រូវឲ្យលះបង់ភាពអត្មានិយមនាំមកនូវការផ្លាស់ប្តូរដួងចិត្តដែលធ្វើឲ្យពួកគេទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។
ប៉ុន្តែដួងចិត្តរបស់យើងបន្តផ្លាស់ប្តូរបាន លុះត្រាតែយើងបន្តធ្វើតាមការទូន្មានរបស់ព្យាការី ។ ប្រសិនបើយើងឈប់ព្យាយាមបន្ទាប់ពីយើងបានខិតខំតែម្តង នោះការផ្លាស់ប្តូរនឹងសាបសូន្យទៅ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់បានបង្កើនសេចក្តីជំនឿពួកគេលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ លើព្រះគម្ពីរមរមនថា ជាព្រះបន្ទូលរបស់ព្រះ និងលើការស្តារឡើងវិញនៃកូនសោបព្វជិតភាពនៅក្នុងសាសនាចក្រដ៏ពិតរបស់ទ្រង់ ។ ការកើនឡើងនៃទីបន្ទាល់នោះបានធ្វើឲ្យយើងកាន់តែមានភាពក្លាហាន ហើយខ្វាយខ្វល់ចំពោះកូនចៅផ្សេងទៀតរបស់ព្រះ ។ ប៉ុន្តែឧបសគ្គ និងឱកាសនានាដែលនៅខាងមុខយើងតម្រូវឲ្យមានការខ្នះខ្នែងកាន់តែខ្លាំងថែមទៀត ។
យើងពុំអាចទស្សនទាយអំពីសេចក្តីលម្អិតបានឡើយ ប៉ុន្តែយើងដឹងអំពីរឿងដែលនឹងកើតឡើងនាពេលខាងមុខ ។ យើងដឹងថានៅថ្ងៃចុងក្រោយ ពិភពលោកនឹងស្ថិតក្នុងភាពរំជើបរំជួល ។ យើងដឹងថា នៅកណ្តាលនៃស្ថានភាពដ៏អួរអាប់ដែលកើតឡើង ព្រះអម្ចាស់នឹងដឹកនាំពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ ឲ្យនាំយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនឹងគ្រប់ទាំងប្រជាជន ។ ហើយយើងដឹងថា ពួកសិស្សដ៏ពិតរបស់ព្រះអម្ចាស់នឹងមានភាពសក្តិសម ហើយរៀបចំខ្លួនទទួលទ្រង់ ពេលទ្រង់យាងមកម្តងទៀត ។ យើងមិនត្រូវខ្លាចអ្វីឡើយ ។
ដូច្នេះដរាបណាយើងបានស្ថាបនាសេចក្តីជំនឿ និងភាពក្លាហានក្នុងចិត្តយើង នោះព្រះអម្ចាស់មានការរំពឹងទុកកាន់តែច្រើនពីយើង — និងពីជំនាន់បន្ទាប់ពីពួកយើង ។ ពួកគេត្រូវតែរឹងប៉ឹង និងក្លាហានកាន់តែខ្លាំងឡើង ដោយសារពួកគេនឹងធ្វើកិច្ចការដែលកាន់តែអស្ចារ្យ ហើយលំបាកជាងយើងទៅទៀត ។ ហើយពួកគេនឹងប្រឈមមុខនឹងការប្រឆាំងដ៏ច្រើនមកពីសត្រូវនៃព្រលឹងរបស់យើង ។
ផ្លូវឆ្ពោះទៅរកសុទិដ្ឋិនិយមដែលព្រះអម្ចាស់បានប្រទានឲ្យ នៅពេលយើងឆ្ពោះទៅមុខគឺ ៖ « ចូរមើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » ( គ. និង ស. ៦:៣៦ ) ។ ប្រធានម៉នសុនបានប្រាប់យើងអំពីរបៀបធ្វើបែបនោះ ។ យើងត្រូវពិចារណា និងអនុវត្តតាមព្រះគម្ពីរមរមន និងប្រសាសន៍របស់ព្យាការី ។ អធិស្ឋានជានិច្ច ។ ចូរជឿចុះ ។ សូមបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្តគំនិត កម្លាំង និង ពលំ របស់អ្នក ។ យើងត្រូវអធិស្ឋានដោយអស់ពីកម្លាំងចិត្តរបស់យើងទូលសូមអំណោយទាននៃសេចក្តីសប្បុរស ដែលជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៧–៤៨ ) ។ ហើយលើសពីអ្វីៗទាំងអស់ យើងត្រូវមានភាពទៀងទាត់ និងខ្ជាប់ខ្ជួនក្នុងការធ្វើតាមការទូន្មានរបស់ព្យាការី ។
នៅពេលផ្លូវនោះមានការលំបាក យើងអាចពឹងលើការសន្យារបស់ព្រះអម្ចាស់ — ជាការសន្យាដែលប្រធាន ម៉នសុនបានរំឭកយើង នៅពេលលោកបានដកស្រង់ជារឿយៗនូវបន្ទូលរបស់ព្រះអង្គសង្គ្រោះ ៖ « ហើយអស់អ្នកណាដែលទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ ត្បិតយើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. ៨៤:៨៨ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់យាងទៅខាងមុខអ្នក នៅពេលអ្នកធ្វើកិច្ចការរបស់ទ្រង់ ។ ជួនកាលអ្នកនឹងក្លាយជាទេវតាដែលព្រះអម្ចាស់បញ្ជូនឲ្យទៅលើកស្ទួយអ្នកដទៃ ។ ជួនកាលអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលមានទេវតាហ៊ុមព័ទ្ធជុំវិញដើម្បីលើកស្ទួយអ្នកឡើង ។ ប៉ុន្តែអ្នកនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅក្នុងចិត្តអ្នកជានិច្ច ដូចដែលអ្នកបានទទួលការសន្យានៅគ្រប់ពិធីសាក្រាម៉ង់ដែរ ។ អ្នកគ្រាន់តែ រក្សាបទបញ្ញត្តិរបស់ទ្រង់ប៉ុណ្ណោះ ។
គ្រាដ៏ល្អបំផុតនឹងកើតមានក្នុងពេលខាងមុខសម្រាប់នគរព្រះលើផែនដីនេះ ។ ការជំទាស់នឹងពង្រឹងសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទដូចវាធ្លាប់មានតាំងពីជំនាន់ព្យាការី យ៉ូសែប ស៊្មីធ មកម៉្លេះ ។ សេចក្តីជំនឿឈ្នះលើសេចក្តីភ័យខ្លាចជានិច្ច ។ ការធ្វើការជាមួយគ្នាបង្កើតឲ្យមានសាមគ្គីភាព ។ ហើយការអធិស្ឋានរបស់អ្នកសម្រាប់អស់អ្នកដែលខ្វះខាតត្រូវបានព្រះដែលមានក្តីស្រឡាញ់ស្ដាប់ឮ និងឆ្លើយតប ។ ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជាព្រះវរបិតាមានព្រះជន្មរស់ ហើយទ្រង់សព្វព្រះទ័យឲ្យបងប្អូនត្រឡប់ទៅផ្ទះដើម្បីទៅរកទ្រង់វិញ ។ នេះជាសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ស្គាល់បងប្អូន ហើយទ្រង់ស្រឡាញ់បងប្អូន ហើយទ្រង់មើលថែបងប្អូន ។ ទ្រង់បានធួនសម្រាប់អំពើបាបរបស់បងប្អូន និងអំពើបាបនៃកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។ ការធ្វើតាមទ្រង់នៅក្នុងជីវិតបងប្អូន និងការបម្រើរបស់បងប្អូនដល់អ្នកដទៃ គឺជារបៀបតែមួយគត់ ដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ ហើយបន្សល់ទុកនូវពរជ័យ និងសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូន ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. បានបោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស 6/17 ។ អនុមតិបកប្រែ ៖ 6/17 ។ ការបកប្រែនៃ First Presidency Message, November 2015 ។ Cambodian ។ 97931 258