គោលការណ៍នៃការងារបម្រើ ខែកុម្ភៈ ឆ្នាំ២០១៩
អភិវឌ្ឍការយល់ចិត្តដើម្បីផ្ដល់ការងារបម្រើ
ការងារបម្រើគឺជាការលើកស្ទួយ ។ យើងអាចលើកស្ទួយមនុស្សដទៃបាននៅពេលយើងព្យាយាមយល់អំពីអ្វីដែលពួកគេកំពុងជួបប្រទះ និងបង្ហាញថា យើងមានឆន្ទៈដើម្បីដើរឆ្លងកាត់តាមអ្វីទាំងនោះជាមួយពួកគេ ។
ដោយសារតែព្រះវរបិតាសួគ៌យើងសព្វព្រះទ័យឲ្យយើងក្លាយដូចជាទ្រង់ នោះឧបសគ្គដែលយើងជួបក្នុងជីវិតនេះអាចក្លាយជាឱកាសនៃការរៀនសូត្រ ប្រសិនបើយើងទុកចិត្តទ្រង់ ហើយបន្ដដើរនៅលើមាគ៌ានេះ ។ ជាអកុសល ការបន្តដើរនៅលើមាគ៌ានេះអាចជាកិច្ចការដ៏លំបាក នៅពេលយើងមានអារម្មណ៍ថា យើងកំពុងប្រឈមមុខនឹងការសាកល្បងទាំងនេះដោយខ្លួនឯង ។
ប៉ុន្តែយើងមិនចាំបាច់ដើរនៅលើមាគ៌ានេះតែឯងនោះទេ ។ ព្រះអង្គសង្គ្រោះយល់ចិត្តដ៏ឥតខ្ចោះ ដោយសារទ្រង់យាងចុះក្រោមគ្រប់ទាំងអស់ ប្រយោជន៍ឲ្យទ្រង់នឹងជ្រាបអំពីរបៀបដើម្បីសង្គ្រោះយើងនៅក្នុងទុក្ខវេទនា និងជំងឺទាំងឡាយរបស់យើង ( សូមមើល អាលម៉ា ៧:១១–១២, គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៨ ) ។ ទ្រង់សព្វព្រះទ័យរំពឹងឲ្យយើងធ្វើតាមគំរូរបស់ទ្រង់ ហើយបង្ហាញការយល់ចិត្តផងដែរ ។ សមាជិកគ្រប់រូបនៃសាសនាចក្របានចុះសេចក្ដីសញ្ញាថា « នឹងទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក » ( ម៉ូសាយ ១៨:៩ ) ។ ទោះជាយើងមានឧបសគ្គផ្ទាល់ខ្លួនក្ដី យើងត្រូវបានបង្រៀនក្នុងព្រះគម្ពីរឲ្យចេញទៅ ហើយ « លើកដៃដែលរោយ ហើយ [ ចម្រើនកម្លាំង ] ដល់ក្បាលជង្គង់ដែលញ័រផង » និង « ធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ » ( ហេព្រើរ ១២:១២–១៣ សូមមើលផងដែរ អេសាយ ៣៥:៣–៤, គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥–៦ ) ។
នៅពេលយើងចាប់ដៃមនុស្សដទៃ អនុញ្ញាតឲ្យពួកគេពឹងផ្អែកលើយើង ហើយដើរជាមួយពួកគេ នោះយើងជួយពួកគេឲ្យបន្តដើរនៅលើមាគ៌ាដែលមិនគ្រាន់តែដើម្បីឲ្យព្រះអង្គសង្គ្រោះធ្វើឲ្យពួកគេប្រែចិត្តជឿ—ដែលជាគោលបំណងសំខាន់នៃការងារបម្រើប៉ុណ្ណោះទេ—គឺថែមទាំងដើម្បីប្រោសពួកគេឲ្យជាផង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១៣ ) ។
តើការយល់ចិត្តគឺជាអ្វី ?
ការយល់ចិត្តគឺជាការយល់ពីអារម្មណ៍ គំនិត និងស្ថានភាពរបស់បុគ្គលម្នាក់ទៀតចេញពីទស្សនវិស័យរបស់ពួកគេ ជាជាងទស្សនវិស័យខ្លួនយើង ។១
ការមានការយល់ចិត្តមានសារសំខាន់នៅក្នុងការងារបម្រើដល់មនុស្សដទៃ និងបំពេញតាមគោលបំណងរបស់យើងនៅពេលយើងផ្ដល់ការងារបម្រើដល់បងប្អូនប្រុសស្រីយើង ។ វាអនុញ្ញាតឲ្យយើងយល់អំពីអារម្មណ៍របស់មនុស្សដទៃ ។
ការយល់អំពីអារម្មណ៍របស់មនុស្សដទៃ
មានរឿងមួយដែលបានតំណាលដោយបុរសពួកបរិសុទ្ធថ្ងៃចុងក្រោយអៀនប្រៀនម្នាក់ ដែលជាញឹកញាប់គាត់អង្គុយនៅជួរក្រោយគេក្នុងសាលថ្វាយបង្គំតែឯង ។ នៅពេលសមាជិកម្នាក់ក្នុងកូរ៉ុមអែលឌើរបានទទួលមរណភាព ប៊ីស្សពបានផ្ដល់ការប្រសិទ្ធពរបព្វជិតភាពដើម្បីលួងលោមចិត្តដល់គ្រួសារសព ។ បងប្អូនស្រីថ្នាក់សមាគមសង្គ្រោះនាំយកអាហារមក ។ មិត្តភក្ដិ និងអ្នកជិតខាងដ៏ចិត្តល្អបានមកសួរសុខទុក្ខដល់គ្រួសារនោះ រួចនិយាយថា « សូមប្រាប់ពួកយើងអំពីអ្វីដែលពួកយើងអាចធ្វើដើម្បីជួយ » ។
ប៉ុន្តែនៅពេលបុរសអៀនប្រៀននេះបានមកសួរសុខទុក្ខគ្រួសារនោះនៅថ្ងៃនោះ គាត់បានចុចកណ្ដឹងទ្វារ ហើយនៅពេលស្ត្រីមេម៉ាយបានបើកទ្វារ គាត់បាននិយាយយ៉ាងសាមញ្ញថា « ខ្ញុំមកនេះដើម្បីសម្អាតស្បែកជើងរបស់អ្នក » ។ ប៉ុន្មានម៉ោងក្រោយមក ស្បែកជើងទាំងអស់គ្រួសារនោះត្រូវបានសម្អាត ហើយខាត់យ៉ាងស្អាតដើម្បីរៀបចំសម្រាប់បុណ្យសព ។ នៅថ្ងៃអាទិត្យបន្ទាប់ គ្រួសារអែលឌើរដែលបានទទួលមរណភាពនោះ បានមកអង្គុយក្បែរបុរសអៀនប្រៀននៅជួរខាងក្រោយគេនោះ ។
គាត់គឺជាបុរសម្នាក់ដែលមានលទ្ធភាពបំពេញសេចក្ដីត្រូវការ ដែលមនុស្សដទៃមិនអាចបំពេញឲ្យបាន ។ ទាំងគ្រួសារនោះ និងគាត់ផងដែរបានមានពរដោយសារតែការងារបម្រើដ៏យល់ចិត្តរបស់គាត់ ។
តើខ្ញុំអាចអភិវឌ្ឍការយល់ចិត្តតាមរបៀបណា ?
មនុស្សខ្លះហាក់ដូចជាមានពរដោយមានអំណោយទាននៃការចេះយល់ចិត្ត ។ ប៉ុន្តែសម្រាប់អ្នកទាំងឡាយដែលពិបាកនឹងមានការយល់ចិត្ត មានដំណឹងល្អសម្រាប់អ្នក ។ ជាង ៣០ ឆ្នាំមុន មានចំនួនអ្នកស្រាវជ្រាវដ៏ច្រើន បានសិក្សាអំពីការយល់ចិត្ត ។ ខណៈដែលមានអ្នកស្រាវជ្រាវជាច្រើននាក់បានស្រាវជ្រាវអំពីប្រធានបទនោះតាមវិធីខុសៗគ្នា នោះពួកគេភាគច្រើនយល់ស្របថា ការយល់ចិត្តគឺជាអ្វីមួយដែលយើងអាចរៀនបាន ។២
យើងអាចអធិស្ឋានទូលសូមអំណោយទាននៃការយល់ចិត្ត ។ ដើម្បីកែលម្អ វាក៏មានប្រយោជន៍ផងដែរដើម្បីមានការយល់ដឹងបន្ថែមអំពីរបៀបដែលការយល់ចិត្តមានដំណើរការ ។ យោបល់ខាងក្រោមត្រូវបានទទួលស្គាល់ជាទូទៅថាជាធាតុនានានៃការយល់ចិត្ត ។៣ ទោះជាធាតុទាំងនេះជាញឹកញាប់កើតឡើងទាំងយើងមិនដឹងខ្លួនថាវាកំពុងកើតឡើងក៏ដោយ ក៏ការដឹងជាមុនអំពីវានឹងផ្ដល់ឲ្យយើងនូវឱកាសដើម្បីកែលម្អដែរ ។
១.យល់
ការយល់ចិត្តតម្រូវឲ្យមានការយល់អំពីស្ថានភាពរបស់បុគ្គលម្នាក់ទៀត ។ ដរាបណាយើងយល់អំពីកាលៈទេសៈរបស់ពួកគេកាន់តែច្បាស់ នោះវានឹងកាន់តែងាយស្រួលដើម្បីយល់អំពីអារម្មណ៍របស់ពួកគេអំពីកាលៈទេសៈនោះ និងអ្វីដែលយើងអាចធ្វើដើម្បីជួយ ។
ការស្ដាប់ដោយសកម្ម ការសួរសំណួរ និងការប្រឹក្សាជាមួយពួកគេ និងមនុស្សដទៃគឺជាសកម្មភាពសំខាន់ដើម្បីយល់អំពីស្ថានភាពរបស់ពួកគេ ។ សូមរៀនអំពីយោបល់ទាំងនេះនៅក្នុងអត្ថបទគោលការណ៍នៃការងារបម្រើកាលពីមុន ៖
-
« Five Things Good Listeners Do » Liahona ខែមិថុនា ឆ្នាំ២០១៦ ទំព័រ៦ ។
-
« Counsel about Their Needs » Liahona ខែកញ្ញា ឆ្នាំ២០១៨ ទំព័រ៦ ។
-
« Involve Others in Ministering—as Needed » Liahona ខែតុលា ឆ្នាំ២០១៨ ទំព័រ៦ ។
នៅពេលយើងព្យាយាមយល់ យើងត្រូវតែចំណាយពេលយល់អំពីស្ថានភាពជាក់លាក់របស់ពួកគេ ជាជាងធ្វើការសន្មត់ដោយផ្អែកទៅលើមនុស្សម្នាក់ទៀតដែលមានបទពិសោធន៍ស្រដៀងនេះ ។ បើពុំនោះសោតទេ យើងនឹងមិនយល់ឡើយ ហើយទុកឲ្យពួកគេមានអារម្មណ៍ថាគ្មានការយល់ចិត្ត ។
២.ស្រមៃ
ក្នុងកិច្ចខិតខំរបស់យើងដើម្បីរក្សាសេចក្ដីសញ្ញាទួញយំជាមួយអ្នកទាំងឡាយណាដែលទួញយំ និងកម្សាន្តចិត្តដល់អ្នកត្រូវការកម្សាន្តចិត្ត យើងអាចអធិស្ឋានទូលសូមព្រះវិញ្ញាណបរិសុទ្ធឲ្យជួយយើងយល់អំពីអារម្មណ៍ដែលមនុស្សម្នាក់ និងរបៀបដែលយើងអាចជួយ ។៤
នៅពេលយើងយល់អំពីស្ថានភាពរបស់បុគ្គលម្នាក់ នោះយើងម្នាក់ៗ—ទោះជាវាកើតឡើងដោយស្វ័យប្រវត្តិ ឬអត់នោះ—អាចអនុវត្តការស្រមៃអំពីគំនិត និងអារម្មណ៍របស់យើងនៅក្នុងស្ថានភាពនោះ ។ ការយល់អំពីគំនិត និងអារម្មណ៍ទាំងនោះ អមជាមួយនឹងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អាចជួយដឹកនាំការឆ្លើយតបរបស់យើងទៅដល់ស្ថានភាពរបស់ពួកគេ ។
នៅពេលយើងយល់អំពីកាលៈទេសៈរបស់បុគ្គលម្នាក់ទៀត ហើយស្រមៃអំពីអារម្មណ៍របស់ពួកគេ វាសំខាន់ដែលថាយើងមិនវិនិច្ឆ័យលើពួកគេដោយឥតសមរម្យ ( សូមមើល ម៉ាថាយ ៧:១ ) ។ ការយកចិត្តទុកដាក់ទៅលើរបៀបដែលមនុស្សម្នាក់ធ្លាក់ក្នុងស្ថានភាពនេះ អាចនាំឲ្យសម្រាលការឈឺចាប់ដែលស្ថានភាពនេះបណ្ដាលឲ្យមាន ។
៣.ឆ្លើយ
របៀបដែលយើងឆ្លើយមានសារៈសំខាន់ណាស់ ព្រោះនោះហើយគឺជារបៀបដែលយើងបង្ហាញការយល់ចិត្ត ។ មានរបៀបជាច្រើនដើម្បីបង្ហាញការយល់ចិត្តរបស់យើងទាំងពាក្យសម្ដី និងកាយវិការ ។ វាសំខាន់ដែលត្រូវចងចាំថា គោលដៅរបស់យើងគឺមិនមែនសម្រាប់ដោះស្រាយបញ្ហានោះទេ ។ ជាញឹកញាប់ គោលដៅមានភាពសាមញ្ញដើម្បីលើកស្ទួយ និងដើម្បីពង្រឹងតាមរយៈធ្វើឲ្យពួកគេដឹងថាពួកគេមិននៅតែឯងទេ ។ ការណ៍នេះអាចជាការពោលពាក្យថា « ខ្ញុំរីករាយដែលអ្នកប្រាប់ខ្ញុំ » ឬ « ខ្ញុំចូលរួមសោកស្ដាយ ។ អ្នកច្បាស់ជាឈឺចាប់ហើយ » ។
ក្នុងគ្រប់ករណីទាំងអស់ ចម្លើយរបស់យើងត្រូវតែជាចម្លើយសប្បុរស ។ ហើយនៅពេលសមរម្យណាមួយ សូមបង្ហាញឲ្យអ្នកដទៃឃើញភាពទន់ខ្សោយ និងអសន្តិសុខរបស់អ្នកដែលងាយរងការឈឺចាប់ វាអាចបង្កើតឲ្យមានទំនាក់ទំនងមានតម្លៃផងដែរ ។
ការអញ្ជើញឲ្យអនុវត្ត
នៅពេលអ្នកពិចារណាអំពីកាលៈទេសៈរបស់អ្នកទាំងឡាយដែលអ្នកផ្ដល់ការងារបម្រើ សូមស្រមៃថាអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ពួកគេ និងអ្វីដែលអ្នកគិតថាអាចមានប្រយោជន៍បំផុតប្រសិនបើអ្នកយល់ពីអារម្មណ៍របស់ពួកគេ ។ សូមអធិស្ឋានដើម្បីយល់អំពីអារម្មណ៍ដែលពួកគេមាន រួចធ្វើតាមការយល់នោះ ។ ចម្លើយរបស់អ្នកអាចជាចម្លើយសាមញ្ញ ប៉ុន្តែវានឹងមានខ្លឹមសារ ។
© 2019 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៨ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៨ ។ ការបកប្រែនៃ Ministering Principles, February 2019. Cambodian. 15763 258