«ព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើងពីអំពើបាប និងសេចក្តីស្លាប់» លីអាហូណា ខែ មេសា ឆ្នាំ ២០២១
សារលិខិត លីអាហូណា ប្រចាំខែ មេសា ឆ្នាំ ២០២១
ព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើងពីអំពើបាប និងសេចក្តីស្លាប់
ដោយសារការលះបង់របស់ទ្រង់ យើងទាំងអស់គ្នាមានឱកាសដើម្បីស្វែងរកភាពសុខសាន្ត និងអំណរដ៏អស់កល្បជានិច្ច ។
ព្រះគ្រីស្ទ បង្កើតផែនដី ដោយ រ៉ូប៊ឺត ធី បារ៉ែត
យើងហៅព្រះយេស៊ូវគ្រីស្ទថា ជាព្រះអង្គសង្គ្រោះរបស់យើង ។ ដោយសារទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ហើយបានយកឈ្នះលើអំណាចនៃសេចក្ដីស្លាប់ ។ ទ្រង់បានសង្គ្រោះយើង ! ការបូជារបស់ទ្រង់សម្រាប់យើង ដែលហៅថា ដង្វាយធួន គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលធ្លាប់បានកើតមានឡើង ។ ដោយសារទ្រង់ សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នោះទេ ។ ដោយសារទ្រង់ យើងអាចទទួលបានការអភ័យទោសពីអំពើបាបរបស់យើង ហើយប្រែជាស្អាតស្អំម្ដងទៀត និងរីកចម្រើនកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ។
ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រច្បង
ពីមុនយាងមកលើផែនដី យើងបានរស់នៅជាមួយព្រះមាតាព្រះបិតាសួគ៌របស់យើង ។ ក្នុងនាមជាបុត្រច្បង ព្រះយេស៊ូវគ្រីស្ទបានជួយបង្កើតពិភពលោកដ៏ស្រស់ស្អាតនេះ ។ ទ្រង់ត្រូវបានជ្រើសរើសធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ហើយបានយល់ព្រមប្រសូត្រមកនៅលើផែនដី ដើម្បីទ្រង់អាចធ្វើជាគំរូល្អឥតខ្ចោះ បង្រៀនដំណឹងល្អរបស់ទ្រង់ និងបំពេញដង្វាយធួនរបស់ទ្រង់សម្រាប់យើង ។
ឱ ! ព្រះបិតាដោយ ស៊ីម៉ូន ឌីវី
ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើង
ពេលព្រះយេស៊ូវបានជ្រាបថា ទ្រង់នឹងសុគតក្នុងពេលឆាប់ៗ ទ្រង់បានយាងទៅសួនច្បារមួយដែលហៅថា សួនច្បារគែតសេម៉ានី ដើម្បីអធិស្ឋាន ។ ក្នុងអំឡុងពេលនៃការអធិស្ឋាននោះ ទ្រង់បានចាប់ផ្ដើមបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ។ ទ្រង់បានរងទុក្ខដោយស្ម័គ្រព្រះទ័យ ដើម្បីយើងមិនចាំបាច់រងទុក្ខនោះទេ—ប្រសិនបើយើងប្រែចិត្ត ។ កាលដែលយើងងាកចេញពីអំពើបាបរបស់យើង ហើយធ្វើតាមព្រះអង្គសង្គ្រោះវិញ នោះយើងរកឃើញការអភ័យទោស និងការព្យាបាល ។ ពីព្រោះតែបទពិសោធន៍ដែលទ្រង់មាននៅក្នុង សួនច្បារគែតសេម៉ានីនោះ ព្រះយេស៊ូវគ្រីស្ទជ្រាបយ៉ាងច្បាស់ថាយើងឆ្លងកាត់អ្វីខ្លះ ។ ទ្រង់ជ្រាបរាល់ទុក្ខព្រួយ ជំងឺ និងការឈឺចាប់ទាំងអស់របស់យើង ។ នេះជាផ្នែកទីមួយនៃដង្វាយធួន ។
ការបញ្ចុះព្រះសពនៃព្រះគ្រីស្ទដោយ ខា ហានរីច ប្លូច ។
ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្ដីស្លាប់
បន្ទាប់ពីការអធិស្ឋានរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវត្រូវបានគេក្បត់ ចាប់ខ្លួន និងកាត់ទោសប្រហារជីវិតដោយការឆ្កាង ។ ទោះបីជាទ្រង់មានព្រះចេស្ដាទាំងអស់ក៏ដោយ ព្រះយេស៊ូវបានអនុញ្ញាតឲ្យអង្គទ្រង់ផ្ទាល់សុគតនៅលើឈើឆ្កាង ។ ដោយសេចក្ដីស្រឡាញ់ អ្នកដើរតាមទ្រង់បានបញ្ចុះព្រះសពរបស់ទ្រង់នៅក្នុងផ្នូរមួយ ។ ពួកគេមិនបានដឹងថា ទោះបីជាព្រះកាយរបស់ទ្រង់បានសុគត តែវិញ្ញាណរបស់ទ្រង់នៅតែមានព្រះជន្មនៅក្នុងពិភពវិញ្ញាណនោះទេ ។ បីថ្ងៃក្រោយមក ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ហើយបានយាងទៅជួបពួកគេ បង្ហាញថាទ្រង់អាចយកឈ្នះសេចក្ដីស្លាប់បានហើយ ។ ការណ៍នេះបានបញ្ចប់នូវដង្វាយធួន ។ ដោយសារតែព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នោះយើងម្នាក់ៗនឹងរស់នៅម្ដងទៀត បន្ទាប់ពីយើងស្លាប់ទៅ ។
ទ្រង់ រស់ដោយ ស៊ីម៉ូន ឌីវី
អត្ថន័យនៃបុណ្យគ្រីស្ទម៉ាស់ និងបុណ្យអ៊ីស្ទើរ
មនុស្សនៅក្នុងពិភពលោកភាគច្រើន ប្រារព្ធអបអរថ្ងៃបុណ្យពីរ ដែលជួយយើងឲ្យចងចាំអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ អំឡុងពេលបុណ្យគ្រីស្ទម៉ាស់ យើងចងចាំដោយការដឹងគុណថា ព្រះយេស៊ូវស្ម័គ្រព្រះទ័យទទួលយកបេសកកម្មនៃការយាងចុះមកលើផែនដី សូម្បីតែវារួមបញ្ចូលទាំងការរងទុក្ខ និងសុគតសម្រាប់យើងក្ដី ។ បុណ្យអ៊ីស្ទើរអបអរជ័យជម្នះរបស់ព្រះអង្គសង្គ្រោះលើអំពើបាប និងសេចក្ដីស្លាប់ ដែលផ្ដល់ដល់យើងនូវសេចក្ដីសង្ឃឹមថាបានអំណរដ៏អស់កល្បមួយនាពេលខាងមុខ ។
Christ Calling Peter and Andrew (ព្រះយេស៊ូវគ្រីស្ទបានហៅពេត្រុស និង អនទ្រេ) ដោយ ជេមស៍ ថៃលើរ ហាវ៉ូត
តើព្រះគម្ពីរបានប្រាប់អ្វីខ្លះ អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ?
ដោយសារព្រះយេស៊ូវស្គាល់យើងដោយឥតខ្ចោះ នោះទ្រង់អាច « ជួយ » ឬសង្រ្គោះយើង ( សូមមើល អាលម៉ា ៧:១១–១២ ) ។
ព្រះអង្គសង្គ្រោះជ្រាបដឹងពីទុក្ខព្រួយ និងសេចក្តីឈឺចាប់របស់យើង ( សូមមើល អេសាយ ៥៣:២–៥ ) ។
ព្រះបានបញ្ជូនព្រះយេស៊ូវមកដើម្បីសង្គ្រោះយើង ដោយសារព្រះស្រឡាញ់យើងម្នាក់ៗ ( សូមមើល យ៉ូហាន ៣:១៦–១៧ ) ។
ព្រះយេស៊ូវបានអធិស្ឋានសម្រាប់ពួកអ្នកដើរតាមទ្រង់ រួមទាំងយើងផងដែរ ដើម្បីឲ្យបានការពារពីការណ៍អាក្រក់ និងដើម្បីបានរួមគ្នាតែមួយនឹងទ្រង់ និងព្រះវរបិតាសួគ៌ (សូមមើល យ៉ូហាន ១៧ ) ។
ព្រះអង្គសង្គ្រោះរបស់យើងអញ្ជើញយើងឲ្យធ្វើតាមទ្រង់ ហើយត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩, ២៣–២៤,១៣២:២៣) ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, April 2021. Cambodian.17467 258