ឆ្នាំ ២០២១
តើ​អ្វី​ទៅ​ជា​ក្រុមព្រះ ?
ខែ មិថុនា ឆ្នាំ ២០២១


« តើ​អ្វី​ទៅ​ជា​ក្រុមព្រះ ? » លីអាហូណា ខែ មិថុនា ឆ្នាំ ២០២១

សារលិខិត លីអាហូណា ប្រចាំខែ មិថុនា ឆ្នាំ ២០២១

តើ​អ្វី​ទៅ​ជា​ក្រុមព្រះ ?

ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ជា​តួ​អង្គ​បី​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​មាន​ព្រះរាជ​គោលបំណង​តែ​មួយ ។

រូបភាព
ការនិមិត្ត​ដំបូង

រឿង​លម្អិត​ដកស្រង់​ពី ការនិមិត្ត​ដំបូង ដោយ ចន ម៉ាក់ណថុន

និពន្ធ​នាយក​កាសែត​ម្នាក់​ធ្លាប់​បាន​សួរ​ព្យាការី យ៉ូសែប ស្ម៊ីធ ពី​អ្វី​ដែល​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ ។ ជា​ការឆ្លើយតប ព្យាការី​បាន​សរសេរ​សេចក្ដី​ថ្លែងការណ៍​នៃ​ជំនឿ​ចំនួន ១៣ ដែល​យើង​ហៅ​ថា មាត្រា​នៃ​សេចក្ដី​ជំនឿ ។ សេចក្ដីថ្លែងការណ៍​ទីមួយ​ចែងថា « យើងខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់នៅ​អស់កល្ប​ជានិច្ច និង​ដល់​ព្រះរាជបុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១ ) ។ ទ្រង់​ទាំងបី​អង្គ​នេះ​បង្កើត​ជា​អ្វី​ដែល​យើង​ហៅថា ក្រុមព្រះ ។

ព្រះ​ជា​ព្រះវរបិតា

ព្រះ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ទ្រង់​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។ ព្រះ​មាន​ព្រះទ័យ​ស្រឡាញ់​បុត្រាបុត្រី​ម្នាក់ៗ​របស់​ទ្រង់​ដោយ​ឥត​ខ្ចោះ ។ ព្រះ​ល្អ​ឥត​ខ្ចោះ ទ្រង់​មាន​គ្រប់​ទាំង​ព្រះចេស្តា និង​ត្រាស់​ដឹង​គ្រប់​ការណ៍​ទាំង​អស់ ។ ទ្រង់​មាន​យុត្តិធម៌ ប្រកប​ដោយ​ក្ដីមេត្តា​ករុណា និង​មាន​ព្រះទ័យ​សប្បុរស ។ យើង​បាន​រស់នៅ​ជាមួយ​ព្រះ​ជា​កូន​វិញ្ញាណ មុន​ពេល​យើង​ចាប់​កំណើត​មក ។ ទ្រង់​បាន​បញ្ជូន​យើង​មក​ផែនដី​ដើម្បី​រៀនសូត្រ និង​រីកចម្រើន ។ ព្រះរាជបំណង​ដ៏​ធំ​បំផុត​របស់​ព្រះ គឺ​ដើម្បី​ឲ្យ​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ទ្រង់ ត្រឡប់​ទៅរស់នៅ​ជាមួយ​ទ្រង់​ម្ដងទៀត បន្ទាប់​ពី​យើង​ស្លាប់​ទៅ ។ ព្រះ​បង្រៀន​យើង​ថា យើង​ត្រូវតែ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ពិភព​វិញ្ញាណ

ព្រះគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅ​ក្នុង​ពិភពវិញ្ញាណ ដោយ រ៉ូបឺត ធី បារ៉ែត

ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ​ក៏​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ផងដែរ ។ ទ្រង់​គឺ​ជា​បុត្រា​ទីមួយ​របស់​ព្រះ ។ មុនពេល​យើង​បាន​កើតមក ព្រះ​បាន​ជ្រើសរើស​ទ្រង់​ឲ្យ​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នេះ​មានន័យ​ថា ព្រះយេស៊ូវ​បាន​យាង​មក​ផែនដី ដើម្បី​ធ្វើ​ជា​គំរូ​ដល់​យើង បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង និង​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់ ។ ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង ពេល​យើង​ប្រែចិត្ត ។ ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បាន​រងទុក្ខ​នូវ​ការណ៍​ជាច្រើន ដើម្បី​ទ្រង់​អាច​យល់ និង​ជួយ​យើង​ផងដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត រួចហើយ​បាន​មាន​ព្រះជន្ម​រស់​ម្ដង​ទៀត ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មានលទ្ធភាព​ដើម្បី​រស់​ម្ដង​ទៀត​ផងដែរ ។

រូបភាព
ការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទ

រូបថត​មក​ពី Getty Images

ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​មួយ​អង្គ​នៃ​ក្រុម​ព្រះ ដែល​ពុំមាន​ព្រះកាយ​ទេ ។ ទ្រង់​គឺ​ជា​វិញ្ញាណ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ទាក់ទង​ជាមួយ​នឹង​វិញ្ញាណ​របស់​យើង​ដោយ​ផ្ទាល់ ។ ទ្រង់​ថ្លែង​ទីបន្ទាល់​ដល់​យើង​ថា ព្រះ​គឺ​ពិត ហើយ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ដើរតួ​ជា​សារទូត​របស់​ព្រះ ដើម្បី​ប្រទាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ ការណែនាំ ឬ​ការលួងលោម​ដល់​យើង ។ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ នោះ​យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​គង់​នៅ​ជាមួយ​យើង​ជានិច្ច កាលដែល​យើង​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ។

រូបភាព
ការនិមិត្ត​ដំបូង

ការនិមិត្ត​ដំបូង ដោយ វលធើរ រេន

ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ

យូរៗទៅ មនុស្ស​មាន​ការយល់​ច្រឡំ​អំពី​ក្រុមព្រះ ។ មនុស្ស​មាន​ការមិនយល់​ស្រប​ថា ព្រះ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណ​បរិសុទ្ធ មាន​លក្ខណៈ​យ៉ាង​ណា ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ការនិមិត្ត​ដំបូង​ដែល យ៉ូសែប ស្ម៊ីធ បាន​មាន​សារៈសំខាន់​ខ្លាំងណាស់ ។ លោក​បាន​ឃើញ​ថា ព្រះ​វរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះកាយ ហើយ​ជា​អង្គ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ។

រូបភាព
ការស្ដាប់

ការស្ដាប់ ដោយ ម៉ៃឃល ចាវីស ណិលសុន

ដាច់​ដោយឡែក ប៉ុន្តែ​រួបរួម

ព្រះគម្ពីរ និង​ព្យាការី​សម័យ​ទំនើប​បង្រៀន​យើង​ថា ព្រះ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​មាន​ព្រះរាជ​គោលបំណង​តែ​មួយ ៖ អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ( សូមមើល ម៉ូសេ ១:៣៩ ) ។ ដូចជា​សមាជិក​នៃ​ក្រុម​តែមួយ​ដែរ ពួកទ្រង់​ធ្វើ​កិច្ចការ​រួមគ្នា​ដើម្បី​ជួយ​យើង​ជា​រៀងរាល់​ថ្ងៃ ។ យើង​អាច​មាន​អារម្មណ៍​កាន់តែ​ជិត​នឹង​ពួកទ្រង់ ពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ ។

បទគម្ពី​រអំពី​ក្រុមព្រះ

  • ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះរាជ​គោលបំណង​តែ​មួយ ( សូមមើល យ៉ូហាន ១០:៣០ ) ។

  • ព្រះវរបិតាសួគ៌​មាន​ព្រះបន្ទូល​ទៅកាន់​ព្រះរាជបុត្រា​ទ្រង់ ( សូមមើល ម៉ាថាយ ៣:១៦–១៧ ) ។

  • ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​ព្រះវរបិតា​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១១:៤១ ) ។

  • ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ដើម្បី​ឲ្យ​យើង​ក្លាយ​ទៅជា​តែមួយ នៅថ្ងៃ​ណា​មួយ ( សូមមើល យ៉ូហាន ១៧:១១ ) ។

  • យ៉ូសែប ស្ម៊ីធ បានឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:១៧ ) ។

  • ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ( សូមមើល យ៉ូហាន ១៥:២៦ ) ។

បោះពុម្ព