ឆ្នាំ ២០២១
បព្វជិតភាព​របស់​ព្រះ
ខែ សីហា ឆ្នាំ ២០២១


« បព្វជិតភាព​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ សីហា ឆ្នាំ ២០២១ ទំព័រ ២០–២១ ។

សារលិខិត​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវវ័យ ប្រចាំ​ខែ សីហា ឆ្នាំ ២០២១

បព្វជិតភាព របស់ ព្រះ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤

អ្វី​ដែល​យុវវ័យ​គ្រប់រូប​គួរតែ​ដឹង​អំពី​បព្វជិតភាព និង​ទំនាក់ទំនង​របស់​ពួកគេ​ទៅនឹង​បព្វជិតភាព ។

យុវវ័យ

តើ​ប្អូនៗ​ធ្លាប់​កត់​សម្គាល់​ថា តើ​វា​អាច​មាន​ការភាន់​ច្រឡំ​ប៉ុណ្ណា​ទៅ នៅពេល​ពាក្យ​មួយ​ម៉ាត់​ប្រើប្រាស់​បាន​តាម​ពីរ​របៀប​នោះ ? ឧទាហរណ៍ ជា​ភាសា​អង់គ្លេស​ពាក្យ earth សំដៅ​ទៅលើ​ភព​ដែល​យើង​រស់នៅ​ផង និង​ដី​នៅក្រោម​ជើង​របស់​យើង​ផង ។ ពាក្យ​ទាំងពីរ​នេះ​គឺ​ត្រឹមត្រូវ ប៉ុន្ដែ​អ្វី​ដែល​ប្អូនៗ​ចង់​មាន​ន័យ​ដល់ ពេល​ប្អូនៗ​ប្រើ​ពាក្យ​នោះ គឺ​អាស្រ័យ​លើ​អ្វី​ដែល​ប្អូនៗ​កំពុង​និយាយ​នៅ​គ្រា​នោះ ។ ដើម្បី​ធ្វើឲ្យ​វា​កាន់តែ​ភាន់ច្រឡំ​ថែមទៀត នៅពេល earth មាន​ន័យ​ថា​ជា​ភព​ផែនដី​របស់​យើង វា​ក៏​រួមបញ្ចូល​ន័យ​នៃ​ពាក្យ ដី ផងដែរ ដោយសារ​ដី​មាន​នៅលើ​ភព​ផែនដី​នេះ ។

ការកំណត់​និយមន័យ​ពាក្យ បព្វជិតភាព

ពាក្យ​មួយ​ដែល​យើង​ប្រើ​នៅក្នុង​សាសនាចក្រ​តាម​របៀប​ពីរ​យ៉ាង​គឺ បព្វជិតភាព ។ ពាក្យ​នេះ​សំដៅ​ទៅលើ​ព្រះចេស្តា និង​សិទ្ធិ​អំណាច​ទាំងស្រុង​របស់​ព្រះ ។ ទោះ​យ៉ាងណា​ក្ដី យើង​ក៏​ប្រើ​ពាក្យ បព្វជិតភាព តាម​របៀប​មួយ​ដែល​កាន់តែ​មាន​កម្រិត​ផងដែរ—ដើម្បី​សំដៅ​ទៅលើ « ព្រះចេស្ដា និង​សិទ្ធិ​អំណាច​ដែល​ព្រះ​ប្រទាន​ដល់​អ្នកកាន់​បព្វជិតភាព​ដែល​បាន​តែងតាំង ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​ចាំបាច់ សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​បុត្រា​បុត្រី​របស់​ព្រះ » ។

បព្វជិតភាព​ដែល​បាន​ប្រគល់​ដល់​បុរស មិនមែន​ជា​ព្រះចេស្ដា​របស់​ព្រះ​ទាំងអស់​នោះ​ទេ ។ តារាង​ខាងក្រោម​បង្ហាញ​ពី​ចំណុច​នេះ ។

នៅក្នុង​តារាង​នេះ ប្អូនៗ​ឃើញ​មាន​ឧទាហរណ៍​មួយ​ចំនួន​អំពី​ព្រះចេស្ដា​របស់​ព្រះ ដែល​មាន​ជា​និរន្ដរ ហើយ​គ្មាន​ព្រំដែន​នោះឡើយ ។ នៅក្នុង​តារាង​នោះ​ផងដែរ ប្អូនៗ​ក៏ឃើញ​ឧទាហរណ៍​នានា​អំពី​អំណាច និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​របស់​ព្រះ ដែល​ទ្រង់​ប្រគល់ ឬ​ប្រទាន​ដល់​បុរស​ដែល​មាន​ភាពស័ក្ដិសម ដើម្បី​ចាត់ចែង​កិច្ចការ​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។

ឧទាហរណ៍​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​ជីវិត​របស់​ប្អូនៗ

ពរជ័យ​ទាំងអស់​នៃ​បព្វជិតភាព​គឺ​មាន​ដល់​បុត្រី និង​បុត្រា​ជាទី​ស្រឡាញ់​គ្រប់រូប​របស់​ព្រះវរបិតាសួគ៌ ។ បញ្ជី​ទីពីរ​នេះ​តំណាងឲ្យ​ពរជ័យ​ទាំងឡាយ ដែល​កើត​មាន​ដល់​ប្អូនៗ​តាមរយៈ​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ឬ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ប្រគល់​ជូន​គាត់ ។

នេះ​គឺជា​របៀប​រៀបរយ ដែល​ព្រះ​បាន​ស្ថាបនា​សម្រាប់​ការរៀបចំ និង​ការគ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ ឧទាហរណ៍​ផ្សេងទៀត​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ព្រះ​រួមមាន ប្រធាន​កូរ៉ុម​ឌីកុន ឬ​ប្រធាន​កូរ៉ុម​គ្រូ ដែល​មាន​កូនសោ​ដើម្បី​ដឹកនាំ​កិច្ចការ​ក្នុង​កូរ៉ុម​របស់​គាត់ ពរជ័យ​របស់​ឪពុក​ដែល​បាន​ធ្វើឡើង​នៅឯ​គេហដ្ឋាន ព្រមទាំង​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

បុរស ស្ដ្រី និង​បព្វជិតភាព

ទោះបីជា​ការតែងតាំង​ឲ្យមាន​តំណែង​បព្វជិតភាព ត្រូវបាន​ផ្ដល់ឲ្យ​តែ​បុរស​ក្ដី ក៏​ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ពី​គោលការណ៍​ដ៏សំខាន់​នេះ​ដែរ​ថា « បព្វជិតភាព​ជា​អំណាច និង​សិទ្ធិ​អំណាច​មកពី​ព្រះ ដែល​កាន់​ដោយ​ការទុកចិត្ត​ថា បាន​ប្រើប្រាស់​សម្រាប់​កិច្ចការ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ។ បព្វជិតភាព មិនមែន​ជា​អ្នក​ដែល​ត្រូវបាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព ឬ​អ្នក​ដែល​អនុវត្ត​សិទ្ធិ​អំណាច​នេះ​ទេ ។ បុរស​ដែល​កាន់​បព្វជិតភាព​គឺ​ពុំ​មែន​ជា​បព្វជិតភាព​នោះ​ទេ ។ … យើង​ពុំគួរ​ហៅ​បុរស​ដែល​បាន​តែងតាំង​ថា​ជា បព្វជិតភាព ឡើយ » ។

ទោះបីជា​ស្ដ្រី​មិន​ទទួល​បាន​ការតែងតាំង​ឲ្យ​មាន​បព្វជិតភាព​ក្ដី ក៏​ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ផងដែរ​ថា « នៅពេល​បងប្អូន​ត្រូវបាន​ញែកចេញ​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​មួយ នៅក្រោម​ការដឹកនាំ​នៃ​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព … នោះ​បងប្អូន​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ប្រើ​នៅក្នុង​ការហៅ​នោះ​ហើយ » ។ ឧទាហរណ៍​មួយ​ចំនួន​នៃ​ការណ៍​នេះ​រួមមាន គណៈប្រធាន​ថ្នាក់​យុវនារី ស៊ីស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ផ្សាយពី​ដំណឹងល្អ ថ្នាក់ដឹកនាំ​នៅក្នុង​វួដ និង​ស្ដេក​ដែល​ត្រូវបាន​ញែក​ចេញ​ឲ្យ​បង្រៀន និង​ដឹកនាំ ព្រមទាំង​អ្នកធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

អំណាច​បព្វជិតភាព​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​គ្រប់គ្នា

ពរជ័យ​ដែល​ប្អូនៗ ជា​យុវជន និង​យុវនារី​ទទួល​បាន គឺជា​ពរជ័យ​របស់​ប្អូនៗ ដែល​កើត​មាន​តាមរយៈ​សេចក្ដី​សញ្ញា​ដែល​ប្អូន​បាន​ចុះ​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​សេចក្ដី​សញ្ញា​ដែល​ប្អូនៗ​នឹង​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទោះបីជា​ប្អូនៗ​មិន​មាន​អ្នកកាន់​បព្វជិតភាព​នៅក្នុង​គេហដ្ឋាន​របស់​ប្អូនៗ​ក្ដី ក៏​ប្អូនៗ​នៅតែ​អាច​មាន​ពរជ័យ​ជាមួយ​នឹង​អំណាច​បព្វជិតភាព​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ប្អូនៗ​បាន​ដែរ នៅពេល​ប្អូនៗ​រក្សា​សេចក្ដី​សញ្ញា ដែល​ប្អូនៗ​បាន​ចុះ​ជាមួយ​នឹង​ទ្រង់ ( សូមមើល នីហ្វៃ​ទី​១ ១៤:១៤ ) ។

នៅពេល​យើង​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ទាំងឡាយ ដែល​ពង្រឹង និង​ផ្ដល់​ពរជ័យ​ដល់​យើង ។ យើង​សូម​អញ្ជើញ​ប្អូនៗ​ឲ្យ​សញ្ជឹងគិត​ពី​ពរជ័យ​នៃ​បព្វជិតភាព​នៅក្នុង​ជីវិត​របស់​ប្អូនៗ—ពរជ័យ​ដែល​កើតមាន​ដោយសារតែ​អំណាច​បព្វជិតភាព​ដ៏និរន្ដរ​របស់​ព្រះ និង​ពរជ័យ​ដែល​កើតមាន​ជាពិសេស​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​បាន​ប្រគល់ឲ្យ និង​ចាត់ចែង​នៅក្នុង​សាសនាចក្រ​របស់​ព្រះ ។

កំណត់​ចំណាំ

  1. ឌែល ជី រិនឡាន់ និង រូស លីប៊ើត រិនឡាន់ The Melchizedek Priesthood: Understanding the Doctrine, Living the Principles ( ឆ្នាំ ២០១៨ ) ទំព័រ ១១ ។

  2. ដាល្លិន អេក អូក « The Melchizedek Priesthood and the Keys » សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២០ ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦៩ ) ។

  3. រ័សុល អិម ណិលសុន « Spiritual Treasures » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៩ ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៨ ) ។