« សេចក្ដីសញ្ញាតភ្ជាប់យើងនឹងព្រះ » លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២២
សារលិខិត លីអាហូណា ប្រចាំខែកុម្ភៈ ឆ្នាំ២០២២
សេចក្ដីសញ្ញាតភ្ជាប់យើងនឹងព្រះ
ការធ្វើ និងការរក្សាសេចក្ដីសញ្ញានាំមកនូវពរជ័យ ។
សេចក្តីសញ្ញាមួយគឺជាការសន្យារវាងព្រះវរបិតាសួគ៌ និងកូនចៅរបស់ទ្រង់ ។ ទ្រង់ដាក់លក្ខខណ្ឌចំពោះសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងទ្រង់ ។ ពេលយើងធ្វើអ្វីដែលទ្រង់សុំឲ្យធ្វើ នោះយើងទទួលបានពរជ័យជាច្រើន ។ ហើយយើងមិនគ្រាន់តែទទួលបានពរជ័យនៅលើផែនដីប៉ុណ្ណោះទេ—គឺពេលដែលយើងធ្វើ និងរក្សាសេចក្ដីសញ្ញាទាំងឡាយ នោះយើងនឹងត្រឡប់ទៅរស់នៅជាមួយនឹងព្រះ និងក្រុមគ្រួសាររបស់យើងនៅស្ថានសួគ៌នៅថ្ងៃណាមួយ ។
សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ
យើងធ្វើសេចក្ដីសញ្ញានៅក្នុងពិធីបរិសុទ្ធជាក់លាក់ ។ យើងចាំបាច់ត្រូវទទួលពិធីបរិសុទ្ធទាំងនោះ ហើយគោរពតាមសេចក្ដីសញ្ញាទាំងនោះ ដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងព្រះវិញ ។ ពិធីបរិសុទ្ធទាំងឡាយត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ។ ពិធីបរិសុទ្ធទាំងនោះ រួមមាន ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ការទទួលបព្វជិតភាពម៉ិលគីស្សាដែក( សម្រាប់បុរស ) និងពិធីបរិសុទ្ធទាំងឡាយដែលយើងទទួលនៅក្នុងព្រះវិហារបរិសុទ្ធ ។ អំឡុងពិធីសាក្រាម៉ង់ សមាជិកសាសនាចក្ររំឭកការសន្យាដែលពួកគេបានធ្វើចំពោះព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។
សេចក្ដីសញ្ញាជួយយើងឲ្យរស់នៅដោយសុចរិត
អំឡុងពិធីបុណ្យជ្រមុជទឹក យើងសន្យាធ្វើតាមព្រះយេស៊ូវគ្រីស្ទ ចងចាំទ្រង់ជានិច្ច ហើយគោរពបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។ ព្រះសន្យាថា ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយនឹងពួកយើងជានិច្ច ។
ពេលបុរសទទួលបព្វជិតភាព ពួកគេសន្យារស់នៅឲ្យស័ក្ដិសមនឹងអំណាចបព្វជិតភាពរបស់ព្រះ ។ ព្រះសន្យានឹងប្រទានពរដល់ពួកគេ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៣–៤០ ) ។
សេចក្ដីសញ្ញាដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ
ពេលសមាជិកសាសនាចក្រទទួលអំណោយទានពិសិដ្ឋរបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ នោះពួកគេសន្យាដើម្បីរស់នៅដោយសុចរិត ហើយលះបង់ចំពោះដំណឹងល្អ ។ ព្រះបានសន្យាប្រទានអំណាចដល់ពួកគេ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣២; ១០៩:២២ ) ។
អំឡុងពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ស្វាមី និងភរិយាមួយគូត្រូវបានរៀបការសម្រាប់ភាពអស់កល្បជានិច្ច ហើយសន្យាត្រូវតែស្មោះត្រង់ចំពោះគ្នា និងចំពោះព្រះ ។ ព្រះសន្យាថា ពួកគេអាចត្រឡប់ទៅរកទ្រង់វិញ ហើយរស់នៅជាក្រុមគ្រួសាររៀងរហូត ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២០ ) ។
យើងគឺជារាស្រ្តនៃសេចក្តីសញ្ញា
មនុស្សដែលចូលរួមនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្លាយជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះ ។ ពួកគេក៏គ្រងពរជ័យ និងការទទួលខុសត្រូវនៃសេចក្ដីសញ្ញារបស់អ័ប្រាហាំផងដែរ ( សូមមើល កាឡាទី ៣:២៧–២៩ ) ។ ការធ្វើជាផ្នែកនៃរាស្ត្រនៃ សេចក្ដីសញ្ញារបស់ព្រះមានន័យថា យើងជួយគ្នាពេលយើងខិតកាន់តែជិតនឹងព្រះគ្រីស្ទ ។ វាក៏មានន័យផងដែរថា យើងខិតខំដើម្បីពង្រឹងសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះ ។ នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះយើងអាចរកឃើញអំណាច និងកម្លាំងមកពីព្រះ ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, February 2022 ។ Cambodian ។18313 258