ឆ្នាំ ២០២៣
កម្មវិធី ដើម្បីកម្លាំងនៃយុវជន ក្នុងប្រទេសកម្ពុជា
ខែ កុម្ភៈ ឆ្នាំ ២០២៣


ព័ត៌មានក្នុងស្រុក

កម្មវិធី ដើម្បីកម្លាំងនៃយុវជន ក្នុងប្រទេសកម្ពុជា

នៅពីថ្ងៃទី ០៧ ដល់ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំប្រទេសកម្ពុជា បានរៀបចំនូវកម្មវិធី « ដើម្បីកម្លាំងនៃយុវជន » ដែលហៅកាត់ជាភាសាខ្មែរថា ក.ដ.យ និង ភាសាអង់គ្លេសថា អេហ្វ.អេស. វ៉ាយ (FSY) ។​ កម្មវិធីនេះ​ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារ សុខាល័យអង្គរ ទីក្រុងសៀមរាប ខេត្ដសៀមរាប ក្រោមបាវចនា « ទីពឹងលើទ្រង់ » ។ នៅក្នុងការប្រារព្ធកម្មវិធីទាំង​ ៦ ថ្ងៃនោះ យើងមានយុវជន និងយុវនារី ចូលរួមទាំងអស់សរុបចំនួន ៥២៥ នាក់ទូទាំងប្រទេស ។

កម្មវិធីនេះ​ ត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីលើកស្ទួយ យុវវ័យទាំងអស់នៅក្នុងសាសនាចក្រក្នុងការរៀនសូត្រ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ជួយពង្រឹង​សេចក្ដីជំនឿពួកគេ ព្រមទាំង​បណ្ដុះភាពក្លាហានក្នុង​ការ​ថ្លែង​ទីបន្ទាល់អំពីដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ ចេះគោរព​ឪពុក​ម្ដាយ និង​មាន​ទំនុកចិត្តខ្ពស់​ដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ និងរៀបចំខ្លួនដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ កម្មវិធីនេះ ពិតជាបានផ្ដល់នូវឥទ្ធិពលជាវិជ្ជមានខាងវិញ្ញាណ​ដល់យុវវ័យនៃ​សាសនាចក្រ ។​

« យុវជន បូរិន្ទ ប្រតិព័ទ្ធ មកពីវួដ ពោធិចិនតុង ស្ដេកខាងជើងភ្នំពេញកម្ពុជា បានថ្លែងទីបន្ទាល់ថា « នៅពេលដែលខ្ញុំបានចូលរួមកម្មវិធី អេហ្វ.អេស.វ៉ាយនេះ ខ្ញុំបានរៀន​ និងទទួលបទពិសោធន៍ជាច្រើន ។​ ចំណុចដំបូងគឺខ្ញុំបានរៀន និងស្គាល់កាន់តែច្បាស់ពីសេចក្ដីជំនឿ ។ វាជួយពង្រឹងនូវសេចក្ដីជំនឿរបស់ខ្ញុំបានកាន់តែរឹងមាំជាងមុន ។​ ពីមុនពេលចូលរួមកម្មវិធីនេះ ខ្ញុំជាមនុស្សមិនសូវសកម្មក្នុងព្រះវិហារ ហើយមិនសូវ អានព្រះគម្ពីរ និងអធិស្ឋាននោះទេ ប៉ុន្ដែនៅពេលបានចូលរួមកម្មវិធីនេះ សេចក្ដីជំនឿរបស់ខ្ញុំរឹងមាំ ខ្ញុំបានរៀនជាមួយទីប្រឹក្សាក្រុមរបស់ខ្ញុំ​ ដែលបានជួយខ្ញុំឲ្យកែប្រែចិត្ដ ហើយជួយខ្ញុំឲ្យមានព្រះវិញ្ញាណ ។ អ្វីដែលខ្ញុំបានរៀនមួយទៀត គឺអំពីការចេញបម្រើបេសកកម្ម ។ ខ្ញុំធ្លាប់បានប្រាប់ម៉ាក់របស់ខ្ញុំថា ខ្ញុំនឹងមិនទៅបម្រើបេសសកម្មនោះទេ ប៉ុន្ដែបន្ទាប់ពីចូលរួមកម្មវិធីនេះហើយ គឹខ្ញុំបានទទួលអារម្មណ៍ខ្ញុំចង់ចេញបម្រើបេសកកម្ម ។ ខ្ញុំបានស្គាល់មិត្ដភក្ដិល្អៗជាច្រើន ហើយក៏មាននូវទីប្រឹក្សាប្រចាំក្រុមដ៏ល្អផងដែរ ដែលទំនុកបម្រុង និងជួយខ្ញុំនូវអ្វីៗដែលខ្ញុំត្រូវការ នៅពេលខ្ញុំខ្វះខាត​ ។ គាត់បានជួយបង្រៀនខ្ញុំ ឲ្យខ្ញុំមានភាពក្លាហាន ក្នុងការចែកចាយ និងការារាប់អានមិត្ដភក្ដិថ្មីៗ ។ »

ចំណែក​ឯ​យុវនារី ឡាយ សុផាអ៊ីងជីង មាន ១៦​ឆ្នាំ មកសាខាសែនសុខ ស្ដេកខាងជើងភ្នំពេញកម្ពុជាបានថ្លែងថា « ខ្ញុំសប្បាយចិត្ដណាស់ដែលខ្ញុំបានមកចូលរួមកម្មវិធី អេហ្វ.អេស.វ៉ាយ ព្រោះខ្ញុំបានស្គាល់ យុវវជន យុវនារីជាច្រើន ហើយខ្ញុំបានរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំស្រឡាញ់កម្មវិធី អេហ្វ.អេស.វ៉ាយ នេះខ្លាំងណាស់ ហើយខ្ញុំនឹងចូលរួមទៀតនៅពេលមានកម្មវិធី​ អេហ្វ.អេស.វ់ាយ កើតឡើងនៅឆ្នាំក្រោយ ។ »

យុវនារី សុគន្ធ ស្រីពេជ្រ ដែលបានចូលរួមកម្មវិធីដើម្បីកម្លាំងនៃយុវជន ២០២២ កាលពីខែ វិច្ចិកា ប៉ុន្មានកន្លងទៅនេះ ជាមួយមិត្តភក្តិ ទាំង​ដែល​​រូប​នាង​មិនទាន់​ជាសមាជិកសាសនាចក្រនៅឡើយទេ តែនាងមានឆន្ទៈដើម្បីទៅចូលរួមកម្មវិធីដ៏អស្ចារ្យមួយនេះរយៈពេល ៦ ថ្ងៃ នៅខេត្តសៀមរាប។ យុវនារី ស្រីពេជ្រ បានស្គាល់ និងរាប់អានមិត្តភក្តិជាច្រើនដែលមកពីតាមបណ្តាខេត្តនានា មិនត្រឹមតែប៉ុណ្ណោះ នាងពិតជាចូលចិត្តកម្មវិធី អេហ្វ.អេស.វ៉ាយ នេះខ្លាំងណាស់ ព្រោះវាបានជួយនាង​ឲ្យស្គាល់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ។​ នៅថ្ងៃទី ១៨ ខែធ្នូ ២០២២ នាងបានទទួលពិធីបុណ្យជ្រមុជទឹក ដោយអ្នកផ្សព្វផ្សាយសាសនាក្នុងតំបន់របស់ប្អូន ។ យុវនារី ស្រីពេជ្រ បានតាំងចិត្តថា នឹងចូលរួមកម្មវិធីដើម្បីកម្លាំងនៃយុវជន ២០២៣ ទៀត ។

កម្មវិធី ដើម្បីកម្លាំងនៃយុវជន នេះបានប្រព្រឹត្តទៅដោយរលូន ដោយការចូលរួមខិតខំយ៉ាង​​សស្រាក់សស្រាំ​មកពី ក្រុមទីប្រឹក្សាទាំង ៦០ នាក់ និង ជំនួយការអ្នកសម្របសម្រួល ១២ នាក់ផ្សេងទៀត ក៏ដូចជាអ្នកសម្របសម្រួល គឺបងប្រុស ភោគ ករុណា និងបងស្រី ញ៉ែម សុភាព ។ យើងក៏ទទួលបានការជួយជ្រោមជ្រែង និងការដឹកនាំមកពី គូស្វាមីភរិយាដឹកនាំកម្មវិធីក្នុងប្រទេសកម្ពុជា គឺ បងប្រុស អ៊ុក សុផល និងបងស្រី សុខ បូលីនដា គូស្វាមីភរិយារៀមច្បងពីរគូរ និងគូស្វាមីភរិយា​រៀមច្បងខាងការ​ផ្ដល់​ប្រឹក្សា​កម្មវិធី ក.ដ.យ ប្រចាំតំបន់អាស៊ី គឺ អ៊ែលឌើរ និងស៊ីស្ទើរ សាត់វីគស៍ ព្រមទាំង​ក្រុមគ្រូពេទ្យ និង​ក្រុម​អ្នកសម្របសម្រួល​ខាង​សម្ភារ និង​ដឹកជញ្ជូន និង​ក្រុមអ្នក​ថតរូប​ផងដែរ ។

លើសពីនេះទៅ យើងក៏សូមថ្លែងអំណរទៅកាន់អាណាព្យាបាលរបស់យុវជន និងយុវនារីទាំងអស់ ដែលពួកគាត់បានដាក់ទីទុកចិត្ដទៅលើព្រះ និងក្រុមការងាររៀបចំកម្មវិធី ក.ដ.យ ហើយបានអនុញ្ញាតឲ្យកូនៗរបស់ពួកគាត់បានចូលរួមនូវកម្មវិធីនេះ ។ យើងមាននូវសេចក្ដីអំណរដែលថាយើងម្នាក់ៗ បានដាក់ទីទុកចិត្ដ ហើយទីពឹងលើព្រះរបស់យើង ។

យើងសង្ឃឹម យើងនឹងបានជួបប្អូនៗយុវជន យុវនារីម្ដងទៀត ក្នុងកម្មវិធី ក.ដ.យ ឆ្នាំ ២០២៣ ក្រោមបាវចនា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ៕

បោះពុម្ព