« សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ មេសា ឆ្នាំ ២០២៣ ។
សារលិខិតទស្សនាវដ្ដី លីអាហូណា ប្រចាំខែ មេសា ឆ្នាំ២០២៣
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាគោលការណ៍ទីមួយនៃដំណឹងល្អ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៤ ) ។ សេចក្ដីជំនឿរបស់យើងនឹងជួយយើងឲ្យធ្វើការជ្រើសរើស ដែលនឹងដឹកនាំយើងត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើងវិញ ។ យើងអាចខំធ្វើការដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើងអស់ពេញមួយជីវិតយើង ។
តើសេចក្ដីជំនឿជាអ្វី ?
សេចក្តីជំនឿគឺជាការជឿ ឬការទុកចិត្តដ៏រឹងមាំទៅលើអ្វីមួយ ។ ការមានសេចក្ដីជំនឿរួមមានការមានសង្ឃឹម និងការជឿលើអ្វីៗដែលពិត សូម្បីតែនៅពេលដែលយើងមិនអាចមើលឃើញ ឬមិនយល់ពីវាទាំងស្រុងក្ដី ( សូមមើល ហេព្រើរ ១១:១; អាលម៉ា ៣២:២១ ) ។
សេចក្ដីលម្អិតមកពី ព្រះគ្រីស្ទ និងកម្លោះអ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់
សេចក្ដីជំនឿដែលផ្ដោតលើព្រះយេស៊ូវគ្រីស្ទ
ដើម្បីនាំទៅរកសេចក្ដីសង្គ្រោះ សេចក្ដីជំនឿរបស់យើងត្រូវតែផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ការមានសេចក្ដីជំនឿលើព្រះគ្រីស្ទ មានន័យថាការមានទំនុកចិត្តលើទ្រង់ ។ ការមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទមានន័យថា ការពឹងផ្អែកទាំងស្រុងទៅលើទ្រង់—ដោយទុកចិត្តលើព្រះចេស្ដា ព្រះបញ្ញាញាណ និងសេចក្តីស្រឡាញ់របស់ទ្រង់ ។ វារួមមានទាំងការជឿលើ និងការធ្វើតាមការបង្រៀនរបស់ទ្រង់ផងដែរ ។
ការបង្កើនសេចក្ដីជំនឿរបស់យើង
សេចក្តីជំនឿគឺជាអំណោយមួយមកពីព្រះ ប៉ុន្តែយើងត្រូវតែស្វែងរកវា ហើយខិតខំធ្វើឲ្យវារឹងមាំ ។ យើងអាចបង្កើនសេចក្ដីជំនឿរបស់យើង ដោយការអធិស្ឋាន ព្រមទាំងការសិក្សាព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីថ្ងៃចុងក្រោយ ។ យើងក៏អាចពង្រឹងសេចក្ដីជំនឿរបស់យើង ពេលដែលយើងរស់នៅដោយសុចរិត និងរក្សា សេចក្ដីសញ្ញា របស់យើងផងដែរ ។
ការរស់នៅដោយសេចក្ដីជំនឿ
សេចក្តីជំនឿគឺលើសពីការគ្រាន់តែជឿ ។ វារួមមាននូវការអនុវត្តទៅលើការជឿនោះ ។ យើងបង្ហាញសេចក្តីជំនឿរបស់យើងតាមរយៈរបៀបដែលយើងរស់នៅ ។ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទជំរុញទឹកចិត្តយើងឲ្យធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ។ សេចក្តីជំនឿយើងដឹកនាំយើងឲ្យគោរពតាមព្រះបញ្ញត្តិ ប្រែចិត្តពីអំពើបាបរបស់យើង ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយ ។
សេចក្តីជំនឿអាចបណ្តាលឲ្យមានអព្ភូតហេតុ
សេចក្ដីជំនឿពិតនាំមកនូវ អព្ភូតហេតុ ដែលអាចរួមមានការនិមិត្ត សុបិន ការព្យាបាល និងអំណោយទានផ្សេងៗទៀតដែលមកពីព្រះ ។ ព្រះគម្ពីរមាននូវដំណើររឿងជាច្រើនអំពីមនុស្សទាំងឡាយ ដែលបានទទួលអព្ភូតហេតុមកពីព្រះអម្ចាស់ដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើទ្រង់ ។ សម្រាប់ឧទាហរណ៍មួយចំនួន សូមមើល « អព្ភូតហេតុ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
សេចក្ដីជំនឿអាចនាំមកនូវភាពសុខសាន្ត
ការមានសេចក្ដីជំនឿលើព្រះ និង ផែនការនៃសេចក្ដីសង្គ្រោះ របស់ទ្រង់អាចពង្រឹងយើងក្នុងអំឡុងពេលដែលយើងមានឧបសគ្គនានា ។ សេចក្ដីជំនឿអាចផ្ដល់កម្លាំងដល់យើងដើម្បីឈានទៅមុខ ហើយប្រឈមនឹងការលំបាករបស់យើងដោយក្ដីក្លាហាន ។ សូម្បីតែនៅពេលដែលអនាគតហាក់ដូចជាមិនមានភាពច្បាស់លាស់ក្ដី ក៏សេចក្ដីជំនឿរបស់យើងទៅលើព្រះអង្គសង្គ្រោះអាចផ្ដល់ភាពសុខសាន្តដល់យើងបាន ។
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនាំទៅរកសេចក្ដីសង្គ្រោះ
ការអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទនឹងនាំទៅកាន់សេចក្ដីសង្គ្រោះរបស់យើង ។ ព្រះគ្រីស្ទបានរៀបចំផ្លូវសម្រាប់យើងឲ្យទទួលបាននូវជីវិតអស់កល្ប ។ ពេលដែលយើងរស់នៅតាមសេចក្ដីជំនឿរបស់យើងទៅលើទ្រង់ នោះយើងអាចទទួលបានការអត់ទោសពីអំពើបាបរបស់យើង ហើយត្រឡប់ទៅរស់នៅជាមួយនឹងព្រះម្ដងទៀត ។
© 2023 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, April 2023. Language. 19006 258