លីអាហូណា
សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​នៃ​ការ​រស់នៅ​តាម​ដំណឹងល្អ
ខែ កុម្ភៈ ឆ្នាំ ២០២៤


« សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​នៃ​ការ​រស់នៅ​តាម​ដំណឹងល្អ » លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០២៤ ។

សារលិខិត​ប្រចាំខែ​ទស្សនាវដ្តី លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០២៤

សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​នៃ ការ​រស់នៅ​តាម​ដំណឹងល្អ

សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​កើត​ឡើង​ដោយ​ការ​ស៊ូទ្រាំ​នឹង​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា ។

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា ដែល​មាន​សួនច្បារ​អេដែន​នៅ​ផ្ទៃ​ខាងក្រោយ

សួនច្បារ​អេដែន ដោយ​លោក ហ្គ្រែន រ៉មនី ខ្ល័រសុន ការចាកចេញ​ពី​សួនច្បារ​អេដែន ដោយ យ៉ូសែប ប្រ៊ីកឃី

ការ​បង្ហាញ​យ៉ាងខ្លី​អំពី​គោល​បំណង​នៃ​ជីវិត​របស់​យើង​អាច​រក​ឃើញ​នៅ​ក្នុង​ការ​បង្រៀន​ដែល​ប្រកប​ដោយ​ការព្យាករណ៍​របស់​លីហៃ​អំពី​ការ​ចាប់ផ្តើម​នៃ​ជីវិត​មនុស្ស​នៅ​លើ​ផែនដី ។ នៅ​ក្នុង​សួនច្បារ​អេដែន លោក​អ័ដាម និង​នាង​អេវ៉ា​បាន​រស់នៅ​ក្នុង​ស្ថានភាព​ដែល​គ្មាន​ទោស ។ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​នោះ ពួក​គេ​នឹង « [ គ្មាន ] សេចក្ដី​អំណរ ព្រោះ​ពួក​គេ​មិន​ស្គាល់​សេចក្ដី​ទុក្ខវេទនា ដោយ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ត្បិត​ពួក​គេ​មិន​ស្គាល់​អំពើ​បាប » ( នីហ្វៃ​ទី២ ២:២៣ ) ។ ដូច្នេះ ដូច​ដែល​លីហៃ​បាន​ពន្យល់​ថា « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ( នីហ្វៃ​ទី២ ២:២៥; សូម​មើល​ផងដែរ ម៉ូសេ ៥:១០–១១ ) ។

ពេល​យើង​ធំ​ឡើង​ក្នុង​ពិភពលោក​ដែល​ធ្លាក់ យើង​រៀន​ពី​ភាព​ខុសគ្នា​រវាង​សេចក្ដី​ល្អ និង​សេចក្តី​អាក្រក់​ពី​អ្វី​ដែល​យើង​បាន​រៀន និង​ពី​អ្វី​ដែល​យើង​ជួប​ប្រទះ ។ យើង​« ភ្លក់​នូវ​សេចក្ដី​ល្វីង​ជូរចត់ ប្រយោជន៍​ឲ្យ [ យើង ] អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » ( ម៉ូសេ ៦:៥៥ ) ។ អំណរ​បាន​កើតឡើង​នៅ​ពេល​យើង​បដិសេធ​ភាព​ល្វីង​ជូរចត់ ហើយ​ស្រឡាញ់ និង​កាន់ខ្ជាប់​នូវ​សេចក្តីល្អ​កាន់តែ​ខ្លាំងឡើង ។

ការ​ស្វែងរក​នូវ​អំណរ

ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ចំពោះ​យើង ព្រះវរបិតាសួគ៌​របស់​យើង​មាន​ព្រះទ័យ​ចង់​ចែកចាយ​នូវ​អំណរ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ជាមួយ​យើង ទាំង​ពេលនេះ និង​នៅ​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។ នោះ​គឺ​ជា​ការជំរុញ​ទឹកព្រះទ័យ​របស់​ទ្រង់​នៅ​គ្រប់​រឿង​ទាំងអស់​តាំងពី​ដើម​មក រួមទាំង​ផែនការ​នៃ​សុភមង្គល​ដ៏​រុងរឿង​របស់​ទ្រង់ និង​ការពលិកម្ម​នៃ​រាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​យើង ។

ព្រះ​មិន​ព្យាយាម​ដាក់​សេចក្តី​អំណរ ឬ​សុភមង្គល​លើ​យើង​ទេ ប៉ុន្តែ​ទ្រង់​បង្រៀន​យើង​អំពី​របៀប​ស្វែងរក​វា ។ ទ្រង់​ក៏​ប្រាប់​យើង​ពី​កន្លែង​ដែល​គ្មាន​សេចក្តី​អំណរ​ផងដែរ—« សេចក្ដី​ទុច្ចរិត [ មិនមែន ហើយ ]ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ( អាលម៉ា ៤១:១០ ) ។ ព្រះ​វរបិតា​សួគ៌​របស់​យើង​បង្ហាញ​ដល់​យើង​នូវ​ផ្លូវ​ទៅ​កាន់​សេចក្តី​អំណរ​តាមរយៈ​បទបញ្ញត្តិ​របស់​ទ្រង់ ។

ប្រធាន រ័សុល អិម ណិលសុន​បាន​ថ្លែង​តាម​របៀប​នេះ​ថា ៖

« នេះ​គឺ​ជា​សេចក្តីពិត​ដ៏​ធំ​មហិមា​គឺ​ថា ៖ ខណៈ​ដែល​ពិភពលោក​នេះ​ទទូច​ចង់បាន អំណាច ទ្រព្យសម្បត្តិ ប្រជាប្រិយភាព និង​តម្រេក​ខាង​សាច់ឈាម​នាំឲ្យ​មាន​សុភមង្គល នោះ​វា​ពុំមែន​ជា​ការពិត​ទេ ! វា​ពុំ​អាច​ទេ ! វា​ពុំ​បង្កើត​អ្វី​ឡើយ​លើកលែង​តែ​ជំនួស​ដោយ ‹ ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់ [ អ្នកណា ] ដែល « កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ › តែ​ប៉ុណ្ណោះ ។ [ ម៉ូសាយ ២:៤១ ] ។

សេចក្តីពិត​គឺ​ថា​វា កាន់តែ​នឿយ​ហត់​ខ្លាំងឡើង ដើម្បី​ស្វែងរក​សុភមង្គល​នៅ​កន្លែង​ដែល​បងប្អូន មិន អាច​រក​វា​ឃើញ ! ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​បងប្អូន​ទឹម​នឹម​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​ឈ្នះ​លោកិយ នោះ​ទ្រង់ ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​មាន​ព្រះចេស្តា​លើក​បងប្អូន​ឡើង​ចេញពី​ឥទ្ធិពល​នៃ​ពិភពលោក​នេះ » ។

ដូច្នេះ អំណរ​ដ៏​យូរ​អង្វែង​ត្រូវ​បាន​រក​ឃើញ​ដោយសារ​ការគោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​បញ្ញត្តិ​របស់​ព្រះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​វា​ជា​ជម្រើស​របស់​យើង ។ ប្រសិន​បើ​នៅ​ក្នុង​ភាព​ទន់ខ្សោយ​របស់​យើង យើង​បរាជ័យ​ក្នុងការ​គោរព​តាម​បទបញ្ញត្តិ នោះ​យើង​នៅ​តែ​អាច​ត្រឡប់​មក​វិញ បដិសេធ​ភាព​ល្វីង​ជូរចត់ ហើយ​បន្ត​ប្រព្រឹត្ត​ល្អ​ម្តង​ទៀត​បាន ។ សេចក្ដី​ស្រឡាញ់​របស់ព្រះ​មិន​ដោះសារ​ឲ្យ​អំពើ​បាប​ទេ—នោះ​នឹង​ឲ្យ​សេចក្ដី​មេត្តាករុណា​កោង​លើ​សេចក្ដី​យុត្តិធម៌​ហើយ—តែ​ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ប្រទាន​សេចក្តី​ប្រោសលោះ​ពី​អំពើ​បាប ៖

« អាមូលេក​…​បាន​និយាយ​…​ថា ព្រះ​អម្ចាស់​ទ្រង់​ប្រាកដជា​នឹង​យាង​មក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់ ប៉ុន្តែ​ថា​ទ្រង់​នឹង​មិន​យាង​មក​ប្រោសលោះ​ពួក​គេ ក្នុង អំពើ​បាប​ទាំងឡាយ​របស់​ពួក​គេ​ទេ ប៉ុន្តែ​មក​ប្រោសលោះ​ពួក​គេ ពី អំពើ​បាប​របស់​គេ​វិញ។

« ហើយ​ទ្រង់​មាន​ព្រះ​ចេស្ដា ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ដល់​ទ្រង់ ដើម្បី​ប្រោសលោះ​ពួក​គេ​ពី​អំពើ​បាប​របស់​គេ ដោយ​មក​ពី​ការ​ប្រែចិត្ត ហេតុដូច្នេះ​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​ពួក​ទេវតា​របស់​ទ្រង់ មក​ប្រកាស​ដំណឹងល្អ​អំពី​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការ​ប្រែចិត្ត ដែល​នាំ​ទៅ​កាន់​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ប្រោសលោះ ឲ្យ​បាន​ដល់​សេចក្ដី​សង្គ្រោះ​ព្រលឹង​របស់​គេ » ( ហេលេមិន ៥:១០–១១ បាន​គូសបញ្ជាក់​បន្ថែម ) ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖

« បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ ។

« ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​ដល់​អ្នក​រាល់គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់ខ្ញុំ បាន​នៅជាប់​ក្នុង​អ្នក​រាល់គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពោរពេញ​ផង » ( យ៉ូហាន ១៥:១០–១១ ) ។

នេះ​ជា​អ្វី​ដែល​លីហៃ​មាន​អារម្មណ៍​ក្នុង​សុបិន​របស់​គាត់​នៅ​ពេល​ដែល​គាត់​ភ្លក់​ផ្លែ​ឈើ​នៃ​ដើម​ជីវិត—ដែល​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ គាត់​បាន​និយាយ​ថា​ ៖ « ហើយ​កាល​ឪពុក​បាន​ទទួល​ទាន​ផ្លែឈើ​នោះ​ហើយ នោះ​ព្រលឹង​វិញ្ញាណ​ឪពុក​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ជា​អតិបរមា » ( នីហ្វៃ​ទី១ ៨:១២ សូម​មើល​ផងដែរ ១១:២១–២៣ ) ។

លីហៃ​ក៏​បាន​បង្ហាញ​នូវ​វិធី​ទី​ពីរ​ដែល​យើង​អាច​នាំ​មក​នូវ​សេចក្តី​អំណរ​ចូលមក​ក្នុង​ជីវិត​របស់​យើង​នៅ​ពេល​គាត់​បាន​និយាយ​ថា « ហេតុ​ដូច្នោះ​ហើយ ឪពុក​ក៏​ចាប់ផ្ដើម​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​របស់​ឪពុក​ទទួល​ទាន​[ ផ្លែឈើ ] នោះ​ដែរ » ( នីហ្វៃ​ទី១ ៨:១២ ) ។

រូបភាព
ដៃ​ម្ខាង​ហុច​ផ្លែឈើ​ទៅ​ដៃ​ម្ខាង​ទៀត ដោយ​មាន​ដើមឈើ​នៅ​ក្នុង​ផ្ទៃ​ខាង​ក្រោយ

ដើមជីវិត ដោយ កាហ្ស៊ូតុ អ៊ូតា

ការជួយ​អ្នកដទៃ​ស្វែងរក​សេចក្តី​អំណរ

ដូច​ជា​ប្រជារាស្រ្ត​របស់​ស្តេច​បេនយ៉ាមីន​ដែរ យើង​អាច « ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ » នៅពេល​យើង​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​យើង ហើយ​មាន​« សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ( ម៉ូសាយ ៤:៣ ) ។ យើង​មាន​អារម្មណ៍​ម្តង​ទៀត​នៅពេល​យើង​ស្វែងរក ហើយ​ព្យាយាម​ជួយ​សមាជិក​គ្រួសារ និង​អ្នក​ដទៃ​ទទួល​បាន​សេចក្តី​អំណរ និង​សេចក្ដី​សុខសាន្ត​ដូច​គ្នា​នោះ ។

ក្នុង​នាម​ជា​យុវជន​ម្នាក់ អាលម៉ា​បាន​ស្វែង​រក​សុភមង្គល​នៅ​ក្នុង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ផ្ទុយ​ទៅ​នឹង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​ពី​ត្រូវ​បាន​ស្តី​បន្ទោស​ដោយ​ទេវតា​មួយ​អង្គ គាត់​បាន​ត្រឡប់​ពី « ល្វីង​ជូរចត់ » ទៅ​ជា​«សេចក្តី​ល្អ » ដោយ​ការ​ប្រែចិត្ត « នៅ​ពេល​ជិត​ស្លាប់ » ( ម៉ូសាយ ២៧:២៨ )​និង​ព្រះ​គុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​សង្គ្រោះ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អាលម៉ា​បាន​ប្រកាស​យ៉ាង​អំណរ​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ហេលេមិន​ថា ៖

« ហើយ ឱ​សេចក្ដី​អំណរ និង​រស្មី​ដ៏​អស្ចារ្យ ដែល​ឪពុក​បាន​ឃើញ មែន​ហើយ ព្រលឹង​ឪពុក​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ លើស​ជាង​ការ​ឈឺចាប់​របស់​ឪពុក​ទៅ​ទៀត !…

« មែន​ហើយ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​ឥឡូវ​នេះ ឪពុក​បាន​ធ្វើ​ការ​មិន​ឈប់ឈរ ដើម្បី​ឪពុក​អាច​នាំ​មនុស្ស​ឲ្យ​ប្រែចិត្ត ដើម្បី​ឪពុក​អាច​នាំ​គេ​ឲ្យ​ភ្លក់​នូវ​សេចក្ដី​អំណរ​ដ៏​លើសលប់ ដូចដែល​ឪពុក​ធ្លាប់​បាន​ភ្លក់ ។…

« មែនហើយ ឥឡូវ​នេះ​មើល​ចុះ ឱកូន​ប្រុស​របស់​ឪពុក​អើយ ព្រះអម្ចាស់​ទ្រង់​បាន​ប្រទាន​ឲ្យ​ឪពុក​នូវ​សេចក្ដី​អំណរ​ដ៏​ធំ​លើសលប់​ដែល​ជា​លទ្ធផល​នៃ​ការងារ​ទាំងឡាយ​របស់​ឪពុក

« ត្បិត​ដោយសារ​ព្រះបន្ទូល [ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ] ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ឪពុក មើល​ចុះ មនុស្ស​ជា​ច្រើន​បាន​កើត​មក​អំពី​ព្រះ ហើយ​បាន​ភ្លក់ ដូច​ជា​ឪពុក​ធ្លាប់​បាន​ភ្លក់ » ។ ( អាលម៉ា ៣៦:២០,​២៤–២៦ ) ។

នៅ​គ្រា​មួយ​ទៀត អាលម៉ា​បាន​ធ្វើ​ជា​សាក្សី​ថា ៖

« នេះ​គឺជា​ការ​អួត​របស់​ខ្ញុំ ក្រែង​ខ្ញុំ​អាច​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​នាំ​មនុស្ស​ខ្លះ​ទៅ​កាន់ការ​ប្រែចិត្ត ហើយ​នេះ​គឺ​សេចក្ដី​អំណរ​របស់​ខ្ញុំ ។

« ហើយ​មើល​ចុះ កាល​ខ្ញុំ​ឃើញ​បង​ប្អូន​ខ្ញុំ​ជា​ច្រើន បាន​ប្រែចិត្ត​ជា​ពិតប្រាកដ ហើយ​មក​រក​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ នៅ​ពេល​នោះ ព្រលឹង​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ »។ ( អាលម៉ា ២៩:៩–១០ )

អាលម៉ា​បាន​បន្ត​ប្រកាស​អំពី​អំណរ​ដ៏​លើសលប់​ដែល​គាត់​មាន​នៅ​ពេល​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​នាំ​ព្រលឹង​ទាំងឡាយ​មក​កាន់​ព្រះគ្រីស្ទ ៖

« ប៉ុន្តែ​ខ្ញុំ​មិន​មាន​សេចក្ដី​អំណរតែ​នៅ​ក្នុង​ការ​ជោគជ័យ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ពោរពេញ​ថែម​ឡើង ដោយ​ព្រោះ​ភាព​ជោគជ័យ​របស់​បង​ប្អូន​ខ្ញុំ [ បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ ] ដែល​បាន​ឡើង​ទៅ​ឯ​ដែនដី​នីហ្វៃ ។

«មើល​ចុះ ពួក​គេ​បាន​ខិតខំ​ធ្វើ​ការ​ជា​ខ្លាំង ហើយ​បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ច្រើន ឯ​រង្វាន់​របស់​គេ​មហិមា​ណាស់!

« ឥឡូវ​នេះ កាល​ខ្ញុំ​នឹក​ដល់​ការ​ជោគជ័យ​របស់​បង​ប្អូន​ទាំង​នេះ នោះ​ព្រលឹង​ខ្ញុំ​ត្រូវ​បាន​បណ្ដែត​ចេញ​ទៅ គឺ​ឃ្លាត​ចេញ​ពី​រូប​កាយ នៅ​ពេល​នោះ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ធំ​អស្ចារ្យ​ណាស់។ » ។ ( អាលម៉ា ២៩:១៤–១៦ )

យើង​អាច​រក​ឃើញ​សេចក្តី​អំណរ​ដូច​គ្នា​នេះ​ដែរ​នៅពេល​យើង ស្រឡាញ់ អ្នក​ដទៃ​ដោយ « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ សូម​មើល​ផង​ដែរ ខ ៤៨ ) ចែកចាយ សេចក្ដី​ពិត​ដែល​បាន​ស្ដារ​ឡើងវិញ​ជាមួយ​ពួក​គេ ហើយ អញ្ជើញ ពួក​គេ​ឲ្យ​ចូលរួម​ជាមួយ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា ។

រូបភាព
ព្រះអង្គ​សង្គ្រោះ​គង់នៅ​សួនច្បារ​គែតសេម៉ានី

ឱ !​ព្រះបិតា ដោយ ស៊ីម៉ូន ឌីវី

សេចក្តី​អំណរ​នៅ​កណ្តាល​ទុក្ខ​វេទនា

យើង​មិន​គួរ​ភ័យ​ខ្លាច​ថា​ការ​សាកល្បង និង​ឧបសគ្គ​ដែល​យើង​ចៀស​មិន​ផុត​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នឹង​រារាំង ឬ​បំផ្លាញ​សេចក្តី​អំណរ​របស់​យើង​នោះទេ ។ អាលម៉ា​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បម្រើ​ដល់​អ្នក​ដទៃ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​ធ្វើ​ឲ្យ​គាត់​លះបង់​យ៉ាង​ច្រើន ។ គាត់​បាន​រងទុក្ខ​ដោយ​ការ​ជាប់​ឃុំឃាំង រយៈ​ពេល​យូរ​នៃ​ការ​អត់​ឃ្លាន និង​ការ​ស្រេក​ឃ្លាន ការ​វាយដំ​គំរាម​កំហែង​ដល់​ជីវិត​របស់​គាត់ ការ​ចំអក និង​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ។ ប៉ុន្តែ គ្រប់យ៉ាង « ត្រូវ​បាន​លេប​ទៅ​ក្នុង​សេចក្ដី​អំណរនៃ​ព្រះ​គ្រីស្ទ » ( អាលម៉ា ៣១:៣៨ ) ។ ប្រហែល​ជា​ការ​ឈឺចាប់​របស់​អាល់ម៉ា​បាន​ធ្វើ​ឲ្យ​សេចក្តី​អំណរ​ដែល​កើតឡើង​កាន់​តែ​ខ្លាំង​ឡើង ។

ប្រធាន ណិលសុន រំឭក​យើង​ថា​អំណរ​ជា​ផ្នែក​យ៉ាង​សំខាន់​ក្នុង​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ—« សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ [ ទ្រង់ ] បាន​រងទ្រាំ​នៅ​ឈើ​ឆ្កាង »​(ហេព្រើរ​១២:២)។

សូម​គិត​អំពី​រឿង​នេះ ! ដើម្បី​ឲ្យ​ទ្រង់​អាច​ស៊ូទ្រាំ​នឹង​បទពិសោធន៍​ដ៏​ឈឺ​ចាប់​បំផុត​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ​បាន នោះ​ព្រះអង្គ​សង្គ្រោះ​​របស់យើង​បាន​ផ្តោត​ព្រះទ័យ​ទ្រង់​ទៅ​លើ សេចក្តី​អំណរ !

« ហើយ​តើ​មាន​សេចក្តី​អំណរ​អ្វីខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់ ? ប្រាកដ​ណាស់ វា​រួម​មាន​សេចក្តី​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង​ការពង្រឹង​ដល់​យើង សេចក្តី​អំណរ​នៃ​ការបង់​ថ្លៃ​ចំពោះ​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ប្រែចិត្ត អំណរ​នៃ​ការធ្វើ​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ—ឲ្យ​ជ្រះស្អាត និង​មាន​ភាពស័ក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតាបិតា និង​ក្រុមគ្រួសារ​សួគ៌ា ។

« ប្រសិនបើ​យើង​ផ្តោត​ទៅលើ​សេចក្តី​អំណរ​ដែល​នឹង​កើតមាន​ដល់​យើង ឬ​ដល់​អស់អ្នក​ដែល​យើង​ស្រឡាញ់ តើ​យើង​អាច​ស៊ូទ្រាំ​យ៉ាងណា​នឹង​រឿង​បច្ចុប្បន្ន ដែល​ទំនង​ជា​ស្មុគស្មាញ ឈឺចាប់ ភ័យខ្លាច អយុត្តិធម៌ ឬ​មិនគួរ​កើត​នោះ​បាន ? »

សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​កើត​ឡើង​ដោយ​ការ​ស៊ូទ្រាំ​នឹង​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា ។ សេចក្តី​អំណរ​ដ៏​យូរ​អង្វែង​កើត​ឡើង​នៅ​ពេល​យើង​នៅជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ និង​ការ​ទទួល​នូវ​ព្រះ​គុណ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង​មាគ៌ា​នៃ​ដំណឹងល្អ មាន​សេចក្តី​អំណរ​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​សេចក្តី​អំណរ​នៅ​ចុង​បញ្ចប់​ផង​ដែរ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផ្លូវ​នៃ​សេចក្តី​អំណរ​ប្រចាំថ្ងៃ ។

បោះពុម្ព