« ការគ្រប់គ្រងថ្នាក់រៀន » ការគ្រប់គ្រងថ្នាក់រៀន ( ឆ្នាំ ២០២៣ )
« ការគ្រប់គ្រងថ្នាក់រៀន » ការគ្រប់គ្រងថ្នាក់រៀន
ការគ្រប់គ្រងថ្នាក់រៀន
គោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនាស្នើឲ្យមានគោលបំណងនៃការបង្រៀនចម្បងចំនួនបី ដែលអ្នកគ្រប់គ្រង និងគ្រូបង្រៀនខិតខំដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ៖
-
យើងបង្រៀនសិស្សនូវគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដូចដែលបានរកឃើញនៅក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។
-
គោលលទ្ធិ និងគោលការណ៍ទាំងនេះគឺត្រូវបានបង្រៀនតាមរបៀបមួយ ដែលដឹកនាំឲ្យមានការយល់ដឹង និងការស្អាងឡើង ។
-
យើងជួយសិស្សទាំងឡាយឲ្យបំពេញតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ និងរៀបចំពួកគេឲ្យបង្រៀនដំណឹងល្អដល់អ្នកដទៃទៀត ។
ដើម្បីជួយឲ្យសម្រេចគោលបំណងទាំងនេះគ្រូបង្រៀន និងសិស្សនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានត្រូវបានលើកទឹកចិត្តជាពិសេសឲ្យអនុវត្តតាមមូលដ្ឋានគ្រឹះនៃការបង្រៀន និងការរៀនសូត្រដំណឹងល្អ ។
គោលការណ៍ ការអនុវត្តន៍ និងលទ្ធផលទាំងនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ នៅពេលបានអនុវត្តដោយឈ្លាសវៃ និងដោយភាពចុះសម្រុងជាមួយគ្នាទៅវិញទៅមក នោះមូលដ្ឋានគ្រឹះទាំងនេះផ្តល់សមត្ថភាពដល់សិស្សដើម្បីយល់ពីព្រះគម្ពីរ ព្រមទាំងគោលលទ្ធិ និងគោលការណ៍ដែលមាននៅក្នុងនោះ ។ ពួកគេក៏លើកទឹកចិត្តសិស្សឲ្យដើរតួនាទីយ៉ាងសកម្មនៅក្នុងការរៀនសូត្ររបស់ពួកគេអំពីដំណឹងល្អ និងបង្កើនសមត្ថភាពរបស់សិស្សក្នុងការរស់នៅតាមដំណឹងល្អ ហើយបង្រៀនវាដល់អ្នកដទៃផងដែរ ។
ការបង្រៀន និងការរៀនសូត្រដោយព្រះវិញ្ញាណ
ការបង្រៀន និងការរៀនសូត្រនៃដំណឹងល្អធ្វើឡើងតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។ ការបង្រៀន និងការរៀនសូត្រដោយព្រះវិញ្ញាណកើតមាននៅពេលព្រះវិញ្ញាណបរិសុទ្ធកំពុងបើកសម្តែងអំពីតួនាទី ឬមុខងាររបស់ទ្រង់ជាមួយគ្រូបង្រៀន ជាមួយសិស្ស ឬជាមួយទាំងពីរ ។ មានតែតាមរយៈការបង្រៀន និងការរៀនសូត្រដោយព្រះវិញ្ញាណប៉ុណ្ណោះដែលសិស្សនឹងអាចយល់ដឹង ហើយពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងរបៀបមួយដែលពួកគេអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជីវិតដ៏អស់កល្បជានិច្ច ។
ប្រធាន ហិនរី ប៊ី អាវរិង បានសង្កត់ធ្ងន់អំពីតួនាទីចាំបាច់របស់ព្រះវិញ្ញាណបរិសុទ្ធ ដែលមាននៅក្នុងការរៀនសូត្រខាងវិញ្ញាណនៅពេលលោកបានបង្រៀនថា ៖ « សិស្សទាំងឡាយរបស់យើងមិនអាចស្គាល់ព្រះទេ ហើយមិនអាចស្រឡាញ់ដូចដែលពួកគេត្រូវតែស្រឡាញ់ទេ លើកលែងតែពួកគេត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ ។ មានតែតាមរយៈព្រះវិញ្ញាណប៉ុណ្ណោះដែលពួកគេដឹងថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណា រហូតដល់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ធ្វើជាដង្វាយធួននឹងបាបយើងរាល់គ្នា ហើយថាព្រះយេស៊ូវគឺជាព្រះបុត្រានៃព្រះ ហើយថាព្រះគ្រីស្ទបានបង់ថ្លៃនៃអំពើបាបរបស់យើងរួចហើយ ។ មានតែតាមរយៈព្រះវិញ្ញាណប៉ុណ្ណោះទើបពួកគេអាចដឹងថាព្រះវរិតាសួគ៌ និងព្រះរាជបុត្រាដែលមានព្រះជន្មរស់ឡើងវិញ និងសិរីរុងរឿង បានបង្ហាញអង្គទ្រង់ដល់យ៉ូសែប ស្ម៊ីធ ។ មានតែតាមរយៈព្រះវិញ្ញាណប៉ុណ្ណោះទើបពួកគេអាចដឹងថាព្រះគម្ពីរមរមន ពិតជាព្រះបន្ទូលរបស់ព្រះ ។ ហើយមានតែតាមរយៈការបំផុសគំនិតតែមួយគត់ទើបសិស្សអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតា និងព្រះរាជបុត្រាសម្រាប់ពួកគេ នៅក្នុងការផ្តល់ឲ្យយើងនូវពិធីបរិសុទ្ធដ៏ចំាបាច់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ មានតែតាមរយៈការទទួលបានសាក្សីទាំងនោះទេដែលចាក់ចូលយ៉ាងជ្រៅទៅក្នុងបេះដូងរបស់ពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលនឹងចាក់ឫសទៅលើគ្រឹះដ៏រឹងមាំ ដើម្បីឈរយ៉ាងខ្ជាប់ខ្ជួនក្នុងការឆ្លងកាត់សេចក្តីល្បួង និងការសាកល្បងនានានៅក្នុងជីវិតរបស់ពួកគេ » ( « To Know and to Love God » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១០ ] ទំព័រ ២ ) ។
បញ្ជីខាងក្រោមនេះមាននូវមុខងារមួយចំនួនរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានទំនាក់ទំនងផ្ទាល់ទៅនឹងតួនាទីរបស់ទ្រង់ក្នុងការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖
-
ទ្រង់ធ្វើទីបន្ទាល់ចំពោះព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូរិនថូសទី១ ១២:៣; អេធើរ ១២:៤១ ) ។
-
ទ្រង់លើកស្ទួយ ( លើកតម្កើង ឬស្អាងខាងវិញ្ញាណ ) ទាំងគ្រូបង្រៀន និងសិស្ស ( សូមមើល កូរិនថូសទី១ ១៤:១២; គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២២-២៣; ៨៤:១០៦ ) ។
-
ទ្រង់ប្រទាននូវ « ផលផ្លែនៃព្រះវិញ្ញាណ » ដែលរួមបញ្ចូលទាំងរឿងដូចជា សេចក្តីអំណរ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត សេចក្តីអត់ធ្មត់ និងភាពទន់ភ្លន់ ( សូមមើល កាឡាទី ៥:២២-២៣; រ៉ូម ១៥:១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៣; ១១:១២-១៣ ) ។
-
ទ្រង់ប្រទានអំណាចដល់មនុស្សម្នាក់ដើម្បីនិយាយដោយអំណាច និងភាពក្លាហាន ( សូមមើល នីហ្វៃទី១ ១០:២២; អាល់ម៉ា ១៨:៣៥; មរ៉ូណៃ ៨:១៦ ) ។
-
ទ្រង់ថ្លែទីបន្ទាល់អំពីសេចក្ដីពិតដ៏ពេញលេញនៃគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ( សូមមើល យ៉ូហាន ១៥:២៦; គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៩; ១០០:៨ ) ។
-
ទ្រង់ចែកសេចក្ដីពិត ចំណេះដឹង ការយល់ដឹង ការយល់ឃើញ និង ការបំភ្លឺ ( សូមមើល យ៉ូហាន ១៦:១៣; កូរិនថូសទី១ ២:៩-១១, ១៤; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤; ១១:១៣-១៤; ៧៦:៥–១០, ១១៦ ) ។
-
ទ្រង់ជួយដល់គ្រូបង្រៀន និងសិស្សឲ្យចងចាំគំនិត យោបល់ ឬគោលការណ៍នានា ( សូមមើល យ៉ូហាន ១៤:២៦ ) ។
-
ទ្រង់បំផុសគំនិតបុគ្គលម្នាក់នូវអ្វីដែលត្រូវនិយាយ ឬអ្វីដែលមិនត្រូវនិយាយ ( សូមមើល លូកា ១២:១១-១២; នីហ្វៃទី២ ៣២:៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៥; ១០០:៥–៦ ) ។
-
ទ្រង់នាំមកនូវសេចក្ដីពិតទៅក្នុងចិត្តរបស់មនុស្ស ( សូមមើល នីហ្វៃទី២ ៣៣:១ ) ។
-
ទ្រង់បន្ទន់ចិត្តមនុស្ស ( សូមមើល នីហ្វៃទី១ ២:១៦; អាល់ម៉ា ២៤:៨ ) ។
-
ទ្រង់ប្រទានការលួងលោម ( សូមមើល យ៉ូហាន ១៤:២៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៣ ) ។
-
ទ្រង់ញែកជាបរិសុទ្ធ ហើយផ្លាស់ប្ដូរចិត្ត ( សូមមើល ម៉ូសាយ ៥:២; នីហ្វៃទី៣ ២៧:២០; មរ៉ូណៃ ៦:៤ ) ។
នៅពេលពួកគេយល់អំពីតួនាទីចាំបាច់របស់ព្រះវិញ្ញណបរិសុទ្ធក្នុងការបើកសម្តែងនៅក្នុងការរៀនសូត្រខាងវិញ្ញាណ នោះគ្រូបង្រៀនទាំងឡាយនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកលោកអាចធ្វើបាន ដើម្បីអញ្ជើញព្រះវិញ្ញាណឲ្យបំពេញមុខងារទាំងនេះ ។ ដើម្បីធ្វើបែបនេះបាន គ្រូបង្រៀននឹងខិតខំប្រឹងប្រែងដើម្បីមានភាពស័ក្ដិសមផ្ទាល់ខ្លួន ។ ពួកលោកនឹងផ្តល់នូវ « ពាក្យអធិស្ឋាននៃសេចក្ដីជំនឿ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១៤ ) ហើយនឹងស្វែងរកការរៀបចំយ៉ាងហ្មត់ចត់សម្រាប់មេរៀននីមួយៗ ។ ពួកលោកនឹងព្យាយាមផ្តោតទៅលើបទពិសោធន៍នៃការរៀនសូត្ររបស់សិស្សពួកគេ ហើយមានភាពស្ងប់សុខនៅក្នុងដួងចិត្តរបស់ពួកគេជាជាងមានអារម្មណ៍អាក់អន់ចិត្ត និងព្រួយបារម្ភអំពីរឿងផ្សេងទៀត ។ ពួកលោកនឹងបង្ហាញស្មារតីនៃការស្វែងរកដោយរាបសា ។ ពួកលោកក៏នឹងជំរុញសិស្សទាំងឡាយឲ្យអញ្ជើញព្រះវិញ្ញាណបរិសុទ្ធចូលទៅក្នុងបទពិសោធន៍នៃការរៀនសូត្ររបស់ពួកគេផងដែរ ។
គ្រូបង្រៀន និងសិស្សអាចជួយបង្កើតនូវបរិយាកាសមួយដើម្បីជួយឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដោយ ៖
-
ការមានការប្រជុំធម្មនិដ្ឋានដ៏មានអត្ថន័យ ។
-
ការអាន និងការបង្រៀនចេញពីបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។
-
ការផ្ដោតទៅលើគំរូ និងការពិភាក្សាអំពីព្រះអង្គសង្គ្រោះ និងការទទួលបានទីបន្ទាល់អំពីទ្រង់ ។
-
ការបញ្ជាក់អំពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដោយសាមញ្ញ និងច្បាស់លាស់ ។
-
ការចំណាយពេលសម្រាប់ការពិចារណាដោយយកចិត្តទុកដាក់ អំឡុងពេលដែលបានបំផុសគំនិតដោយស្ងៀមស្ងាត់ ។
-
ការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនសមរម្យ និងការធ្វើទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍នានា ។
-
ការប្រើប្រាស់តន្ត្រីដ៏បំផុសគំនិត ។
-
ការសម្តែងសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះជាម្ចាស់ ។
គ្រូបង្រៀនអាចដឹងថា តើមុខងាររបស់ព្រះវិញ្ញាណត្រូវបានបង្ហាញនៅក្នុងថ្នាក់របស់ខ្លួនដែរឬអត់ ដោយពិចារណាសំណួរដូចខាងក្រោមនេះ ៖
-
តើសិស្សមានអារម្មណ៍ថា មានសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងចំពោះព្រះអង្គសង្គ្រោះ ដំណឹងល្អ និងព្រះគម្ពីរដែរឬទេ ?
-
តើសិស្សយល់ច្បាស់អំពីគោលការណ៍ដែលត្រូវបានបង្រៀនដែរឬទេ ?
-
តើសិស្សទទួលបានការស្អាងឡើង ហើយតើពួកគេមានអារម្មណ៍ថាបានបំផុសគំនិតឲ្យធ្វើសកម្មភាពតាមគោលការណ៍ដែលពួកគេបានរៀនដែរឬទេ ?
-
តើសិស្សក្នុងថ្នាក់រៀនបង្កើនសាមគ្គីភាពដែរឬទេ ?
-
តើមានទីបន្ទាល់ដែលបានចែកចាយ និងបានពង្រឹងដែរឬទេ ?
-
តើសិស្សបានចាប់អារម្មណ៍ និងបានចូលរួមនៅក្នុងដំណើរការនៃការរៀនសូត្រដែរឬទេ ?
-
តើមានអារម្មណ៍នៃ « សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » ( កាឡាទី ៥:២២ ) ក្នុងថ្នាក់រៀនដែរឬទេ ?
វាសំខាន់ណាស់ដើម្បីចាំថាគ្មានគ្រូបង្រៀនណា ទោះជាមានអំណោយទាន ឬភាពស្មោះត្រង់ប៉ុណ្ណាក៏ដោយ អាចបំពេញមុខងារនៃព្រះវិញ្ញាណបានឡើយ ។ ជួនកាលនោះ គ្រូបង្រៀនអាចព្យាយាមធ្វើឲ្យមានបទពិសោធន៍ខាងវិញ្ញាណមួយ ។ អែលឌើរ ប៊យ ខេ ផាកកឺ បានបង្រៀនថា ៖ « អ្នកមិនអាចបង្ខំកិច្ចការខាងវិញ្ញាណបានទេ ។… វាងាយជាងដែលអ្នកអាចបង្ខំធញ្ញជាតិមួយឲ្យដុះពន្លក ឬស៊ុតឲ្យញាស់មុនពេលកំណត់របស់វាបាន តែអ្នកមិនអាចបង្ខំព្រះវិញ្ញាណឲ្យឆ្លើយតបបាននោះទេ ។ អ្នកអាចបង្កើតអាកាសធាតុដើម្បីជំរុញការលូតលាស់ ចិញ្ចឹមបីបាច់ និងការពារ ប៉ុន្តែអ្នកមិនអាចចាប់ជំរិត ឬបង្ខំបានទេ ៖ អ្នកត្រូវតែរង់ចាំការរីកចម្រើន » ( « Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។
ការបង្រៀនដោយព្រះវិញ្ញាណមិនគួរពឹងផ្អែកជាចម្បងទៅលើបញ្ញា ជំនាញក្នុងការបង្រៀន ឬបុគ្គលិកលក្ខណៈរបស់ពួកគេនោះទេ ប៉ុន្តែផ្អែកលើឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធវិញ ( សូមមើល នីហ្វៃទី២ ៤:៣៤ ) ។ ពួកគេក៏គួរតែចៀសវាងការធ្វើជាមានអារម្មណ៍ក្តុកក្តួល ឬព្យាយាមស្រក់ទឹកភ្នែកដោយធ្វើជាភស្តុតាងដែលបញ្ជាក់ថាមានវត្តមានព្រះវិញ្ញាណនោះទេ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានព្រមានថា ៖ « ខ្ញុំគិតថាបើយើងមិនប្រយ័ត្នដូចជា … គ្រូបង្រៀនដែលធ្វើការនៅក្នុងថ្នាក់រៀនជារៀងរាល់ថ្ងៃ យើងប្រហែលជាចាប់ផ្ដើមព្យាយាមក្លែងបន្លំឥទ្ធិពលពិតនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយមធ្យោបាយដែលមិនស័ក្ដិសម និងមានឧបាយកលនានា ។ ខ្ញុំមានការព្រួយបារម្ភនៅពេលដែលមានការបង្ហាញអារម្មណ៍រំជួលចិត្តខ្លាំង ឬស្រក់ទឹកភ្នែកដែលប្រៀបស្មើទៅនឹងវត្តមាននៃព្រះវិញ្ញាណ ។ ប្រាកដណាស់ ព្រះវិញ្ញាណនៃព្រះជាម្ចាស់អាចនាំមកនូវអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងរួមទាំងទឹកភ្នែកផងដែរ ប៉ុន្តែការបង្ហាញខាងក្រៅនោះមិនគួរច្រឡំទៅនឹងវត្តមានរបស់ព្រះវិញ្ញាណផ្ទាល់នោះឡើយ » ( « Eternal Investments » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៨៩ ] ទំព័រ ៤ ) ។
គ្រូបង្រៀនគួរតែប្រយ័ត្នប្រើឃ្លាដូចជា « ព្រះវិញ្ញាណបានប្រាប់ខ្ញុំឲ្យ … » ឬ « ព្រះវិញ្ញាណបាននិយាយថាខ្ញុំគួរ … » ដោយចេតនា ឬដោយអចេតនា ឃ្លាទាំងនេះអាចយល់ខុសថាជាការលើកកម្ពស់ខ្លួនឯង និងអាចបង្កប់នូវកម្រិតនៃការបំផ្លើសខាងវិញ្ញាណ ហើយអាចបណ្តាលឲ្យមានការសោកសៅខាងវិញ្ញាណ ។ ជាទូទៅ វាគ្រប់គ្រាន់សម្រាប់គ្រូបង្រៀនដើម្បីធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណ ដោយមិនប្រកាសថាពួកគេកំពុងទទួលការបំផុសគំនិតនោះទេ ។
ប្រធាន ហិនរី ប៊ី អាវរិង បានផ្តល់ដំបូន្មាននេះថា ៖ « ការផ្តល់បទពិសោធន៍ដល់សិស្សជាមួយព្រះវិញ្ញាណគឺសំខាន់ជាងការនិយាយអំពីការណ៍នោះទៅទៀត ។ ហើយគ្រាន់តែដឹងថាមនុស្សម្នាក់ៗមានបទពិសោធន៍ខាងវិញ្ញាណខុសគ្នាបន្តិច ។ … ខ្ញុំគិតថាវាជារឿងបុគ្គល ដែលខ្ញុំនឹងប្រុងប្រយ័ត្នបន្តិចក្នុងការព្យាយាមនិយាយចំៗច្រើនពេក ។ ខ្ញុំគិតថាបទពិសោធន៍ជាមួយវា … អាចប្រសើរជាងបើអ្នកបន្តនិយាយថា ‹ តើអ្នកមានអារម្មណ៍ព្រះវិញ្ញាណដែរឬទេ ? › ខ្ញុំគិតថាវាអាចជាមានផលអវិជ្ជមាន » « ( ការពិភាក្សារបស់អែលឌើរ រីឆាត ជី ស្កត និងអែលឌើរ ហិនរី ប៊ី អាវរិង » [ ការចាក់ផ្សាយការបំពាក់បំប៉ន ស៊ី. អ៊ី. អេស.តាមផ្កាយរណប ខែ សីហា ឆ្នាំ ២០០៣ ] ទំព័រ ៨ ) ។
គ្រូបង្រៀនគួរចាំថាការបង្រៀនដោយព្រះវិញ្ញាណមិនបានដកចេញនូវទំនួលខុសត្រូវរបស់ខ្លួន ចំពោះការរៀបចំមេរៀនដ៏ឧស្សាហ៍ព្យាយាម ដោយការពិចារណា ដោយបួករួមទាំងការប្រើប្រាស់កម្មវិធីសិក្សាដែលបានផ្ដល់ឲ្យនោះទេ ។ ម៉្យាងវិញទៀត ការបង្រៀនដោយព្រះវិញ្ញាណតម្រូវឲ្យមានច្រើនជាងការធ្វើតាមការណែនាំគ្រប់កម្មវិធីសិក្សាដែលបានកំណត់ដោយមិនបានអធិស្ឋាន ពិចារណា ឬការបត់បែនដែលអាចមាននោះទេ ។ លើសពីនេះទៀត គ្រូបង្រៀនមិនគួរផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការធ្វើតាមគម្រោងមេរៀនរបស់ពួកគេយ៉ាងតឹងរឹង ដែលធ្វើឲ្យពួកគេមិនបើកចំហដើម្បីទទួល និងធ្វើតាមការបំផុសមកពីព្រះវិញ្ញាណក្នុងអំឡុងពេលរៀននោះទេ ។
បង្កើតឲ្យមានបរិយាកាសរៀនសូត្រប្រកបដោយសេចក្តីស្រឡាញ់ ការគោរព និងមានគោលបំណង ។
នៅពេលគ្រូបង្រៀន និងសិស្សមានសេចក្តីស្រឡាញ់ និងការគោរពដល់ព្រះអម្ចាស់ និងគោរពគ្នាទៅវិញទៅមក ព្រមទាំងគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះការរៀនសូត្រត្រូវបានលើកកម្ពស់ ។ ចែកចាយនូវគោលបំណងដែលផ្តោតលើកិច្ចខិតខំ និងសេចក្តីសង្ឃឹម ហើយផ្តល់ការណែនាំចំពោះបទពិសោធន៍ក្នុងថ្នាក់រៀន ។ ការបង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ ការគោរព និងគោលបំណងបែបនេះ គឺជាទំនួលខុសត្រូវទាំងគ្រូបង្រៀន និងសិស្ស ហើយអញ្ជើញឲ្យមានឥទ្ធិពលនៃការស្អាងឡើងរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
សេចក្តីស្រឡាញ់ និងការគោរព
សេចក្តីស្រឡាញ់បន្ទន់ចិត្ត ហើយអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលគ្រូបង្រៀនស្រឡាញ់ដូចព្រះអង្គសង្គ្រោះស្រឡាញ់ នោះពួកគេមើលឃើញអ្នកដទៃដូចដែលទ្រង់ទតឃើញពួកគេដែរ ។ សេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទបំផុសគំនិតគ្រូបង្រៀនកុំឲ្យបោះបង់ចោលក្នុងការជួយយុវជន និងយុវនារីម្នាក់ៗឲ្យក្លាយជាមនុស្សដែលប្រែចិត្តជឿយ៉ាងពិតប្រាកដ ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា ៖ « ពេលយើងត្រូវបានគេហៅឲ្យបង្រៀន យើងគួរតែទទួលយកការហៅរបស់យើង ហើយបង្រៀនដោយសារតែសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជាព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្រៀនដំណឹងល្អគួរតែបង្រៀនសិស្សដោយសេចក្តីស្រឡាញ់ជានិច្ច ។ … សេចក្ដីស្រឡាញ់ចំពោះព្រះ និងសេចក្ដីស្រឡាញ់ចំពោះបុត្រាបុត្រីរបស់ទ្រង់ គឺជាមូលហេតុដ៏ខ្ពស់បំផុតសម្រាប់ការបម្រើ ។ អ្នកទាំងឡាយណាដែលបង្រៀនដោយចេញពីសេចក្ដីស្រឡាញ់នឹងត្រូវបានលើកតម្កើងជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់ដែលពួកគេបម្រើ » ( « Gospel Teaching » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៩ ) ។
គ្រូបង្រៀន និងសិស្សទាំងឡាយណាដែលស្រឡាញ់ព្រះអម្ចាស់ ហើយដែលដឹងអំពីសេចក្តីស្រឡាញ់របស់ទ្រង់ ចំពោះពួកគេ មានអារម្មណ៍ថា មាននូវបំណងពិតប្រាកដដែលអាចខិតជិតទ្រង់ ហើយប្រែក្លាយកាន់តែដូចទ្រង់ ។ ពួកគេគោរព និងមានគាវរភាពចំពោះព្រះបន្ទូលរបស់ទ្រង់ និងប្រសាសន៍ពួកព្យាការីរបស់ទ្រង់ នៅតាមរបៀបដែលជំរុញពួកគេឲ្យសិក្សាព្រះគម្ពីរដោយឧស្សាហ៍ព្យាយាម អនុវត្តនូវអ្វីដែលពួកគេរៀន ហើយដើម្បីចែកចាយនូវអ្វីដែលពួកគេកំពុងរៀនជាមួយអ្នកដទៃ ។
នៅពេលសិស្សទាំងឡាយដឹងថាពួកគេទទួលក្តីស្រឡាញ់ និងការគោរព ពីគ្រូបង្រៀន និងសិស្សផ្សេងទៀត នោះពួកគេកាន់តែចូលចិត្តមកកាន់ថ្នាក់ដោយត្រៀមខ្លួនជាស្រេចដើម្បីរៀន ។ ការទទួលយក និងសេចក្ដីស្រឡាញ់ដែលពួកគេមានមកពីអ្នកដទៃអាចបន្ទន់ចិត្តរបស់ពួកគេ កាត់បន្ថយការភ័យខ្លាច និងជំរុញពួកគេនូវបំណងប្រាថ្នា និងទំនុកចិត្តដែលចាំបាច់ដើម្បីចែកចាយបទពិសោធន៍ និងអារម្មណ៍របស់ពួកគេជាមួយគ្រូបង្រៀនរបស់ពួកគេ និងសមាជិកថ្នាក់ផ្សេងទៀតផងដែរ ។
គ្រូបង្រៀនអាចចិញ្ចឹមបីបាច់អារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការគោរពរបស់សិស្សចំពោះព្រះអម្ចាស់ដោយជួយពួកគេឲ្យយល់អំពីដង្វាយធួន ដោយបង្រៀនពួកគេអំពីទេវភាពរបស់ពួកគេ និងតម្លៃដែលមិនអាចកាត់ថ្លៃបានចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ហើយដោយការនិយាយ និងថ្លែងទីបន្ទាល់អំពីទ្រង់ទាំងទ្វេតាមរបៀបត្រឹមត្រូវ និងគាវរភាព ។
គ្រូបង្រៀនទាំងឡាយគួរតែអភិវឌ្ឍសេចក្តីស្រឡាញ់ និងការគោរពដែលពួកគេមានចំពោះសិស្សរបស់ពួកគេ ។ ការធ្វើបែបនេះនឹងជួយពួកគេឲ្យសាយភាយនូវក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទចំពោះសិស្សរបស់ពួកគេ ហើយជួយពួកគេបង្រៀនដោយការអត់ធ្មត់ និងក្តីមេត្តា ។ គ្រូបង្រៀនអាចរៀនឈ្មោះសិស្ស និងស្វែងយល់អំពីចំណាប់អារម្មណ៍ ទេពកោសល្យ ឧបសគ្គ និងសមត្ថភាពរបស់ពួកគេ ។ ពួកគេអាចអធិស្ឋានសម្រាប់សិស្សរបស់ពួកគេជារួម និងជាបុគ្គល ។ គ្រូបង្រៀនអាចស្វាគមន៍សិស្សម្នាក់ៗមកក្នុងថ្នាក់រៀនដោយផ្ទាល់ ហើយផ្ដល់ឱកាសឲ្យសិស្សគ្រប់រូបចូលរួមចំណែក ។ ពួកគេគួរស្តាប់ដោយប្រុងប្រយ័ត្ននៅពេលសិស្សសួរសំណួរ ឬចែកចាយគំនិត ឬអារម្មណ៍របស់ពួកគេ ។ បន្ថែមពីនេះទៅទៀត គ្រូបង្រៀនទាំងឡាយអាចចូលរួមក្នុងការសម្តែង ការប្រកួតកីឡា ឬព្រឹត្តិការណ៍ផ្សេងទៀតដែលសិស្សរបស់ពួកគេកំពុងចូលរួម ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីផ្តល់ក្តីស្រឡាញ់ដល់សិស្សរបស់ខ្លួន គ្រូបង្រៀនមិនគួរព្យាយាមជំនួសកន្លែងជាឪពុកម្ដាយ ឬអ្នកដឹកនាំបព្វជិតភាព ឬដើម្បីក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនដល់សិស្សឡើយ ។
គ្រូបង្រៀនភាគច្រើននឹងមានសិស្សមួយចំនួននៅក្នុងថ្នាក់របស់ពួកគេគឺ សមត្ថភាពមានដែនកំណត់ ឬពិការខាងរាងកាយ ឬពិការខាងសតិបញ្ញា ។ ពួកគេក៏ជាបុត្ររបស់ព្រះវរបិតាសួគ៌ដែរ ហើយត្រូវរៀនដំណឹងល្អដោយមិនគិតពីបញ្ហាប្រឈមផ្ទាល់ខ្លួន ឬមានដែនកំណត់នៃបទពិសោធន៍នៅក្នុងជីវិតរមែងស្លាប់នោះទេ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « គ្រប់ទាំងគំនិត និងវិញ្ញាណដែលព្រះធ្លាប់បានបញ្ជូនមកក្នុងពិភពលោកនេះគឺងាយនឹងពង្រីកបាន » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។ គ្រូបង្រៀនត្រូវឆាប់ចាប់អារម្មណ៍ចំពោះសិស្សទាំងអស់ ហើយពិចារណាអំពីតម្រូវការ និងសមត្ថភាពសិស្សម្នាក់ៗនៅពេលពួកគេរៀបចំ និងធ្វើបទបង្ហាញមេរៀនរបស់ពួកគេ ។
ចំណុចមួយដែលមានប្រយោជន៍បំផុត ដែលគ្រូបង្រៀនអាចធ្វើដើម្បីអភិវឌ្ឍសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះសិស្សទាំងឡាយរបស់ពួកគាត់ គឺជាការស្វែងរកអំណោយនៃសេចក្តីសប្បុរសតាមរយៈការអធិស្ឋានដ៏ស្មោះត្រង់ ។ ព្យាការីមរមនបានបង្រៀនថា ៖ « ហេតុដូច្នោះហើយ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិត នៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។
បង្កើតឲ្យមានគំនិតនៃគោលបំណងមួយ
គំនិតនៃគោលបំណងមួយដែលបានចែកចាយដោយគ្រូបង្រៀន និងសិស្សអាចបង្កើនសេចក្តីជំនឿ និងផ្តល់ការណែនាំ ហើយមានអត្ថន័យចំពោះបទពិសោធន៍ថ្នាក់រៀន ។ សិស្សគួរយល់ថាពួកគេកំពុងចូលរួមក្នុងថ្នាក់ដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីរីកចម្រើនឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ច តាមរយៈការសិក្សាអំពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។ ពួកគេគួរតែជឿថា តាមរយៈការខិតទៅរកព្រះអម្ចាស់នៅក្នុងឥរិយាបថប្រាថ្នាសូម និងអធិស្ឋាន នោះពួកគេអាចត្រូវបានបង្រៀន និងបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលគ្រូបង្រៀន និងសិស្សខិតទៅជិតការសិក្សាព្រះគម្ពីរជាមួយនឹងការរំពឹងដើម្បីរៀនសូត្រតាមរយៈព្រះវិញ្ញាណ និងពីគ្នាទៅវិញទៅមក នោះពួកគេបង្កើតបរិយាកាសមួយដែលអញ្ជើញឲ្យមានវិវរណៈ ។
គ្រូបង្រៀនអាចលើកទឹកចិត្តឲ្យពេញដោយគោលបំណងនៅក្នុងថ្នាក់រៀនដោយការធ្វើដូចខាងក្រោមនេះ ៖
-
សូមរំពឹងថាសិស្សនឹងបំពេញតួនាទីរបស់ពួកគេជាអ្នករៀនសូត្រ ។ គំនិតនៃគោលបំណងមួយអាចកើតមាននៅក្នុងថ្នាក់រៀនបាន នៅពេលគ្រូបង្រៀនប្រាថ្នាចង់ឲ្យសិស្សបំពេញតួនាទីរបស់ពួកគេ ក្នុងនាមជាអ្នករៀនសូត្រ ព្រមទាំងជួយពួកគេក្នុងការធ្វើដូច្នោះ និងនៅពេលដែលសិស្សទទួលបាននូវការទុកចិត្តក្នុងការចូលរួមចំណែកតាមវិធីសំខាន់ៗ ។ គ្រូបង្រៀនដែលពេញដោយគំនិតនៃគោលបំណង ដែលស្រឡាញ់សិស្សរបស់ពួកគាត់យ៉ាងពិតប្រាកដ នឹងខ្វាយខ្វល់ច្រើនអំពីការរីកចម្រើន និងភាពជោគជ័យជាទីពេញចិត្ត ទោះបើដោយកិច្ចខិតខំតែបន្តិចបន្តួចប៉ុណ្ណោះក៏ដោយ ។ គ្រូបង្រៀនបែបនេះនឹងលើកទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់ ហើយនឹងលើកតម្កើងសិស្សរបស់ខ្លួនឡើងដើម្បីឈានទៅដល់សក្តានុពលរបស់ពួកគេក្នុងនាមជាអ្នករៀនសូត្រ និងជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ចូរមានចិត្តស្មោះ មហិច្ចតា និងស្វាហាប់ចំពោះព្រះគម្ពីរ និងដំណឹងល្អ ។ ជាទូទៅ សិស្សមានបំណងចង់រៀនកាន់តែខ្លាំងនៅពេលពួកគេដឹងអំពីចំណាប់អារម្មណ៍ខ្លាំងរបស់គ្រូបង្រៀនពួកគេ និងជំនឿនៅលើឯកសារដែលកំពុងពិភាក្សា ។
-
រៀបចំមេរៀនដែលស្អាងឡើង ។ នៅពេលគ្រូបង្រៀនមកថ្នាក់ដោយបានរៀបចំមេរៀនយ៉ាងល្អ មេរៀនដែលស្អាងឡើង និងមានអារម្មណ៍ជឿជាក់លើទិសដៅដែលពួកគេទទួលបានការណែនាំឲ្យធ្វើ នោះពួកគេបង្ហាញពីគោលបំណងនោះដែលសិស្សទទួលស្គាល់បានយ៉ាងងាយស្រួល ។
-
រៀបចំសម្ភារឯកសារ និងឧបករណ៍ដែលត្រូវការចាំបាច់ ។ គ្រូបង្រៀនគួរមកដល់ថ្នាក់រៀនរបស់ខ្លួនពីមុនសិស្ស ដើម្បីរៀបចំសម្ភារឯកសារ និងឧបករណ៍ចាំបាច់នានា ។ ឱកាសនេះផ្តល់ដល់គ្រូបង្រៀនដើម្បីស្វាគមន៍សិស្សម្នាក់ៗនៅពេលគេមកដល់ថ្នាក់រៀន ។ សិស្សគួរព្យាយាមមករៀនឲ្យបានទាន់ពេលវេលា ហើយមានសម្ភាររៀនត្រឹមត្រូវទាំងអស់—ដូចជាព្រះគម្ពីរ ខ្មៅដៃសម្រាប់គូសសម្គាល់ និងសៀវភៅកំណត់ហេតុ—នៅលើតុរបស់ពួកគេនៅពេលដែលថ្នាក់ចាប់ផ្តើម ។
-
ជៀសវាងការខ្ជះខ្ជាយពេលវេលា ។ ពេលថ្នាក់រៀនចាប់ផ្ដើមទាន់ពេលវេលា ហើយនៅពេលសិស្សយល់ឃើញថាមិនខ្ជះខ្ជាយពេលវេលា នោះពួកគេនឹងមានអារម្មណ៍ពីគំនិតនៃគោលបំណងមួយ ។
-
បង្កើតទម្លាប់ក្នុងថ្នាក់រៀន ។ ការបង្កើតទម្លាប់សម្រាប់សកម្មភាពថ្នាក់រៀន ដែលបានធ្វើឡើងជាញឹកញាប់នាំមកនូវអារម្មណ៍នៃសណ្តាប់ធ្នាប់ និងគំនិតនៃគោលបំណង ។ ទម្លាប់ក្នុងថ្នាក់រៀនលើកទឹកចិត្តឲ្យមានការចូលរួមពីសិស្សម្នាក់ៗ និងជួយគ្រូបង្រៀន និងសិស្សឲ្យកាន់តែមានប្រសិទ្ធភាពជាមួយនឹងការប្រើប្រាស់ពេលវេលាក្នុងថ្នាក់ដ៏មានតម្លៃ ។ ទំម្លាប់អាចបង្កើតឡើងសម្រាប់សកម្មភាពទាំងឡាយដូចជាការដាក់ និងការដកព្រះគម្ពីរ និងសម្ភាររៀនសូត្រចេញ ការរៀបចំ និងការផ្តល់ការប្រជុំធម្មនិដ្ឋានដ៏លើកតម្កើង និងការចែកចាយ និងការប្រមូលក្រដាស និងសម្ភារទាំងឡាយជាដើម ។ ការធ្វើសេចក្តីប្រកាស ការកត់ត្រាវត្តមានសិស្ស ការត្រួតពិនិត្យលើកិច្ចការផ្ទះ និងការប្រកាសផ្សេងទៀត ល្អបំផុតគួធ្វើមុនពេលចាប់ផ្តើមការប្រជុំធម្មនិដ្ឋាន និងមេរៀន ។
ការណែនាំបន្ថែមសម្រាប់ការបង្កើតបរិយាកាសរៀនសូត្រដែលសមរម្យ
ក្រៅពីសេចក្តីស្រឡាញ់ ការគោរព និងគោលបំណង របៀបនៃការរៀនសូត្រដំណឹងល្អដ៏ប្រសើរមួយ ក៏មានដូចជារបៀបរៀបរយ គាវរភាព និងអារម្មណ៍នៃសេចក្តីសុខសាន្តផងដែរ ។ ប្រធាន ប៊យដ៍ ខេ ផាកកឺ បានបង្រៀនថា « ការបំផុសគំនិតងាយកើតមាននៅក្នុងបរិយាកាសដ៏សុខសាន្ត » ហើយថា « គារវភាពអញ្ជើញឲ្យមានវិវរណៈ » ( « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២១–២២ ) ។ ខាងក្រោមនេះគឺជាយោបល់បន្ថែមមួយចំនួនដែលគ្រូបង្រៀនអាចប្រើ ដើម្បីបង្កើត និងរក្សាបរិយាកាសមួយដែលគាំទ្រដល់ការរៀនសូត្រអំពីដំណឹងល្អ ។
សូមរៀបចំថ្នាក់រៀនសម្រាប់ការរៀនសូត្រ ។
បរិយាកាសជុំវិញក្នុងថ្នាក់រៀន អាចមានឥទ្ធិពលដល់បទពិសោធន៏របស់សិស្សនៅក្នុងការរៀនសូត្រដំណឹងល្អ ។ គ្រូបង្រៀនទាំងឡាយគួរតែធ្វើឲ្យអស់ពីសមត្ថភាពក្នុងការរៀបចំថ្នាក់រៀន ដើម្បីឲ្យសិស្សអាចទទួលអារម្មណ៍កក់ក្តៅ និងអាចផ្តោតអារម្មណ៍លើមេរៀន ។ ការពិចារណាមួយចំនួនអាចរួមបញ្ចូល ៖
ការអង្គុយ ។ លើកលែងតែកាលៈទេសៈមិនប្រក្រតី នោះសិស្សគ្រប់រូបគួរមានកន្លែងអង្គុយស្រួលបួល កន្លែងសម្រាប់ព្រះគម្ពីរ និងសម្ភារឯកសារសិក្សារបស់ពួកគេ និងកន្លែងសរសេរ ។ ការរៀបចំកន្លែងអង្គុយគួរតែអនុញ្ញាតឲ្យសិស្សអាចមើលឃើញគ្រូបង្រៀនបានងាយស្រួល និងធនធានដែលអាចមើលឃើញណាមួយដែលគ្រូបង្រៀនប្រើ ។ នៅកន្លែងដែលអាចធ្វើទៅបាន ការរៀបចំកន្លែងអង្គុយផ្សេងទៀតអាចត្រូវបានប្រើដើម្បីគាំទ្រសកម្មភាពរៀនសូត្រប្រភេទផ្សេងៗគ្នា ។ ការមានកន្លែងអង្គុយដែលបានកំណត់អាចជួយគ្រូបង្រៀនឲ្យចាំឈ្មោះរបស់សិស្សបានឆាប់ រៀបចំថ្នាក់រៀនសម្រាប់ការងារក្រុមតូចៗ ឬលំហាត់ចំណេះចំណានខាងគោលលទ្ធិ និងបែងចែកសិស្សដាច់ដោយឡែកពីគ្នាដែលមានទំនោរចង់និយាយជាមួយគ្នាក្នុងអំឡុងពេលរៀន ។ គ្រូបង្រៀនគួរតែយកចិត្តទុកដាក់ដល់សិស្សដែលអាចពិបាកធ្វើចលនា ឬការមើលមិនឃើញ ដោយការៀបចំកន្លែងដែលលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងសកម្មភាពក្នុងថ្នាក់ ។
ការរំខាននានា ។ គ្រូបង្រៀនគួរព្យាយាមបំបាត់ការរំខានណាមួយដែលអាចរំខានដល់ដំណើរការបង្រៀន និងការរៀនសូត្រ ។ ប្រសិនបើការបង្រៀនធ្វើឡើងនៅក្នុងផ្ទះ វាប្រហែលអាចមានឧបសគ្គជាក់លាក់មួយចំនួន ប៉ុន្តែសូម្បីតែនៅក្នុងរបៀបនោះក៏គ្រូបង្រៀនអាចកាត់បន្ថយការរំខានឲ្យនៅកម្រិតអប្បបរមាបានដែរជាមួយនឹងការរៀបចំផែនការដោយប្រុងប្រយ័ត្ន ។
បរិយាកាសនៃថ្នាក់រៀន ។ រូបភាពដែលទាក់ទងនឹងដំណឹងល្អ រូបភាព បដា និងការបង្ហាញផ្សេងទៀត ជាញឹកញាប់អាចជម្រុញឲ្យមានបរិយាកាសនៃការរៀនសូត្របាន ។ ថ្នាក់រៀនដែលមានអនាម័យ ស្អាត និងមានសណ្តាប់ធ្នាប់ក៏លើកទឹកចិត្តឲ្យមានគារវភាព និងជំរុញឲ្យមានបរិយាកាសមួយដែលនាំឲ្យមានឥទ្ធិពលនៃព្រះវិញ្ញាណផងដែរ ។
រូបសម្បត្តិរបស់គ្រូបង្រៀន ។ សិស្សនឹងទទួលស្គាល់កាន់តែច្បាស់អំពីសារៈសំខាន់នៃបទពិសោធន៍រៀនសូត្រនៅពេលដែលគ្រូបង្រៀនស្លៀកសម្លៀកបំពាក់ និងតុបតែងខ្លួនដោយរាបសា និងសមរម្យ ហើយឆ្លុះបញ្ចាំងពីលក្ខណៈពិសិដ្ឋនៃសារលិខិតដំណឹងល្អ ។
សូមអញ្ជើញព្រះវិញ្ញាណតាមរយៈការប្រជុំធម្មនិដ្ឋានដ៏មានប្រសិទ្ធភាព ។
ថ្នាក់គួរតែចាប់ផ្តើមជាមួយនឹងការប្រជុំធម្មនិដ្ឋានខ្លីមួយ ។ ការប្រជុំធម្មនិដ្ឋានអាចជាវិធីដ៏ល្អមួយដើម្បីរួបរួមសិស្សដោយបង្វែរគំនិត និងដួងចិត្តរបស់ពួកគេទៅរកកិច្ចការខាងវិញ្ញាណ ។ វាអាចជួយគ្រូបង្រៀន និងសិស្សឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណ និងត្រៀមខ្លួនជាស្រេចដើម្បីរៀន ។ ការប្រជុំធម្មនិដ្ឋានជាទូទៅមានចម្រៀងទំនុកតម្កើង ការអធិស្ឋាន និងការចែកគំនិតខាងវិញ្ញាណមកពីព្រះគម្ពីរ ។ វាមានប្រសិទ្ធិភាពបំផុតនៅពេលសិស្សចែកចាយអារម្មណ៍ និងការយល់ដឹងដែលពួកគេមាននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ហើយនៅពេលពួកគេថ្លែងទីបន្ទាល់ ។ ការប្រជុំធម្មនិដ្ឋានដ៏យូរ ឬល្អិតល្អន់ពេកមិនគ្រាន់តែស៊ីពេលវេលាពីការៀនមេរៀនប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យព្រះវិញ្ញាណដកខ្លួនចេញទៀតផង ។ ការប្រជុំធម្មនិដ្ឋានដែលមាននូវការបម្រើអាហារសម្រន់ភាគច្រើននឹងធ្វើឲ្យមានអារម្មណ៍លេងសើចជាជាងមានអារម្មណ៍ខាងវិញ្ញាណមួយ ។ គ្រូបង្រៀនទាំងឡាយគួរតែយកពេលនិយាយជាមួយសិស្ស ជាពិសេសពួកអ្នកដឹកនាំថ្នាក់ អំពីគោលបំណងនៃការប្រជុំធម្មនិដ្ឋាន តើអ្វីដែលពួកគេអាចធ្វើឲ្យប្រសើរឡើងសម្រាប់ខ្លួនពួកគេ និងអំពីរបៀបដែលពួកគេអាចលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យចូលរួម ។
ពិភាក្សាអំពីគោលការណ៍ទាំងឡាយនៃការរៀនសូត្រខាងព្រលឹងវិញ្ញាណ ។
នៅដើមឆ្នាំ គ្រូបង្រៀនអាចបញ្ចូលសិស្សទៅក្នុងការពិភាក្សាអំពីស្ថានភាពអ្វីដែលជំរុញឲ្យមានការរៀនសូត្រខាងវិញ្ញាណ ( សូមមើល កូរិនថូសទី១ ២:១០-១១; គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:១៧-២២; ៨៨:១២១-១២៦ ) ។ ការពិភាក្សាទាំងនេះអាចផ្តោតទៅលើឥរិយាបថដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ឲ្យគង់ជាមួយពួកគេ នៅក្នុងការរៀនសូត្រដំណឹងល្អ ព្រមទាំងអំពីឥរិយាបថដែលធ្វើឲ្យព្រះវិញ្ញាណដកខ្លួនចេញ ។ គ្រូបង្រៀន និងសិស្សគួរតែលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យបានញឹកញាប់ ដើម្បីអនុវត្តកិច្ចការដែលពួកគេបានយល់ស្របដែលនឹងអញ្ជើញព្រះវិញ្ញណ ។ កិច្ចខិតខំបែបនោះអាចជួយទាំងសិស្ស និងគ្រូបង្រៀនឲ្យយល់ ហើយបំពេញតួនាទីដែលពួកគេមាននៅក្នុងការអញ្ជើញព្រះវិញ្ញាណចូលទៅក្នុងដំណើរការនៃការរៀនសូត្រ ។
សូមជ្រើសរើសសកម្មភាពរៀនសូត្រដោយប្រុងប្រយ័ត្ន ។
គ្រូបង្រៀនទាំងឡាយគួរតែដឹងថាសកម្មភាពរៀនសូត្រផ្សេងគ្នាអាចជំរុញឲ្យមានអារម្មណ៍ និងឥរិយាបថផ្សេងគ្នាចំពោះសិស្ស ។ ជាឧទារហណ៍ បន្ទាប់ពីការដឹកនាំល្បែងបង្រៀនដ៏រីករាយនៅដើមថ្នាក់របស់គាត់រួច គ្រូបង្រៀនម្នាក់មានអារម្មណ៍ខកចិត្ត នៅពេលគាត់ពុំអាចសម្រេចបាននូវការបញ្ចប់មេរៀនខាងវិញ្ញាណបន្ថែមទៀតបាន ។ គ្រូបង្រៀនម្នាក់ទៀតរកឃើញថាបញ្ហាវិន័យរបស់គាត់កើនឡើង នៅពេលគាត់ផ្តល់អាហារសម្រន់អំឡុងពេលរៀន ។
ត្រូវប្រុងប្រយ័ត្នចំពោះឥរិយាបថរបស់សិស្ស និងឆ្លើយតបដោយត្រឹមត្រូវ ។
គ្រូបង្រៀនទាំងឡាយគួរតែដឹងអំពីអ្វីដែលកំពុងកើតឡើងអំឡុងពេលមេរៀន ហើយឆ្លើយតបនៅក្នុងរបៀបដែលត្រឹមត្រូវមួយ ។ បើសិនជាសិស្សមើលទៅហាក់ដូចជាធុញទ្រាំ ឬនៅមិនស្ងៀមវាអាចបណ្តាលមកពីពួកគេពុំបានចូលរួមក្នុងមេរៀន ឬពួកគេពុំយល់អំពីអ្វីដែលកំពុងបង្រៀន ឬអំពីរបៀបដែលមេរៀនអនុវត្តចំពោះពួកគេ ។ ដើម្បីជួយសិស្សឲ្យផ្ដោតអារម្មណ៍ នោះគ្រូបង្រៀនត្រូវកែប្រែចំណុចមួយចំនួននៅក្នុងបទបង្ហាញមេរៀន ។ ប្រសិនបើសិស្សកំពុងធ្វើសកម្មភាពតាមរបៀបមិនត្រឹមត្រូវ ហើយបណ្ដាលឲ្យព្រះវិញ្ញាណដកខ្លួនចេញពីថ្នាក់ នោះគ្រូបង្រៀនត្រូវស្វែងរកការបំផុសគំនិតក្នុងការដោះស្រាយបញ្ហាជាជាងមិនអើពើនឹងបញ្ហានោះ ។ គ្រូបង្រៀនក៏គួរតែមើលផងដែរសម្រាប់សិស្សដែលគ្មានទំនាក់ទំនងជាមួយសិស្សដទៃ ឬអ្នកដែលហាក់ដូចជាឯកោ ។ សិស្សទាំងនេះអាចត្រូវការការយកចិត្តទុកដាក់ផ្ទាល់ខ្លួនមួយចំនួនបន្ថែមទៀតពីគ្រូបង្រៀន ឬពីសិស្សផ្សេងទៀតនៅក្នុងថ្នាក់ ។ នៅក្នុងករណីបែបនេះ គ្រូបង្រៀនអាចនិយាយទៅឪពុកម្តាយ និងថ្នាក់ដឹកនាំបព្វជិកភាព ដើម្បីរកមើលបើសិនជាមានបញ្ហាពីក្រោយបញ្ហានោះ ឬស្ថានភាពដែលពួកគេគួរដឹង ។
កែតម្រូវអាកប្បកិរិយាមិនត្រឹមត្រូវ ឬមិនសមរម្យ ។
មានគោលការណ៍ទូទៅមួយចំនួនដើម្បីរក្សាក្នុងគំនិតដែលនឹងជួយគ្រូបង្រៀនម្នាក់អញ្ជើញឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ និងការគោរពនៅក្នុងថ្នាក់រៀន ។ ដើម្បីមានសណ្តាប់ធ្នាប់ មិនគ្រាន់តែមានន័យថាមានភាពស្ងៀមស្ងាត់ទាំងស្រុងនោះទេ ហើយវាក៏មិនមានន័យថាថ្នាក់រៀនមិនអាចរីករាយ និងសប្បាយបានដែរ ។ ប៉ុន្តែសិស្សម្នាក់ ឬសិស្សមួយក្រុមដែលមិនមានសណ្តាប់ធ្នាប់អាចមានឥទ្ធិពលអវិជ្ជមានទៅលើដំណើរការនៃការរៀនសូត្រ និងរារាំងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធបាន ។
នៅពេលសិស្សម្នាក់ ឬសិស្សមួយក្រុមកំពុងមានអាកប្បកិរិយាមិនសមរម្យ វាអាចនឹងធ្វើឲ្យគ្រូបង្រៀន និងដល់សិស្សដទៃផ្សេងទៀតមួរម៉ៅផងដែរ ។ នៅពេលខ្លះ វាមានសារៈសំខាន់យ៉ាងពិសេសសម្រាប់គ្រូបង្រៀនដើម្បីរក្សាការគ្រប់គ្រងអារម្មណ៍របស់ពួកគេ និងស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណ ។ របៀបដែលគ្រូបង្រៀនឆ្លើយតបទៅនឹងហេតុការណ៏ណាមួយ គឺវាសំខាន់ជាងហេតុការណ៏ដែលបានកើតឡើងផ្ទាល់ ហើយអាចបង្កើន ឬកាត់បន្ថយការគោរព និងការទុកចិត្តរបស់សិស្សបាន ។ នៅពេលគ្រូបង្រៀនកែតម្រូវឥរិយាបថមិនត្រឹមត្រូវ ពួកគេត្រូវតែមានភាពរឹងមាំ ប៉ុន្តែរាក់ទាក់ យុត្តិធម៌ និងដោយយកចិត្តទុកដាក់ ហើយបន្ទាប់មកត្រឡប់ទៅមេរៀនវិញយ៉ាងឆាប់រហ័ស ។ ការចំអកសិស្សម្នាក់ជាសាធារណៈអាចកែតម្រូវឥរិយាបថរបស់សិស្សមួយរយៈ ប៉ុន្តែនឹងមិនលើកតម្កើង សូម្បីតែដល់គ្រូបង្រៀនខ្លួនឯង ឬសិស្សនោះទេ ។ វាក៏អាចបណ្តាលឲ្យសិស្សដទៃភ័យខ្លាច ឬមិនទុកចិត្តគ្រូបង្រៀនផងដែរ ។ គ្រូបង្រៀនគួរចងចាំនូវឥទ្ធិពលដ៏សុចរិតដោយការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ ការស្លូតបូត ការស្រឡាញ់ស្មោះត្រង់ និងដោយចិត្តល្អប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤១–៤២ ) ។
មានជំហានមួយចំនួនដែលគ្រូបង្រៀនទាំងឡាយអាចដោះស្រាយជាមួយបញ្ហានានានៅពេលពួកគេជួបប្រទះ ។ ទាំងនេះគឺជាវិធីសាស្រ្តដែលអាចកើតមានចំពោះបញ្ហាវិន័យ ដែលវាប្រហែលជាមិនត្រូវជាមួយគ្រប់សិស្ស ឬគ្រប់ស្ថានភាពទាំងអស់នោះទេ ៖
-
ទំនាក់ទំនងតាមរយៈកែវភ្នែក ។ ជាញឹកញាប់សិស្សនិយាយគ្នាទៅវិញទៅមកនៅក្នុងពេលមិនសមរម្យ ពីព្រោះពួកគេគិតថាគ្រូនឹងមិនកត់សម្គាល់ទេ ។ គ្រូបង្រៀនអាចមើលទៅសិស្ស និងធ្វើការទំនាក់ទំនងតាមរយៈក្រសែភ្នែកបន្តិច ដើម្បីឲ្យពួកគេដឹងថាគ្រូបង្រៀនដឹងថាមានអ្វីកំពុងកើតឡើង ។
-
ឈប់និយាយ ។ ប្រសិនបើសិស្សកំពុងនិយាយនៅពេលដែលពួកគេគួរតែស្តាប់ នោះគ្រូបង្រៀនអាចឈប់និយាយ សូម្បីតែនៅពាក់កណ្តាលប្រយោគក៏ដោយបើចាំបាច់ ។ ការតម្លើងសំឡេងដើម្បីនិយាយលើពួកគេ ជាទូទៅនឹងមិនដោះស្រាយបញ្ហានោះទេ ។
-
ផ្លាស់ទីទៅឲ្យកាន់តែជិត ។ សកម្មភាពមួយទៀតដែលគ្រូបង្រៀនអាចយកទៅកែតម្រូវឥរិយាបថដោយមិនចាំបាច់ប្រឈមមុខនឹងសិស្សដោយផ្ទាល់បាន គឺប្តូរកន្លែង និងឈរក្បែរសិស្សដែលមានឥរិយាបថមិនត្រឹមត្រូវនោះ ។ គ្រូបង្រៀនអាចបន្តមេរៀនបាន ប៉ុន្តែជាធម្មតាសិស្សនឹងមានអារម្មណ៍ថាមានវត្តមានរបស់គ្រូបង្រៀន ហើយបញ្ឈប់អ្វីដែលពួកគេកំពុងធ្វើ ។
-
សួរសំណួរមួយ ។ ដោយមិនចាប់អារម្មណ៍លើអាកប្បកិរិយាមិនសមរម្យ នោះគ្រូបង្រៀនអាចសួរសិស្សដែលធ្វើមិនត្រឹមត្រូវនោះ នូវសំណួរមួយដែលទាក់ទងទៅនឹងមេរៀន ។ ការណ៍នេះមិនមែនធ្វើឡើងដើម្បីបំបាក់មុខសិស្សនោះទេ ប៉ុន្តែដើម្បីជួយនាំគាត់ត្រឡប់មកក្នុងការពិភាក្សាវិញ ។
ប្រហែលជាអាចមានពេលខ្លះសិស្សមិនឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងត្រង់ៗទាំងនេះ ហើយនៅតែបន្តរំខានដល់ថ្នាក់រៀន ។ ខាងក្រោមនេះជាជំហានមួយចំនួនបន្ថែមទៀតដែលគ្រូបង្រៀនអាចធ្វើដើម្បីរក្សាសណ្តាប់ធ្នាប់ ៖
-
ពិគ្រោះជាមួយសិស្សដោយផ្ទាល់ ។ ព្រះអម្ចាស់មានព្រះបន្ទូលថា បើអ្នកណាធ្វើបាបអ្នកដទៃ បុគ្គលដែលអាក់អន់ចិត្តគួរនិយាយជាមួយជននោះ « ក្នុងកាលមានតែអ្នក ហើយនិងបងប្អូនប្រុស ឬស្រីនោះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៨៨ ) ។ គ្រូបង្រៀនអាចប្រឹក្សាជាមួយសិស្សអំពីមូលហេតុដែលគាត់មានអាកប្បកិរិយាមិនត្រឹមត្រូវ ហើយប្រាប់គាត់ឲ្យដឹងថាឥរិយាបថគាត់ ត្រូវតែផ្លាស់ប្ដូរ ឬជំហានបន្ថែមទៀតនឹងត្រូវអនុវត្ត ។ គ្រូបង្រៀនគួរតែធ្វើឲ្យប្រាកដថាពួកគេចែកឲ្យដាច់រវាងឥរិយាបថរបស់សិស្ស គឺខុសគ្នាពីតម្លៃនៃបុគ្គលម្នាក់ៗ ។ វាមានសារៈសំខាន់ណាស់សម្រាប់គ្រូបង្រៀនក្នុងការចងចាំថា « តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។ ពួកគេគួរតែទំនាក់ទំនងទៅសិស្សថាខណៈពេលដែលឥរិយាបថមិនល្អមិនអាចទទួលយកបាន តែគាត់នៅតែមានតម្លៃ ។ គ្រូបង្រៀនគួរចងចាំថាត្រូវធ្វើតាមដំបូន្មានរបស់ព្រះអម្ចាស់ ហើយបង្ហាញ « នូវសេចក្ដីស្រឡាញ់ដ៏ច្រើនឡើងចំពោះអ្នកនោះដែលអ្នកបានស្ដីបន្ទោស » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤៣ ) ។
-
បំបែកសិស្សដែលបង្កការរំខាន ។
-
ពិគ្រោះជាមួយឪពុកម្ដាយ ឬថ្នាក់ដឹកនាំបព្វជិតភាព ។ ប្រសិនបើឥរិយាបថមិនត្រឹមត្រូវនោះនៅតែបន្ត ជាញឹកញាប់វាមានប្រយោជន៍សម្រាប់គ្រូបង្រៀនក្នុងការពិគ្រោះយោបល់ជាមួយឪពុកម្ដាយរបស់សិស្ស ។ ជាញឹកញាប់ឪពុកម្តាយអាចផ្តល់យោបល់ និងគំនិតបន្ថែមដែលនឹងជួយកែតម្រូវក្តីកង្វល់នោះ ។ ក្នុងករណីខ្លះប៊ីស្សពរបស់សិស្សប្រហែលអាចជួយបាន ។
-
បណ្តេញសិស្សចេញពីថ្នាក់ ។ ប្រធាន ដេវីឌ អូ មិកឃេ បានផ្តល់ដំបូន្មានដូចខាងក្រោមទៅកាន់គ្រូបង្រៀនថា ៖ « ប្រសិនបើ [ ការខិតខំរបស់អ្នក ] បរាជ័យ នោះអ្នកអាចធ្វើការអំពាវនាវដល់ឪពុកម្តាយ ហើយអ្នកអាចនិយាយថា ៖ ‹ ប្រសិនបើការប្រព្រឹត្តមិនត្រឹមត្រូវរបស់គាត់នៅតែបន្ត យើងនឹងត្រូវដកគាត់ចេញពីបញ្ជីហើយ › ។ នោះគឺជាសកម្មភាពខ្លាំង ។ គ្រូបង្រៀនម្នាក់អាចបណ្តេញ [ សិស្ស ] បាន អ្នកគួរតែប្រើធនធានផ្សេងទៀតទាំងអស់របស់អ្នកមុនពេលអ្នកធ្វើដូច្នោះ ។ ប៉ុន្តែយើងត្រូវតែ មាន សណ្តាប់ធ្នាប់ !—វាគឺជាការចាំបាច់សម្រាប់ការរីកចម្រើនខាងព្រលឹង ហើយបើសិនជា [ សិស្ស ] ម្នាក់បដិសេធ ឬបើ [ សិស្ស ] ពីរនាក់បដិសេធមិនព្រមធ្វើតាមល័ក្ខខ័ណ្ឌនោះគេត្រូវតែចាកចេញ ។ បើ [ សិស្ស ] មា្នក់ត្រូវបញ្តេញចេញ ប្រសើរជាងថ្នាក់ទាំងមូលត្រូវបំពុលបន្តិចម្តងៗ » ( « Guidance of a Human Soul—The Teacher’s Greatest Responsibility » Instructor ខែ កញ្ញា ឆ្នាំ ១៩៦៥ ទំព័រ ៣៤៣ ) ។
មុននឹងសុំឲ្យសិស្សម្នាក់ចាកចេញពីថ្នាក់រៀនមួយរយៈ គ្រូបង្រៀនគួរតែប្រឹក្សាជាមួយមាតាបិតាសិស្ស និងអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន និងថ្នាក់ដឹកនាំបព្វជិតភាពឲ្យបានត្រឹមត្រូវជាមុនសិន ។ នៅក្នុងកាលៈទេសៈបែបនេះវាសំខាន់ណាស់ដែលគ្រូបង្រៀនជួយសិស្ស និងមាតាបិតាឲ្យយល់ថាសិស្សកំពុងជ្រើសរើសចាកចេញពីថ្នាក់សិក្ខាសាលា ដោយមិនជ្រើសរើសយកឥរិយាបទតាមរបៀបដែលអាចទទួលយកបាន ។ ឥរិយាបទនេះគឺជាការរំខានដែលមិនអាចទទួលយកបាន តែមិនមែនទទួលសិស្សរូបនោះមិនបានទេ ។ នៅពេលសិស្សជ្រើសរើសផ្ទុយពីនោះ សិស្សនឹងត្រូវបានស្វាគមន៍ឲ្យត្រឡប់ទៅកាន់ថ្នាក់រៀនវិញ ។
សិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ និងអានអត្ថបទសម្រាប់វគ្គសិក្សា
សិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរៀងរាល់ថ្ងៃផ្តល់នូវឱកាសដ៏ខ្ជាប់ខ្ជួនសម្រាប់គ្រូបង្រៀន និងសិស្សឲ្យរៀនដំណឹងល្អ អភិវឌ្ឍទីបន្ទាល់ និងស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ ព្រះអម្ចាស់មានបន្ទូលក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាថា « ព្រះគម្ពីរបរិសុទ្ធត្រូវបានប្រទានមកពីយើង សម្រាប់ការបង្គាប់ដល់អ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:១៦ ) ។ ព្យាការីនីហ្វៃបានបង្រៀនថាអ្នកដែល « ខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត … នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ហើយថា « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។
ព្យាការីថ្ងៃចុងក្រោយបានថ្លែងអំពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ ប្រធាន ហារ៉ូល ប៊ី លី បានព្រមានថា « បើយើងមិនអានព្រះគម្ពីររៀងរាល់ថ្ងៃទេ នោះទីបន្ទាល់របស់យើងកំពុងតែចុះថយកាន់តែស្តើងទៅៗ គំនិតខាងវិញ្ញាណរបស់យើងមិនមានភាពស៊ីជម្រៅទេ » ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ៦៦ ) ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ក៏បានបង្រៀនផងដែរថា « វាប្រាកដណាស់ ថាអ្នកដែលសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ សម្រេចបានច្រើនជាងអ្នកដែលចំណាយពេលពេញមួយថ្ងៃសិក្សាព្រះគម្ពីរ ហើយបន្ទាប់មកចេះតែឲ្យពេលកន្លងហួសទៅ ពីមុនសិក្សាបន្តទៀត » ( ហាវើដ ដបុលយូ ហឹនធើរ « Reading the Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ៦៤ ) ។
អែលឌើរ រីឆាត ជី ស្កត បានអង្វរថា ៖ « សូមបង្កាត់ភ្លើងនៃសេចក្ដីស្រឡាញ់ចំពោះព្រះគម្ពីរនៅក្នុងគំនិត និងដួងចិត្តរបស់យុវវ័យដ៏មានតម្លៃម្នាក់ៗ ។ សូមជួយបញ្ឆេះអណ្តាតភ្លើងនៅក្នុងខ្លួនយុវវ័យម្នាក់ៗ ដែលមិនអាចពន្លត់បាន ដែលជំរុញឲ្យអ្នកទាំងឡាយដែលទទួលបានអារម្មណ៍ពីការណ៍នេះមានបំណងចង់ដឹងកាន់តែច្រើនឡើងអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីយល់នូវការបង្រៀនរបស់ទ្រង់ ដើម្បីអនុវត្តការបង្រៀននោះដើម្បីចែកចាយការបង្រៀននោះជាមួយអ្នកដទៃ ។ …
« ទីមួយសូមដើរជាមួយនឹងសិស្សរបស់អ្នកមួយជំហានម្តងៗ តាមរយៈសារលិខិតមួយចំនួននៃព្រះបន្ទូលដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់ ។… សូមជួយពួកគេឲ្យទទួលអារម្មណ៍អំពីភាពរីករាយ ការគោរព និងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះគម្ពីរ ។
« ទីពីរ ជួយឲ្យពួកគេរៀនអាន ពិចារណា និងអធិស្ឋានជាឯកជន ដើម្បីរកឃើញនូវអំណាច និងភាពសុខសាន្តដែលហូរចេញពីព្រះគម្ពីរ » ( « Four Fundamentals for Those Who Teach and Inspire Youth » [ សន្និសីទ ស៊ី.អ៊ី.អេស អំពីព្រះគម្ពីរសញ្ញាចាស់ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៨៧ ] ទំព័រ ៥ ) ។
មានកិច្ចការមួយចំនួនដែលគ្រូបង្រៀនអាចធ្វើបាន ដែលនឹងមានអំណាចបន្ថែមទៀត និងមានឥទ្ធិពលដ៏យូរអង្វែងសម្រាប់សេចក្តីល្អនៅក្នុងជីវិតរបស់សិស្សពួកគាត់ ប្រសើរជាងការជួយពួកគេឲ្យរៀនស្រឡាញ់ព្រះគម្ពីរ ហើយសិក្សាអំពីវាជារៀងរាល់ថ្ងៃ ។ ការណ៍នេះជាញឹកញាប់ចាប់ផ្ដើមនៅពេលគ្រូបង្រៀនបានធ្វើជាគំរូមួយ ដោយការសិក្សាព្រះគម្ពីរប្រចាំថ្ងៃក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ ការចូលរួមនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនប្រចាំថ្ងៃដ៏មានអត្ថន័យ ធ្វើឲ្យគ្រូបង្រៀនមានភាពស័ក្តិសមដើម្បីថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនដល់សិស្សរបស់ពួកគាត់ អំពីតម្លៃនៃព្រះគម្ពីរនៅក្នុងជីវិតផ្ទាល់របស់ពួកគាត់ ។ ទីបន្ទាល់បែបនេះអាចជាកាតាលីករដ៏សំខាន់មួយក្នុងការជួយសិស្សឲ្យតាំងចិត្តសិក្សាព្រះគម្ពីរជាទៀងទាត់ដោយខ្លួនឯង ។
គ្រូបង្រៀនគួរបង្រៀនសិស្សឲ្យបានខ្ជាប់ខ្ជួននូវគោលលទ្ធិ និងគោលការណ៍ដែលនៅពីក្រោយការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ ។ គ្រូបង្រៀនអាចលើកទឹកចិត្តដល់សិស្សម្នាក់ៗផងដែរឲ្យញែកពេលជារៀងរាល់ថ្ងៃសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ជួយសិស្សឲ្យទទួលខុសត្រូវក្នុងការសិក្សាជាប្រចាំរបស់ពួកគេ ដោយប្រើប្រាស់ប្រព័ន្ធតាមដានមួយដ៏សមរម្យដែលកំណត់ការអនុវត្តរបស់ពួកគេ និងផ្តល់ដល់សិស្សនូវឱកាសទៀងទាត់មួយនៅក្នុងថ្នាក់ដើម្បីចែកចាយជាមួយអ្នកដទៃនូវការណ៍មួយចំនួន ដែលពួកគេកំពុងរៀន និងកំពុងទទួលអារម្មណ៍នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ នៅពេលគ្រូបង្រៀនលើកទឹកចិត្តដល់ការសិក្សាព្រះគម្ពីរជាប្រចាំ នោះពួកគាត់គួរតែប្រយ័ត្នកុំធ្វើឲ្យសិស្សខ្មាសគេ ឬមិនលើកទឹកចិត្តដល់សិស្សមួយចំនួនដែលមានឧបសគ្គក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។
សិស្សទាំងឡាយដែលមានពិការភាពមិនអាចអាន ឬរៀនអ្វីផ្សេងទៀតបាន គួរតែត្រូវបានផ្តល់នូវជម្រើសដើម្បីសិក្សាព្រះគម្ពីរក្នុងទម្រង់មួយដែលអាចសមស្របជាងសម្រាប់សេចក្តីត្រូវការរបស់ពួកគេ ដូចជាសម្លេង ភាសាគរថ្លង់របស់អាមេរិក ឬអក្សរសម្រាប់មនុស្សងងឹតភ្នែកជាដើម ។ សិស្សមួយចំនួនដែលមានការលំបាកក្នុងការអាន ទទួលបានអត្ថប្រយោជន៍ពីការអានតាម នៅលើក្រដាសបោះពុម្ពនៅពេលអ្នកដទៃផ្សេងទៀតកំពុងអានឮៗ ។
ជំនាញ និងវិធីសាស្រ្តនៃការសិក្សាព្រះគម្ពីរ
ដើម្បីជួយសិស្សទាំងឡាយឲ្យទទួលបានភាពជោគជ័យនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ គ្រូបង្រៀនអាចជួយពួកគេនៅក្នុងការអភិវឌ្ឍន៍ និងប្រើនូវជំនាញ និងវិធីសាស្រ្តនៃការសិក្សាព្រះគម្ពីរផ្សេងៗ ។ ជំនាញ និងវិធីសាស្ត្រទាំងអស់ខាងក្រោមនេះក៏ដូចជាវិធីផ្សេងទៀតផងដែរ ដែលមិនបានពិពណ៌នានៅក្នុងសៀវភៅក្បួនខ្នាតនេះ គួរតែត្រូវបានណែនាំឲ្យជួយសិស្សឲ្យរៀនសូត្រដោយព្រះវិញ្ញាណ យល់អំពីព្រះគម្ពីរ និងរកឃើញ ហើយអនុវត្តគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។
ប្រើជំនួយការសិក្សាព្រះគម្ពីរ ។ សាសនាចក្របានរៀបចំបណ្តុំនៃជំនួយសម្រាប់ការសិក្សាព្រះគម្ពីរយ៉ាងទូលំទូលាយមួយ ហើយបានបញ្ចូលវាទៅក្នុងព្រះគម្ពីរបរមាណីរបស់យើងសម្រាប់ភាសាមួយចំនួន ។ ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ គឺជាក្រុមនៃជំនួយសម្រាប់ការសិក្សាដែលបានរៀបចំសម្រាប់ភាសាផ្សេងៗ ) ។ ជំនួយទាំងនេះរួមមានដូចជា លេខយោង ចំណងជើងជំពូក លិបិក្រមតាមប្រធានបទ Bible Dictionary និងផែនទីជាដើម ។ ធនធានទាំងនេះគឺជាជំនួយដ៏មានតម្លៃបំផុតមួយចំនួនដែលគ្រូបង្រៀន និងសិស្សអាចប្រើបាននៅពេលដែលពួកគេសិក្សាព្រះគម្ពីរ ។ គ្រូបង្រៀនទាំងឡាយអាចជួយសិស្សរបស់ពួកគាត់ឲ្យស្គាល់ជំនួយ និងធនធានទាំងនេះដោយប្រើប្រាស់វាយ៉ាងត្រឹមត្រូវអំឡុងពេលនៅក្នុងថ្នាក់រៀន ។ សាសនាចក្រក៏បានបង្កើតធនធានសិក្សាដែលមានប្រយោជន៍ផ្សេងទៀតតាមអ៊ិនធើរណែតផងដែរ ។
គូសសម្គាល់ និងកំណត់ចំណាំ ។ វិធីមួយដែលមានប្រយោជន៍បំផុតសម្រាប់គ្រូបង្រៀន និងសិស្សដើម្បីចាប់យក និងរក្សានូវអ្វីដែលពួកគេរៀន គឺដោយគូសសម្គាល់ និងកំណត់ចំណាំព្រះគម្ពីរ ។ គូសសម្គាល់មានន័យថា ការកំណត់ បែងចែក ញែកដាច់ពីគ្នា ឬនាំឲ្យមាននូវការយកចិត្តទុកដាក់ ។ ការណ៍នេះអាចធ្វើបានដោយការគូសបន្ទាត់ពីក្រោម ការដាក់ស្រមោល ឬការគូសបញ្ជាក់ពាក្យគន្លឹះ ឬវគ្គបទគម្ពីរនានា ។ ដើម្បីធ្វើកំណត់ចំណាំមានន័យថាបន្ថែមក្នុងកំណត់ហេតុពន្យល់អត្ថន័យ ឬពាក្យអត្ថាធិប្បាយ ។ គំរូនៃការធ្វើកំណត់ចំណាំបន្ថែមខាងបទគម្ពីរអាចរួមមាន ការសសេរអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ពាក្យអត្ថាធិប្បាយរបស់ព្យាការី សេចក្តីយោងបទគម្ពីរ និយមន័យរបស់ពាក្យ ឬគំនិតដែលបានទទួលមកពីមតិទាំងឡាយរបស់សមាជិកក្នុងថ្នាក់រៀននៅលើគែមក្បែរវគ្គបទគម្ពីរជាក់លាក់ ។
ការគូសសម្គាល់ និងកំណត់ចំណាំក្នុងគម្ពីរអាចជួយសិស្ស និងគ្រូបង្រៀនដើម្បី ៖
-
បង្កើតពាក្យ ឃ្លា គំនិត សេចក្ដីពិតសំខាន់ៗ មនុស្ស និងព្រឹត្តិការណ៍នានាឲ្យងាយស្រួលក្នុងការចងចាំ និងស្វែងរក ។
-
ការបញ្ជាក់ និងការរកឃើញអត្ថន័យក្នុងអត្ថបទគម្ពីរ ។
-
រក្សាការយល់ដឹងផ្ទាល់ខ្លួនដែលទទួលបាន និងអ្វីៗដែលទទួលបានមកពីអ្នកដទៃ ។
-
ការរៀបចំដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ។
គ្រូបង្រៀនអាចលើកទឹកចិត្តសិស្សឲ្យដាក់គំនូសសំគាល់ក្នុងព្រះគម្ពីររបស់ពួកគេដោយការនិយាយមួយចំនួនដូចជា « នៅពេលប្អូនស្រាវជ្រាវខទាំងនេះខ្ញុំសុំអញ្ជើញប្អូនឲ្យគូសសម្គាល់នូវគោលការណ៍គន្លឹះមួយដែលប្អូនរកឃើញ » ឬ « នេះជាសេចក្តីយោងបទគម្ពីរដ៏សំខាន់មួយ ។ ប្អូនអាចចង់សរសេរចំណុចនេះនៅលើគែមនៃព្រះគម្ពីររបស់ប្អូនបាន » ។ វាប្រសើរជាងក្នុងការបង្រៀន បង្ហាញ និងអនុវត្តចំណុចមូលដ្ឋាននៃការគូសសម្គាល់ព្រះគម្ពីរពេញមួយឆ្នាំ ជាជាងបង្រៀនប្រព័ន្ធសម្គាល់ជាក់លាក់មួយ ។
សញ្ជឹងគិត ។ ការសញ្ជឹងគិតមានន័យថា ស្មិងស្មាធិ៍សមាធិ ឬគិតយ៉ាងស៊ីជម្រៅអំពីអ្វីមួយ ហើយជារឿយៗវារួមបញ្ចូលការអធិស្ឋាន ។ នៅពេលសិស្សរៀនពិចារណាក្នុងអំឡុងពេលនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ នោះព្រះវិញ្ញាណនឹងបើកសម្ដែងសេចក្ដីពិតដល់ពួកគេ ហើយជួយពួកគេឲ្យដឹងអំពីរបៀបដែលពួកគេអាចក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីធ្វើការបង្រៀនដល់ពួកសាសន៍នីហ្វៃរួច ព្រះអង្គសង្គ្រោះបានប្រាប់ពួកគេឲ្យ « ពិចារណាគិតអំពីរឿងទាំងឡាយដែលយើងបាននិយាយ » ( នីហ្វៃទី៣ ១៧:៣ ) ។ របៀបមួយដើម្បីជួយសិស្សទាំងឡាយចូលរួមខាងវិញ្ញាណនៅក្នុងមេរៀន និងដើម្បីលើកទឹកចិត្តពួកគេឲ្យអនុវត្ត និងធ្វើឲ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅចំពោះអ្វីដែលពួកគេកំពុងរៀន គឺត្រូវផ្តល់ពេលវេលាឲ្យពួកគេសញ្ជឹងគិតនៅក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរៀន ។ នៅពេលនោះ គ្រូបង្រៀនគួរតែលើកទឹកចិត្តសិស្សឲ្យសុំជំនួយពីព្រះជាម្ចាស់ ។
សួរសំណួរ ។ ការរៀនសួរសំណួរ និងស្វែងរកចម្លើយនៅពេលពួកគេសិក្សាព្រះគម្ពីរ គឺជាជំនាញក្នុងការសិក្សាដ៏សំខាន់បំផុតមួយដែលសិស្សអាចអភិវឌ្ឍបាន ។ តាមរយៈការសួរសំណួរនានា សិស្សអាចនាំទៅរកការយល់ដឹងកាន់តែប្រសើរឡើងចំពោះបរិបទ និងមាតិកានៃព្រះគម្ពីរ ក៏ដូចជាដើម្បីរកឃើញ ហើយយល់ដឹងអំពីភាពសំខាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ សិស្សអាចរៀនសួរសំណួរដែលនឹងដឹកនាំឲ្យពួកគេទទួលអារម្មណ៍អំពីសេចក្ដីពិត និងសារៈសំខាន់នៃអ្វីដែលពួកគេកំពុងសិក្សា ហើយដឹងអំពីរបៀបអនុវត្តនូវអ្វីដែលពួកគេកំពុងរៀន ។
ឲ្យនិយមន័យនៃពាក្យ និងឃ្លាពិបាកៗ ។ វចនានុក្រម សៀវភៅសិក្សាសម្រាប់សិស្ស លេខយោង ជំនួយការសិក្សាព្រះគម្ពីរ អាចជួយសិស្សឲ្យយល់អំពីពាក្យ ឬឃ្លាពិបាកៗបាន ។
ការប្រមើមើល ។ ការប្រមើមើលកើតឡើងនៅពេលសិស្សស្រមៃឃើញរូបភាពនៅក្នុងគំនិតរបស់ពួកគេនូវអ្វីដែលកំពុងកើតឡើងនៅក្នុងដំណើររឿងព្រះគម្ពីរ ។ ជាឧទាហរណ៍ សិស្សអាចស្រមៃពីរូបភាពរបស់ពេត្រុសកំពុងដើរលើទឹកឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១៤:២៨–២៩ ) ឬសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ត្រូវបានបោះចូលក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ( សូមមើល ដានីយ៉ែល ៣:១៩–២៥ ) ។ ការប្រមើមើលអាចជួយធ្វើឲ្យដំណើររឿងព្រះគម្ពីរកាន់តែមានភាពរស់រវើក និងពិតប្រាកដចំពោះសិស្ស ។
ប្រៀបប្រដូចបទព្រះគម្ពីរទាំងអស់ ។ ដើម្បីប្រៀបប្រដូចបទគម្ពីរគឺជាការប្រៀបធៀបវាទៅនឹងជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យសួរសំណួរដូចជា « តើកាលៈទេសៈ និងស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់ខ្ញុំ ដូចគ្នា ទៅនឹងកាលៈទេសៈ និងស្ថានភាពនៅក្នុងវគ្គបទគម្ពីរនេះ ? » ឬ « តើខ្ញុំ ដូចគ្នា ទៅនឹងតួអង្គដែលយើងកំពុងសិក្សានៅក្នុងវគ្គបទគម្ពីរនេះយ៉ាងដូចម្តេច ? » នៅពេលសិស្សមើលឃើញពីភាពដូចគ្នារវាងបទពិសោធន៍របស់ពួកគេជាមួយនឹងមនុស្សនៅក្នុងព្រះគម្ពីរ នោះពួកគេអាចស្គាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អកាន់តែប្រសើរឡើង ។ ពួកគេក៏អាចមើលឃើញអំពីរបៀបដែលគោលការណ៍ទាំងនេះអាចអនុវត្តនៅក្នុងស្ថានភាពស្រដៀងគ្នានេះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់បានផងដែរ ។
សេចក្តីយោងឆ្លង ។ សេចក្តីយោងបទគម្ពីរ គឺជាសេចក្ដីយោងបន្ថែមនៃព្រះគម្ពីរដែលអាចផ្តល់នូវព័ត៌មានបន្ថែម និងការយល់ដឹងអំពីវគ្គដែលកំពុងត្រូវបានសិក្សា ។ សេចក្តីយោងបទគម្ពីរ ឬ « ដំណភ្ជាប់ » គឺជាការភ្ជាប់សេចក្ដីយោងនៃព្រះគម្ពីរដែលជួយសិស្សឲ្យយល់អំពីវគ្គសិក្សានៃព្រះគម្ពីរ ឬគោលលទ្ធិ ឬគោលការណ៍មួយ ។ ជំនួយសេចក្តីយោងបទគម្ពីរអាចមាននៅក្នុងលេខយោង និងជំនួយសិក្សាផ្សេងទៀត សៀវភៅសិក្សារបស់គ្រូបង្រៀន និងសិស្ស និងសុន្ទរកថានៅក្នុងសន្និសីទទូទៅ ។ គ្រូបង្រៀន និងសិស្សក៏អាចរកឃើញសេចក្តីយោងបទគម្ពីរដែលពាក់ព័ន្ធនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេបានផងដែរ ។
ការប្រៀបធៀប និងភាពផ្ទុយគ្នា ។ វគ្គបទគម្ពីរ ឬគោលលទ្ធិ ឬគោលការណ៍មួយ ជាញឹកញាប់ត្រូវបានបញ្ជាក់នៅពេលដែលវាត្រូវបានប្រៀបធៀប ឬផ្ទុយគ្នាពីអ្វីផ្សេងទៀត ។ គ្មានអ្វីស្រដៀងគ្នា និងមានភាពខុសគ្នារវាងការបង្រៀនមនុស្ស ឬព្រឹត្តិការណ៍នានាអាចធ្វើឲ្យសេចក្តីពិតនៃដំណឹងល្អទទួលបានការផ្តោតអារម្មណ៍កាន់តែច្បាស់ ។ ជាឧទាហរណ៍ ភាពខុសគ្នានៃរាជ្ជកាលរបស់ស្តេច បេនយ៉ាមីន ជាមួយនឹងស្តេច ណូអេ អនុញ្ញាតឲ្យសិស្សមើលឃើញយ៉ាងច្បាស់នូវពរជ័យរបស់អ្នកដឹកនាំសុចរិតផ្ទុយនឹងលទ្ធផលបំផ្លិចបំផ្លាញរបស់មនុស្សទុច្ចរិត ។ ការប្រៀបធៀបជីវិត ការបង្រៀន និងទីបន្ទាល់ទាំងឡាយរបស់យ៉ាកុប និងអាល់ម៉ា ជាមួយនឹងទស្សនៈ និងជីវិតរបស់សេរេម និងកូរីហូរ អាចជួយសិស្សឲ្យស្គាល់កាន់តែងាយស្រួលថែមទៀតអំពីទស្សនៈខុសឆ្គងនៅក្នុងពិភពលោកសព្វថ្ងៃ និងមើលឃើញអំពីរបៀបដើម្បីទប់ទល់នឹងវា ។ ការប្រៀបធៀប និងភាពផ្ទុយគ្នានៃការធ្វើដំណើរផ្សេងៗទៅដែនដីសន្យា ដែលធ្វើឡើងដោយកូនចៅនៃអ៊ីស្រាអែល លីហៃ និងក្រុមគ្រួសាររបស់គាត់ និងពួកសាសន៍យ៉ារេឌ អាចបង្រៀនគោលការណ៍ដែលជួយគ្រូបង្រៀន និងសិស្សក្នុងដំណើរផ្ទាល់ខ្លួនរបស់ពួកគេក្នុងជីវិតនេះ ។
បង្កើតបញ្ជី ។ បញ្ជីជាបណ្តុំមួយដែលមានគំនិតយោបល់ ឬការណែនាំដែលទាក់ទង ។ ការស្វែងរកបញ្ជីនៅក្នុងព្រះគម្ពីរអាចជួយគ្រូបង្រៀន និងសិស្សរកឃើញចំណុចសំខាន់ៗដែលអ្នកនិពន្ធកំពុងសង្កត់ធ្ងន់ ។ ជាឧទាហរណ៏ ក្រិត្យវិន័យទាំងដប់ប្រការ គឺជាបញ្ជីមួយ ( សូមមើល និក្ខមនំ ២០ ) ។ បទប្រទានពរអាចចាត់ទុកថាជាបញ្ជីមួយ ( សូមមើល ម៉ាថាយ ៥:៣-១២; នីហ្វៃទី៣ ១២:៣-១១ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤ មានបញ្ជីនៃគុណសម្បត្តិរបស់អ្នកទាំងឡាយណាដែលត្រូវបានហៅឲ្យបម្រើព្រះអម្ចាស់ ។
សូមរកមើលការតភ្ជាប់ លំនាំ និងប្រធានបទនានា ។ សិស្សអាចត្រូវបានលើកទឹកចិត្តឲ្យស្វែងរកទំនាក់ទំនង លំនាំ និងប្រធានបទនានានៅពេលពួកគេសិក្សាព្រះគម្ពីរ ។ អែលឌើរ ដេវីឌ អេ បែដណា បានមានប្រសាសន៍ថា « ការស្វែងរក នៅក្នុងវិវរណៈសម្រាប់ទំនាក់ទំនង លំនាំ និងប្រធានបទនានាគឺវាបង្កើតឲ្យមាននិងបន្ថែមពីលើចំណេះដឹងខាងវិញ្ញាណរបស់យើង … វាពង្រីកទស្សនៈ និងការយល់ដឹងរបស់យើងអំពីផែនការនៃសេចក្ដីសង្គ្រោះ » ( A Reservoir of Living Water » [ ការប្រជុំពិសេស ស៊ី.អ៊ី.អេស សម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ២ ) ។
គ្រូបង្រៀន និងសិស្សទាំងឡាយជាទូទៅនឹងប្រើជំនាញ និងវិធីសាស្ត្រទាំងនេះមួយចំនួននៅក្នុងថ្នាក់រៀនអំឡុងពេលមួយឆ្នាំ ។ ពេលពួកគេធ្វើដូច្នេះ ជួនកាលគ្រូបង្រៀនអាចផ្អាក និងពិភាក្សាគ្នារយៈពេលខ្លីជាមួយសិស្សរបស់ពួកគេអំពីវិធីសាស្ត្រ ឬជំនាញដែលពួកគេប្រើ និងលើកទឹកចិត្តសិស្សឲ្យប្រើវានៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។
អានអត្ថបទសម្រាប់វគ្គសិក្សា
គម្ពីរបមាណីទាំងអស់មាន—ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា និងមុក្ដាដ៏មានតម្លៃមហិមា—ត្រូវបានបំផុសគំនិតឲ្យសរសេរដែលមានគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ។ គម្ពីរទាំងអស់នោះបង្ហាញនូវកិច្ចការរបស់ព្រះជាមួយមនុស្ស និងបង្រៀនអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរទាំងអស់នោះមាននូវភាពសំខាន់ផ្សេងៗគ្នា និងជាសមូហភាពព្រះគម្ពីរទាំងនេះ ផ្តល់នូវការយល់ដឹងដ៏អស្ចារ្យអំពីដំណឹងល្អ និងផែនការនៃសេចក្តីសង្គ្រោះដែលបានរៀបចំដោយព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។
សិស្ស និងគ្រូបង្រៀនគួរតែអាន និងសិក្សាព្រះគម្ពីរទាំងមូលដែលត្រូវគ្នាជាមួយនឹងវគ្គសិក្សានីមួយៗ ( ជាមួយនឹងចំណែកដែលបានជ្រើសរើសដោយឡែកនៃព្រះគម្ពីរសញ្ញាចាស់ដូចដែលកត់ចំណាំនៅក្នុងកម្មវិធី ) ។
ស្វែងយល់អំពីបរិបទ និងខ្លឹមសារនៃបទគម្ពីរ និងប្រសាសន៍របស់ព្យាការី
ការយល់ដឹងអំពីបរិបទ និងមាតិកានៃព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី រៀបចំគ្រូបង្រៀននិងសិស្សដើម្បីទទួលស្គាល់សាររបស់អ្នកនិពន្ធដ៏បំផុសគំនិត ។ បរិបទ និងមាតិកាបញ្ជាក់ និងបង្ហាញអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដែលបានកត់ត្រានៅក្នុងបទពិសោធន៍ និងការបង្រៀនរបស់អ្នកដទៃ ។ ថ្វីត្បិតតែអ្វីជាច្រើនដែលនិយាយអំពីការយល់ដឹងអំពីបរិបទ និងខ្លឹមសារនៃព្រះគម្ពីរជាពិសេសក៏ដោយ ក៏គោលការណ៍ និងគំនិតដូចគ្នាភាគច្រើនអាចត្រូវបានអនុវត្តចំពោះការសិក្សាអំពីពាក្យ និងសារលិខិតរបស់ពួកព្យាការីថ្ងៃចុងក្រោយបានដែរ ។
បរិបទ
បរិបទគឺជា ( ១ ) វគ្គនៃបទគម្ពីរដែលមានមុន ឬពីក្រោយខគម្ពីរ ឬចង្កោមនៃខគម្ពីរ ឬ ( ២ ) កាលៈទេសៈដែលកើតមាន ឬផ្ដល់សាវតាសម្រាប់វគ្គបទគម្ពីរ ព្រឹត្តិការណ៍ ឬដំណើររឿងជាក់លាក់ណាមួយ ។
បរិបទគឺជារបៀបមួយដើម្បីយល់ដឹងនូវខ្លឹមសារនៃព្រះគម្ពីរទាំងឡាយ ។ វាផ្តល់នូវប្រវត្តិព័ត៌មានដែលបញ្ជាក់ និងនាំមកនូវការយល់ដឹងស៊ីជម្រៅដល់ដំណើររឿង ការបង្រៀន គោលលទ្ធិ និងគោលការណ៍នៅក្នុងអត្ថបទព្រះគម្ពីរ ។ អ្នកនិពន្ធបទគម្ពីរនីមួយៗបានសរសេរនៅពេលដែលលោកត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែការសរសេរទាំងនោះត្រូវបានតាក់តែងឡើងនៅក្នុងរូបភាព និងវប្បធម៌របស់អ្នកនិពន្ធ ។ ដើម្បីយល់នូវការសរសេររបស់ពួកលោក គ្រូបង្រៀន និងសិស្សទាំងឡាយគួរតែ « បោះជំហានចូលទៅក្នុងពិភពរបស់ពួកលោក » ខាងវិញ្ញាណឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានដើម្បីមើលឃើញការណ៍ទាំងឡាយដូចដែរអ្នកសរសេរបានឃើញ ។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួននៃប្រភេទបរិបទផ្សេងគ្នា ។
មជ្ឈដ្ឋានប្រវត្តិសាស្ត្រ ដោយទទួលស្គាល់ថា យ៉ូសែប ស្ម៊ីធ ស្ថិតនៅក្នុងគុកលិបើធីក្នុងអំឡុងពេលទទួល និងសរសេរ កណ្ឌទី ១២១, ១២២និង ១២៣ នៃគោលលទ្ធិ និងសេចក្ដីសញ្ញាដែលផ្ដល់នូវការយល់ដឹងជ្រាលជ្រៅ និងអំណាចបន្ថែមទៅលើគោលលទ្ធិ និងគោលការណ៍ដែលបានបង្រៀននៅក្នុងកណ្ឌទាំងនោះពាក់ព័ន្ធទៅនឹងរឿងរ៉ាវផ្សេងៗដូចជាទុក្ខលំបាក និងការប្រើអំណាច និងសិទ្ធិអំណាច ។
ការកំណត់វប្បធម៌ ។ ការដឹងអំពីប្រវត្តិនៃថ្ងៃតមអាហារ និងថ្ងៃឈប់សម្រាករបស់អ៊ីស្រាអែលពីបុរាណអាចបញ្ជាក់អំពីរបៀបដែលពួកគេជាប់ទាក់ទងជានិមិត្តសញ្ញាទៅនឹងព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។ ដោយដឹងពីដើមកំណើតរបស់ពួកសាសន៍សាម៉ារី និងរបៀបដែលជនជាតិយូដា មានអារម្មណ៍អំពីពួកគេនៅជំនាន់ព្រះគ្រីស្ទ បំភ្លឺអំពីរឿងប្រៀបប្រដូចរបស់សាសន៍សាម៉ារីចិត្តល្អ និងបញ្ជាក់អត្ថន័យដ៏ជ្រាលជ្រៅអំពីការជួបរបស់ព្រះអង្គសង្គ្រោះជាមួយស្ត្រីម្នាក់នៅឯអណ្តូងក្នុងទីក្រុង សាម៉ារី ។
សំណួរ ឬស្ថានភាពដែលជំរុញឲ្យមានរឿងប្រៀបប្រដូច ព្រឹត្តិការណ៍ គោលលទ្ធិ ឬគោលការណ៍ ។ ការយល់ដឹងពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩ បានកើតឡើងជាការឆ្លើយតបទៅនឹងការអសម្ថភាពក្នុងការបកប្រែរបស់ អូលីវើរ ខៅឌើរី បានបញ្ជាក់អំពីគោលការណ៍ពាក់ព័ន្ធទៅនឹងវិវរណៈដែលបានបង្រៀននៅក្នុងកណ្ឌនោះ ។
តើនរណានិយាយជាមួយនរណា ហើយហេតុអ្វី ។ ការបង្រៀនរបស់អាលម៉ាស្តីអំពី ដង្វាយធួន ការរស់ឡើងវិញ សេចក្តីជំនុំជម្រះ សេចក្តីមេត្តាករុណា និងសេចក្តីយុត្តិធម៌ មានអត្ថន័យកាន់តែជ្រាលជ្រៅ នៅពេលយើងដឹងថាបរិបទនៃការបង្រៀនទាំងអស់នោះគឺជាការជួបជាមួយកូនប្រុសរបស់គាត់ កូរីអានតុន ដែលមានការព្រួយបារម្ភអំពីផលវិបាកនៃអំពើបាបដ៏ធ្ងន់ធ្ងរដែលគាត់បានប្រព្រឹត្ត ។
ការកំណត់ភូមិសាស្ត្រ ។ ការដឹងអំពីភូមិសាស្ត្ររបស់ កាណាន ធ្វើឲ្យការយល់ដឹងរបស់យើងកាន់តែស៊ីជម្រៅអំពីកន្លែងដែលឡុត និងអ័ប្រាហាំ បានតាំងលំនៅ ពីរបៀបដែលវាមានឥទ្ធិពលលើជម្រើសដែលពួកគេបានធ្វើ និងរបៀបដែលជម្រើសទាំងនេះប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគេ ។
ព្រះគម្ពីរទាំងឡាយ ជាជំនួយការសិក្សាដែលបានផ្ដល់ឲ្យនៅក្នុងព្រះគម្ពីរ ហើយជាទូទៅកម្មវិធីសិក្សាមានព័ត៌មានបរិបទគ្រប់គ្រាន់ដើម្បីជួយដល់គ្រូបង្រៀន និងសិស្សក្នុងការយល់ដឹងអំពីខ្លឹមសារព្រះគម្ពីរ ។
ខ្លឹមសារ
ខ្លឹមសារគឺជាដំណើររឿង មនុស្ស ព្រឹត្តិការណ៍ ទេសនកថា និងការពន្យល់អំពីការបំផុសគំនិតដែលបង្កើតអត្ថបទគម្ពីរ ។ ខ្លឹមសារនៃព្រះគម្ពីរបានផ្ដល់នូវជីវិត និងភាពពាក់ព័ន្ធចំពោះគោលលទ្ធិ និងគោលការណ៍ដែលបានរកឃើញនៅក្នុងបណ្តុំបទគម្ពីរ ។ ជាឧទាហរណ៍ ដំណើររឿងរបស់នីហ្វៃក្នុងការទៅយកផ្ទាំងលង្ហិន បង្រៀនយើងនូវគោលលទ្ធិដែលថា សេចក្តីជំនឿទៅលើព្រះអម្ចាស់ និងការស្តាប់តាមព្រះវិញ្ញាណអាចជួយបុគ្គលម្នាក់ៗឲ្យយកឈ្នះលើអ្វីដែលហាក់ដូចជាបញ្ហាប្រឈមដែលមិនអាចទប់ស្តាត់បាន ។ ការយល់ដឹងអំពីព្រឹត្តិការណ៍នៃការជម្លៀសខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថា ការទុកចិត្តលើព្រះអម្ចាស់ និងការធ្វើតាមព្យាការីអាចដឹកនាំមនុស្ស និងប្រជាជាតិឲ្យទទួលបាននូវពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ ប៉ុន្តែ ពរជ័យនោះត្រូវបានលាក់ទុកនៅពេលដែលប្រជាជនត្អូញត្អែរ និងមិនស្តាប់បង្គាប់ ។
ការមកស្គាល់ពីមនុស្សដែលបានពណ៌នានៅក្នុងព្រះគម្ពីរអាចបំផុសគំនិត និងលើកទឹកចិត្តសិស្សទាំងឡាយចំពោះការប្រឈមមុខនឹងឧបសគ្គនានាដែលពួកគេជួបប្រទះ និងដើម្បីរស់នៅដោយសេចក្តីជំនឿ ។ ដូចដែលអែលឌើរ រីឆាត ជី ស្កត បានសន្យាអំពីព្រះគម្ពីរមរមន ៖
« ពីគម្របមុខទៅដល់ចប់អ្នកនឹងរកឃើញទំនាក់ទំនង និងគំរូនៃភាពស័ក្តិសមរបស់នីហ្វៃ យ៉ាកុប អេណុស បេនយ៉ាមីន អាលម៉ា អាំម៉ូន ហេលេមិន មរមន មរ៉ូណៃ និងបុគ្គលជាច្រើនរូបទៀតផងដែរ ។ ពួកគេនឹងបង្កើនសេចក្តីក្លាហានឡើងវិញ ហើយគូសចំណាំផ្លូវទៅកាន់សេចក្ដីជំនឿ និងការគោរពប្រតិបត្តិ ។ …
« អ្វីដែលសំខាន់ជាងនេះទៅទៀត គឺពួកលោកទាំងអស់គ្នា ដោយគ្មានករណីលើកលែងណាមួយទេ ពួកលោកនឹងលើកតម្កើងការយល់ដឹងរបស់បងប្អូនឆ្ពោះទៅរកមិត្តដ៏ល្អឥតខ្ចោះរបស់យើង—គឺព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ » ( « True Friends That Lift » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៧៧ ) ។
ទេសនកថាដែលត្រូវបានរក្សាទុកដោយប្រុងប្រយ័ត្ននៅក្នុងគម្ពីរបរិសុទ្ធគឺជាផ្នែកដ៏សំខាន់មួយទៀតនៃមាតិកា ។ សម្រាប់សិស្សម្នាក់ដែលកំពុងពុះពារជាមួយនឹងអំពើបាប ទេសនកថារបស់ប៉ុល ឬអាល់ម៉ាជាកូនអាចជាប្រភពនៃសេចក្តីសង្ឃឹម និងការលើកទឹកចិត្ត ។ ការថ្លែងជាលើកចុងក្រោយរបស់ស្តេចបេនយ៉ាមីន ទៅដល់ប្រជាជនរបស់ទ្រង់បង្រៀនយ៉ាងអស្ចារ្យអំពីអំណាច និងភាពសំខាន់របស់ព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ និងបញ្ជាក់អំពីអត្ថន័យនៃការបម្រើ ពរជ័យនៃការគោរពប្រតិបត្តិ និងភាពសំខាន់នៃការឈោងទៅជួយដល់អស់អ្នកដែលខ្វះខាត ។ សិស្សម្នាក់ដែលកំពុងព្យាយាមធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអាចទទួលបានការយល់ដឹងតាមរយៈការសិក្សា និងការស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងទេសនកថានៅលើភ្នំ ។
ផ្នែកនៃការយល់ដឹងអំពីខ្លឹមសារ គឺជាការរៀនសូត្រពីអត្ថន័យនៃពាក្យ និងឃ្លាពិបាកៗ ក៏ដូចជាការបកប្រែនៃរឿងប្រៀបប្រដូច និមិត្តសញ្ញា ។ល ។ ជាឧទាហណ៍ ការដឹងអំពីអត្ថន័យនៃពាក្យដូចជា រសជាតិ ( ម៉ាថាយ ៥:១៣ ) ឬ នៅជាប់នឹង ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១៩; ៤៥:៤៨ ) និងឃ្លាដូចជា « ចូរកក្រវាត់ចង្កេះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:២២ ) និង « កាបូប ឬយាម » ( សូមមើល លូកា ១០:៤ ) ជួយបញ្ជាក់អំពីអត្ថបទនៃព្រះគម្ពីរ ។ គោលការណ៍ដែលបានបង្រៀននៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្រ្គោះបានធ្វើឲ្យកាន់តែងាយយល់ នៅពេលដែលអត្ថន័យនិមិត្តសញ្ញានៃដំណើររឿងដូចជាកែវមុក្តាដ៏មានតម្លៃអស្ចារ្យ បានស្រាយបំភ្លឺ ( សូមមើល ម៉ាថាយ ១៣:៤៥-៤៦ ) ស្រូវសាលី និងស្រងែ ( សូមមើល ម៉ាថាយ ១៣:២៤-៣០ ) ហើយចៀមដែលបាត់ (សូមមើល លូកា ១៥:២៤–៣០ ) ។
ជាមួយនឹងព័ត៌មានទាំងអស់ដែលអាចរៀន និងបង្រៀនបាន នោះគ្រូបង្រៀនទាំងឡាយគួរតែប្រើប្រាជ្ញានៅក្នុងការសម្រេចចិត្តចំពោះរបៀបចំណាយពេលពិតប្រាកដច្រើនប៉ុន្មានចំពោះបរិបទ និងមាតិកា និងតើត្រូវចំណាយពេលច្រើនប៉ុន្មានក្នុងការសិក្សាគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ គ្រូបង្រៀនគួរផ្តល់នូវបរិបទ និងខ្លឹមសារគ្រប់គ្រាន់ដើម្បីជួយសិស្សឲ្យយល់អំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ដែលមាននៅក្នុងអត្ថបទនៃព្រះគម្ពីរ ប៉ុន្តែមិនត្រូវផ្តោតខ្លាំងហួសពីប្រវត្ដិសាស្ដ្រ និងព័ត៌មានលម្អិតដល់កម្រិតមួយដែលការណ៍នេះក្លាយទៅជាផ្នែកនៃការសិក្សាដ៏សំខាន់នៃមេរៀនទៅវិញនោះទេ ។
ទទួលស្គាល់ យល់ដឹង ទទួលអារម្មណ៍នូវសេចក្ដីពិត និងសារៈសំខាន់នៃគោលលិទ្ធ និងគោលការណ៍នៃដំណឹងល្អ និងអនុវត្តគោលលិទ្ធ និងគោលការណ៍នៃដំណឹងល្អ ។
ការស្វែងយល់ និងការយល់ដឹងពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ជួយគ្រូបង្រៀន និងសិស្សអនុវត្តព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីក្នុងជីវិតរបស់ពួកគេផ្ទាល់ ហើយដឹកនាំពួកគេឲ្យធ្វើការសម្រេចចិត្ត ។ ការទទួលអារម្មណ៍ពីសេចក្តីពិតដ៏ពេញលេញ សារៈសំខាន់ និងភាពបន្ទាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ជាញឹកញាប់ដឹកនាំទៅរកការតាំងចិត្តកាន់តែខ្លាំងឡើង ដើម្បីអនុវត្តនូវអ្វីដែលបានរៀន ។ ការអនុវត្តគោលការណ៍ដំណឹងល្អនាំមកនូវពរជ័យដែលបានសន្យា ការយល់ដឹង និងការប្រែចិត្តជឿកាន់តែស៊ីជម្រៅ និងជួយគ្រូបង្រៀន និងសិស្សឲ្យក្លាយដូចជាព្រះអង្គសង្រ្គោះ ។
គោលលទ្ធិគឺជាមូលដ្ឋានគ្រឹះមួយ ជាសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលគ្មានការប្រែប្រួល ។ សេចក្ដីពិតដូចជា ព្រះវរបិតាសួគ៌មានព្រះកាយនៃសាច់ និងឆ្អឹង ពិធីបុណ្យជ្រមុជទឹកគឺចាំបាច់ដើម្បីចូលទៅក្នុងនគរនៃព្រះ ហើយ មនុស្សទាំងអស់នឹងត្រូវរស់ឡើងវិញ គឺជាឧទាហរណ៍ទាំងឡាយនៃគោលលទ្ធិ ។
គោលការណ៍គឺជាសេចក្តីពិតដែលស្ថិតស្ថេរមួយ ឬជាច្បាប់ដែលបុគ្គលទាំងឡាយអាចទទួលយក ដើម្បីដឹកនាំពួកគេនៅក្នុងការសម្រេចចិត្ត ។ គោលការណ៍នៃដំណឹងល្អគឺសកល ហើយជួយមនុស្សឲ្យអនុវត្តគោលលទ្ធិនៃដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។ អែលឌើរ រីឆាត ជី ស្កត បានបង្រៀនថា « គោលការណ៍គឺផ្តោតទៅលើសេចក្ដីពិត ដែលប្រមូលផ្តុំដោយការអនុវត្តទាំងឡាយ » ( « Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦ ) ។ នេះមានន័យថាគោលការណ៍នៃដំណឹងល្អជាធម្មតាផ្ដល់យោបល់អំពីសកម្មភាព ក៏ដូចជាផលវិបាកដែលកើតឡើងតាមក្រោយផងដែរ ។ ជាឧទាហរណ៍ ៖ ការអធិស្ឋានតែងតែអាចជួយយើងឲ្យយកឈ្នះសេចក្តីល្បួង ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ ) ហើយប្រសិនបើយើងធ្វើតាមការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់នឹងជួយយើងឲ្យសម្រេចនូវអ្វីដែលព្រះជាម្ចាស់បានបញ្ជា ( សូមមើល នីហ្វៃទី១ ៤ ) ។
ពេលខ្លះភាពខុសគ្នារវាងគោលលទ្ធិ និងគោលការណ៍មួយអាចពិបាកយល់ ។ អែលឌើរ ហិនរី ប៊ី អាវរិង បានចែកចាយដូចខាងក្រោមថា ៖ « ទោះជាយ៉ាងណា ខ្ញុំនឹងមិនចំណាយពេលច្រើនក្នុងការព្យាយាមដើម្បីយល់រវាងគោលការណ៍ និងគោលលទ្ធិឡើយ ។ ខ្ញុំធ្លាប់បានឮការសន្ទនាបែបនោះដែលមិនសូវជាមានប្រយោជន៍ខ្លាំងនោះទេ » ( « គោលការណ៍ណែនាំ និងធនធាន ៖ ការពិភាក្សារបស់អែលឌើរ រីឆាត ជី ស្កត និង អែលឌើរ ហិនរី ប៊ី អាវរិង » [ ខែ សីហា ឆ្នាំ ២០០៣ ការផ្សព្វផ្សាយការបណ្តុះបណ្តាល ស៊ី. អ៊ី. អេស.តាមរយៈផ្កាយរណប ] ទំព័រ ១០ ) ។
ការកំណត់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗនៃព្រះគម្ពីរ គឺដើម្បីបង្រៀនគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បានពន្យល់ថា ៖ « មនុស្សម្នាក់មិនអាចសិក្សាដោយស្មោះត្រង់នូវព្រះគម្ពីរដោយមិនបានរៀនគោលការណ៍នៃដំណឹងល្អបានទេ ព្រោះព្រះគម្ពីរត្រូវបានសរសេរឡើងដើម្បីរក្សាគោលការណ៍ទុកជាប្រយោជន៍ដល់យើងនោះឯង » ( « The Message of the Old Testament » [ សន្និសីទ ស៊ី. អ៊ី. អេស. អំពីព្រះគម្ពីរសញ្ញាចាស់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៧៩ ] ទំព័រ ៣ ) ។ អែលឌើរ ប៊យ ខេ ផាកកឺ បានបង្រៀនថា « [ គោលការណ៍ ] ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរ ។ គោលការណ៍ទាំងនោះគឺជាខ្លឹមសារ និង ជាគោលបំណងសម្រាប់វិវរណៈ » ( « Principles » Ensign ខែ មីនា ឆ្នាំ ១៩៨៥ ទំព័រ ៨ ) ។ នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ព្រះអម្ចាស់បានបញ្ជាដល់គ្រូបង្រៀន និងថ្នាក់ដឹកនាំក្នុងសាសនាចក្ររបស់ទ្រង់ឲ្យបង្រៀនគោលការណ៍នៃដំណឹងល្អ ដូចដែលមាននៅក្នុងព្រះគម្ពីរ ៖ « ហើយជាថ្មីទៀត ពួកអែលឌើរ ពួកសង្ឃ និងពួកគ្រូក្នុងសាសនាចក្រនេះ ត្រូវបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង ដែលមាននៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន គឺជាភាពពេញលេញនៃដំណឹងល្អ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១២ ) ។
ការរៀនស្គាល់ដើម្បីកំណត់គោលលិទ្ធ និងគោលការណ៍នៃដំណឹងល្អដែលមាននៅក្នុងព្រះគម្ពីរ តម្រូវឲ្យមានកិច្ចខិតខំនិងការអនុវត្ត ។ ការនិយាយអំពីកិច្ចខិតខំនេះអែលឌើរ រីឆាដ ជី ស្កត បានមានប្រសាសន៍ថា ៖ « ការស្រាវជ្រាវរកគោលការណ៍ទាំងឡាយ ។ សូមបំបែកគោលការណ៍ដោយប្រុងប្រយ័ត្នចេញពីព័ត៌មានលម្អិតដែលបានប្រើំ ដើម្បីពន្យល់គោលការណ៍ទាំងនោះ » ( « Acquiring Spiritual Knowledge » ទំព័រ ៨៦ ) ។
មានពេលខ្លះនៅក្នុងថ្នាក់ គោលលទ្ធិ និងគោលការណ៍ទាំងឡាយនឹងអាចពន្យល់ដោយគ្រូបង្រៀន ។ នៅពេលផ្សេងទៀត គ្រូបង្រៀននឹងដឹកនាំ លើកទឹកចិត្ត និងអនុញ្ញាតសិស្សឲ្យរកវាដោយខ្លួនឯង ។ គ្រូបង្រៀនគួរតែឧស្សាហ៍ជួយដល់សិស្សឲ្យទទួលបានសមត្ថភាពដើម្បីស្គាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដោយខ្លួនឯង ។
គោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អមួយចំនួនគឺស្រួលកត់សម្គាល់ ដោយសារវាត្រូវបានថ្លែងប្រាប់ច្រើនដង ។ គោលការណ៍ដែលបានថ្លែង ជាញឹកញាប់ដែលបានបង្ហាញដោយឃ្លាដូចជា « ហេតុដូចនេះហើយ » « ហេតុដូច្នោះហើយ » « ហេតុនោះហើយ » ឬ « ត្បិតមើលចុះ » បង្ហាញថាអ្នកសរសេរបទគម្ពីរប្រហែលជាធ្វើការសង្ខេបសារលិខិតរបស់គាត់ ឬធ្វើការសន្និដ្ឋាន ។
ឧទាហរណ៍ ហេលេមិន ៣:២៧ សរសេរថា« ម្ល៉ោះហើយយើងអាចឃើញ ថាព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្តីមេត្តាករុណាដល់អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តស្មោះសរ » ។
អាលម៉ា ១២:១០ ថ្លែងថា « ហេតុដូច្នេះហើយ នរណាដែលធ្វើចិត្តរឹងរូស អ្នកនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិចប៉ុណ្ណោះ ឯនរណាដែលពុំធ្វើចិត្តរឹងរូសទេ អ្នកនោះហើយដែលនឹងបានទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើនជាង រហូតដល់អ្នកនោះអាចដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ រហូតដល់អ្នកនោះដឹងគ្រប់សេចក្ដី » ។
អេភេសូរ ៦:១៣ បង្រៀនថា « ហេតុនោះ បានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បានរួចកាលណាបានតតាំងសព្វគ្រប់ហើយនោះឲ្យបាននៅតែឈរមាំមួនដដែល » ។
អាលម៉ា ៤១:១០ ដាក់បញ្ចូលថា មើលចុះឪពុកប្រាប់កូនថា សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។
គោលការណ៍ជាច្រើនមិនត្រូវបានបញ្ជាក់ដោយផ្ទាល់ដោយអ្នកនិពន្ធព្រះគម្ពីរនោះទេ ប៉ុន្តែត្រូវបានបង្កប់ន័យជំនួសវិញ ។ គោលការណ៍ដែលបានបង្កប់ន័យ អាចចេញមកពីសៀវភៅបទគម្ពីរទាំងមូល ជំពូកមួយ ឬខគម្ពីរមួយ ហើយអាចដាក់ក្នុងដំណើររឿង ព្រឹត្តិការណ៍ ឬរឿងប្រៀបប្រដូចនានា ។ ការកំណត់គោលការណ៍ដែលបង្កប់ន័យ រួមមានការទទួលស្គាល់សេចក្ដីពិតដែលចង្អុលបង្ហាញនៅក្នុងដំណើររឿងនៃព្រះគម្ពីរ និងការបញ្ជាក់ឲ្យបានច្បាស់ និងសង្ខេបពីគោលការណ៍ទាំងនោះ ។ ជារឿយៗ ការណ៍នេះត្រូវការពេលវេលា និងការគិតដោយប្រុងប្រយ័ត្ន ។ អែលឌើរ រីឆាត ជី ស្កត បានបង្រៀនថា « វាមានតម្លៃយ៉ាងខ្លាំងក្នុងការរៀបចំសេចក្តីពិតដែលយើងប្រមូលផ្តុំគ្នា ដើម្បីធ្វើសេចក្តីថ្លែងការណ៍សាមញ្ញនៃគោលការណ៍នោះ » ( « Acquiring Spiritual Knowledge » ទំព័រ ៨៦ ) ។
គោលការណ៍ដែលបង្កប់ន័យជាញឹកញាប់អាចរកឃើញដោយការស្វែងរកពីមូលហេតុ និងផលវិបាកនៃទំនាក់ទំនងនៅក្នុងបណ្តុំបទគម្ពីរ ។ ដោយការវិភាគលើសកម្មភាព អាកប្បកិរយារបស់មនុស្សម្នាក់ៗ ឬក្រុមនៅក្នុងដំណើររឿងនៃបទគម្ពីរ ហើយការស្គាល់ពរជ័យទាំងឡាយ ឬផលវិបាកដែលជាលទ្ធផលមួយ នោះគោលការណ៍ទាំងឡាយនៃដំណឹងល្អប្រែក្លាយកាន់ច្បាស់ថែមទៀត ។
គោលការណ៍ដែលបង្កប់ន័យទាំងឡាយក៏អាចត្រូវបានស្គាល់ដោយការសួរសំណួរដូចជា ៖
-
តើអ្វីទៅជាសីលធម៌ ឬគំនិតអប់រំនៃដំណើររឿងនេះ ?
-
ហេតុអ្វីបានជាអ្នកគិតថាអ្នកនិពន្ធបញ្ចូលព្រឹត្តិការណ៍ ឬវគ្គបទគម្ពីរទាំងនេះ ?
-
តើអ្នកនិពន្ធមានបំណងចង់ឲ្យយើងរៀនអ្វី ?
-
តើសេចក្តីពិតជាមូលដ្ឋានដែលបានបង្រៀននៅក្នុងបទគម្ពីរនេះមានអ្វីខ្លះ ?
ឧទាហរណ៍មួយចំនួនអំពីគោលការណ៍ដែលបញ្ជាក់រួមមាន ៖
ចេញពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អាលម៉ាជាកូន ឬប៉ុល ៖ មនុស្សម្នាក់ដែលទទួលយកសេចក្តីពិត ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់គាត់អាចដឹកនាំអ្នកដទៃទៀតទៅកាន់ពរជ័យទាំងឡាយនៃដំណឹងល្អបាន ( សូមមើល អាលម៉ា ៣៦:១០–២១; កិច្ចការ៩:៤–២០ ) ។
ចេញពីរឿងប្រៀបប្រដូចនាងព្រហ្មចារីទាំង ១០ នាក់នេះ ៖ ប្រសិនបើយើងបានរៀបចំខ្លួនដោយស្មោះត្រង់ខាងវិញ្ញាណ នោះយើងនឹងត្រៀមខ្លួនជាស្រេចនៅពេលព្រះអម្ចាស់យាងមក ឬអ្នកទាំងឡាយដែលធ្វេសប្រហែសចំពោះការរៀបចំខាងវិញ្ញាណរបស់ខ្លួននឹងមិនត្រូវបានទទួលដោយព្រះអម្ចាស់នៅពេលទ្រង់យាងមកដល់ ឡើយ ( សូមមើល ម៉ាថាយ ២៥:១-១៣ ) ។
ចេញពីរឿងរបស់ដាវីឌ និងកូលីយ៉ាត ៖ នៅពេលយើងធ្វើសកម្មភាពដោយក្លាហាន និងដោយជំនឿលើព្រះ នោះយើងអាចយកឈ្នះនូវឧបសគ្គដ៏ធំធេងក្នុងជីវិតរបស់យើងបាន ( សូមមើល សាំយូអែល ទី១ ១៧:៤០-៥១ ) ។
វិធីមួយចំនួនដើម្បីជួយសិស្សឲ្យរៀនកំណត់រកឃើញអំពីគោលការណ៍ និងគោលលទ្ធិនានាគឺ ៖
-
អញ្ជើញសិស្សឲ្យសរសេរគំនិតដែលពួកគេកំពុងរៀន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានទម្រង់ជា « ប្រសិនបើ-នោះ » ។
-
សូមចាត់តាំងសិស្សឲ្យសរសេរសេចក្តីថ្លែងការណ៍ « ដូច្នេះយើងឃើញ » ដើម្បីសង្ខេបសេចក្ដីពិតដែលពួកគេបានរៀន ។
-
សូមឲ្យសិស្សកំណត់ពីសកម្មភាពដែលបានអនុវត្តដោយបុគ្គលម្នាក់ៗនៅក្នុងបណ្តុំបទគម្ពី ហើយស្វែងរកពរជ័យ ឬលទ្ធផលដែលកើតមានឡើង ។
-
សូមលើកទឹកចិត្តសិស្សឲ្យគូសពីក្រោមពាក្យគន្លឹះ ឬឃ្លារបស់ពួកគេដែលពណ៌នាអំពីសេចក្ដីថ្លែងការណ៍នៃគោលលិទ្ធ និងគោលការណ៍របស់ពួកគេ ។
-
សូមសរសេរគោលលទ្ធិ ឬគោលការណ៍មួយចេញពីបណ្តុំបទគម្ពីរនៅលើក្តារខៀន ។ សូមឲ្យសិស្សស្វែងរកបណ្តុំបទគម្ពីរ ស្វែងរកភស្តុតាងនៃគោលការណ៍នោះ ។
នៅពេលគោលលទ្ធិ និងគោលការណ៍ទាំងឡាយត្រូវបានរកឃើញហើយ នោះវាមានសារៈសំខាន់ណាស់ដែលពួកគេត្រូវថ្លែងដោយច្បាស់លាស់ និងដោយងាយ ។ « ‹ ដើម្បីឲ្យគេស្គាល់ នោះសេចក្តីពិតត្រូវតែបានថ្លែង ហើយសេចក្តីថ្លែងការណ៍ត្រូវតែច្បាស់ និងកាន់តែពេញលេញជាងនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងកាន់តែមានឱកាសថ្លែងទីបន្ទាល់ដល់ព្រលឹងមនុស្សថា កិច្ចការនេះគឺជាការពិត › [ New Witnesses for God វ៉ុល ៣ ( ឆ្នាំ ១៩០៩), ២ ៖ vii ] » (ប៊ី អេច រ៉ូប៊ឺត នៅក្នុង ជែមស៍ អ៊ី ហ្វោស្ត « What I Want My Son to Know before He Leaves on His Mission » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤១ ប្រកាសដំណឹងល្អរបស់ទ្រង់ [ ឆ្នាំ ២០០៤ ] ទំព័រ ១៨២ ) ។
ការសរសេរគោលការណ៍ ឬគោលលទ្ធិដែលបានរកឃើញនៅលើក្ដារខៀន ឬការអញ្ជើញសិស្សឲ្យសរសេរ ឬគូសបន្ទាត់ពីក្រោមនៅក្នុងព្រះគម្ពីររបស់ពួកគេ គឺជាវិធីមួយដើម្បីជួយធ្វើឲ្យសេចក្ដីពិតទាំងនេះកាន់តែច្បាស់លាស់នៅក្នុងគំនិតរបស់សមាជិកថ្នាក់រៀន ។
យល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
ដើម្បីយល់អំពីគោលលទ្ធិ ឬគោលការណ៍ដំណឹងល្អមានន័យថាសិស្សយល់អំពីសេចក្ដីពិតដែលបានរកឃើញ ទំនាក់ទំនងសេចក្តីពិតទាំងនោះជាមួយគោលការណ៍ និងគោលលទ្ធិផ្សេងទៀតនៅក្នុងផែនការរបស់ព្រះអម្ចាស់ និងនៅក្នុងកាលៈទេសៈណាដែលគោលការណ៍នេះ អាចយកមកអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ ពេលគ្រូបង្រៀន ឬសិស្សយល់អំពីគោលលទ្ធិ ឬគោលការណ៍មួយ នោះពួកគេមិនត្រឹមតែដឹងថា ពាក្យនោះមានន័យយ៉ាងណា នោះទេ ប៉ុន្តែក៏ជារបៀបដែលគោលលទ្ធិ ឬគោលការណ៍នោះ អាចមានឥទ្ធិពលចំពោះជីវិតរបស់ពួកគេបានទៀតផង ។ នៅពេលដែលគោលលទ្ធិ ឬគោលការណ៍មួយត្រូវបានរកឃើញ និងបានយល់ នោះវាអាចអនុវត្តបានកាន់តែងាយស្រួល ។
គ្រូបង្រៀន និងសិស្សទាំងឡាយអាចបង្កើនការយល់ដឹងរបស់ពួកគេចំពោះគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អតាមរយៈការស្រាវជ្រាវព្រះគម្ពីរសម្រាប់ការបង្រៀនដែលទាក់ទង់ និងគំនិតបន្ថែមដោយងាកទៅរកពាក្យពេចន៍ និងការបង្រៀនទាំងឡាយរបស់ពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ តាមរយៈការពន្យល់ពីសេចក្តីពិតផ្សេងទៀតដែលគេកំពុងរៀនសូត្រ និងដោយការអធិស្ឋានសូមជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។ ការយល់ដឹងនៅតែបន្តកាន់តែស៊ីជម្រៅនៅពេលដែលគោលការណ៍ត្រូវបានអនុវត្ត ។
គ្រូបង្រៀនអាចជួយសិស្សឲ្យយល់អំពីគោលលទ្ធិ និងគោលការណ៍ដោយការសួរសំណួរដែលនាំសិស្សឲ្យវិភាគអត្ថន័យរបស់គោលលទ្ធិ និងគោលការណ៍នោះ ។ ឧទាហរណ៍ចេញពីដំណើររឿងរបស់ពួកកងទ័ពកំលោះ ២០០០ នាក់នៅក្នុងព្រះគម្ពីរមរមន យើងអាចរៀនអំពីគោលការណ៍ដែលថា បើ សិនយើងពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងយើងឲ្យរួច ( សូមមើល អាលម៉ា ៥៦:៤៧-៤៨ ) ។ ដើម្បីទទួលបានការយល់ដឹងកាន់តែច្រើនអំពីអត្ថន័យនៃគោលការណ៍នេះ គ្រូបង្រៀន និងសិស្សអាចពិចារណាសំណួរដូចជា ៖
-
តើពួកកងទ័ពកំលោះមិនមានការសង្ស័យលើអ្វីខ្លះ ?
-
តើមានភស្តុតាងអ្វីខ្លះដែលថាពួកកងទ័ពកំលោះទាំងនេះមិនមានការសង្ស័យ ?
-
តើព្រះបានរំដោះពួកកងទ័ពកំលោះដោយរបៀបណា ?
-
តើ « សមរភូមិ » អ្វីខ្លះដែលយុវវ័យនៃសាសនាចក្រកំពុងប្រយុទ្ធប្រឆាំងនៅសព្វថ្ងៃនេះ ?
-
តើព្រះអាចរំដោះពួកគេចេញពីចម្បាំងបែបនោះតាមរបៀបណា ?
-
តើបទពិសោធន៍របស់អ័ប៊ីណាដៃ យ៉ូសែប ស្ម៊ីធ ឬសាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បង្រៀនយើងអំពីអត្ថន័យនៃការរំដោះនោះអ្វីខ្លះ ?
ចេញពីរឿងរបស់ ណាម៉ាន និងអេលីសេ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងអាចរៀនគោលការណ៍ថា បើសិនជាយើងបន្ទាបខ្លួន ហើយស្ម័គ្រចិត្តដើម្បីធ្វើតាមដំបូន្មានរបស់ព្យាការី យើងអាចបានជាសះស្បើយ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៥:១–១៤ ) ។ ដើម្បីយល់អំពីអត្ថន័យនៃគោលការណ៍នេះ គ្រូបង្រៀន និងសិស្សអាចពិចារណាសំណួរដូចជា ៖
-
តើការបន្ទាបខ្លួនជួយយើងឲ្យធ្វើតាមដំបូន្មានរបស់ព្យាការីយ៉ាងដូចម្ដេច ?
-
តើបំណងចុងក្រោយរបស់ ណាម៉ាន ក្នុងការ « មុជ្រទឹកប្រាំពីរដង » ជួយយើងឲ្យយល់ថាតើការធ្វើតាមដំបូន្មានរបស់ព្យាការី ដោយស្មោះ មានន័យយ៉ាងណា ?
-
តើអ្វីទៅក្រៅពីជំងឺប្រចាំកាយដែលយើងត្រូវការការព្យាបាលនៅថ្ងៃនេះ ?
-
តើមានកិច្ចការអ្វីខ្លះដែលព្យាការីបានសុំឲ្យយើងធ្វើ ដែលអាចព្យាបាលយើងខាងវិញ្ញាណ ប៉ុន្តែប្រហែលជាមិនសមហេតុផលសម្រាប់ពិភពលោកទេ ?
ទទួលអារម្មណ៍ពីសេចក្តីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយ
ទោះបីជាសិស្សអាចកំណត់បាន និងយល់អំពីគោលការណ៍ និងគោលលទ្ធិនៃដំណឹងល្អក៏ដោយ ជារឿយៗពួកគេនឹងមិនអនុវត្ត រហូតទាល់តែពួកគេទទួលអារម្មណ៍ថាជាការពិត និងមានសារៈសំខាន់ តាមរយៈព្រះវិញ្ញាណ ហើយទទួលអារម្មណ៍ពីភាពបន្ទាន់ក្នុងកម្រិតណាមួយ ដើម្បីបញ្ចូលគោលការណ៍នេះទៅក្នុងជីវិតរបស់ពួកគេ ។ អែលឌើរ រ៉ូបឺត ឌី ហែល បានពន្យល់ថា « គ្រូបង្រៀនដ៏ស្មោះត្រង់ម្នាក់ នៅពេលគាត់បង្រៀនអំពីការពិត [ នៃដំណឹងល្អ ] … បានជួយ [ សិស្ស ] បោះជំហានទៅមុខមួយជំហានម្តងៗដើម្បីទទួលបាននូវសាក្សីខាងវិញ្ញាណ និងការយល់ដឹងក្នុងចិត្តរបស់ពួកគេដែលដឹកនាំទៅរកសកម្មភាព និងទង្វើ » ( Teaching by Faith » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០០២ ] ទំព័រ ៥ ) ។
ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើឲ្យមានចំណាប់អារម្មណ៍លើគំនិត និងដួងចិត្តរបស់សិស្សទាំងឡាយអំពីសារៈសំខាន់នៃគោលលទ្ធិ ឬគោលការណ៍មួយ ហើយអាចផ្តល់ដល់សិស្សនូវការតាំងចិត្តមួយដើម្បីអនុវត្តតាមគោលការណ៍នោះ និងភាពរឹងមាំដើម្បីធ្វើបានផងដែរ ។ គ្រូបង្រៀនគួរតែខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីសម្រួលបទពិសោធន៍នេះសម្រាប់សិស្សម្នាក់ៗក្នុងថ្នាក់រៀនរបស់ពួកគេ ។ អែលឌើរ រីឆាត ជីស្កត បានលើកទឹកចិត្តគ្រូបង្រៀនថា « តើអ្នកនឹងអធិស្ឋានសុំការណែនាំអំពីរបៀបក្នុងការធ្វើឲ្យសេចក្តីពិតជ្រាបចូលយ៉ាងជ្រៅទៅក្នុងគំនិត និងដួងចិត្តសិស្សរបស់អ្នកសម្រាប់ជាការប្រើប្រាស់ពេញមួយជីវិតដែរឬទេ ? នៅពេលអ្នកអធិស្ឋានដើម្បីស្វែងរកវិធីបែបនោះ ខ្ញុំដឹងថាព្រះអម្ចាស់នឹងណែនាំអ្នក » ( « To Understand and Live Truth » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ២ ) ។
វិធីដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីជួយសិស្សឲ្យអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណចូលទៅក្នុងចិត្តរបស់ពួកគេ ហើយរៀបចំពួកគេឲ្យធ្វើកិច្ចការតាមគោលការណ៍ដែលពួកគេបានរៀន គឺការលើកទឹកចិត្តពួកគេឲ្យឆ្លុះបញ្ចាំងអំពីបទពិសោធន៍ផ្ទាល់ខ្លួនដែលជាប់ទាក់ទងនឹងគោលការណ៍នោះ ( សូមមើលផ្នែក ៥.១.៣ « សំណួរដែល អញ្ជើញឲ្យមានអារម្មណ៍ និងទីបន្ទាល់ » នៅលើ ទំព័រ ៦១ ) ។ ការណ៍នេះជួយសិស្សឲ្យទទួលស្គាល់អំពីផលប៉ះពាល់ដែលគោលការណ៍នេះមាននៅក្នុងជីវិតរបស់ពួកគេ ឬក្នុងជីវិតរបស់អ្នកដទៃ ។ ជាឧទាហរណ៍ បន្ទាប់ពីមានការពិភាក្សាអំពីច្បាប់ដង្វាយមួយភាគក្នុងដប់ នោះគ្រូបង្រៀនអាចសួរថា « តើប្អូនបានឃើញពរអ្វីខ្លះនៅក្នុងជីវិតរបស់ប្អូន ឬក្នុងជីវិតរបស់អ្នកដទៃមកពីការរក្សាច្បាប់ដង្វាយមួយភាគក្នុងដប់នោះ ? នៅពេលសិស្សពិចារណាអំពីសំណួរដូចនេះ ហើយចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនសមរម្យជាមួយនឹងថ្នាក់របស់ពួកគេ ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេឲ្យមើលឃើញកាន់តែច្បាស់នូវពរជ័យដែលពួកគេ និងអ្នកដទៃបានទទួលតាមរយៈការរស់នៅតាមគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ។ ព្រះវិញ្ញាណក៏នឹងជួយសិស្សឲ្យទទួលអារម្មណ៍ថា មានបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីអនុវត្តសេចក្តីពិតទាំងនេះនៅក្នុងជីវិតរបស់ពួកគេផងដែរ ។ គ្រូបង្រៀនក៏អាចចែកចាយដំណើររឿងពិតអំពីជីវិតរបស់ខ្លួន ឬជីវិតរបស់អ្នកដទៃ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍អំពីសេចក្ដីពិត និងសារៈសំខាន់នៃការរស់នៅតាមគោលការណ៍ដែលបានពិភាក្សា ។
គ្រូបង្រៀនអាចផ្តល់ឱកាសដល់សិស្សទាំងឡាយដើម្បីធ្វើទីបន្ទាល់អំពីសេចក្តីពិតដ៏ពេញលេញនៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ។ គ្រូបង្រៀនទាំងឡាយគួរតែស្វែងរកឱកាសដើម្បីធ្វើទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគាត់ផងដែរ ។ លើសពីនេះទៀត គ្រូបង្រៀនអាចជួយសិស្សឲ្យមានអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ដោយគូសបញ្ជាក់អំពីទីបន្ទាល់ដែលបានបង្ហាញដោយបុគ្គលទាំងឡាយនៅក្នុងព្រះគម្ពីរ និងដោយការអាន ឬស្តាប់ទីបន្ទាល់របស់ពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ ។
អនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយ
ការអនុវត្តកើតមាននៅពេលសិស្សទាំងឡាយគិត និយាយ និងរស់នៅស្របតាមគោលការណ៍ទាំងឡាយដែលពួកគេបានរៀន ។ អែលឌើរ រីឆាត ជី ស្កត បានពន្យល់អំពីសារៈសំខាន់នៃការអនុវត្តតាមនៅពេលលោកបានមានប្រសាសន៍ថា « វិធានការដ៏ល្អបំផុតដើម្បីវាស់ប្រសិទ្ធិភាពនៃអ្វីដែលកើតឡើងនៅក្នុងថ្នាក់រៀន គឺការសង្កេតឃើញថាសិស្សម្នាក់យល់ដឹង និងអនុវត្តសេចក្តីពិតនៅក្នុងជីវិតរបស់គេ » ( « To Understand and Live Truth » ទំព័រ ៣ ) ។
នៅពេលសិស្សអនុវត្តគោលការណ៍ទាំងឡាយនៃដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ នោះពួកគេនឹងទទួលបានពរជ័យទាំងឡាយដែលបានសន្យា ។ ពួកគេក៏នឹងទទួលបានខាងការយល់ដឹង និងទីបន្ទាល់កាន់តែជ្រៅជ្រះមួយអំពីគោលលទ្ធិ ឬគោលការណ៍ដែលពួកគេបានអនុវត្ត ។ ជាឧទាហរណ៍ សិស្សទាំងឡាយណាដែលរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធនឹងមានការយល់ដឹងពេញលេញថែមទៀត អំពីអត្ថន័យនៃគោលការណ៍នោះ ជាងសិស្សទាំងឡាយដែលមិនបានគោរពតាម ។ ចំពោះសិស្សដែលបានទុកចិត្តលើព្រះអម្ចាស់ដោយអស់ពីចិត្ត( សូមមើល សុភាសិត ៣:៥ ) ហើយត្រូវបានពង្រឹង និងលួងលោមក្នុងគ្រាលំបាក ឬការសាកល្បង យល់កាន់តែច្បាស់អំពីគោលការណ៍នោះ ជាជាងអ្នកដែលមិនបានទុកចិត្តលើទ្រង់ ។
គ្រូបង្រៀនគួរតែផ្តល់ពេលដល់សិស្សនៅក្នុងថ្នាក់ដើម្បីគិតពិចារណា ឬសរសេរអំពីអ្វីដែលពួកគេយល់ និងមានអារម្មណ៍ ហើយពិចារណាពីសកម្មភាពជាក់លាក់ដែលពួកគេគួរតែយកវាមកអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ ពេលវេលាដូចច្នេះ គ្រូបង្រៀនគួរតែលើកទឹកចិត្តសិស្សឲ្យទូលសូមការណែនាំ និងការដឹកនាំពីព្រះអម្ចាស់ ។ គ្រូបង្រៀនក៏អាចពិភាក្សាអំពីស្ថានភាពដែលសិស្សអាចជួបប្រទះ និងឲ្យពួកគេចែកចាយគំនិតអំពីរបៀបអនុវត្តគោលការណ៍នៃដំណឹងល្អ នៅក្នុងស្ថានភាពទាំងនោះដែលនឹងប្រទានពរដល់ជីវិតរបស់ពួកគេ ។ ពួកគេអាចណែនាំសិស្សទាំងឡាយឲ្យដាក់គោលដៅមួយដែលអាចជួយពួកគេឲ្យរស់នៅតាមគោលលការណ៍ដែលបានបង្រៀន ។ គ្រូបង្រៀនអាចរៀបចំព្រះគម្ពីរ ការដកស្រង់ កំណាព្យ ឬផ្នែកមួយនៃទំនុកតម្កើងជាច្បាប់ចម្លង ដែលសិស្សអាចយកមកផ្ទះវិញដើម្បីជាការរំឭកអំពីគោលការណ៍នេះ ។
ប្រហែលជាមានពេលខ្លះដែលគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់ផ្ដល់យោបល់អំពីរបៀបដែលគោលការណ៍ដំណឹងល្អអាចអនុវត្តបាន ។ គំរូបែបនេះអាចផ្តល់ឲ្យសិស្សនូវគំនិត ដែលមានប្រយោជន៍អំពីរបៀបអនុវត្តគោលការណ៍នៃដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្រៀនគួរតែប្រុងប្រយ័ត្នកុំដាក់បទបញ្ជាច្រើនពេកក្នុងការចាត់ចែងការអនុវត្តជាក់លាក់សម្រាប់សិស្ស ។ សូមចាំថាការណែនាំដ៏មានអត្ថន័យបំផុតសម្រាប់ការអនុវត្តផ្ទាល់ខ្លួនកើតចេញមកពីការបំផុសគំនិត ឬវិវរណៈមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធរៀងៗខ្លួន ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « គ្រូបង្រៀនត្រូវបានបង្គាប់ឲ្យបង្រៀន ‹ គោលការណ៍នៃ [ ដំណឹងល្អ ] និង ‹ គោលលទ្ធិនៃនគរ › ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៧ ) ជាទូទៅគួរតែបោះបង់ការបង្រៀនច្បាប់ ឬការអនុវត្តជាក់លាក់នោះចោល ។ … នៅពេលគ្រូបង្រៀនម្នាក់បានបង្រៀនគោលលទ្ធិ និងគោលការណ៍ដែលទាក់ទងនឹងគោលការណ៍មកពីព្រះគម្ពីរ និងពួកព្យាការីដែលនៅរស់ នោះការអនុវត្ត ឬច្បាប់ជាក់លាក់បែបនេះជាទូទៅគឺជាការទទួលខុសត្រូវរបស់បុគ្គល និងក្រុមគ្រួសារ » ( « Gospel Teaching » ទំព័រ ៧៩ ) ។
ពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ
ការពន្យល់គោលលទ្ធិ និងគោលការណ៍ ការចែកចាយការយល់ដឹង និងបទពិសោធន៍ដែលទាក់ទង ការថ្លែងទីបន្ទាល់អំពីសេចក្តីពិតដ៏ទេវភាពបញ្ជាក់ពីការយល់ដឹងរបស់សិស្សអំពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ហើយពង្រឹងសមត្ថភាពរបស់សិស្សក្នុងការបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ នៅពេលសិស្សពន្យល់ ចែកចាយ និងធ្វើទីបន្ទាល់ នោះជាញឹកញាប់ពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធឲ្យមានទីបន្ទាល់កាន់តែជ្រាលជ្រៅនៃការណ៍គ្រប់យ៉ាងដែលពួកគេកំពុងបង្ហាញ ។ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ពាក្យសម្ដីរបស់សិស្សក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តគំនិតមិត្តក្នុងថ្នាក់ដែលកំពុងស្ដាប់នោះផងដែរ ។
គ្រូបង្រៀនដែលសិក្សា រៀបចំ និងបង្រៀនមេរៀនមួយប្រកបដោយការគិតគូរ និងពោរពេញដោយការអធិស្ឋាន មានទំនោរនឹងរៀនបានច្រើន ។ គោលការណ៍ដូចគ្នានេះក៏ជាការពិតសម្រាប់សិស្សផងដែរ ។ នៅពេលពួកគេសិក្សា និងបង្រៀនគ្នាទៅវិញទៅមកអំពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដែលបានស្ដារឡើងវិញ នោះពួកគេនឹងទទួលបានការយល់ដឹងកាន់តែច្រើន និងពង្រឹងនូវទីបន្ទាល់របស់ពួកគេ ។
ពន្យល់
ការយល់ដឹងអំពីព្រះគម្ពីរត្រូវបានកើនឡើងនៅពេលសិស្ស និងគ្រូទាំងឡាយពន្យល់អំពីបទគម្ពីរដល់គ្នាទៅវិញទៅមក ។ ការរៀបចំដើម្បីប្រាប់ឲ្យបានច្បាស់លាស់ និងសាមញ្ញពីអត្ថន័យនៃវគ្គបទគម្ពីរ ឬគោលលទ្ធិ ឬគោលការណ៍ទឹកចិត្តគ្រូបង្រៀន និងសិស្សឲ្យសញ្ជឹងគិតពីខគម្ពីរទាំងនោះ រៀបចំគំនិតរបស់ពួកគេ ហើយអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្រៀនពួកគេ ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖ « យើងរៀនសូត្រដោយការអនុវត្ត ។ ប្រសិនបើយើងសិក្សាអំពីដំណឹងល្អដើម្បីបង្រៀន នោះយើងបានទទួលចំណេះដឹងសម្រាប់កន្លែងដែលយើងកាន់ចង្កៀងដើម្បីបំភ្លឺផ្លូវដល់អ្នកដទៃ ហើយក៏បំភ្លឺផ្លូវរបស់យើងខ្លួនឯងផងដែរ ។ នៅពេលយើងវិភាគ និងរៀបចំបទគម្ពីរដើម្បីធ្វើបទបង្ហាញមេរៀន ដែលអាចទទួលយកបានមួយដល់អ្នកដទៃ នោះយើងបានបញ្ជាក់ពីគំនិតផ្ទាល់របស់យើង ។ នៅពេលយើងពន្យល់ពីអ្វីដែលយើងបានដឹងរួចមកហើយ នោះវាហាក់បីដូចជាយើងទទួលបាននូវសេចក្តីពិតបន្ថែមទៀត និងពង្រីកការយល់ដឹងរបស់យើង ការតភ្ជាប់ និងការអនុវត្តថ្មីៗ » ( The Teachings of Spencer W. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ៥៣០ ) ។
ការផ្តល់ឱកាសដល់សិស្សដើម្បីពន្យល់អំពីគោលលទ្ធិ ឬគោលការណ៍មួយដល់មនុស្សម្នាក់ផ្សេងទៀត គឺលើកទឹកចិត្តដល់ពួកគេឲ្យគិតកាន់តែជ្រៅបន្ថែមទៀត និងស្វែងរកការយល់ដឹងកាន់តែខ្លាំងមុននឹងធ្វើការបង្រៀនដល់អ្នកដទៃអំពីអ្វីដែលពួកគេបានរៀន ។ គ្រូបង្រៀនអាចសុំឲ្យសិស្សពន្យល់ថាហេតុអ្វីវាមានសារៈសំខាន់ក្នុងការមានជំនឿ ការទទួលពិធីបុណ្យជ្រមុជទឹក ឬការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ។ សិស្សអាចត្រូវបានអញ្ជើញឲ្យប្រាប់នរណាម្នាក់ទៀត ប្រាប់អំពីការបង្កបង្កើត ការធ្លាក់ចុះ ឬមូលហេតុដែលពួកគេជឿថាក្រុមគ្រួសារគឺជាកត្តាសំខាន់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ ការណ៍នេះអាចធ្វើជាគូរៗ ឬក្រុមតូចៗ ដើរតួសម្តែង ជាមួយសិស្សក្នុងថ្នាក់ទាំងមូល ឬដោយការសរសេរ ។ ម្តងម្កាល ការអញ្ជើញសិស្សឲ្យពន្យល់អំពីវគ្គនៃព្រះគម្ពីរ ឬបង្រៀនគោលលទ្ធិ ឬគោលការណ៍មួយទៅដល់ឪពុកម្ដាយ បងប្អូនប្រុស ឬបងប្អូនស្រី មិត្តភក្តិ ឬមិត្តរួមបន្ទប់ ក៏ជាការសមរម្យផងដែរ ។
ចែកចាយ
ទាំងគ្រូបង្រៀន និងសិស្សគួរតែមានឱកាសដើម្បីចែកចាយអំពីគំនិត និងការយល់ដឹងរបស់ពួកគេក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេមានជាមួយនឹងគោលលទ្ធិ ឬគោលការណ៍មួយ ។ ពួកគេក៏អាចរៀបរាប់ពីបទពិសោធន៍ដែលពួកគេបានឃើញនៅក្នុងជីវិតរបស់អ្នកដទៃបានផងដែរ ។
ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ បានមានប្រសាសន៍ថា ៖ « កម្រណាស់ដែលមានយុវវ័យមកចូលរៀនថ្នាក់សិក្ខាសាលា ឬវិទ្យាស្ថានរបស់អ្នកដែលមិនធ្លាប់ទទួលបាននូវពរជ័យខាងវិញ្ញាណដោយមិនដឹងខ្លួន ឬមិនបានឃើញប្រសិទ្ធិភាពនៃការអធិស្ឋាន ឬក៏មិនបានឃើញពីអំណាចនៃសេចក្តីជំនឿដើម្បីព្យាបាលអ្នកឈឺ ឬក៏មិនបានទទួលជំនួយពីខាងវិញ្ញាណដែលពិភពលោកសព្វថ្ងៃនេះមិនអើពើនោះ » ( The Charted Course of the Church in Education rev. ed. [ ឆ្នាំ ១៩៩៤ ] ទំព័រ ៩ ) ។ សិស្សគួរតែទទួលបានឱកាសដើម្បីចែកចាយបទពិសោធន៍បែបនេះជាមួយនឹងថ្នាក់រៀន ។ ( គ្រូបង្រៀនប្រហែលជាត្រូវជួយសិស្សឲ្យយល់ថាបទពិសោធន៍ខ្លះគឺ ពិសិដ្ឋ ឬផ្ទាល់ខ្លួនពេកក្នុងការចែកចាយនៅក្នុងថ្នាក់ សូមមើល អាលម៉ា ១២:៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៦៤ ) ។
ថ្លែងទីបន្ទាល់
នៅពេលសិស្សបានពន្យល់អំពីគោលការណ៍នៃដំណឹងល្អ ហើយបានចែកចាយបទពិសោធន៍របស់ពួកគេពីការអនុវត្តគោលការណ៍ទាំងនោះនៅក្នុងជីវិតរបស់ពួកគេ នោះពួកគេតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាសាក្សីអំពីអ្វីដែលពួកគេបានជឿ ។
អែលឌើរ ប៊យដ៍ ខេ ផាកកឺ បានពន្យល់អំពីចំនុចមួយនៃពរជ័យទាំងឡាយពីការធ្វើទីបន្ទាល់ថា ៖ « មែនហើយបើសិនជាខ្ញុំអាចបង្រៀនអ្នកនូវគោលការណ៍មួយនេះ ។ សក្ខីភាពមួយត្រូវបាន រកឃើញ នៅក្នុង ការថ្លែង សក្ខីភាពនោះ ! …
« វាគឺជារឿងមួយដើម្បីទទួលនូវសាក្សីមួយមកពីអ្វីដែលបានអាន ឬពីអ្វីដែលអ្នកផ្សេងទៀតបាននិយាយ ហើយនោះជាការចាប់ផ្តើមដ៏ចាំបាច់មួយ ។ វាជារឿងមួយទៀត ដើម្បីមានព្រះវិញ្ញាណអាចបញ្ជាក់នៅក្នុងដួងចិត្តអ្នកថាអ្វីដែល អ្នក បានថ្លែងទីបន្ទាល់ គឺជាការពិត » ( « The Candle of the Lord » ទំព័រ ៥៤-៥៥ ) ។
ការថ្លែងទីបន្ទាល់មិនគ្រាន់តែផ្តល់ពរជ័យដល់បុគ្គលដែលថ្លែងទីបន្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់អ្នកដទៃផងដែរ ។ ការធ្វើជាសាក្សីផ្ដល់ឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើជាសាក្សីអំពីគោលលទ្ធិ និងគោលការណ៍ជាក់លាក់នៃដំណឹងល្អដែលបានស្ដារឡើងវិញ ។ សក្ខីភាពមួយមិនតែងតែចាប់ផ្តើមដោយឃ្លា « ខ្ញុំចង់ថ្លែងទីបន្ទាល់របស់ខ្ញុំ » នោះទេ ។ ទីបន្ទាល់មួយអាចជាសេចក្តីថ្លែងការណ៍ដ៏សាមញ្ញមួយអំពីអ្វីដែលមនុស្សម្នាក់ដឹងថាជាការពិត ដែលបាននិយាយដោយស្មោះត្រង់ និងការជឿជាក់ ។ វាអាចជាការបញ្ជាក់សាមញ្ញមួយអំពីរបៀបដែលមនុស្សម្នាក់ទទួលអារម្មណ៍អំពីគោលលទ្ធិ ឬគោលការណ៍មួយនៃដំណឹងល្អ និងអំពីភាពខុសគ្នាដែលវាបានបំពេញនៅក្នុងជីវិតរបស់គាត់ ។ សិស្សអាចយល់កាន់តែច្បាស់អំពីរបៀបដែលគោលការណ៍ដំណឹងល្អអាចត្រូវបានអនុវត្ត និងមានអារម្មណ៍បំផុសគំនិតកាន់តែខ្លាំង ដើម្បីអនុវត្តគោលការណ៍នោះនៅក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេឮគ្រូបង្រៀន និងសិស្សដទៃទៀតទទួលបានទីបន្ទាល់អំពីតម្លៃនៃគោលការណ៍ទាំងនោះ ។
គ្រូបង្រៀនអាចលើកទឹកចិត្តសិស្សឲ្យធ្វើទីបន្ទាល់អំពីសេចក្តីពិតនៃដំណឹងល្អ ដោយការសួរសំណួរនានាដែលអញ្ជើញពួកគេឲ្យចែកចាយនូវបទពិសោធន៍ និងជំនឿរបស់គេ ( សូមមើល ផ្នែក ៥.១.៣ « សំណួរទាំងឡាយដែល អញ្ជើញឲ្យមានអារម្មណ៍ និងទីបន្ទាល់ » នៅលើ ទំព័រ ៦១ ) ។ ពួកគេក៏អាចផ្ដល់ឱកាសផ្សេងទៀតដល់សិស្សដើម្បីធ្វើជាសាក្សីដល់មិត្តភក្តិរបស់ពួកគេផងដែរ ។ គ្រូបង្រៀនគួរតែយកចិត្តទុកដាក់ខ្ពស់លើលក្ខណៈផ្ទាល់ខ្លួន និងពិសិដ្ឋនៃទីបន្ទាល់ ហើយអាចអញ្ជើញបាន ប៉ុន្តែមិនគួរតម្រូវឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេឡើយ ។ គ្រូបង្រៀនគួរតែយកឱកាសដើម្បីធ្វើទីបន្ទាល់ឲ្យបានញឹកញាប់អំពីសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនរបស់ពួកគាត់ចំពោះព្រះវរបិសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ និងអំពីសេចក្តីពិត និងតម្លៃនៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ គ្រូបង្រៀនគួរតែដឹង ហើយយោងទៅលើទីបន្ទាល់ដែលបានបង្ហាញដោយព្រះអង្គសង្គ្រោះ ព្រមទាំងអ្នកទាំងឡាយណាដែលបានថ្លែងទីបន្ទាល់ដោយពួកព្យាការី និងពួកសាវកនៅថ្ងៃចុងក្រោយផងដែរ ។
គន្លឺះវគ្គបទគម្ពីរ និងប្រធានបទខាងគោលលទ្ធិសំខាន់ៗ ។
នៅពេលបុគ្គលម្នាក់ៗឲ្យតម្លៃសេចក្ដីពិតដ៏អស់កល្បនៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងនាំសេចក្ដីពិតទាំងនេះទៅកាន់ការចងចាំរបស់ពួកគេក្នុងគ្រាដែលចាំបាច់ ហើយផ្ដល់ភាពក្លាហានដល់ពួកគេដើម្បីធ្វើសកម្មភាពក្នុងសេចក្ដីជំនឿ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានបង្រៀន ៖
« ខ្ញុំសូមលើកទឹកចិត្តអ្នកយ៉ាងម៉ឹងមាត់ឲ្យប្រើបា្រស់ព្រះគម្ពីរនៅក្នុងការបង្រៀនរបស់អ្នក និងធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់អ្នកដើម្បីជួយសិស្សឲ្យប្រើប្រាស់ និងមានអារម្មណ៍កាន់តែកក់ក្តៅចំពោះព្រះគម្ពីរ ។ ខ្ញុំចង់ឲ្យយុវវ័យរបស់យើងមានទំនុកចិត្តលើព្រះគម្ពីរ ។ …
« ទីមួយ យើងចង់ឲ្យសិស្សមានទំនុកចិត្តទៅលើកម្លាំង និងសេចក្ដីពិតនៃព្រះគម្ពីរ ដោយទំនុកចិត្តថាព្រះវរបិតាសួគ៌របស់ពួកគេពិតជាកំពុងមានព្រះបន្ទូលជាមួយពួកគេ តាមរយៈព្រះគម្ពីរហើយមានទំនុកចិត្តថាពួកគេអាចបែរទៅរកព្រះគម្ពីរ ហើយរកឃើញចម្លើយចំពោះបញ្ហា និងការអធិស្ឋានទាំងឡាយរបស់ពួកគេ ។ …
« … យើងសង្ឃឹមថា គ្មានសិស្សណាម្នាក់របស់អ្នក នឹងចាកចេញពីថ្នាក់របស់អ្នកដោយការភ័យខ្លាច ឬ ខ្មាស់គេ ឬ អាម៉ាស់មុខ ដែលពួកគេមិនអាចរកជំនួយដែលពួកគេត្រូវការ ដោយសារពួកគេមិនមានចំណេះដឹងពីព្រះគម្ពីរគ្រប់គ្រាន់ ក្នុងការរកវគ្គគម្ពីរត្រឹមត្រូវនោះទេ » ( « Eternal Investments » ទំព័រ ២ ) ។
ដើម្បីជួយសិស្សឲ្យតម្លៃសេចក្ដីពិតដ៏អស់កល្បជានិច្ច និងដើម្បីបង្កើនទំនុកចិត្តរបស់ពួកគេទៅលើព្រះគម្ពីរ ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាននៃសាសនា ( ស&វ ) បានជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួន និងបានរៀបចំបញ្ជីនៃប្រធានបទគោលលទ្ធិ ។ ការសិក្សាអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងគោលលទ្ធិទាំងនេះគួរតែត្រូវបានបង្កើតឡើងជាមួយគ្នា ដើម្បីឲ្យសិស្សរៀនបង្ហាញអំពីគោលលទ្ធិទាំងនេះទៅតាមពាក្យសម្តីរបស់ខ្លួន ហើយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដើម្បីជួយពួកគេពន្យល់ និងធ្វើជាសាក្សីអំពីសេចក្ដីពិតទាំងនេះ ។
ចំណេះចំណានខាងគោលលទ្ធិ
ស&វ បានជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួន ២៥ សម្រាប់វគ្គសិក្សាថ្នាក់សិក្ខាសាលានីមួយៗក្នុងចំណោមវគ្គសិក្សាទាំងបួននេះ ។ វគ្គបទគម្ពីរទាំងនេះផ្តល់នូវគ្រឹះដ៏សំខាន់មួយសម្រាប់ការយល់ដឹង និងចែកចាយដំណឹងល្អ និងសម្រាប់ពង្រឹងសេចក្តីជំនឿ ។ សិស្សថ្នាក់សិក្ខាសាលាត្រូវបានលើកទឹកចិត្តឲ្យអភិវឌ្ឍ « ចំណេះចំណាន » នៃវគ្គបទគម្ពីរទាំងនេះដូចដែលបានពិពណ៌នាខាងក្រោម ។ សិស្សថ្នាក់វិទ្យាស្ថានគួរតែត្រូវបានលើកទឹកចិត្តឲ្យស្ថាបនាលើគ្រឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១០០ នេះ និងអភិវឌ្ឍការយល់ដឹងដ៏ជ្រាលជ្រៅអំពីវគ្គបទគម្ពីរគន្លឹះផ្សេងទៀតនៃព្រះគម្ពីរ ។
ចំណេះចំណានវគ្គបទគម្ពីររួមមាន ៖
-
ការកំណត់ទីតាំង ខគម្ពីរដោយការដឹងអំពីសេចក្ដីយោងនៃព្រះគម្ពីរដែលជាប់ទាក់ទង ។
-
ការយល់ដឹង អំពីបរិបទ និងមាតិកានៃវគ្គបទគម្ពីរ ។
-
ការអនុវត្ត គោលការណ៍ និងគោលលទ្ធិនៃដំណឹងល្អដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ។
-
ការទន្ទេញ វគ្គបទគម្ពីរ ។
ការទន្ទេញអាចជាឧបករណ៍ដ៏អស្ចា្យមួយដើម្បីជួយសិស្សស្គាល់ និងស្រលាញ់វគ្គបទគម្ពីរដែលបានជ្រើសរើស ។ ដូចដែលអែលឌើរ រីឆាត ជីស្កត បានពន្យល់ « នៅពេលដែលព្រះគម្ពីរត្រូវបានប្រើទៅ តាមអ្វីដែលព្រះអម្ចាស់បានបណ្តាលឲ្យបទគម្ពីរនោះត្រូវបានកត់ត្រាទុក បទគម្ពីរនោះមានព្រះចេស្តានៅក្នុងនោះដែលមិនអាចយល់បានតាមការសរសេរជាឃ្លាបានឡើយ » ( « He Lives » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨៨ ) ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវតែយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលដល់សមត្ថភាព និងស្ថានភាពដែលបានរំពឹងទុករបស់សិស្សម្នាក់ៗ ។ សិស្សមិនគួរមានអារម្មណ៏អៀនខ្មាស ឬអាម៉ាស ឬមានអារម្មណ៍លើសលប់នោះទេបើទន្ទេញមិនចាំ ។
គ្រូបង្រៀននឹងអាចជាជំនួយដ៏ប្រសើរដល់សិស្សរបស់គាត់ បើសិនជាពួកគាត់ចេះវគ្គបទគម្ពីរទាំងនេះដោយខ្លួនឯង ។ នៅពេលដែលគ្រូបង្រៀនយោងទៅវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដោយមានភាពខ្ជាប់ខ្ជួន រក្សាការរំពឹងទុកសមរម្យ និងប្រើវិធីសាស្ត្រដែលទាក់ទាញចំពោះវិធីរៀនផ្សេងគ្នា នោះពួកគេនឹងកាន់តែទទួលបានជោគជ័យនៅក្នុងការជួយសិស្សឲ្យចេះវគ្គបទគម្ពីរសំខាន់ៗទាំងនេះ ។ ក្នុងអំឡុងពេលមេរៀន វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ គួរតែត្រូវបានប្រើដើម្បីបញ្ជាក់ពីគោលលទ្ធិ និងគោលការណ៍ដែលទាក់ទងគ្នា ។ គោលលទ្ធិ និងគោលការណ៍ទាំងនោះអាចប្រើជាប្រធានបទសម្រាប់ការប្រជុំធម្មនិដ្ឋាន ឬសម្រាប់ដាក់តាំងបង្ហាញនៅកន្លែងណាមួយក្នុងថ្នាក់រៀន ។ សិស្សក៏គួរតែត្រូវបានលើកទឹកចិត្តឲ្យសិក្សា និងអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងនោះនៅក្រៅថ្នាក់ផងដែរ ។
នៅទីតាំងដែលគ្រូបង្រៀនជាច្រើនបម្រើការជាមួយគ្នានៅសាលារៀនមួយ នោះការរៀនសូត្ររបស់សិស្សនឹងត្រូវបានពង្រឹងនៅពេលសមាជិកសាលារៀននោះប្រើវិធីសាស្ត្ររួមគ្នាមួយចំពោះចំណេះចំណានខាងគោលលទ្ធិ ។ គ្រូបង្រៀនជារឿយៗអាចជ្រើសរើសរំឭកឡើងវិញនូវសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិកាលពីឆ្នាំមុន ដើម្បីឲ្យសិស្សអាចរក្សាចំណេញចំណាននៃវគ្គបទគម្ពីរទាំងអស់ដែលបានជ្រើសរើស ។
ខណៈពេលដែលចំណេះចំណានខាងគោលលទ្ធិជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សា វាគួរតែបន្ថែម មិនមែនជាការគ្របដណ្ដប់លើការសិក្សាព្រះគម្ពីរជាបន្តបន្ទាប់ប្រចាំថ្ងៃឡើយ ។ គ្រូបង្រៀនគួរតែមានភាពឈ្លាសវៃនៅក្នុងពេលដែលពួកគេបែងចែកវគ្គចំណេះចំណានខាងគោលលទ្ធិ ។ គ្រូបង្រៀនដែលបង្រៀនសិស្សតាមផ្ទះត្រូវតែប្រុងប្រយ័ត្នជាពិសេសថាថ្នាក់ប្រចាំសប្តាហ៍មិនក្លាយជាសកម្មភាពចំណេះចំណានខាងគោលលទ្ធិប្រចាំសប្តាហ៍នោះទេ ។ គ្រូបង្រៀនគួរជ្រើសរើសវិធីសាស្រ្ត សកម្មភាព និងតន្ត្រីដែលសមស្របតាមសេចក្តីថ្លៃថ្នូរ ក្នុងគោលបំណង និងស្មារតីនៃព្រះគម្ពីរ ហើយជៀសវាងការទាស់ទែងគ្នា ។
ប្រធានបទខាងគោលលិទ្ធ
ប្រធានបទខាងគោលលិទ្ធចំនួន ៩ ដែលត្រូវបានកំណត់ យកមកគូសបញ្ជាក់ទាំងក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ គ្រូបង្រៀនត្រូវជួយសិស្សឲ្យស្គាល់ យល់ ជឿ ពន្យល់ និងអនុវត្តគោលលទ្ធិគ្រឹះនៃដំណឹងល្អ ។ ការធ្វើដូច្នេះនឹងជួយសិស្សឲ្យពង្រឹងទីបន្ទាល់របស់ពួកគេ និងបង្កើនការដឹងណរបស់ពួកគេចំពោះដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាអំពីប្រធានបទទាំងនេះក៏នឹងជួយពួកគេឲ្យត្រៀមខ្លួនកាន់តែប្រសើរដើម្បីបង្រៀនសេចក្ដីពិតដ៏សំខាន់ទាំងនេះទៅដល់អ្នកដទៃផងដែរ ។
វាសំខាន់ក្នុងការចងចាំថាគោលលទ្ធិសំខាន់ៗផ្សេងទៀតនៃដំណឹងល្អ ក៏នឹងត្រូវបានបង្រៀនផងដែរ ទោះបីជាវាមិនត្រូវបានរាយបញ្ជីនៅក្នុងប្រធានបទខាងគោលលិទ្ធក៏ដោយ ។
ខាងក្រោមនេះជាប្រធានបទខាងគោលលិទ្ធដែលបានជ្រើសរើសដោយថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ៖
-
ក្រុមព្រះ
-
ផែនការនៃសេចក្តីសង្គ្រោះ
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
-
ការស្ដារឡើងវិញ
-
ពួកព្យាការី និងវិវរណៈ
-
បព្វជិតភាព និងកូនសោនៃបព្វជិតភាព
-
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយ
-
អាពាហ៍ពិពាហ៍ និងគ្រួសារ
-
បទបញ្ញត្តិទាំងឡាយ
នៅពេលគ្រូបង្រៀនសិក្សា និងយល់អំពីប្រធានបទទាំងនេះផ្ទាល់ខ្លួន នោះវានឹងកាន់តែមានភាពងាយស្រួលពេលធ្វើសេចក្តីយោង និងថ្លែងទីបន្ទាល់អំពីប្រធានបទទាំងនេះនៅពេលពួកគេបង្រៀន ។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្រៀនមិនគួរបង្វែរពីការបង្រៀនបទគម្ពីរជាបន្តបន្ទាប់ដើម្បីផ្តោតតែទៅលើប្រធានបទតែមួយនោះទេ ។ ផ្ទុយទៅវិញ គ្រូបង្រៀនគួរតែយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន និងខ្ជាប់ខ្ជួនទៅលើប្រធានបទទាំងនេះ នៅពេលដែលវាលេចឡើងជាធម្មតាក្នុងអត្ថបទគម្ពីរ និងនៅក្នុងវគ្គសិក្សា ។ តាមវិធីនេះ បញ្ជីនៃប្រធានបទខាងគោលលិទ្ធគឺជាការរំឭកមួយដើម្បីផ្តោតទៅលើសេចក្ដីពិតដ៏អស់កល្បទាំងនោះ ដែលនឹងមានតម្លៃបំផុតចំពោះសិស្ស និងដើម្បីសង្កត់ធ្ងន់លើគោលលិទ្ធទាំងនោះពេញមួយវគ្គសិក្សា ។ ប្រធានបទខាងគោលលិទ្ធទាំងនេះក៏អាចត្រូវបានប្រើជាប្រធានបទសម្រាប់ការប្រជុំធម្មនិដ្ឋានផងដែរ ។
គ្រូបង្រៀនដ៏ឈ្លាសវៃម្នាក់ក៏នឹងចងចាំផងដែរថាការអត់ធ្មត់ និងភាពខ្ជាប់ខ្ជួនគឺសំខាន់ណាស់នៅក្នុងការជួយសិស្សឲ្យយល់អំពីប្រធានបទទាំងនេះ ។ ពួកគេមិនបានរំពឹងថាសិស្សម្នាក់នឹងយល់ទាំងស្រុងអំពីអ្វីៗទាំងអស់ក្នុងពេលតែមួយនោះទេ ។ ព្រះអម្ចាស់បង្រៀនបុត្រាបុត្រីរបស់ទ្រង់ថា « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១២ ) ។ គ្រូបង្រៀន និងសិស្សគួរតែមើលឃើញការយល់ដឹងអំពីប្រធានបទទាំងនេះ ថាជាដំណើរការមួយដែលកើតឡើងក្នុងរយៈពេលបួនឆ្នាំនៃថ្នាក់សិក្ខាសាលា និងបន្តនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំទៀតនៅក្នុងថ្នាក់វិទ្យាស្ថាន ។