ការងារបម្រើដូចដែលព្រះអង្គសង្គ្រោះបានធ្វើ
សូមឲ្យយើងបង្ហាញការដឹងគុណ និងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះតាមរយៈការបម្រើដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីដ៏អស់កល្បជានិច្ចរបស់យើង ។
តើមានពរជ័យណាដែលអស្ចារ្យជាងនេះដើម្បីរស់នៅក្នុងគ្រាមួយដែលមានវិវរណៈជាបន្ដបន្ទាប់មកពីព្រះ ! នៅពេលយើងទន្ទឹងចាំ ហើយឱបក្រសោបយក « ការតាំងរបស់ទាំងអស់ឡើងវិញ » ១ ដែលមាន ហើយនឹងកើតមានតាមរយៈព្រឹត្តការណ៍ដែលបានព្យាករទុកនៃជំនាន់របស់យើង នោះយើងកំពុងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។២
ហើយតើមានវិធីណាដែលល្អប្រសើរជាងដើម្បីរៀបចំខ្លួនដើម្បីជួបទ្រង់ ជាជាងការព្យាយាមដើម្បីប្រែក្លាយដូចជាទ្រង់ តាមរយៈការបម្រើដោយក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនោះ ! ដូចដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកអ្នកដើរតាមទ្រង់នៅការចាប់ផ្ដើមនៃគ្រាកាន់កាប់ត្រួតត្រានេះ « បើសិនជាអ្នកស្រឡាញ់យើង ចូរបម្រើយើង » ។ ៣ ការបម្រើរបស់យើងចំពោះអ្នកដទៃគឺបង្ហាញអំពីភាពជាសិស្ស និងការដឹងគុណ ព្រមទាំងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងពីព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
ពេលខ្លះ យើងគិតថាយើងត្រូវធ្វើអ្វីមួយធំដុំ និងជាវីរជន « ដើម្បីរាប់ថា » ជាការបម្រើដល់អ្នកជិតខាងរបស់យើង ។ ប៉ុន្ដែទង្វើសាមញ្ញៗនៃការបម្រើអាចមានឥទ្ធិពលដ៏ខ្លាំងទៅលើអ្នកដទៃ— ក៏ដូចជាខ្លួនយើងផងដែរ ។ តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ? តាមរយៈអំណោយនៃដង្វាយធួន និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ទ្រង់—ដែលយើងប្រារព្ធនៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរដ៏ស្រស់ត្រកាលនេះ — « សូម្បីតែមួយក៏គ្មានសោះដែលឥទ្ធិពលដ៏ជ្រាលជ្រៅទៅ [ លើ ] អស់ទាំងមនុស្សដែលបានរស់នៅ ហើយដែលនឹងរស់នៅលើផែនដីនៅអនាគតកាល » ។៤ ប៉ុន្តែទ្រង់បានញញឹម មានបន្ទូល យាងជាមួយ ស្ដាប់ ចំណាយពេល លើកទឹកចិត្ត បង្រៀន ប្រទានអាហារ និងអភ័យទោស ។ ទ្រង់បានបម្រើដល់គ្រួសារ និងមិត្តភក្ដិ អ្នកជិតខាង និងមនុស្សប្លែកមុខ ហើយទ្រង់បានអញ្ជើញអ្នកដែលស្គាល់ និងមនុស្សជាទីស្រឡាញ់ឲ្យរីករាយនឹងពរជ័យដ៏បរិបូរនៃដំណឹងល្អរបស់ទ្រង់ ។ ទង្វើរនៃការបម្រើ « សាមញ្ញៗ » ទាំងនោះ និងសេចក្ដីស្រឡាញ់ផ្ដល់ជាខ្នាតគំរូសម្រាប់ការបម្រើរបស់យើងសព្វថ្ងៃនេះ ។
នៅពេលបងប្អូនមានឯកសិទ្ធិដើម្បីធ្វើជាតំណាងព្រះអង្គសង្គ្រោះនៅក្នុងការខិតខំបម្រើរបស់បងប្អូន ចូរសួរខ្លួនឯងថា « តើខ្ញុំអាចចែកចាយពន្លឺនៃដំណឹងល្អជាមួយនឹងបុគ្គលនេះ ឬគ្រួសារនេះយ៉ាងដូចម្ដេច ? តើព្រះវិញ្ញាណបំផុសឲ្យខ្ញុំធ្វើអ្វីខ្លះ ? »
ការបម្រើអាចត្រូវបានធ្វើឡើងតាមរបៀបផ្សេងៗដ៏អស្ចារ្យជាលក្ខណៈបុគ្គល ។ ដូច្នេះតើវាមានរូបរាងយ៉ាងណា ?
ការបម្រើអាចមានដូចជា គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះប្រឹក្សាគ្នាអំពីការចាត់តាំងប្រកបដោយការអធិស្ឋាន ។ ជាជាងអ្នកដឹកនាំគ្រាន់តែហុចក្រដាសមួយសន្លឹកទៅឲ្យ ការបម្រើអាចជា ការប្រឹក្សាអំពីបុគ្គល និងក្រុមគ្រួសារចំពោះមុខគ្នានៅពេលការចាត់តាំងត្រូវបានប្រគល់ឲ្យដើម្បីបម្រើដល់បងប្អូនប្រុសស្រី ។ វាអាចជាការចេញទៅដើរកម្សាន្ត ការជួបជុំគ្នាសម្រាប់កម្មវិធីពេលយប់ ការផ្ដល់ការបម្រើ ឬការបម្រើជុំគ្នា ។ វាអាចជា ការចេញទៅសួរសុខទុក្ខដោយផ្ទាល់ ឬនិយាយតាមទូរសព្ទ ឬផ្ញើសារតាមអ៊ិនធើរណិត ឬផ្ញើសារតាមទូរសព្ទ ។ វាអាចជាការជូនកាតខួបកំណើត និងការស្រែកហ៊ោលើកទឹកចិត្តនៅក្នុងការលេងបាល់ទាត់ ។ វាអាចជាការចែកចាយបទគម្ពីរ ឬពាក្យដកស្រង់មួយមកពីសុន្ទរកថាសន្និសីទ ដែលនឹងមានអត្ថន័យដល់បុគ្គលម្នាក់ៗ ។ វាអាចជាការពិភាក្សាអំពីសំណួរនៃដំណឹងល្អ និងការចែកចាយទីបន្ទាល់ដើម្បីនាំឲ្យមានសេចក្តីសប្បុរស និងភាពសុខសាន្ដ ។ វាអាចជាការក្លាយជាចំណែកមួយនៃជីវិតរបស់នរណាម្នាក់ ឬការខ្វល់ខ្វាយអំពីបុគ្គលនោះ ។ វាក៏អាចជាការសម្ភាសន៍ពីការបម្រើដែលពិភាក្សាអំពីតម្រូវការ និងការពង្រឹងដោយត្រឹមត្រូវ និងប្រយ័ត្នប្រយែង ។ វាអាចជាការរៀបចំក្រុមប្រឹក្សាវួដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែច្រើន ។
ការបម្រើប្រភេទនេះ ជួយពង្រឹងដល់ស្ត្រីម្នាក់ដែលផ្លាស់ទៅឆ្ងាយពីស្រុកកំណើត នៅពេលស្វាមីរបស់គាត់បានចាប់ផ្ដើមបញ្ចប់ការសិក្សា ។ ដោយពុំមានទូរសព្ទ ហើយមានទារកតូចត្រូវមើលថែ នោះនាងមានអារម្មណ៍ថា ពុំស្គាល់ទីតាំងថ្មី វង្វេង ហើយឯកោ ។ ដោយពុំបានជូនដំណឹងជាមុន ស្ត្រីសមាគមសង្គ្រោះ បានទៅគោះទ្វារផ្ទះរបស់នាងនាំយកស្បែកជើងតូចមួយសម្រាប់ទារក រួចដាក់ពួកគេនៅក្នុងឡានរបស់គាត់ ហើយចេញទៅរកហាងលក់ម្ហូបអាហារ ។ បងស្រីរូបនេះបានរាយការណ៍ដោយអំណរគុណថា « គាត់ជួយជីវិតខ្ញុំ ! »
ការបម្រើពិតត្រូវបានបង្ហាញដោយបងស្រីចំណាស់ម្នាក់នៅអាហ្វ្រិកដែលបានចាត់ឲ្យស្វែងរកបងប្អូនស្រីម្នាក់ដែលពុំបានមកព្រះវិហារជាយូរមកហើយ ។ នៅពេលគាត់ចេញទៅផ្ទះបងប្អូនស្រីនោះ គាត់បានរកឃើញថា ស្ត្រីនោះត្រូវបានគេវាយ ហើយប្លន់យករបស់របរអស់ ហើយមានអាហារបន្ដិចបន្ដួចទទួលទាន ហើយពុំមានសម្លៀកបំពាក់ដែលគាត់មានអារម្មណ៍ថា សមរម្យសម្រាប់ការប្រជុំនៅព្រះវិហារថ្ងៃអាទិត្យទេ ។ ស្ត្រីដែលបានចាត់ឲ្យទៅបម្រើបាននាំទៅជាមួយគាត់នូវការយកចិត្តទុកដាក់ស្ដាប់ មានផលិតផលពីសួនបន្លែទៅជាមួយ យកព្រះគម្ពីរទៅអាន និងធ្វើជាមិត្ត ។ បងប្អូនស្រីដែល « ពុំបានទៅព្រះវិហារនោះ » មិនយូរប៉ុន្មានបានត្រឡប់មកព្រះវិហារវិញ ហើយឥឡូវមានការហៅបម្រើ ដោយសារតែគាត់បានដឹងថា គាត់មានតម្លៃ និងទទួលបានក្ដីស្រឡាញ់ ។
ការប្រមូលផ្ដុំកិច្ចខិតខំរបស់សមាគមសង្គ្រោះជាមួយនឹងកូរ៉ុមអែលឌើរដែលបានរៀបចំជាថ្មីឥឡូវនេះ នឹងនាំមកនូវសាមគ្គីភាពដែលអាចនាំឲ្យមានលទ្ធផលដ៏អស្ចារ្យ ។ ការបម្រើក្លាយជាកិច្ចខិតខំសហប្រតិបត្តិការមួយដើម្បីបំពេញកាតព្វកិច្ចបព្វជិតភាពទៅ « ផ្ទះនៃសមាជិកម្នាក់ៗដើម្បីសួរសុខទុក្ខ » ហើយ « មើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និងចម្រើនកម្លាំងពួកគេ »៥ ក៏ដូចជាដើម្បីសម្រេចគោលបំណងសមាគមសង្គ្រោះដើម្បីជួយគ្នាទៅវិញទៅមក រៀបចំសម្រាប់ពរជ័យទាំងឡាយនៃជីវិតអស់កល្បជានិច្ច ។៦ ការធ្វើការជាមួយគ្នានៅក្រោមការដឹកនាំរបស់ប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ អាចត្រូវបានបំផុសគំនិត នៅពេលពួកគេស្វែងរកវិធីដ៏ល្អបំផុតដើម្បីមើលការខុសត្រូវ និងមើលថែគ្នាទៅវិញទៅមក និងគ្រួសារ ។
ខ្ញុំសូមឲ្យឧទាហរណ៍មួយដល់អ្នក ។ មានម្ដាយម្នាក់បានទទួលរោគវិនិច្ឆ័យថា មានជំងឺមហារីក ។ មិនយូរប៉ុន្មានគាត់បានចាប់ផ្ដើមទទួលការព្យាបាល ហើយរំពេចនោះ បងប្អូនស្រីសមាគមសង្គ្រោះបានចេញទៅធ្វើការ ដាក់ផែនការថាជួយឲ្យល្អបំផុតខាងម្ហូបអាហារ មធ្យោបាយធ្វើដំណើរទៅកាន់ការណាត់ជួបពេទ្យ និងការគាំទ្រដទៃទៀត ។ ពួកគេបានទៅសួរសុខទុក្ខគាត់ជាទៀងទាត់ ផ្ដល់ភាពជាដៃគូដ៏រីករាយ ។ ក្នុងពេលនោះដែរ កូរ៉ុមបព្វជិតភាពមិលគីស្សាដែកបានធ្វើសកម្មភាពមួយរំពេច ។ ពួកគេបានជួយធ្វើការរៀបចំបន្ទប់ដេក និងបន្ទប់ទឹកបន្ថែមទៀត ដើម្បីធ្វើឲ្យមានភាពកាន់តែងាយស្រួលសម្រាប់មើលថែដល់បងស្រីដែលឈឺនេះ ។ យុវជនបានជួយធ្វើកិច្ចការដើម្បីចូលរួមនៅក្នុងការខិតខំដ៏សំខាន់នោះ ។ ហើយយុវនារីបានចូលរួម ៖ ពួកគេបានរៀបចំដើម្បីមើលថែសត្វឆ្កែដោយរីករាយជារៀងរាល់ថ្ងៃ ។ ពេលវេលាកន្លងផុតទៅ វួដនោះបានបន្ដធ្វើការបម្រើរបស់ពួកគេ ដោយបានបន្ថែម និងកែសម្រួលតាមដែលចាំបាច់ ។ វាគឺជាកិច្ចការនៃសេចក្ដីស្រឡាញ់យ៉ាងច្បាស់ សមាជិកម្នាក់ៗចង់ជួយ បង្ហាញនូវការយកចិត្តទុកដាក់ដោយមានសាមគ្គីភាពតាមរបៀបផ្សេងៗជាបុគ្គលដើម្បីប្រទានពរ ពុំគ្រាន់តែចំពោះស្ត្រីដែលរងទុក្ខប៉ុណ្ណោះទេ ប៉ុន្តែដល់សមាជិកម្នាក់ៗនៅក្នុងគ្រួសាររបស់គាត់ផងដែរ ។
បន្ទាប់ពីការខិតខំយ៉ាងក្លៀវក្លា ទីបំផុតស្ត្រីរូបនោះបានទទួលមរណភាព ហើយបានចូលទៅកាន់ទីសម្រាក ។ តើសមាជិកវួដគិតថាបានធូរស្រាល ហើយចាត់ទុកថាកិច្ចការធ្វើបានយ៉ាងល្អចប់សព្វគ្រប់ហើយឬ ? ទេ យុវនារីនៅបន្ដដឹកឆ្កែរាល់ថ្ងៃ កូរ៉ុមបព្វជិតភាពបន្ដបម្រើដល់ឪពុក និងគ្រួសាររបស់គាត់ ហើយបងប្អូនស្ត្រីបន្ដឈោងទៅជួយដោយក្ដីស្រឡាញ់ ដើម្បីកំណត់ពីភាពរឹងមាំ និងតម្រូវការទាំងឡាយរបស់គ្រួសារនោះបានបំពេញ ។ បងប្អូនប្រុសស្រីអើយ នេះគឺជាការបម្រើ—នេះគឺជាសេចក្ដីស្រឡាញ់ដូចជាព្រះអង្គសង្គ្រោះមាន !
ពរជ័យមួយទៀតអំពីការប្រកាសដ៏បំផុសគំនិតទាំងនេះ គឺជាឱកាសសម្រាប់យុវនារីអាយុពី ១៤ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមនៅក្នុងការបម្រើជាដៃគូនឹងបងប្អូនស្ត្រីសមាគមសង្គ្រោះ ក៏ដូចជាយុវជនបម្រើជាដៃគូបម្រើជាមួយនឹងបងប្អូនប្រុសកាន់បព្វជិតភាពមិលគីស្សាដែកផងដែរ ។ យុវវ័យអាចចែកចាយអំណោយទានពិសេស និងការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ នៅពេលពួកគេបម្រើអមត្រសងនឹងមជ្ឈិមវ័យនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។ ការឲ្យយុវវ័យចូលរួមនៅក្នុងការចាត់តាំងបម្រើក៏អាចជួយដល់សមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ ក្នុងការមើលថែដល់អ្នកដទៃផងដែរ ដោយសារមានសមាជិកចូលរួមបានច្រើន ។
នៅពេលខ្ញុំគិតអំពីយុវនារីដ៏អស្ចារ្យដែលខ្ញុំស្គាល់ ខ្ញុំរំភើបចំពោះបងប្អូនស្ត្រីសមាគមសង្គ្រោះទាំងឡាយដែលនឹងមានឯកសិទ្ធិត្រូវបានផ្តល់ពរដោយភាពអង់អាច ទេពកោសល្យ និងការញាណដឹងខាងវិញ្ញាណរបស់ពួកយុវនារី នៅពេលពួកគេបម្រើគៀកដៃគ្នា ឬទទួលបានការបម្រើពីពួកគេ ។ ហើយខ្ញុំរំភើបចិត្តផងដែរចំពោះឱកាសដែលយុវនារីនឹងមានដើម្បីទទួលបានការណែនាំ និងបង្រៀន ហើយពង្រឹងដោយបងប្អូនស្ត្រីសមាគមសង្គ្រោះរបស់ពួកគេ ។ ឱកាសដើម្បីចូលរួមនៅក្នុងការស្ថាបនានគររបស់ព្រះនេះ នឹងជាអត្ថប្រយោជន៍ដ៏ធំមួយដល់យុវនារីក្នុងការជួយពួកគេឲ្យត្រៀមខ្លួនកាន់តែប្រសើរដើម្បីបំពេញតួនាទីរបស់ពួកគេក្នុងនាមជាថ្នាក់ដឹកនាំនៅក្នុងសាសនាចក្រ និងសហគមន៍ ព្រមទាំងជាដៃគូធ្វើការបរិច្ចាគនៅក្នុងក្រុមគ្រួសាររបស់ពួកគេ ។ ដូចជា ស៊ីស្ទើរ បូនី អិល អូស្ការសុន បានចែកចាយកាលពីថ្ងៃម្សិលមិញ អំពីយុវនារី « ចង់ បម្រើ ។ ពួកគេចាំបាច់ត្រូវដឹងថា ពួកគេមានតម្លៃ ហើយសំខាន់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ » ។៧
តាមពិត យុវនារីកំពុងបម្រើដល់អ្នកដទៃរួចទៅហើយដោយពុំបាច់មានការចាត់តាំង ឬការទទួលស្គាល់ឡើយ ។ មានគ្រួសារមួយដែលខ្ញុំស្គាល់បានផ្លាស់ទៅទីតាំងថ្មីមួយដែលពួកគេពុំស្គាល់នរណាម្នាក់ ។ នៅក្នុងសប្ដាហ៍ដំបូង នោះមានយុវនារីអាយុ ១៤ ឆ្នាំម្នាក់មកពីវួដថ្មីរបស់ពួកគេបានបង្ហាញខ្លួននៅមាត់ទ្វារផ្ទះពួកគេស្វាគមន៍ពួកគេមកតំបន់ថ្មីជាមួយនឹងនំមួយចាន ។ ម្ដាយរបស់គាត់ឈរញញឹមនៅពីក្រោយគាត់ ជាអ្នកជួយគាំទ្រដល់បំណងប្រាថ្នារបស់កូនស្រីដើម្បីធ្វើការបម្រើ ។
មានថ្ងៃមួយម្ដាយម្នាក់ទៀតបានងឿងឆ្ងល់ដែលកូនស្រីអាយុ ១៦ ឆ្នាំរបស់គាត់ពុំបានមកផ្ទះតាមម៉ោងធម្មតាសោះ ។ នៅពេលយុវនារីនោះមកដល់ផ្ទះ ម្ដាយបានសួរនាងទាំងមួរម៉ៅខ្លះៗថា នាងទៅឯណា ។ យុវនារី ១៦ ឆ្នាំនោះបានតបទាំងអៀនប្រៀនថា នាងបានយកផ្កាទៅជូនស្ត្រីមេម៉ាយម្នាក់ដែលរស់នៅជិតនោះ ។ នាងបានកត់សម្គាល់ឃើញស្ត្រីនោះនៅឯកោ ហើយទទួលអារម្មណ៍ឲ្យទៅសួរសុខទុក្ខគាត់ ។ ដោយមានការអនុញ្ញាតមកពីម្ដាយ យុវនារីរូបនោះបានបន្ដទៅសួរសុខទុក្ខស្ត្រីចំណាស់នោះ ។ ពួកគេបានក្លាយជាមិត្តល្អនឹងគ្នា ហើយមានទំនាក់ទំនងផ្អែមល្ហែមអស់ជាច្រើនឆ្នាំ ។
យុវនារីម្នាក់ៗ និងជាច្រើនទៀតដូចជាពួកគេ បានកត់សម្គាល់ឃើញពីតម្រូវការរបស់នរណាម្នាក់ ហើយបានធ្វើការបំពេញតម្រូវការនោះ ។ យុវនារីមានបំណងប្រាថ្នាពីធម្មជាតិដើម្បីមើលថែ និងចែករំលែកដែលអាចដឹកនាំយ៉ាងល្អតាមរយៈការបម្រើនៅក្នុងភាពជាដៃគូជាមួយនឹងបងប្អូនស្ត្រីមជ្ឈិមវ័យ ។
មិនថាវ័យរបស់យើងប៉ុណ្ណាទេ នៅពេលយើងពិចារណាអំពីរបៀបដើម្បីបម្រើដោយមានប្រសិទ្ធភាពបំផុត នោះយើងសួរថា « តើ [ គាត់ ]មានតម្រូវការអ្វីខ្លះ ? » ពេលដាក់សំណួរនោះរួមផ្គុំនឹងបំណងប្រាថ្នាដោយស្មោះដើម្បីបម្រើ នោះយើងត្រូវបានដឹកនាំដោយព្រះវិញ្ញាណដើម្បីធ្វើអ្វីដែលលើកតម្កើង និងពង្រឹងដល់បុគ្គលម្នាក់ៗ ។ ខ្ញុំបានស្ដាប់ឮរឿងរាប់មិនអស់មកពីបងប្អូនប្រុសស្រីដែលត្រូវបានប្រទានពរដោយទង្វើរដ៏សាមញ្ញមួយនៃការរាប់បញ្ចូល និងការស្វាគមន៍នៅព្រះវិហារ ការផ្ញើសារតាមទូរសព្ទ ឬអ៊ីម៉ែលដោយចេះគិតគូរ ការជួបផ្ទាល់នៅពេលមានបញ្ហាលំបាក ការអញ្ជើញឲ្យទៅចូលរួមសកម្មភាពក្រុម ឬការផ្ដល់ជំនួយនៅពេលមានស្ថានភាពលំបាក ។ ឪពុក ឬម្ដាយនៅលីវ អ្នកប្រែចិត្តជឿថ្មី សមាជិកមិនសូវសកម្ម ស្ត្រីមេម៉ាយ និងបុរសពោះម៉ាយ ឬយុវវ័យដែលកំពុងមានបញ្ហា អាចត្រូវការនូវការយកចិត្តទុកដាក់បន្ថែម ហើយជំនួយជាអាទិភាពមកពីបងប្អូនប្រុសស្រីដែលផ្ដល់ការបម្រើ ។ ការសហការរវាងគណៈប្រធានកូរ៉ូមអែលឌើរ និងសមាគមសង្គ្រោះ អនុញ្ញាតឲ្យមានការចាត់តាំងត្រឹមត្រូវធ្វើឡើង ។
រឿងសំខាន់បំផុត ការបម្រើពិតគឺសម្រេចបានម្ដងមួយៗដោយសេចក្ដីស្រឡាញ់ជាការលើកទឹកចិត្ត ។ គុណតម្លៃ និងគុណសម្បត្តិ និងភាពអស្ចារ្យនៃការបម្រើដោយស្មោះ គឺថាវាពិតជាបានផ្លាស់ប្ដូរជីវិត ! នៅពេលដួងចិត្តរបស់យើងបើក ហើយមានឆន្ទៈស្រឡាញ់ និងរាប់បញ្ចូល លើកទឹកចិត្ត និងលួងលោមចិត្ត នោះអំណាចនៃការបម្រើរបស់យើងនឹងមានអំណាចយ៉ាងខ្លាំងពុំអាចទប់បាន ។ ដោយមានសេចក្ដីស្រឡាញ់ជាការលើកទឹកចិត្ត នោះអព្ភូតហេតុជាច្រើននឹងកើតមានឡើង ហើយយើងនឹងរកឃើញវិធីជាច្រើនដើម្បីនាំបងប្អូនប្រុសស្រី « ដែលពុំបានមកព្រះវិហារ » របស់យើងឲ្យមករួមចំណែកក្នុងការឱបក្រសោបនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទវិញ ។
ព្រះអង្គសង្គ្រោះជាគំរូរបស់យើងនៅគ្រប់រឿង—ពុំគ្រាន់តែនៅក្នុងអ្វីដែលយើងគួរធ្វើប៉ុណ្ណោះទេ ប៉ុន្តែពី មូលហេតុ យើងគួរធ្វើវាផងដែរ ។៨ « ជីវិតរបស់ទ្រង់នៅលើផែនដីគឺ [ ជា ] ការអញ្ជើញមួយចំពោះយើង—ដើម្បីដាក់គោលដៅរបស់យើងឲ្យកាន់តែខ្ពស់ ដើម្បីបំភ្លេចអំពីបញ្ហាផ្ទាល់ខ្លួនរបស់យើង ហើយឈោង [ ទៅ ] ជួយដល់អ្នកដទៃ » ។៩ នៅពេលយើងទទួលយកឱកាសនោះដោយពេញបេះដូងដើម្បីបម្រើដល់បងប្អូនប្រុសស្រីរបស់យើង នោះយើងត្រូវបានផ្តល់ពរដើម្បីកាន់តែបានបន្សុទ្ធខាងវិញ្ញាណ កាន់តែធ្វើស្របតាមព្រះទ័យរបស់ព្រះ ហើយកាន់តែអាចយល់អំពីផែនការរបស់ទ្រង់ដើម្បីជួយមនុស្សម្នាក់ៗឲ្យត្រឡប់មករកទ្រង់វិញ ។ យើងនឹងកាន់តែត្រៀមខ្លួនទទួលស្គាល់ពរជ័យទាំងឡាយរបស់ទ្រង់ និងចង់ផ្ដល់ពរជ័យនោះដល់អ្នកទៃ ។ ដួងចិត្តរបស់យើងនឹងច្រៀងស្រុះគ្នាជាមួយនឹងសំឡេងរបស់យើង ៖
ខ្ញុំស្រឡាញ់បងប្អូនខ្ញុំព្រះអង្គ
កាលដឹងថាព្រះអង្គស្រឡាញ់ខ្ញុំ
មានព្រះជាកម្លាំង និងបង្គោល
ខ្ញុំសូមធ្វើជាបាវនៃទ្រង់ ។
ព្រះសង្គ្រោះជួយខ្ញុំឲ្យស្រឡាញ់គ្នា—
ខ្ញុំនឹងដើរតាមទ្រង់ ។១០
សូមឲ្យយើងបង្ហាញការដឹងគុណ និងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះតាមរយៈការបម្រើដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីដ៏អស់កល្បជានិច្ចរបស់យើង ។១១ ជាលទ្ធផលនឹងនាំឲ្យមានអារម្មណ៍សាមគ្គីភាពដូចជាប្រជាជននៅក្នុងទ្វីបអាមេរិកពីបុរាណ ដែលបានរីករាយរយៈពេល ១០០ ឆ្នាំ បន្ទាប់ពីការលេចមករបស់ព្រះអង្គសង្គ្រោះនៅក្នុងដែនដីរបស់ពួកគេ ។
« ហើយហេតុការណ៍បានកើតឡើងថា គ្មានការទាស់ទែងគ្នា ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស ។
… នៅក្នុង ខទី ១៦ យើងអានថា « ហើយពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ » ។១២
ខ្ញុំរីករាយនឹងថ្លែងជាសាក្សីផ្ទាល់ខ្លួនថា ការផ្លាស់ប្ដូរប្រកបដោយវិវរណៈទាំងនេះគឺត្រូវបានបំផុសគំនិតពីព្រះ ហើយថា យើងនឹងបានត្រៀមខ្លួនកាន់តែប្រសើរដើម្បីជួបនឹងព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទ នៅការយាងមករបស់ទ្រង់ នៅពេលយើងទទួលយកការផ្លាស់ប្ដូរទាំងនេះដោយដួងចិត្តស្មោះស្ម័គ្រ ។ យើងនឹងកាន់តែជិតប្រែក្លាយទៅជារាស្ត្រនៃស៊ីយ៉ូន ហើយនឹងទទួលអំណរដ៏មហិមាជាមួយនឹងអស់អ្នកដែលយើងបានជួយនៅតាមផ្លូវនៃភាពជាសិស្ស ។ ខ្ញុំសូមអធិស្ឋានដោយចិត្តរាបសា និងក្លៀវក្លា សូមឲ្យយើងបានធ្វើដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។