សៀវភៅ​ណែនាំ និង​ការហៅ
លិខិត​គណៈ​ប្រធាន​ទី​មួយ​ចុះ​ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ២០១៨៖ ការងារបម្រើ​ជាមួយ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ​ដែល​បាន​ពង្រឹង


ការងារបម្រើ​ជួយពង្រឹង​ដល់កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ

សំណួរ​ដែល​ចោទសួរ​ញឹកញាប់

សំណួរ​ដែល​ចោទសួរ​ញឹកញាប់

ការងារបម្រើ​ជួយពង្រឹង​ដល់កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ

លិខិត​គណៈ​ប្រធាន​ទី​មួយ​ចុះ​ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ២០១៨៖ ការងារបម្រើ​ជាមួយ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ​ដែល​បាន​ពង្រឹង

ការងារបម្រើ ជាមួយ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ​ដែល​បាន​ពង្រឹង ៖ សំណួរ​បន្ថែម​ទៀត​ដែល​គេ​ចោទសួរ​ញឹកញាប់

ការងារបម្រើ និង​ជីវិត​របស់​ព្រះយេស៊ូវ បង្ហាញ​នូវ​គំរូ​នៃ​ព្រះបញ្ញត្តិ​ធំៗ​ចំនួន​ពីរ​គឺ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » និង « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧, ៣៩ ) ។ ក្នុង​នាម​ជា​សមាជិក​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ដែល​យើង​ពិតជា​មាន​បំណងប្រាថ្នា​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ យើង​គួរតែ​ធ្វើតាម​ឱវាទ​របស់​ទ្រង់ ឲ្យ​ស្រឡាញ់ ហើយ​បម្រើ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​បុត្រាបុត្រី​របស់​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « បើ​សិន​ជា​អ្នក​ស្រឡាញ់​យើង ចូរ​បម្រើ​យើង » ( គ និង ស ៤២:២៩ ) ។ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « កាលណា​អ្នក​រាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ អាលម៉ា​បាន​សង្ខេប​កាតព្វកិច្ច​របស់​យើង​ដោយ​កត់សម្គាល់​ថា « ហេតុដូច្នេះ​ហើយ ពួក​គេ​បាន​ថែទាំ​ប្រជាជន ហើយ​បាន​ផ្ដល់​ដល់​គេ​នូវ​អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដីសុចរិត » ( ម៉ូសាយ ២៣:១៨ ) ។

ដើម្បី​ជួយ​យើង​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការត្រាស់បង្គាប់​ដ៏​ទេវភាព​ឲ្យ​មើលថែ ហើយ​បម្រើ​មនុស្សដទៃ នោះគណៈប្រធាន​ទី​មួយ​បាន​ប្រកាស​ការកែប្រែ​ដូចខាង​ក្រោម​នេះ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ផ្ដោត​កិច្ចខិតខំ​របស់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគមសង្គ្រោះទៅ​លើ​ការងារបម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។ ការកែប្រែ​ទាំងនេះ​រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • នៅ​កម្រិត​វួដ, មាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​មួយ ។

  • នៅ​កម្រិត​ស្តេក, មាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​មួយ ។

  • ការងារបម្រើ​ជំនួស​ឲ្យ​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរ​សុខទុក្ខ ។

  • ការដាក់​បញ្ចូល​យុវវ័យ​នៅ​ក្នុង​ការងារបម្រើ ។

នៅក្នុង​ការគាំទ្រ​ដល់​ការកែប្រែ​នេះ វួដ និង ស្តេក ឈប់​ធ្វើ​ការប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​បព្វជិតភាព​ទៀត​ហើយ ។ ប្រសិនបើ​មាន​បញ្ហា​ពិសេស​ណា​មួយ​ក្នុង​វួដ​កើត​ឡើង​ ដូចជា បញ្ហា​លំបាក​របស់​គ្រួសារ​មួយ ឬ​បញ្ហា​ខាង​សុខុមាលភាពខុស​ប្រក្រតី នោះ​រឿង​នោះ​គួរតែ​ត្រូវបាន​លើកឡើងនៅ​ក្នុង​ការប្រជុំ​គណៈប៊ីស្សព​បន្ថែមទៀត ។ បញ្ហា​ដែល​មិន​សូវមានរំញោច​ខ្លាំង​ផ្សេងៗ​ទៀត អាច​ត្រូវបាន​ដោះស្រាយ​នៅ​ក្នុង​ក្រុមប្រឹក្សា​វួដ ។ ការប្រជុំ​មួយ​ដែល​ធ្លាប់​បាន​ហៅ​ថា « ការប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​បព្វជិតភាព​ស្តេក » ត្រូវបាន​ហៅ​ថា « ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ » ( សូម​មើល​សំណួរ​ទី​៧ និង ទី​១៥ ខាង​ក្រោម ) ។

នៅ​កម្រិត​វួដ, មាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​មួយ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « វិវរណៈ​មិន​ចាំបាច់​កើតឡើង​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ទេ ។ វា​អាច​កើនឡើង​តាម​កម្រិត » ។ ព្រឹត្តិការណ៍​លាតត្រដាង​នានា​អំពី​កូរ៉ុម​បព្វជិតភាព និង ការយល់ដឹង​មួយ​អំពី​កូនសោ​បព្វជិតភាព ផ្ដល់​ឲ្យ​នូវ​លំនាំ​មួយ​នៃ​វិវរណៈ​ដែល​កើនឡើង​តាម​កម្រិត ។ ពេញ​មួយ​ប្រវត្តិ​សាសនាចក្រ ព្រះអម្ចាស់​បាន​ត្រាស់សម្ដែង​អំពី​ព្រះឆន្ទៈ​ទ្រង់​មួយ​បន្ទាប់​ម្ដងៗ ដោយ​ប្រទានពរ​ដល់​បុត្រាបុត្រី​ទ្រង់​បន្តិចម្ដងៗ ឲ្យ​មាន​នូវ​ការយល់ដឹង​អំពី​របៀប​អនុវត្ត​គោលការណ៍​នានា​នៃ​ដំណឹងល្អ​ទៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ( សូម​មើល គ និង ស ៤៦:១៥–១៦ ) ។

អស់​រយៈ​ពេល​ច្រើន​ឆ្នាំ គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិចារណា​អំពី​ការកែប្រែ​ដែល​មាន​ពិពណ៌នា​ខាង​ក្រោម​នេះ ។ មាន​តែ​តាមរយៈ​ការអធិស្ឋាន​យ៉ាងច្រើន ការសិក្សា​​អំពី​មូលដ្ឋានគ្រឹះ​នៃ​កូរ៉ុមបព្វជិតភាព​យោង​ទៅ​តាម​ព្រះគម្ពីរដោយប្រុងប្រយ័ត្ន ការមូលមតិគ្នា​របស់​ថ្នាក់ដឹកនាំជា​អធិបតីក្នុង​សាសនាចក្រ​ និង​ការបញ្ជាក់​ថា នេះ​គឺ​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ទើប​ថ្នាក់​ដឹកនាំ​បាន​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការរៀបចំ​កូរ៉ុម​នៅ​កម្រិត​វួដ និង​ស្តេក​ឡើង​វិញ ដោយ​ធ្វើ​ឲ្យ​មាន​ការបោះជំហាន​មួយ​ទៀត​នេះ​នៅ​ក្នុងការ​លាតត្រដាង​អំពី​​ការស្ដារឡើងវិញ​ ។

១. តើ​មាន​ការកែប្រែ​អ្វី​ខ្លះ​សម្រាប់​ក្រុម​សង្ឃ​ជាន់ខ្ពស់​វួដ និង កូរ៉ុម​អែលឌើរ ?

ឥឡូវនេះ សមាជិក​ក្នុង​កូរ៉ុមអែលឌើរ និង ក្រុម​សង្ឃ​ជាន់ខ្ពស់​នឹង​ត្រូវបាន​ដាក់​បញ្ចូល​​ទៅ​ជា​កូរ៉ុម​តែ​មួយដែល​​មាន​គណៈប្រធានតែ​មួយ ។ បើ​ចំនួន និង​សាមគ្គីភាពកើនឡើង កូរ៉ុម​នេះ​នឹង​ត្រូវបាន​ចាត់តាំង​ជា « កូរ៉ុម​អែលឌើរ » ចំណែក​ឯ​ក្រុម​សង្ឃ​ជាន់ខ្ពស់​វួដ​ឈប់​មាន​ទៀតហើយ ។

កូរ៉ុម​អែលឌើរ​រួម​បញ្ចូល​អែលឌើរ និង អ្នក​ត្រៀម​កាន់​តំណែង​អែលឌើរ​ទាំងអស់​នៅ​ក្នុង​វួដ និង សង្ឃ​ជាន់ខ្ពស់​ដែល​មិន​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព នៅ​ក្នុង​គណៈប្រធាន​ស្តេក ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​ជា​លោក​អយ្យកោដែល​កំពុង​បំពេញ​មុខងារ ។

២. តើ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ត្រូវបាន​បង្កើត​ឡើង​តាម​របៀប​ណា ?

ដោយ​មាន​ជំនួយ​ពី​ទីប្រឹក្សា​របស់​លោក ប្រធាន​ស្តេក​នឹង​ដោះលែង​ថ្នាក់ដឹកនាំ​ក្រុម​សង្ឃ​ជាន់ខ្ពស់ និង គណៈប្រធាន​កូរ៉ុម​អែលឌើរ​បច្ចុប្បន្ន ។ បន្ទាប់​មក ប្រធាន​ស្តេក​នឹង​ហៅ​ប្រធាន​កូរ៉ុម​អែលឌើរ​ថ្មី​មួយ​រូប​នៅ​ក្នុង​វួដ​នីមួយៗ​ឲ្យ​បម្រើ ហើយ​ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​មួយ​រូប​នៅ​ក្នុង​គណៈប្រធាន​ស្តេក ឬ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប​ដែល​ត្រូវបាន​ចាត់តាំង នឹង​ហៅ​ទីប្រឹក្សា​ដែល​ត្រូវបាន​ផ្ដល់​អនុសាសន៍​ឲ្យ​បម្រើ​នៅ​ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។ គណៈប្រធាន​កូរ៉ុមអែលឌើរ​ថ្មី​អាច​រួម​បញ្ចូល​ពួក​អែលឌើរ និង​ពួក​សង្ឃ​ជាន់ខ្ពស់ ដែល​មាន​វ័យ និង​បទពិសោធន៍​ផ្សេងៗ​គ្នា ឲ្យ​បម្រើ​ជាមួយ​គ្នា​នៅ​ក្នុង​គណៈប្រធាន​កូរ៉ុមមួយ ។ អែលឌើរ ឬ​សង្ឃ​ជាន់​ខ្ពស់​មួយ​រូប​អាច​បម្រើ​ជា​ប្រធាន​កូរ៉ុម ឬ​ជា​ទីប្រឹក្សា ។

៣. តើ​នរណា​ជា​អ្នកដឹកនាំ​កិច្ចការ​ប្រធាន​កូរ៉ុម​អែលឌើរ ?

ប្រធាន​កូរ៉ុម​អែលឌើរ មាន​ការទទួលខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​ស្តេក ​ដែល​ផ្ដល់​ការបំពាក់បំប៉ន និង​ការដឹកនាំ​មក​ពី​គណៈប្រធាន​ស្តេក និង​តាមរយៈ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ។ ក្នុង​នាម​ជា​សង្ឃ​ជាន់ខ្ពស់​ធ្វើ​អធិបតី​នៅ​ក្នុង​វួដ ប៊ីស្សព​ក៏​ជួប​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរផង​ដែរ ។ ប៊ីស្សព​ផ្ដល់​ការប្រឹក្សា​ជាមួយ​គាត់ ហើយ​ផ្ដល់​ការដឹកនាំ​ត្រឹមត្រូវ ទាក់ទង​ទៅ​នឹង​របៀប​បម្រើ ហើយ​ផ្ដល់​ពរ​ដល់​សមាជិក​វួដ​ឲ្យ​បាន​ល្អ​បំផុត ដោយ​ធ្វើការ​ចុះសម្រុង​​ជាមួយ​នឹង​អង្គការ​ទាំងអស់​របស់​វួដ ។ ( សូម​មើល ក្បួន​ខ្នាត​ភាគ ២ ចំណុច ៧.៣.១ )

៤. តើ​ការកែប្រែ​នៅ​ក្នុង​រចនាសម្ព័ន្ធ​កូរ៉ុម​នេះ ផ្លាស់ប្ដូរ​តំណែង​បព្វជិតភាព​ដែល​សមាជិក​កូរ៉ុម​កាន់​ដែរ​ឬ​ទេ ?

អត់​ទេ ។ អែលឌើរ​នៅ​តែ​ជា​អែលឌើរ ហើយ​សង្ឃ​ជាន់ខ្ពស់​នៅ​តែ​ជា​សង្ឃ​ជាន់ខ្ពស់ ស្រប​ទៅ​តាម​តំណែង​បព្វជិតភាព​របស់​ពួកគេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អែលឌើរ​បន្តត្រូវ​បាន​តែងតាំង​ជា​សង្ឃ​ជាន់​ខ្ពស់ នៅ​ពេល​ពួកគេ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ស្តេក សង្ឃ​ជាន់ខ្ពស់ ឬ​គណៈប៊ីស្សព—ឬ​នៅ​ពេល​ផ្សេង​ទៀត​ដែល​ត្រូវបាន​កំណត់​ដោយ​គណៈប្រធាន​ស្តេក តាមរយៈ​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន និង​ការបំផុសគំនិត ។

៥. តើ​វួដ​មួយ​អាច​មាន​កូរ៉ុម​អែលឌើរ​ច្រើន​ជាង​មួយ​ដែរ​ឬ​ទេ ?

ប្រាកដណាស់ ។ ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៩ នៅ​ពេល​វួដ​មួយ​មាន​ចំនួន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​សកម្ម​ច្រើនជាង​តាមធម្មតា នោះ​ថ្នាក់ដឹកនាំ​អាច​រៀបចំ​កូរ៉ុម​អែលឌើរ​ច្រើន​ជាង​មួយ ។ នៅ​ក្នុង​ករណី​នេះ កូរ៉ុម​នីមួយៗ​គួរតែ​មាន​តុល្យភាព​សមហេតុផល​មួយ​ទាក់ទង​ទៅ​នឹង​អាយុ បទពិសោធន៍ ព្រមទាំង​តំណែង​បព្វជិតភាព និង​ភាពរឹងមាំ ។

៦. តើ​សមាជិក​នៃ​គណៈប្រធាន​ព្រះវិហារបរិសុទ្ធ បេសកកម្ម និង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយសាសនា​ស្ថិត​នៅ​ក្នុង​កូរ៉ុម​មួយ​ណា ?

បងប្អូន​ប្រុស​ទាំងនេះ​គឺ​ជា​សមាជិក​នៃ​កូរ៉ុម​អែលឌើរ​វួដ​របស់​ពួកគេ ។

នៅ​កម្រិត​ស្តេក, មានកូរ៉ុម​សង្ឃ​ជាន់ខ្ពស់​មួយ

៥. តើ​មាន​ការកែប្រែ​អ្វី​ខ្លះ សម្រាប់​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក ?

គណៈប្រធាន​ស្តេក​បន្ត​បម្រើ​ជា​គណៈប្រធាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក ។ សមាជិក​ក្នុង​កូរ៉ុម​នោះ​គឺ​មាន​តែ​សង្ឃ​ជាន់ខ្ពស់​ទាំងឡាយ​ណា ដែល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ស្តេក គណៈប៊ីស្សព ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ និង លោក​អយ្យកោ​ស្តេកដែល​កំពុង​បំពេញមុខ​ងារ​ប៉ុណ្ណោះ ។ ស្មៀន និង​លេខាប្រតិបត្តិ​វួដ និងស្តេក ពុំ​មែន​ជា​សមាជិក​ក្នុង​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ទេ ។

ជា​ទូទៅ សមាជិក​ក្នុង​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក នឹងជួប​ប្រជុំ​ជាមួយ​កូរ៉ុម​អែលឌើរ ប្រសិនបើ​មិន​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​កន្លែង​ផ្សេង​ទៀត​ទេ​នោះ ។

៧. តើ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​មាន​តួនាទី​អ្វី​ខ្លះ ?

នៅ​ក្នុង​តួនាទី​ជា​អធិបតី​របស់​ពួកលោក ប្រសិនបើ​ចាំបាច់ គណៈប្រធាន​ស្តេក​ជួប​ប្រជុំ​ជាមួយ​សមាជិក​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក ដើម្បី​ផ្ដល់​ការបំពាក់បំប៉ន និង​ដើម្បី​ជួយ​ដល់​សមាជិក​កូរ៉ុម​នៅ​ក្នុង​ការបម្រើ​របស់​ពួកគេ ។ ការប្រជុំ​ទាំងឡាយ​​របស់​ស្តេកដែល​មាន​ស្រាប់ បាន​ពន្យល់​នៅ​ក្នុង ក្បួន​ខ្នាត​ភាគ ២ ចំណុច ១៨.៣ បន្ត​ជាមួយ​នឹង​ការកែប្រែ​ដូច​ខាង​ក្រោម ៖

  • ការប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​បព្វជិតភាព​ស្តេក ត្រូវបាន​ហៅ​ថា « ការប្រជុំ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ » ។

  • ការប្រជុំ​ប្រចាំ​ឆ្នាំ​សម្រាប់​សង្ឃ​ជាន់​ខ្ពស់ ដែល​ត្រូវបាន​តែងតាំង​ទាំងអស់​នៅ​ក្នុង​ស្តេក ឈប់​មាន​ទៀតហើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គណៈប្រធាន​ស្តេក​ធ្វើ​ការប្រជុំ​ប្រចាំ​ឆ្នាំ​សម្រាប់​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក ។

៩. តើ​អ្វី​ដែល​ជា​គោលបំណង​នៃ​ការកែប្រែ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក ?

ការមាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​តែមួយ​នៅ​ក្នុង​វួដ ជួយបង្រួបបង្រួម​អ្នក​កាន់​បព្វជិតភាព​ឲ្យ​សម្រេច​បាន​រាល់​ទិដ្ឋភាព​នៃ​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ រួម​មាន កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ ដែល​កាល​ពី​មុន​ត្រូវបាន​សម្របសម្រួល​ដោយ​អ្នកដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ ។ វា​អនុញ្ញាត​ឲ្យ​សមាជិក​កូរ៉ុម​គ្រប់​វ័យ និង​គ្រប់​ជីវប្រវត្តិ ទទួល​បាន​ប្រយោជន៍​ពី​ទស្សនវិស័យ និង​បទពិសោធន៍​នានា​ពី​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ស្ថានភាព​ជីវិត​ខុសៗ​គ្នា ។ វា​ក៏​ផ្ដល់​ឱកាស​បន្ថែម​ដល់​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដែលមាន​បទពិសោធន៍​ដើម្បី​ផ្ដល់​ការប្រឹក្សា​ដល់​អ្នកដទៃ រួម​មាន អ្នក​ត្រៀម​កាន់​តំណែង​អែលឌើរ សមាជិក​ថ្មី យុវមជ្ឈិមវ័យ និង​អ្នក​ដែល​ត្រឡប់​មក​សកម្ម​ក្នុង​សាសនាចក្រ​វិញ ។

ការកែប្រែ​ទាំងនេះ​ជួយ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះសហប្រតិបត្តិការ​កិច្ចការ​របស់​ពួកគេ ។ វា​ក៏​ជួយ​សម្រួល​ដល់ការ​សហប្រតិបត្តិការ​របស់​កូរ៉ុម ជាមួយ​នឹង​គណៈ​ប៊ីស្សព និង​ក្រុម​ប្រឹក្សា​វួដ​ផងដែរ ។ ហើយ​វា​អនុញ្ញាត​ឲ្យ​ប៊ីស្សព​បែងចែក​ការទទួលខុសត្រូវ​បាន​កាន់តែ​ច្រើន​ដល់​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ ដើម្បី​ឲ្យ​លោក និង​ទីប្រឹក្សា​របស់​លោក អាច​ផ្ដោត​សំខាន់​ទៅ​លើ​កាតព្វកិច្ច​ចម្បងៗរបស់​ពួក​លោក—ជា​ពិសេស​ការធ្វើ​ជាអធិបតី​លើ​បព្វជិតភាព​អើរ៉ុន​ និង​យុវនារី ។

១០. នៅ​ក្នុង​ស្ដេក​មួយ តើ​ពួក​សង្ឃ​ជាន់​ខ្ពស់​ដែល​បម្រើ​នៅក្នុង​គណៈប្រធាន​សាខា​គឺ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​សង្ឃ​ជាន់​ខ្ពស់​ឬ​ទេ ?

អត់​ទេ ។ ពួក​សង្ឃ​ជាន់ខ្ពស់​ដែល​បម្រើ​នៅក្នុង​គណៈប្រធាន​សាខា​នៅក្នុង​ស្ដេក​មួយ​ពុំ​មែន ជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​នោះ​ទេ ។ សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​គឺ​ជា​អស់​អ្នក​ដែល​មាន​ការ​ហៅ​បម្រើ​នៅក្នុង​គណៈប្រធាន​ស្ដេក នៅ​ក្នុង​គណៈប៊ីស្សព នៅ​ក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​ជា​លោក​អយ្យកោ​ដែល​កំពុង​បំពេញ​មុខងារ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ពួកគាត់​ជា​សង្ឃជាន់​ខ្ពស់ ។

១១. តើ​ពួក​អែលឌើរ​ដែល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព ( ឧទាហរណ៍ នៅ​ក្នុង​ស្ដេក​យុវមជ្ឈិមវ័យ​នៅ​លីវ ) ជា​សមាជិក​នៃ​កូរ៉ុម​សង្ឃជាន់ខ្ពស់​ឬ​ទេ ?

អត់​ទេ ។ ពួក​អែលឌើរ​ដែល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព​ពុំ​មែនជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​នោះ​ទេ ។

១២. តើ​ការងារបម្រើ​អនុវត្ត​ចំពោះសមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​យ៉ាង​ដូចម្ដេច ?

នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព​របស់​ពួកគាត់ ដែល​ជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​វួដ នោះ​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់ និង​គ្រួសារ​របស់​ពួកគេ​នឹង​មាន​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ចាត់​ឲ្យ​ទៅ​គ្រួសារ​ពួកគាត់​ដោយ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​របស់​ពួកគាត់ ។

ដោយសារ​តែ​គណៈប្រធាន​ស្ដេក និង​គណៈប៊ីស្សព​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​សមាជិក​ទាំងអស់​នៅ​ក្នុង​ស្ដេក និង​វួដ នោះ​បងប្អូន​ប្រុស​ទាំងនេះ ជាទូទៅ​ពុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ចំពោះ​បុគ្គល ឬ​ក្រុមគ្រួសារ​ជាក់លាក់​ណា​មួយ​នោះទេ ។ ទីប្រឹក្សា​ជាន់​ខ្ពស់ និង​លោក​អយ្យកោ​ដែល​កំពុង​បំពេញ​មុខងារ​អាច​ត្រូវ​បាន​ចាត់ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ក្នុង​តំបន់​ដែល​បាន​កំណត់​ដោយ​ប្រធាន​ស្ដេក ។ បើ​ពួកគាត់​ត្រូវ​បាន​ចាត់​តាំង នោះ​នឹង​ជា​ការ​ចាត់​តាំង​មក​ពី​ប្រធាន​កូរ៉ុម​អែលឌើរ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព​ក្នុង​វួដ​របស់​ពួកគាត់ ។

បន្ថែម​ពី​លើ​ការ​ទទួលខុសត្រូវ​សំខាន់ៗ​ដទៃ​ទៀត​ដូចជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី និង​ចៅក្រម​នៃ​អ៊ីស្រាអែល ប៊ីស្សព​មាន​ការ​ទទួលខុសត្រូវ​ជាក់​លាក់​មួយ ព្រមជា​មួយ​នឹង​ទីប្រឹក្សា​របស់​ពួកគាត់ ដើម្បី​មើល​ថែ​ដល់​យុវវ័យ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៥ ចែង​ថា « គណៈប៊ីស្សព​គឺជា​គណៈប្រធាន​នៃ​បព្វជិតភាព [ អើរ៉ុន ] នេះ ហើយ​កាន់​កូនសោ​ទាំងឡាយ ឬ​សិទ្ធិ​អំណាច​នៃ​របស់​ដដែល » ។ ក្បួនខ្នាតភាគ ១ ២.២ បាន​ចែង​ថា « សមាជិក​នៃ​គណៈប៊ីស្សព មើលថែ និង​ចិញ្ចឹម​បីបាច់​ដល់​យុវជន និង​យុវនារី​នៅក្នុង​វួដ » ។

ស្រដៀងគ្នា​នេះ​ផងដែរ ប្រធាន​ស្ដេក​គឺ​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី​ក្នុង​ស្ដេក​គឺ​ជា « អ្នកដឹកនាំ​ខាង​វិញ្ញាណ​ដ៏​សំខាន់​នៅក្នុង​ស្តេក » (ក្បួនខ្នាតភាគ ១ ១.១.១ ) និង « ធ្វើ​ជា​អធិបតី​លើ​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ » (ក្បួន​ខ្នាត​ភាគ ១ ១.១.២ ) ។

ការងារបម្រើ​ជំនួស​ឲ្យ​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរ​សុខទុក្ខ

អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ហើយ គ្រូបង្រៀន​តាម​ផ្ទះ និង គ្រូ​បង្រៀន​សួរសុខទុក្ខ បាន​ឆ្លើយ​តប​ចំពោះការចាត់តាំង​ឲ្យ​ចុះ​សួរសុខទុក្ខ​តាម​ផ្ទះ​របស់​សមាជិក​ម្នាក់ៗ​ជា​រៀង​រាល់​ខែ នាំ​យក​សារលិខិតមួយ​ទៅ​ជាមួយ និង​ជួយ ​ប្រសិនបើ​ចាំបាច់ ។ មាន​ការបម្រើ​ដ៏​លះបង់ និង​ដោយ​ពុំ​គិត​ពី​ខ្លួន​ឯងអស់​ជា​ច្រើន​ម៉ោង ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។

ដោយ​ស្ថាបនា​នៅ​លើ​ការលះបង់​នោះ ឥឡូវនេះ ថ្នាក់ដឹកនាំ​សាសនាចក្រ ស្នើ​ឲ្យ​សមាជិក​បង្កើន​ការផ្ដោត​របស់​ពួកគេ​ទៅ​លើ​ការមើលថែ​ដូចជា​ព្រះគ្រីស្ទបាន​ធ្វើ​ទៅ​ដល់​មនុស្សដទៃ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ( សូម​មើល ក្បួន​ខ្នាត​ភាគ ២ ចំណុច ៣.២.៣ ) ។ ដើម្បី​សង្កត់​ធ្ងន់​ទៅ​លើ​ការមើលថែ​នោះ ឥឡូវនេះ កម្មវិធី​​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរសុខទុក្ខកាល​ពី​មុននោះ មាន​កិច្ចខិតខំដូចគ្នា ដែល​ត្រូវបាន​ហៅ​ថា « ការងារ​បម្រើ » ដែល​ត្រូវបាន​មើល​ខុសត្រូវ​ដោយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។

១៣. តើ « ការងារ​បម្រើ » គឺ​ជា​អ្វី ?

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ជា​គំរូ​អំពី​អត្ថន័យ​នៃ​ការងារបម្រើ​ នៅ​ពេល​ទ្រង់​បម្រើ​ចេញ​ពី​សេចក្ដីស្រឡាញ់​​ចំពោះ​ព្រះវរបិតា​ទ្រង់ និង​ចំពោះ​បុគ្គល​ម្នាក់ៗ ( សូម​មើល យ៉ូហាន ១៥:៩–១០ ) ។ ទ្រង់​ស្រឡាញ់ បង្រៀន អធិស្ឋាន​សម្រាប់​មនុស្សដទៃ លួងលោមចិត្ត ហើយ​ប្រទានពរ​ដល់​មនុស្ស​ជុំវិញ​ទ្រង់ ដោយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ដើរតាម​ទ្រង់ ( សូម​មើល ម៉ាកុស ៨:៣៤ ) ។ នៅ​ពេល​សមាជិក​សាសនាចក្រ​ផ្ដល់​ការងារបម្រើ ពួកគេ​ព្យាយាម​បម្រើ​ដោយ​ប្រក​ប​ដោយ​ការ​អធិស្ឋាន​ដូចជា​ទ្រង់​បាន​ធ្វើ—ដើម្បី « កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » « មើល​ការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួក​គេ » « ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខទុក្ខ » និង​ជួយ​មនុស្ស​ម្នាក់ៗ​ឲ្យ​ក្លាយ​ជា​សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ( ម៉ូសាយ ១៨:៩, គ និង ស ២០:៥១, ៥៣ សូម​មើល​ផងដែរ យ៉ូហាន ១៣:៣៥ ) ។

នៅ​ពេល​សមាជិក​ផ្ដល់ការងារ​បម្រើ ពួកគេ​សម្រេច​អំពី​ភាពញឹកញាប់ និង​របៀប​នៃការទាក់ទង​ដែល​ពួកគេ​មាន​ជាមួយ​មនុស្ស​ទាំងឡាយ​ណា​ដែល​ពួកគេ​មើល​ថែ តាមរយៈ​ការទំនាក់ទំនង និង​ការបំផុសគំនិត ។ ពួកគេ​ប្រឹក្សា ហើយ​រាយការ​ទៅ​កាន់​ថ្នាក់ដឹកនាំ​របស់​ពួកគេ​យ៉ាងហោចណាស់ មួយ​ត្រីមាស​ម្ដង អំពី​ការបម្រើ​របស់​ពួកគេ និង​អំពីសេចក្ដីត្រូវការ និង​ភាពរឹងមាំ​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​មើលថែនោះ ។ ថ្នាក់ដឹកនាំ​រាយការ​ការសម្ភាស​អំពីការងារបម្រើ​ទាំងនេះ​រាល់​ត្រីមាស ព្រោះ​ពួកគេ​ឈប់រាយការ​ចំនួន​នៃ​ការសួរសុខទុក្ខ ឬ​ចំនួន​នៃការទាក់ទង​ដែល​ទាក់ទងទៅកាន់បុគ្គល និងក្រុម​​គ្រួសារ​ទៀត​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត តាមរយៈ​បណ្ដាញ​បព្វជិតភាព​មួយ​ទៅ​កាន់​សមាជិក​ម្នាក់ៗ នោះ​បងប្អូនប្រុសស្រី​ដែលផ្ដល់ការងារបម្រើ បង្កើត​បណ្ដាញ​ទំនាក់ទំនង​មួយ ដែល​ថ្នាក់ដឹកនាំ​អាច​ប្រើ​នៅ​ពេល​មាន​ហានិភ័យ ឬ​អាសន្ន ។

១៤. តើ​បងប្អូន​ដែល​ផ្ដល់​ការងារបម្រើ​ត្រូវបាន​ហៅ​ថា​ជា​អ្វី ?

អ្នក​កាន់​បព្វជិតភាព​ត្រូវបាន​ហៅ​ថា « បងប្អូនប្រុសដែល​ផ្ដល់​ការងារ​បម្រើ » រីឯ​បងប្អូន​ស្ត្រី​សមាគម​សង្គ្រោះ​ត្រូវបាន​ហៅ​ថា « បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារបម្រើ » ។ ជាទូទៅ ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់​ពួកគេ​ដូចជា ៖ « បងប្រុស ចូនស៍ » និង « បងស្រី ស្ម៊ីធ » ។ ពួកគេ​ពុំ​ត្រូវបាន​ហៅ​ថា​ជា « អ្នក​ផ្ដល់ការងារបម្រើ » នោះ​ទេ ។

១៥. តើ​ការងារបម្រើ​មាន​លក្ខណៈ​ស្រដៀង​គ្នា និង​ខុសគ្នា​​ពីការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរសុខទុក្ខយ៉ាង​ដូចម្ដេច ?

ការងារបម្រើ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរ​សុខទុក្ខ ត្រង់​ថា​គ្រួសារ​នីមួយៗ នឹង​មាន​បងប្អូនប្រុស​កាន់​បព្វជិតភាព—បងប្អូន​ប្រុសដែលផ្ដល់​ការងារបម្រើ—ដើម្បី​បម្រើ ហើយ​មើលថែ​ក្រុមគ្រួសារ ឬ​បុគ្គល​ទាំងឡាយ​ដែល​រស់នៅ​ទីនោះ ( សូម​មើល គ និង ស ២០:៤៧, ៥៩ ) ។ បងប្អូនស្រី​មជ្ឈិមវ័យ​ម្នាក់ៗ​នឹង​មាន​សមាជិក​​សមាគមសង្គ្រោះ—បងប្អូន​ស្រីដែល​ផ្ដល់​ការងារបម្រើ—បម្រើ ហើយ​មើលថែ​ដល់គាត់ ដើម្បី​ពង្រឹង​បន្ថែមទៅលើ​ការ​គូសបញ្ជាក់​អំពី​ការងារបម្រើ ដែល​​ចែកចាយ​ដោយ​គណៈប្រធាន​សមាគម​សង្គ្រោះ កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៨ ( សូម​មើល « Keep in Touch with Her Anytime, Anywhere, Any Way » EnsignLiahona ខែ មករា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។

លើស​ពី​នេះ​ទៅ​ទៀត មាន​តម្រូវការ​​នៃ​ការបង្រៀន​តាម​ផ្ទះ និង ការបង្រៀន​សួរ​សុខ​ទុក្ខមួយ​ចំនួន ត្រូវបាន​កែប្រែ​ដើម្បី​ជួយ​សមាជិក​ឲ្យ​ផ្ដល់​ការងារបម្រើ ដោយ​ផ្ដោត​យក​ចិត្តទុកដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ការបំពេញ​តាម​សេចក្ដីត្រូវការ ។ ការទាក់ទង​ពុំ​ចាំបាច់​ត្រូវតែ​ជា​ការចុះ​សួរ​សុខទុក្ខ​ជា​ផ្លូវការ​ជានិច្ចកាល​ដូច​កាល​ពី​មុន​ទៀត​ឡើយ ។ វា​អាច​ធ្វើ​​នៅ​ផ្ទះ នៅ​ព្រះវិហារ ឬ​នៅ​កន្លែង​ណា​ក៏​បាន​ដែល​មាន​សុវត្ថិភាព ងាយស្រួល និង​អាច​ធ្វើ​ដំណើរ​ទៅ​ដល់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « [ អ្វី ] ដែល​សំខាន់​បំផុត​គឺ​របៀប​ដែល​អ្នក​ផ្ដល់​ពរ និង​មើលថែ​ដល់​អ្នក​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្រោមការមើល​ខុសត្រូវ​របស់​អ្នក ដែល​ពុំ​ចាំបាច់​មាន​កាលវិភាគ ឬ​ទីតាំង​ជាក់លាក់​នោះ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​ថា បងប្អូន​ស្រឡាញ់​មនុស្ស​របស់​បងប្អូន ហើយ​កំពុង​បំពេញ​តាម​ព្រះបញ្ញត្តិ​ឲ្យ ‹ មើល​ការខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច › » ។

និយាយ​ជារួម ការងារបម្រើ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ វាមាន​ភាពបត់បែន ហើយ​កែប្រែ​ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីត្រូវការ​របស់​សមាជិក​ម្នាក់ៗ ។

១៦. តើ​ការងារបម្រើ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​តាម​របៀប​ណា ?

នៅ​ពេល​សមាជិកផ្ដល់​ការងារបម្រើ ពួកគេ​ស្វែងរក​ការបំផុសគំនិត​ដើម្បី​ដឹង​ពី​របៀប​ឈោង​ទៅ​ជួយ​មនុស្សដទៃ ហើយ​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​ពួកគេ ។ តើ​ការសួរ​សុខទុក្ខ​ដែល​បាន​ដាក់​កាលវិភាគ និង​ការទូរសព្ទ​ជា​ទៀងទាត់ ទៅ​កាន់​បងស្រី​ចំណាស់​ម្នាក់​ដែល​រស់នៅ​តែ​ឯង នឹង​អាច​ផ្ដល់​ទំនាក់ទំនង​ដែល​គាត់​ត្រូវការ​ឬ​ទេ ? តើ​ការអញ្ជើញ​ដល់​យុវមជ្ឈិមវ័យ​មិន​សូវ​សកម្ម​ម្នាក់ ឲ្យ​ចូលរួម​ក្នុង​គម្រោង​សហគមន៍ នឹង​ក្លាយ​ជា​ការទាក់ទង​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ឬ​ទេ ? តើ​ការជួយ​ឧបត្ថម្ភ​ដល់​ការប្រកួត​កីឡា​បាល់ទាត់​របស់​យុវវ័យ នឹង​ជួយ​ដល់​យុវវ័យ ព្រមទាំង​មាតាបិតា​របស់​ពួកគេ​ឬ​ទេ ? តើ​ការផ្ញើ​សារជា​​បទគម្ពីរ​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម​​ទៅ​កាន់​នរណាម្នាក់ នឹង​អាច​​ជួយ​សម្រាល​បន្ទុក​របស់​គាត់​ឬ​ទេ ? តើលិខិត​តូចៗ ឬ​កាត​ជូនពរ ឬ​អ៊ីម៉ែល បង្ហាញពី​ការខ្វាយខ្វល់​ដ៏​មាន​ប្រសិទ្ធភាព​ឬ​ទេ ? តើ​ព្រះអង្គសង្គ្រោះ​បាន​ត្រាស់បង្គាប់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​ធ្វើ​អ្វីខ្លះ ? ការស្វែងរក​ចម្លើយ​ដ៏​បំផុសគំនិត​ចំពោះ​សំណួរ​ដូចនេះ និង​ការប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​​ដែល​មាន​ដើម្បី​ទាក់ទង​ដល់​មនុស្ស​ទាំងឡាយ​ណា ដែល​ពួក​គេត្រូវបាន​ចាត់តាំង​ឲ្យ​មើលថែ គឺ​ជា​ចំណុច​សំខាន់​នៃ​ការងារបម្រើ​ដ៏​បំផុសគំនិត ។ ដើម្បី​ផ្ដល់​ការបម្រើ​ដូច​ព្រះគ្រីស្ទ បងប្អូនប្រុសដែល​ផ្ដល់​ការងារ​បម្រើ និង​បងប្អូនស្រី​ដែល​ផ្ដល់​ការងារបម្រើ មិន​អាច​ពឹងផ្អែក​ទៅ​លើ​ការសួរសុខទុក្ខ​តាម​ទម្លាប់ ឬ​សារលិខិត​ដែល​បាន​រៀបចំ​ទុក​ជាមុន​ទៀតទេ ផ្ទុយទៅវិញ ពួកគេ​ស្វែងរក​ការបំផុស​គំនិត និង​ការប្រឹក្សា​ជាមួយ​សមាជិក​គ្រួសារ ដើម្បី​មើលថែ​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ពួកគេ​ត្រូវបាន​ចាត់តាំង​ឲ្យ​មើលថែ—ដោយ​ប្រើប្រាស់​ពេលវេលា និង​ធនធាន​នានា​ដែល​ពួកគេ​មាន ។

១៥. តើ​ការងារបម្រើ​អាច​បត់បែន​បាន​តាម​របៀប​ណា ?

បងប្អូនប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ និង បងប្អូនស្រីដែល​ផ្ដល់​ការងារ​បម្រើ មាន​ឱកាស​ធ្វើ​កិច្ចការ​ទាំងឡាយ​ណា​ដែល​មាន​ប្រសិទ្ធភាព​បំផុត ។ មនុស្ស​ទាំងឡាយ​ដែល​ពួកគេ​ត្រូវបានអញ្ជើញ​ឲ្យ​មើលថែ អាច​នឹង​ត្រូវការការយកចិត្តទុក​ខុសៗ​គ្នា ។ ពេល​ធ្វើការ​ជាមួយ​គណៈប៊ីស្សព និង​ក្រុមប្រឹក្សា​វួដ នោះ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ ជូនដំណឹង​អំពីអាទិភាពទាំងឡាយទៅ​កាន់​បងប្អូនប្រុសស្រីដែល​ផ្ដល់ការងារ​បម្រើ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​ថាតើ​នរណា​អាច​នឹង​ត្រូវការ​ពួកគេ​ខ្លាំង​បំផុត ។ ជា​ញឹកញាប់ អាទិភាព​ខ្ពស់​បំផុត​ត្រូវបាន​ផ្ដល់​ឲ្យ​ដល់​សមាជិក​ថ្មី សមាជិក​មិន​សូវ​សកម្មដែល​ងាយ​នឹង​ទទួល​យកការ​ប្រឹក្សា​ពីយើង និង​អ្នកដទៃទៀតដូចជា​​ឪពុក/ម្ដាយ​ទោល ស្ត្រី​មេម៉ាយ និង​បុរស​ពោះម៉ាយ ។ ថ្នាក់​ដឹកនាំ​អាច​ចាត់តាំង​អ្នក​ដឹកនាំ​យុវវ័យ​ម្នាក់​ឲ្យ​ទៅកាន់​ក្រុមគ្រួសារ​មួយ ដែល​មាន​យុវជន ឬ​យុវនារី​ដែល​កំពុង​ជួប​ឧបសគ្គ ហើយ​ពួកលោក​ចាត់តាំង​ភ្លាមៗ​ឲ្យ​បងប្អូនប្រុស​និង​បងប្អូនស្រីដែល​ផ្ដល់​ការងារ​​បម្រើ​​ទៅ​កាន់​អ្នក​ប្រែចិត្តជឿ​ថ្មី ។ ពួកលោក​អាច​ចាត់តាំង​នរណា​ក៏​បាន​នៅ​ក្នុង​កូរ៉ុម​អែលឌើរ—ជា​សង្ឃ​ជាន់​ខ្ពស់ និង​ជា​អែលឌើរ—ឲ្យ​ធ្វើ​ការងារបម្រើ​នោះ ។

បើ​សមរម្យ គូស្វាមីភរិយា​មួយ​គូ អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​មើលថែ​ក្រុមគ្រួសារ​មួយ ឬ​បុគ្គល​ម្នាក់ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​ឡូរ៉ល និង ក្រុម​ម៉ៃម៉េត អាច​ធ្វើការ​រួម​ចំណែកដ៏​សំខាន់ៗ ដោយ​ការបម្រើ​ជា​ដៃគូ​ជាមួយ​បងប្អូនស្រី​​សមាគមសង្គ្រោះ ក៏​ដូចគ្នាចំពោះ​ពួក​សង្ឃ និង គ្រូ​ធ្វើ​ដែរ ដោយ​ធ្វើ​ការ​បម្រើ​ជាមួយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ( សូម​មើល សំណួរ​ទី ២២ ខាង​ក្រោម ) ។

១៨. តើ​ការងារបម្រើ​ត្រូវបាន​កែប្រែ​ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីត្រូវការ​របស់​សមាជិក​ម្នាក់​តាម​របៀប​ណា ?

បងប្អូនប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ និង បងប្អូនស្រីដែល​ផ្ដល់​ការងារ​បម្រើ ព្យាយាម​ធ្វើ​អ្វីៗ​ដែល​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​បុគ្គល​ទាំងឡាយ​យ៉ាងខ្លាំង​បំផុត ។ រាល់​ទម្រង់​នៃការ​ទំនាក់ទំនង​គឺ​មាន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​បំពេញ​តាម​សេចក្ដីត្រូវការ​នៃ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ពួកគេ​បម្រើ ។ ការបំពេញ​តាម​សេចក្ដីត្រូវការ​ទាំងនោះ​ចាប់ផ្ដើម​ជាមួយនឹង​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន និង​ការមាន​ការសន្ទនា​ប្រាប់​អំពីព័ត៌មាន​ជាមួយ​ក្រុមគ្រួសារ និង​បុគ្គល​ទាំងឡាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់តាំង​ឲ្យ​មើលថែ ។ នៅ​ក្នុង​ការសន្ទនា​នោះ និង​ក្នុង​ការទាក់ទង​ជា​បន្តបន្ទាប់ ពួកគេ​ស្ដាប់​អស់​អ្នក​ទាំងឡាយ​ដែល​ពួកគេ​ផ្ដល់​ការងារបម្រើ ដើម្បី​ពួកគេ​អាច​យល់​អំពី​របៀប​បម្រើ​​ឲ្យ​បាន​ល្អ​បំផុត ដឹងថា​តើ​ត្រូវ​ទំនាក់ទំនង​ញឹកញាប់ប៉ុណ្ណា និងដោយ​ប្រភេទណា ព្រមទាំងដឹងពី​សេចក្ដីត្រូវការ និង​មាតិកា​នៃ​សារលិខិត​ដែល​ពួកគេ​ចែកចាយ ។ អស់់​អ្នក​ទាំងឡាយ​ដែល​ផ្ដល់ការងារបម្រើ​ត្រូវ​ប្រាកដ​ថា រាល់​ទំនាក់ទំនង​ទៅ​កាន់​សមាជិក​ក្រុម​គ្រួសារ​ណា​មួយ​ត្រូវតែធ្វើ​ដោយ​សមរម្យ ។

បងប្អូន​ប្រុស​ និងបងប្អូនស្រីដែល​ផ្ដល់ការងារ​បម្រព្យាយាម​ជួយ​បុគ្គល និង​គ្រួសារ​ទាំងឡាយ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​បន្ទាប់ៗ​ទៀតរបស់​ពួកគេ ឲ្យគោរព​តាម​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ហើយ​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន ។ ការជួយ​ប្រភេទ​នេះ​រួម​​ទាំង​ការចែកចាយ​សារលិខិត​ខាង​វិញ្ញាណ បានជួយ​រៀបចំតាម​បុគ្គល ឬ​គ្រួសារ ទោះ​បី​ជា​ការងារបម្រើ​ពុំ​មែន​ជា​ការចាត់តាំង​ដែល​ផ្ដោត​សំខាន់​ជា​ពិសេស​ទៅ​លើ​ការចែកចាយ​សារលិខិត​ក៏​ដោយ ។ ទស្សនាវដ្ដី លីអាហូណា និង Ensign នឹង​ពុំ​មាន​សារលិខិត​ជាក់លាក់​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ការទាក់ទង​​​ផ្ដល់ការងារបម្រើ​ទៀតឡើយ​ ។

១៩. តើ​ថ្នាក់ដឹកនាំ​បព្វជិតភាព​មិលគីស្សាដែក និង​សមាគមសង្គ្រោះ បង្រួបបង្រួម​ការងារ​របស់​ពួកគាត់​តាម​របៀប​ណា ?

សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ផ្ដល់​ការងារបម្រើ​ដល់​មនុស្សដទៃ គឺ​ជា​សមិទ្ធិផល​មួយនៃ​កម្លាំង​កាន់តែ​រឹងមាំ​របស់​កូរ៉ុម​បព្វជិតភាព​ដែល​បាន​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ តាម​ដែល​យើង​ចង់បាន និង​តាមធម្មតា រីឯសមាគសង្គ្រោះទទួលបាន​សាមគ្គីភាព​ជា​សមិទ្ធិផលផងដែរ ។ ការងារបម្រើ​បាន​ក្លាយ​ទៅ​ជា​កិច្ចខិតខំ​សហប្រតិបត្តិការ​មួយ ក្នុង​ការបំពេញ​កាតព្វកិច្ច​បព្វជិតភាព​ដើម្បី « ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខទុក្ខ » និង​ដើម្បី « មើល​ការខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ » និង​ជា​គោលបំណង​របស់​សមាគម​សង្គ្រោះ​ដើម្បី « បង្កើន​សេចក្ដីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ពង្រឹង​បុគ្គល​ទាំងឡាយ ក្រុមគ្រួសារ និង​គេហដ្ឋាន តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នានា ហើយ​ធ្វើការ​ដោយ​សាមគ្គីភាព​ដើម្បី​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ខ្វះខាត » ( គ និង ស ២០:៤៧, ៥៣, ក្បួន​ខ្នាត​ភាគ ២ ចំណុច ៩.១.១ ) ។

ការធ្វើការ​ជាមួយ​គ្នា​ និងនៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ ​មាន​ឱកាស​ទទួល​បាន​ការបំផុសគំនិត បានរៀបចំ ហើយ​បាន​ធ្វើ​សហប្រតិបត្តិការ​នៅ​ពេល​ពួកគេ​ព្យាយាម​មើល​ការខុសត្រូវ និង​មើល​ថែ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​នីមួយៗ ។ ការសហប្រតិបត្តិការ​រួម​មាន​ការធ្វើការ​ជាមួយ​គ្នា​​តាម​របៀប​ដូច​ខាង​ក្រោម ៖

  • គណៈប្រធាន​កូរ៉ុម​អែលឌើរ​ផ្ដល់​អនុសាសន៍​លើ​ការចាត់តាំង​ការងារបម្រើ​សម្រាប់​បុគ្គលម្នាក់ៗ និង​គ្រួសារ​ទាំងឡាយ​នៅ​ក្នុង​វួដ ។ គណៈប្រធាន​សមាគម​សង្គ្រោះ​ផ្ដល់​អនុសាសន៍​លើ​ការចាត់តាំង​ការងារបម្រើ សម្រាប់​បងប្អូន​ស្រី​សមាគមសង្គ្រោះ ។ នៅ​ទី​ណា​ដែល​មាន​សេចក្ដីត្រូវការ​ពិសេស គណៈប្រធាន​កូរ៉ុម​អែលឌើរ និង សមាគមសង្គ្រោះ អាច​ពិភាក្សា​អំពី​ការចាត់តាំង​ជាក់លាក់​ពី​មុន​ការចាត់តាំង​ទាំងនោះ​ត្រូវបាន​ធ្វើ​សេចក្ដី​សម្រេច ។

  • គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ ផ្ដល់​អនុសាសន៍​លើ​ការចាត់តាំង​ការងារបម្រើ​នានាទៅ​កាន់​ប៊ីស្សពសុំ​ការ​ការអនុមតិពី​លោក ។

  • ប្រសិនបើ​ចាំបាច់ បងប្អូនប្រុសនិង បងប្អូនស្រីដែល​ផ្ដល់​ការងារ​បម្រើ អាច​ពិភាក្សា​អំពី​កាលៈទេសៈ​ពិសេសៗ​របស់​បុគ្គល​ទាំងឡាយ ហើយ​បើ​​​ចាំបាច់ សូម​ទាក់ទង​ទៅ​កាន់​ថ្នាក់ដឹកនាំ​កូរ៉ុម ឬ​សមាគមសង្គ្រោះ​របស់​ពួកគេ ដើម្បី​បាន​ជំនួយ និង​ធនធាន​បន្ថែម ។

  • គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ជួប​ប្រជុំ​គ្នា​រាល់​ត្រីមាស ដើម្បី​ពិភាក្សា​អំំពី​សេចក្ដីត្រូវការ​របស់​បុគ្គលម្នាក់ៗ និង​គ្រួសារ​ទាំងឡាយ ដែល​បាន​ដឹង​តាមរយៈ​ការសម្ភាស​អំពី​ការរងារបម្រើ ។

  • បន្ទាប់​ពី​ការប្រជុំ​នោះ ប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ ជួប​គ្នា​រាល់​ត្រីមាស ជាមួយ​ប៊ីស្សព​ដើម្បី​ដឹង​ពី​សេចក្ដីត្រូវការ​របស់​បុគ្គលម្នាក់ៗ និង​គ្រួសារ​ទាំងឡាយ ។

  • ប្រសិនបើ​ចាំបាច់ ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ ប្រឹក្សា​ជាមួយ​ក្រុម​ប្រឹក្សា​វួដ អំពី​ភាពរឹងមាំ និង សេចក្ដីត្រូវការ ដែល​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ការសម្ភាស​អំពីការរងារបម្រើ រួច​ដាក់​ផែនការ ហើយ​អនុមតិ​ដើម្បី​បម្រើ ហើយ​ផ្ដល់​ពរ​ដល់​សមាជិក​វួដ ។

ដើម្បី​សម្រួល​ដល់​សហប្រតិបត្តិការ​នេះ វួដ​ផ្ដោត​សំខាន់​ទៅ​លើ​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ហើយ​ពុំ​ចាំបាច់​ធ្វើ​ការប្រជុំ​គណៈកម្មការ​​ប្រតិបត្តិ​បព្វជិតភាព​ទៀត​ទេ ។ កាល​ពី​មុន កិច្ចការ​ដែល​មាន​នៅ​ក្នុង​របៀបវារៈ​ ត្រូវបាន​ពិភាក្សា​នៅ​ក្នុង​ការប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​បព្វជិតភាព​តែ​ឥឡូវ​ត្រូវបាន​យក​មក​ពិភាក្សា នៅ​ក្នុង​ការប្រជុំ​គណៈប៊ីស្សព ក្រុមប្រឹក្សា​វួដ ឬ​ការប្រជុំ​ប្រចាំ​ត្រីមាស​របស់​ប៊ីស្សព ​ប្រធាន​កូរ៉ុម​អែលឌើរ និង​របស់​ប្រធាន​សមាគម​សង្គ្រោះបន្ថែម​ទៀត បើ​ចាំបាច់ ។

២០. តើ​សមាជិក​ទទួល​បាន​ការចាត់តាំង​ការងារបម្រើ​របស់​ពួកគេ​តាម​របៀប​ណា ?

ថ្នាក់​ដឹកនាំ​ជួប​ប្រជុំ​ជាមួយ​បងប្អូនប្រុស ស្រី​ដែល​ផ្ដល់ការងារ​បម្រើ—យក​ល្អ​ធ្វើការជា​ដៃគូ​នឹង​គ្នា—ដើម្បីបែងចែក​ការចាត់តាំងជាមួយ​ពួកគេ ហើយ​ប្រឹក្សា​ដល់​ពួកគេ​អំពី​ភាពរឹងមាំ សេចក្ដីត្រូវការ និង​ឧបសគ្គ​នានា​របស់អ្នក​ទាំងឡាយ​ណា​ដែល​ពួកគេ​ផ្ដល់​ការងារបម្រើនោះ ។ កិច្ចសន្ទនា​នេះ​អាច​កើតមានឡើង​នៅ​ក្នុង​ការសម្ភាសអំពី​ការងារបម្រើ ( សូម​មើល សំណួរ​ទី ២០ ខាង​ក្រោម ) ឬ​នៅ​ពេល​​ណា​ដែល​ចាំបាច់ ។

១៧. តើ​តួនាទីនៃការសួរ​សុខទុក្ខ​ដល់​ផ្ទះ​មាន​​អ្វី​ខ្លះ ?

ដោយសារចំនួនចុះ​សួរ​សុខទុក្ខ ចម្ងាយ​ផ្លូវ សុវត្ថិភាព និង​ការពិចារណា​លើ​កត្តា​ផ្សេងៗ​ទៀត​ នោះ​ការសួរ​សុខទុក្ខ​ដល់​ផ្ទះ​នីមួយ​ជា​រៀងរាល់​ខែ អាច​នឹង​ពិបាកនឹង​ធ្វើ​បាន ឬអនុវត្ត​បាន ប៉ុន្ដែ​ការចុះសួរ​សុខទុក្ខ​​ផ្ទាល់​មាន​សារៈសំខាន់ នៅ​ពេល​ដែល​យើង​អាច​ធ្វើ​វា​បាន​នោះ ។ ដើម្បី​បម្រើ​​ដូច​ជាព្រះអង្គសង្គ្រោះ​បាន​ធ្វើ បងប្អូនប្រុសស្រីដែល​ផ្ដល់​ការងារ​បម្រើ ពិចារណា​អំពី​លទ្ធភាព​ទាំងអស់ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធ្វើ​ការមើលថែ ហើយ​ទាក់ទង​ទៅ​កាន់​អស់​អ្នក​ដែល​ពួកគេ​ត្រូវបាន​ចាត់តាំង​ឲ្យ​មើលថែ ។

២២. តើ​ការងារបម្រើ​តែងតែ​មានដាក់​បញ្ចូល​ការចែកចាយ​សារលិខិត​ជានិច្ច​ឬ​ទេ ?

អត់​ទេ ។ នៅ​ពេល​បងប្អូនប្រុសស្រី​ដែល​ផ្ដល់​ការងារបម្រើ បាន​ដឹង​អំពី​មនុស្ស​ដែល​ពួកគេ​ត្រូវ​មើលថែ​ហើយ ពួកគេ​ត្រូវ​ដឹង​អំពី​សេចក្ដីត្រូវការ​របស់​មនុស្ស​ទាំងនោះ រួចហើយ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​បំផុសគំនិត​ពួកគេ​ឲ្យ​បង្រៀន​គោលការណ៍​មួយ​នៃ​ដំណឹងល្អ ។ ឪពុកម្ដាយ​ក៏​អាច​ស្នើ​ឲ្យ​មាន​ប្រធានបទ​ជាក់លាក់​មួយ​សម្រាប់​គ្រួសារ​គាត់​ដែរ ។ ប៉ុន្តែ « សារលិខិត » ដ៏​ប្រសើរ​បំផុត គឺ​​ការមើលថែ និង សេចក្ដីមេត្តាករុណា ។

២៣. តើ​បងប្អូនស្រី​ដែល​ផ្ដល់​ការងារបម្រើ ផ្ដល់​ព័ត៌មាន​លម្អិតអំពី​កិច្ច​ខិតខំ​របស់​ពួកគេ​តាម​របៀប​ណា ?

ថ្នាក់​ដឹកនាំ​ពុំ​ប្រមូល​របាយការណ៍អំពី​ក្រុម​គ្រួសារ និង​បុគ្គល​ទាំងឡាយ ដែល​ត្រូវបាន​ទៅ​សួរ​សុខទុក្ខ​អំឡុង​ខែ​​ទៀតហើយ ។ ជំនួស​មក​វិញ បងប្អូនប្រុសស្រីដែល​ផ្ដល់​ការងារ​បម្រើ មាន​ឱកាស​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ អំពី​ស្ថានភាព​នៃ​អស់​អ្នក​ទាំងឡាយ​ដែល​ពួកគេ​បម្រើ និង​អំពី​កិច្ចខិតខំ​នៃ​ការងារបម្រើ​របស់​ពួកគេ​ដែល​កំពុងតែ​បន្ត​ទៅ​មុខ ។ ការប្រឹក្សា​ជាមួយ​គ្នា​នេះ​ធ្វើ​ឡើង​យ៉ាង​ហោចណាស់​រាល់​ត្រីមាស នៅ​ក្នុង​ការសម្ភាស​អំពីការងារបម្រើ និង​ពេល​ណា​បន្ថែម​ទៀត នៅ​ពេល​ដែល​ចាំបាច់ត្រូវ​ជូនដំណឹង ។

២៤. តើ​ការសម្ភាស​អំពីការងារបម្រើ​គឺ​ជា​អ្វី ?

ការសម្ភាស​អំពីការងារបម្រើ​ត្រូវបាន​ធ្វើ​ឡើង (១) ដើម្បី​ប្រឹក្សា​អំពី​ភាពរឹងមាំ សេចក្ដីត្រូវការ និង​ឧបសគ្គ​នានារបស់​គ្រួសារ និង​បុគ្គល​ទាំងឡាយដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ (២) ដើម្បី​កំណត់​ថាតើ​សេចក្ដីត្រូវការ​ណា​ខ្លះ ដែល​កូរ៉ុម និង សមាគមសង្គ្រោះ ឬ​ក្រុម​ប្រឹក្សា​វួដ​អាច​ជួយ​បាន និង (3) ដើម្បី​រៀន​ពី​ថ្នាក់​ដឹកនាំ និង​ដើម្បី​ទទួល​ការលើកទឹកចិត្ត​ក្នុង​កិច្ចខិតខំ​ធ្វើការងារបម្រើ ។

យ៉ាងហោចណាស់ រាល់​ត្រីមាស បងប្អូនប្រុស​ស្រី​ដែល​ផ្ដល់​ការ​ងារបម្រើ ជួបប្រជុំ​ជាមួយ​អ្នក​ដឹកនាំ​ម្នាក់​នៃ​កូរ៉ុម​អែលឌើរ ឬ​សមាគសង្គ្រោះ​នៅ​ក្នុង​ការសម្ភាស​អំពីការងាររបម្រើ​មួយ យក​ល្អ​ជួប​ដោយ​ផ្ទាល់ និង​ជាមួយ​ដៃគូ​របស់​ពួកគេ ។ គូ​ស្វាមីភរិយា​ដែល​ផ្ដល់ការងារបម្រើ​ជាមួយ​គ្នា អាច​ជួប​ប្រជុំ​​ជាមួយ​ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ ឬ​សមាគមសង្គ្រោះ ឬ​ទាំង​ពីរ ។ នៅ​ចន្លោះ​ការសម្ភាសនោះ បើ​ចាំបាច់ បងប្អូនប្រុសស្រី​ដែល​ផ្ដល់​ការ​ងារ​បម្រើ ផ្ដល់​ទំនាក់ទំនង​អំពី​ព័ត៌មាន​ដទៃទៀត—ដោយ​ផ្ទាល់ ឬ​តាមរយៈ​ទូរសព្ទ ផ្ញើ​សារ អ៊ីម៉ែល ឬ​មធ្យោបាយ​ផ្សេងៗ​ទៀត ។ ពួកគេ​ចែកចាយ​ព័ត៌មាន​សម្ងាត់​តែ​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ប្រធាន​សមាគសង្គ្រោះ​ប៉ុណ្ណោះ—ឬ​ដោយ​ផ្ទាល់​ជាមួយ​ប៊ីស្សព ។

២៥. តើ​ថ្នាក់ដឹកនាំ​រក្សា​កំណត់ត្រា​នៃការសម្ភាសអំពីការងារបម្រើ​តាម​របៀប​ណា ?

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង សមាគមសង្គ្រោះ រក្សា​កំណត់ត្រា​នៃ​ការសម្ភាស ដែល​ពួក​គាត់​មាន​ជាមួយ​នឹង​បងប្អូនប្រុសស្រី​ដែល​ផ្ដល់​ការងារបម្រើ ។ ថ្នាក់​ដឹកនាំ​ប្រាប់​អំពី​ខែធ្វើ​ការសម្ភាស និង​សមាសភាព​ដែល​ត្រូវ​ចូលរួម ។ ពួកគេ​រាយការ​ដៃគូ​ម្ដងមួយៗ យ៉ាងហោចណាស់ សមាជិក​ម្នាក់​នៃ​ដៃគូ​នោះ​ត្រូវបាន​សម្ភាស​អំឡុង​ពេល​ត្រីមាស ។

ត្រឹម​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៨ នឹងធ្វើ​បច្ចុប្បន្នភាព​លើ LDS Tools និង Leader and Clerk Resources នៅ​លើ​គេហទំព័រ LDS.org ហើយនឹង​​មានសម្រាប់​របាយការណ៍​នេះ ។ ការផ្លាស់ប្ដូរ​ក្នុង​របាយការណ៍​ប្រចាំ​ត្រីមាស ក៏​នឹង​មាន​ឲ្យ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ផងដែរ ។ សេចក្ដី​លម្អិត​បន្ថែម​សម្រាប់​ថ្នាក់​ដឹកនាំ និង ស្មៀន នឹង​ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​សេចក្ដីជូនដំណឹង​ចេញ​ពី​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រក្នុង​ពេល​ខាង​មុខ ។

២៦. តើ​អ្វី​ទៅ​ជា​តួនាទី​នៃ​អ្នក​សម្របសម្រួល​ការងារបម្រើ និង​អ្នក​គ្រប់គ្រង ?

ការ​ហៅ​បម្រើ​ខាង​អ្នក​សម្របសម្រួល ការងារបម្រើ និង​អ្នក​គ្រប់គ្រង​ការងារ​បម្រើ​ឈប់​មាន​ទៀត​ហើយ ។ អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​មក​កាន់តំណែង​ទាំងនេះ​គួរ​តែ​ត្រូវ​បាន​ដោះ​លែង ។

២៥. តើ​នរណា​ដឹកនាំ​ការសម្ភាស​អំពី​ការងារបម្រើ ?

សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​ម្នាក់ៗ​ដឹកនាំ​ការសម្ភាស​អំពី​ការងារបម្រើ ។ សូម្បី​តែ​នៅ​ក្នុង​វួដ​ធំ​មួយ ថ្នាក់ដឹកនាំ​នឹង​ឃើញ​ថា ការសម្ភាស​មាន​ការ​គ្រប់គ្រង​ល្អ នៅពេល​ការ​សម្ភាស​មួយ​ចំនួន​ត្រូវបាន​ធ្វើ​ឡើង​រាល់​សប្ដាហ៍​ដោយ​សមាជិក​នៃ​គណៈប្រធាន​នីមួយៗ ។ ការ​សសម្ភាស​អំពី​ការ​បម្រើ​ពុំ​ចាំបាច់​មាន​រយៈពេល​វែង​ទើប​មាន​ប្រសិទ្ធភាព​នោះ​ទេ ។

២៨. តើ​នៅពេល​ណា​ក្នុង​អំឡុង​ត្រីមាស​ដែល​ថ្នាក់ដឹកនាំ​ធ្វើ​ការ​សម្ភាស​អំពី​ការងារ​បម្រើ ?

ការសម្ភាស​អំពី​ការ​បម្រើ​អាច និង​គួរ​តែ​ធ្វើ​ឡើង ក្នុង​រយៈពេល​ពី​ដើម​ត្រីមាស​ដល់​ចុងត្រីមាស​នីមួយៗ—ដែល​ពុំ​ចាំបាច់​ចាំ​ដល់​សប្ដាហ៍​ចុង​ក្រោយ ឬ​ខែ​ចុង​ក្រោយ​ក្នុង​ត្រីមាស​នោះ​ទេ ។ នៅ​ពេល​ថ្នាក់ដឹកនាំ​ធ្វើ​ការ​សម្ភាស​ជា​ទៀងទាត់ នោះ​ពួកគាត់​នឹង​ឃើញ​ថា ពួកគាត់​អាច​សម្រេច​គោលបំណង​នៃ​ការងារបម្រើ​ទាំងខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

ការដាក់​បញ្ចូល​យុវវ័យ​នៅ​ក្នុង​ការងារបម្រើ

២៩. តើ​យុវវ័យ​អាច​ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការចាត់តាំង​ការងារបម្រើ​យ៉ាង​ដូចម្ដេច ?

ថ្នាក់ដឹកនាំ​អាច​ជ្រើសរើស​ដើម្បី​ចាត់តាំង​ក្រុម​ឡូរ៉ល និង ក្រុម​ម៉ៃម៉េត​ឲ្យ​ធ្វើ​ជា​ដៃគូ​ជាមួយ​បងប្អូន​ស្រី​សមាគម​សង្គ្រោះ ហើយ​សង្ឃ និង គ្រូ ឥឡូវ​ត្រូវ​បានចាត់តាំងឲ្យ​ធ្វើ​ជា​ដៃគូ​ជាមួយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ យុវវ័យ​ចែកចាយ​អំណោយទាន​ពិសេស​របស់​ពួកគេ ហើយ​រីកចម្រើន​ខាង​វិញ្ញាណ នៅ​ពេល​ពួកគេ​បម្រើ​ជាមួយ​មជ្ឈិមវ័យ​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​នៅ​ពេល​ពួកគេ​ប្រឹក្សា​អំពី​ការបម្រើ​នោះ​នៅ​ក្នុង​ការសម្ភាសអំពី​ការងារបម្រើ ។ លើស​ពី​នេះ​ទៅ​ទៀត ការដាក់​បញ្ចូល​យុវវ័យ​នៅ​ក្នុង​ការចាត់តាំង​ការងារបម្រើ វា​ជួយបង្កើន​ភាពលូតលាស់​នៃ​ការមើលថែ​មនុស្សដទៃ តាមរយៈ​ការបង្កើន​ចំនួន​សមាជិក​ដែល​ចូលរួម ។ វា​ក៏​អាច​សម្រួល ហើយ​ពង្រឹង​កិច្ចខិតខំ​ទាំងនេះ​នៅ​ក្នុង​ក្រុម​គ្រួសារ នៅ​ពេល​ម្ដាយ និង​កូនស្រី—ឪពុក និង​កូនប្រុស—បម្រើ​ជាមួយ​គ្នា​ដែរ ។

៣០. តើ​យុវវ័យ​គួរតែ​មាន​បងប្អូនប្រុស​ស្រីដែល​ផ្ដល់​ការងារ​បម្រើ ត្រូវបាន​ចាត់តាំង​ដល់​ពួកគេ​ឬ​ទេ ?

អត់​ទេ ។ យុវជន និង​យុវនារី ត្រូវបាន​ផ្ដល់​ការងារបម្រើ​ដោយ​អស់​អ្នក​ដែល​ផ្ដល់​ការងារបម្រើ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ ហើយក៏​ត្រូវបាន​មើលថែ​ដោយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់ដឹកនាំយុវនារីផង​ដែរ ។

៣១. តើ​យុវជន និង​យុវនារី​អាច​ត្រូវ​បាន​ចាត់​ឲ្យ​ផ្ដល់​ការងារបម្រើ​ជាមួយ​នឹង​ដៃគូ​ដែល​ជា​មជ្ឈិមវ័យ​បាន​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ តាម​សេចក្ដីណែនាំ​នៅក្នុង​ឯកសារ​ថ្មីៗ​អំពី « ការការពារ និង​ការ​ឆ្លើយតប​ចំពោះ​ការ​បំពាន » អនុញ្ញាត​ឲ្យ​មជ្ឈិមវ័យ​អាច​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​ដៃគូ​ផ្ដល់​ការងារ​បម្រើ​ជាមួយ​យុវវ័យ​បាន ។ « ការងារបម្រើ » ពុំ​ត្រូវបាន​ចាត់ទុក​ថា ជា « សកម្មភាព » មួយ ឬ « ថ្នាក់​រៀន » មួយ​ដូច​បាន​យោង​នៅក្នុង​សេចក្ដីណែនាំ​ទាំង​នោះ​ទេ ។

ថ្នាក់ដឹកនាំ​គួរ​តែ​ប្រើ​ការ​វិនិច្ឆ័យ​ដ៏​បំផុសគំនិត​នៅពេល​ធ្វើការ​ចាត់តាំង​យុវវ័យ​ឲ្យ​ធ្វើ​ជា​ដៃគូ​ផ្ដល់​ការងារ​បម្រើ​នោះ ។ ដៃគូ​ដែល​ជា​មជ្ឈិមវ័យ​គួរ​តែ​ចៀស​វាង​ពី​ស្ថានភាព​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ។ ពួកគេ​គួរ​តែ​អនុវត្ត​ការ​មើល​ថែ​ដែល​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ជួប​គ្នា​ផ្ទាល់​នៅ​ដាច់​ពី​គេ​ឯង​ដើម្បី​ឲ្យ​យុវវ័យ​មាន​បទពិសោធន៍​សុវត្ថិភាព និង​ជា​រង្វាន់​ជាមួយ​នឹង​ការងារ​បម្រើ ។ បន្ថែម​ពី​លើ​នោះ ដោយ​ភាព​វាងវៃ​ពុំ​គួរ​ចាត់​តាំង​យុវវ័យ​ឲ្យ​ទៅ​ផ្ទះ ឬ​គ្រួសារ​ដែល​មាន​ស្ថានភាព​លំបាក​នោះ​ឡើយ ។

៣២. តើ​ពួក​ម៉ៃម៉េត និង ឡូរ៉ល​ទាំង​អស់ គួរ​តែ​មាន​ការ​ចាត់​តាំង​ផ្ដល់​ការងារ​បម្រើ​ឬទេ ?

ម៉ៃម៉េត និង ឡូរ៉ល អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្ដល់​ការងារ​បម្រើ ។ ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​ប្រឹក្សា​ជាមួយ​នឹង​យុវនារី​ម្នាក់ៗ ហើយ​បើ​ស្ថានភាព​របស់​គាត់​អាច​ធ្វើ​បាន ហើយ​គាត់​មាន​ឆន្ទៈ​ដើម្បី​បម្រើ នោះ​គាត់​អាច​ទទួល​បាន​នូវ​ការ​ចាត់តាំង​ផ្ដល់​ការងារ​បម្រើ​មួយ ។ យុវនារី​បម្រើ​ជា​ដៃគូ​ទៅ​នឹង​បងប្អូន​ស្រ្តី​សមាគម​សង្គ្រោះ ។

៣៣. តើ​នរណា​ទាក់ទង​ការចាត់តាំង​ការងារ​បម្រើ​ទៅ​ឲ្យ​យុវវ័យ ?

ពេល​មាន​ការ​អនុមតិ​មក​ពី​ប៊ីស្សព នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ផ្ដល់​ការចាត់តាំង​ការងារបម្រើ​ដល់​ពួក​ម៉ៃម៉េត និង​ឡូរ៉ល ។ ហើយ​នៅ​ពេល​មាន​ការ​អនុមតិ​មក​ពី​ប៊ីស្សព នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ផ្ដល់​ការចាត់តាំង​ការងារបម្រើ​ទៅដល់​ពួកគ្រូ​និងពួក​សង្ឃ ។

កូរ៉ុម និង​សមាគម​សង្រ្គោះ

៣៤. តើ​ការ​ផ្ដោត​យកចិត្ត​ទុកដាក់​របស់​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​ពង្រឹង​ដល់​តួនាទី​របស់​ប៊ីស្សព និង​ក្រុមប្រឹក្សា​វួដ​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ ប៊ីស្សព​គឺ​ជា​គឺ​ជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី និង « ផ្តល់​ការណែនាំ និង​ការប្រឹក្សា​ដល់​ពួកអ្នកដឹកនាំ​ដទៃ​ទៀត​នៅក្នុង​វួដ » (ក្បួនខ្នាតភាគ ១២.១.១ ) ។ គាត់​ពិនិត្យ​មើល ហើយ​អនុមតិ​ទៅ​លើ​ការ​ចាត់តាំង​ការងារ​បម្រើ ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ក្រុមប្រឹក្សា​វួដ​បន្ដ​ស្ថិត​នៅ​ក្នុង​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ដើម្បី « ជួយ​ដល់​បុគ្គល​ម្នាក់​ឲ្យ​ស្ថាបនា​ទីបន្ទាល់ ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្រ្គោះ រក្សា​សេចក្តីសញ្ញា​ទាំងឡាយ ហើយ​ប្រែក្លាយ​ជាអ្នកដើរ​តាម​ដែល​បាន​តែងតាំង​របស់​ព្រះយេស៊ូវគ្រីស្ទ » (ក្បួនខ្នាត​ភាគ ២៤.៤ ) ។ កូរ៉ុម និង​សមាគម​សង្រ្គោះ​ដែល​បាន​ពង្រឹង—មាន​ប្រធាន​របស់​ពួកគេ​ជា​តំណាង ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ—នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ក្រុមប្រឹក្សា​នោះ ។

៣៥. តើ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​គួរ​សួរសុខទុក្ខ ឬ​សម្ភាស​សមាជិក​កូរ៉ុម​មួយ​ឆ្នាំ​ម្ដង ( សូមមើលក្បួនខ្នាតភាគ ២ ៧.៣.២ )—បន្ថែម​ពី​លើ​ការ​ធ្វើ​ការ​សម្ភាស​អំពី​ការងារ​បម្រើ​ប្រចាំ​ត្រីមាស​ដែរ​ឬទេ ?

ប្រាកដ​ណាស់ ។ ជា​ចំណែក​នៃ​ការទទួលខុសត្រូវ​ទាំង​អស់​របស់​ពួកគាត់ គណៈប្រធាន​កូរ៉ុម​អែលឌើរ គួរ​តែ​សម្ភាស​សមាជិក​កូរ៉ុម​ទាក់ទង​នឹង​កាតព្វកិច្ច​បព្វជិតភាព​ទាំងអស់—រួមទាំង​សុខុមាលភាព​របស់​អ្នក​កាន់​បព្វជិតភាព ភរិយា​របស់​គាត់ និង​គ្រួសារ​របស់​គាត់—យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្ដង ។ ការ​សម្ភាស​ទាំងនេះ​អាច​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ ។ ការពិភាក្សា​នេះ​ពុំ​គួរ​ដាក់​បញ្ចូល​ជាមួយ​នឹង​ការ​សម្ភាស​អំពី​ការងារ​បម្រើ​ដែល​មាន​ដៃគូ​មក​សម្ភាស​ជាមួយ​គ្នា​ផងដែរ​នោះ​ទេ ។

៣៦. តើ​នរណា​អាច​ជួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​សម្រេច​បាន​ជោគជ័យ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ?

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​អាច​រៀបចំ​សមាជិក​ដើម្បី​ជួយ​សម្រេច​បាន​នូវ​កិច្ចការ​នេះ​តាម​សេចក្តីត្រូវការ ។ ឧទាហរណ៍ ពួកគាត់​អាច​ហៅ​សមាជិក​ឲ្យ​ដឹកនាំ និង​ជួយ​ជាមួយ​នឹង​កិច្ចការ​ដូចជា ការបម្រើ កិច្ចការ​ពង្សប្រវត្តិ និងព្រះវិហារ​បរិសុទ្ធ ការចែកចាយ​ដំណឹង​ល្អ និង​ខាង​សុខុមាលភាព ។

៥. តើ​វួដ​មួយ​អាច​មាន​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ​ច្រើន​ជាង​មួយ​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៩ នៅ​ពេល​វួដ​មួយ​មាន​ចំនួន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​សកម្ម​ច្រើន​ជាង​ធម្មតា នោះ​ថ្នាក់ដឹកនាំ​អាច​រៀបចំ​កូរ៉ុម​អែលឌើរ​ច្រើន​ជាង​មួយ ។ ក្នុង​ករណី​បែប​នេះ កូរ៉ុម​នីមួយៗ​គួរ​មាន​តុល្យភាព​សមហេតុ​ផល​មួយ​ទាក់ទង​នឹង​អាយុ បទពិសោធន៍ ​តំណែង និង​ភាព​រឹង​មាំ​នៃ​បព្វជិតភាព ។ គោលការណ៍​ស្រដៀង​គ្នា​នេះ​អនុវត្ត​ចំពោះ​សមាគមសង្គ្រោះ​ផងដែរ ។

៣៨. តើ​ប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​អាច​ហៅ​ទីប្រឹក្សា​បន្ថែម​ដើម្បី​ជួយ​នៅ​ក្នុងការងារ​បម្រើ​បាន​ឬ​ទេ ?

អត់​ទេ ។ ប្រធាន​មួយ​រូប​មាន​ទីប្រឹក្សា​ពីរ​រូប ។ បើ​អ្នកដឹកនាំ​រកឃើញ​ថា ត្រូវការ​ជំនួយ​បន្ថែម នោះ​ពួកគេ​អាច​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ​អំពី​ការ​ហៅ​លេខា​ដែល​ផ្ដល់​ការងារបម្រើ​ម្នាក់ ឬ​ច្រើន​បាន ។ លេខា​ដែល​ផ្ដល់​ការងារ​បម្រើ​ទាំងនេះ​អាច​ត្រូវ​បាន​ចាត់តាំង ឧទាហរណ៍​ឲ្យ​ដាក់​កាល​វិភាគ​ការសម្ភាស​អំពី​ការងារបម្រើ និង​ឲ្យ​ជួយ​រៀបចំ​របាយការណ៍​នៃ​ការ​សម្ភាស​ប្រចាំ​ត្រីមាស ។