ការហៅរបស់ខ្ញុំជាប្រធានអង្គការបឋមសិក្សា
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃអង្គការបឋមសិក្សា
អង្គការបឋមសិក្សាជួយឲ្យកុមារមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ពួកគេ រៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងទទួលអារម្មណ៍ ស្គាល់ ហើយធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ អង្គការបឋមសិក្សាក៏ជាពេលវេលាសម្រាប់រៀបចំខ្លួន ចុះ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ នៅពេលដែលកុមារចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១២.១ ) ។
ប្រធាន និងគណៈប្រធាន
គណៈប្រធានអង្គការបឋមសិក្សាជួយឪពុកម្ដាយឲ្យរៀបចំកុមារចាប់ផ្ដើមដើរ និងរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា ។ នេះគឺជាការទទួលខុសត្រូវដ៏សំខាន់បំផុតមួយរបស់ពួកគាត់ ។ ប្រធានបម្រើជាសមាជិកក្រុមប្រឹក្សាវួដ ។ គាត់ និងទីប្រឹក្សារបស់គាត់ជួបជុំគ្នាជាទៀងទាត់ ហើយក៏មានការប្រជុំជាមួយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងរបស់គាត់ផងដែរ ។ គណៈប្រធានមើលខុសត្រូវលើកម្មវិធីប្រជុំអង្គការបឋមសិក្សា ធ្វើការងារបម្រើដល់កុមារ គ្រូបង្រៀន និងថ្នាក់ដឹកនាំម្នាក់ៗ និងតម្រូវការរដ្ឋបាលរបស់អង្គការបឋមសិក្សា។ ( សូមមើល ១២.៣.២ ) ។
ថ្នាក់អង្គការបឋមសិក្សា និងម៉ោងច្រៀងចម្រៀង
វាគឺជាអភ័យឯកសិទ្ធិដ៏ពិសិដ្ឋដើម្បីបង្រៀនដល់កុមារ ។ ថ្នាក់ដឹកនាំអង្គការបឋមសិក្សាស្រឡាញ់ និងបង្រៀនកុមារតាមរបៀបរបស់ព្រះអង្គសង្រ្គោះ ។ ថ្នាក់អង្គការបឋមសិក្សាត្រូវបានរៀបចំឡើងតាមអាយុ និងចំនួនគ្រូបង្រៀនដែលមាន ( សូមមើល ១២.១.៣ ) ។ ពេលវេលាច្រៀងចម្រៀងជួយកុមារឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយរៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ ( សូមមើល ១២.១.៤ ) ។
ការប្រជុំ និងក្រុមប្រឹក្សា
ប្រធានអង្គការបឋមសិក្សាតំណាងឲ្យតម្រូវការរបស់កុមារខណៈពេលដែលប្រជុំ និងប្រឹក្សាយោបល់ជាមួយនឹងថ្នាក់ដឹកនាំក្នុងវួដ ។ ការណ៍នេះរួមមានការប្រជុំជាបន្តបន្ទាប់ជាមួយនឹងប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ក្រុមប្រឹក្សាវួដ គណៈប្រធាន និងលេខា ឪពុកម្តាយ និងអ្នកផ្សេងទៀត ។ ( សូមមើល ១២.៣.២ ) ។
គ្រូបង្រៀន និងថ្នាក់ដឹកនាំ
ការបង្រៀនបុត្រាបុត្រីរបស់ព្រះគឺជាឯកសិទ្ធិដ៏ពិសិដ្ឋមួយ ។ គណៈប្រធានអង្គការបឋមសិក្សាផ្តល់នូវការគាំទ្រដល់គ្រូបង្រៀន និងថ្នាក់ដឹកនាំអង្គការបឋមសិក្សាក្នុងអំឡុងថ្នាក់រៀន ថ្នាក់ទារកដ្ឋាន និងពេលច្រៀងចម្រៀង ( សូមមើល ១២.៣.៥ ) ។ គណៈប្រធានអង្គការបឋមសិក្សាផ្តល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅបុរស និងស្រ្តីមកបម្រើក្នុងថ្នាក់អង្គការបឋមសិក្សា និងថ្នាក់ទារកដ្ឋាន ។
សកម្មភាពអង្គការបឋមសិក្សា
ថ្នាក់ដឹកនាំសកម្មភាពអង្គការបឋមសិក្សាដាក់ផែនការសប្បាយៗ និងសកម្មភាពការចូលរួមចំណែកនានាដែលជួយសម្រេចបាននូវកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ ការបម្រើ និងសកម្មភាពនានាគួរតែស្ថាបនាទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ និងផ្តល់ឱកាសដើម្បីផ្តល់ពរជ័យដល់មនុស្សដទៃ ។ ជាទូទៅសកម្មភាពអង្គការបឋមសិក្សាត្រូវបានធ្វើឡើងពីរដងក្នុងមួយខែសម្រាប់កុមារអាយុ ៨-១១ ឆ្នាំ ។ ( សូមមើល ១២.៣.៦ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយនានា
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ និងយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រចំពោះការហៅនេះ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និងគោលនយោបាយនានាដែលទាក់ទងនឹងកុមារដែលមានតម្រូវការពិសេស តម្រូវការសុវត្ថិភាព កម្មវិធីកុមារ និងយុវវ័យ និងផ្សេងៗទៀត អាចរកបាននៅក្នុងផ្នែក ១២.៥ នៃ ក្បួនខ្នាតទូទៅ ។