ការហៅបម្រើរបស់ខ្ញុំជាប្រធានសមាគមសង្គ្រោះ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅបម្រើរបស់អ្នក ។
គោលបំណងនៃសមាគមសង្រ្គោះ
សមាគមសង្គ្រោះ គឺជាអង្គការដែលបានបង្កើតឡើងដោយព្រះ សម្រាប់ស្រ្តីមជ្ឈិមវ័យទាំងអស់នៅក្នុងសាសនាចក្រ ។ សមាគមសង្គ្រោះជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បី « សង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា »—ដោយការផ្ដល់សេចក្ដីសង្គ្រោះពីព្រះអង្គសង្គ្រោះ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៩.១ ) ។
ប្រធានសមាគមសង្រ្គោះ
ប្រធានសមាគមសង្គ្រោះដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ។ គាត់បម្រើជាសមាជិកនៃក្រុមប្រឹក្សាវួដ ហើយនៅក្រោមការណែនាំរបស់ប៊ីស្សព គាត់ប្រឹក្សាជាមួយសមាជិកមជ្ឈិមវ័យក្នុងវួដ ។ គាត់ក៏មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុផងដែរ ( សូមមើល ៩.៣.២.២ ) ។
គណៈប្រធាន
ប្រធាន និងទីប្រឹក្សារបស់គាត់មើលការខុសត្រូវលើបងប្អូនស្ដ្រីដែលផ្ដល់ការងារបម្រើ ផ្ដល់ការណែនាំនៅថ្ងៃអាទិត្យ និងសកម្មភាពនានា ។ ពួកគាត់បង្រៀនបងប្អូនស្ដ្រីអំពីទំនួលខុសត្រូវសេចក្តីសញ្ញារបស់ពួកគេ រៀបចំយុវនារីឲ្យចូលរួមក្នុងសមាគមសង្គ្រោះ និងសម្របសម្រួលកិច្ចខិតខំដើម្បីពង្រឹងបងប្អូនស្ដ្រីយុវមជ្ឈិមវ័យ ( សូមមើល ៩.៤ ) ។ គណៈប្រធានសមាគមសង្រ្គោះ និងលេខាជួបជុំគ្នាជាទៀងទាត់ ( សូមមើល ៩.៣.២.៣ ) ។
ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា
ថ្នាក់ដឹកនាំសមាគមសង្គ្រោះដាក់ផែនការប្រជុំនៅថ្ងៃអាទិត្យ ធ្វើសកម្មភាព ផ្ដល់ការងារបម្រើ ធ្វើការបម្រើ និងធ្វើសហប្រតិបត្តិការដទៃទៀត ដើម្បីផ្ដល់ដល់បងប្អូនស្ដ្រីនូវបទពិសោធន៍នានានៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ សមាជិកក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរធ្វើការរួមសាមគ្គីគ្នា ( សូមមើល ៩.២ ) ។
សមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ
គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរសម្របសម្រួលការចាត់តាំងការងារបម្រើ និងជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងកិច្ចខិតខំដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលបានពរជ័យនៃដំណឹងល្អ ។ ពួកគាត់ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនសមាជិកវួដនូវគោលការណ៍នៃការងារបម្រើដល់អ្នកដែលខ្វះខាត ការរស់នៅតាមច្បាប់នៃការតមអាហារ ការកសាងភាពខ្លួនទីពឹងខ្លួន និងការបង្កើនការរៀបចំខ្លួនផ្ទាល់ខ្លួន និងជាគ្រួសារ ( សូមមើល ២២.៦.២ ) ។
ការប្រជុំនៅថ្ងៃអាទិត្យ
សមាគមសង្គ្រោះជួបជុំគ្នានៅថ្ងៃអាទិត្យទីពីរ និងទីបួន ដោយមានគោលបំណងបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ បង្កើតសាមគ្គីភាព និងពង្រឹងដល់ក្រុមគ្រួសារ និងគេហដ្ឋាន ។ ការប្រជុំចាប់ផ្តើមដោយមានការអធិស្ឋាន និងរួមបញ្ចូលពេលវេលាសម្រាប់ការប្រឹក្សាយោបល់ជាមួយគ្នា និងការណែនាំខាងដំណឹងល្អ ព្រមទាំងការពិភាក្សាដោយផ្អែកលើសុន្ទរកថាសន្និសីទនាពេលថ្មីៗ ( សូមមើល ៩.២.១.២ ) ។
ការបម្រើ និងសកម្មភាពនានា
គណៈប្រធានសមាគមសង្គ្រោះអាចនឹងរៀបចំសកម្មភាពនានា ដើម្បីពង្រឹងសេចក្ដីជំនឿរបស់បងប្អូនស្ដ្រីទៅលើព្រះយេស៊ូវគ្រីស្ទ បង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញា ហើយផ្ដល់ឱកាសឲ្យពួកគេបម្រើជាមួយគ្នា ។ ប្រធានមើលការខុសត្រូវលើសកម្មភាពទាំងនេះ ហើយអាចសុំឲ្យទីប្រឹក្សា ឬបងប្អូនស្ដ្រីម្នាក់ទៀតដឹកនាំនៅក្នុងការដាក់ផែនការ និងការអនុវត្តផែនការទាំងនេះបាន ( សូមមើល ៩.២.១.៣ ) ។
ការហៅបម្រើបន្ថែម
ប៊ីស្សព និងប្រធានសមាគមសង្គ្រោះពិភាក្សាអំពីតម្រូវការដើម្បីផ្ដល់ការហៅបម្រើបន្ថែមទៀត ។ ការហៅបម្រើទាំងនេះរួមមាន គ្រូបង្រៀន អ្នកសម្របសម្រួលការបម្រើ អ្នកសម្របសម្រួលសកម្មភាព ជំនួយការ និងសមាជិកគណៈកម្មាការ ជំនួយការលេខា និងលេខាខាងការងារបម្រើ ។ ប្រសិនបើចាំបាច់ គណៈប្រធានអាចចាត់តាំងបងប្អូនស្រី្ដឲ្យជួយដល់កិច្ចខិតខំរបស់សមាគមសង្រ្គោះតាមរបៀបផ្សេងៗ ( សូមមើល ៩.៣.៤ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមទៀតមាននៅក្នុង ផ្នែក ៩.៦ នៃ ក្បួនខ្នាតទូទៅ ។