ការហៅរបស់ខ្ញុំជាអ្នកដឹកនាំក្រុមចម្រៀងវួដ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃតន្រ្តីនៅក្នុងសាសនាចក្រ
តន្ត្រីពិសិដ្ឋបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ តន្ដ្រីយាងព្រះវិញ្ញាណ និងបង្រៀនគោលលទ្ធិ ។ តន្ត្រីក៏បង្កើតឲ្យមានអារម្មណ៍គារវភាព បង្រួបបង្រួមសមាជិក និងផ្ដល់នូវរបៀបមួយដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។ ព្រះអម្ចាស់បានប្រកាសថា « ព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១២ ) ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៩.១ ) ។
អ្នកដឹកនាំក្រុមចម្រៀងវួដ
អ្នកដឹកនាំក្រុមចម្រៀងវួដជួយឲ្យសមាជិកវួដបង្កើនជំនឿ និងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈតន្ត្រីដ៏ពិសិដ្ឋ ។ ពួកគេណែនាំបទចម្រៀងដល់ក្រុមចម្រៀងវួដ ដឹកនាំការហាត់សមរបស់ក្រុមចម្រៀង និងដឹកនាំក្រុមចម្រៀងនៅក្នុងការប្រជុំទាំងឡាយរបស់សាសនាចក្រ ( សូម មើល ១៩.៤.៣.៣ ) ។
ក្រុមចម្រៀងវួដ
ក្រុមចម្រៀងក្នុងសាសនាចក្រនាំសិរីល្អថ្វាយដល់ព្រះ បង្រួបបង្រួម និងស្អាងសមាជិកសាសនាចក្រ និងនាំមកនូវអំណរដល់អ្នកចូលរួម និងក្រុមជំនុំ ។ ក្រុមចម្រៀងត្រូវបានលើកទឹកចិត្តឲ្យប្រើទំនុកតម្កើងរបស់សាសនាចក្រដែលអញ្ជើញយាងព្រះវិញ្ញាណ និងជួយក្រុមចម្រៀង និងក្រុមជំនុំរៀនអំពីដំណឹងល្អ ( សូមមើល ទំនុកតម្កើង៣៨១–៣៨៣ ) ។ ក្រុមចម្រៀងរបស់សាសនាចក្រក៏អាចច្រៀងជម្រើសតន្ត្រីពិសិដ្ឋផ្សេងទៀតផងដែរ ។ ការជ្រើសរើសតន្ត្រីគួរតែបង្រៀនដំណឹងល្អដោយព្រះចេស្តា និងដោយភាពច្បាស់លាស់ ។ ( សូមមើល ១៩.៣ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
ជាធម្មតាការហាត់សមរបស់ក្រុមចម្រៀងមិនលើសពីមួយម៉ោងនោះទេ ។ សម្រាប់គោលនយោបាយ និងគោលការណ៍ណែនាំបន្ថែមដូចជា ការទទួលបានតន្ត្រី ការប្រើប្រាស់ឧបករណ៍តន្ត្រីរបស់សាលាប្រជុំសម្រាប់ការហាត់ ឬសម្រាប់ក្រុមចម្រៀងសហគមន៍ សូមមើលផ្នែក ១៩.៧ នៃ ក្បួនខ្នាតទូទៅ ។