ការហៅរបស់ខ្ញុំជាប្រធានក្រុមយុវនារី
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងរបស់ក្រុមយុវនារី
អង្គការយុវនារីជួយបុត្រីជាទីស្រឡាញ់ទាំងឡាយរបស់ព្រះឲ្យរៀបចំខ្លួន ដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ អង្គការយុវនារីជួយក្រុមយុវនារីឲ្យចុះ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅ ។ នៅក្នុងថ្នាក់របស់ពួកគេ ក្រុមយុវនារីបម្រើមនុស្សដទៃ បំពេញទំនួលខុសត្រូវនៃសេចក្តីសញ្ញា ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១១.១.១ ) ។
ប្រធាន និងគណៈប្រធាន
ប្រធានបម្រើនៅក្នុងក្រុមប្រឹក្សាវួដ និងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ១១.៣.៤.៤ ) ។ គាត់រៀបចំការប្រជុំគណៈប្រធានជាទៀងទាត់ និងជួបជាមួយប៊ីស្សព ។ គណៈប្រធានធ្វើការងារបម្រើដល់ក្រុមយុវនារី នៅពេលពួកគេក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ ពួកគេបង្រៀនគណៈប្រធានថ្នាក់នូវទំនួលខុសត្រូវរបស់ពួកគេ ហើយគាំទ្រពួកគេនៅពេលពួកគេដឹកនាំ ។ ( សូមមើល ១១.៣.២ ) ។ ប្រធានមើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុ ។ ទីប្រឹក្សារបស់គាត់ផ្ដល់នូវការគាំទ្រ ។ ប្រធានក៏ប្រឹក្សាជាមួយយុវនារីអំពីឧបសគ្គនានា ដែលមិនតម្រូវឲ្យប៊ីស្សពជួយដោះស្រាយ ឬឧបសគ្គដែលពាក់ព័ន្ធនឹងការរំលោភបំពាន ។
ថ្នាក់ដឹកនាំយុវវ័យ
គណៈប្រធានយុវនារីគាំទ្រដល់ថ្នាក់ដឹកនាំយុវវ័យ ។ ប្រធានថ្នាក់បម្រើនៅក្នុងក្រុមប្រឹក្សាយុវវ័យវួដ ។ គណៈប្រធានថ្នាក់ដឹកនាំ និងធ្វើការងារបម្រើដល់យុវនារី នៅពេលពួកគេខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ហើយចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ។ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំមជ្ឈិមវ័យ ពួកគេរៀបចំគម្រោងបម្រើ សកម្មភាព និងការប្រជុំថ្ងៃអាទិត្យនានា ។ ( សូមមើល ១១.៣.៤.២ ) ។
ថ្នាក់ថ្ងៃអាទិត្យ
គណៈប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារីធ្វើការសម្រេចចិត្តប្រកបដោយការអធិស្ឋានដើម្បីរៀបចំថ្នាក់ទាំងឡាយស្របទៅតាមអាយុ ។ ពួកគាត់ពិចារណាពីឱកាសឲ្យក្រុមយុវនារីចេះធ្វើការដឹកនាំ ។ ថ្នាក់នីមួយៗ មិនថាវាមានទំហំប៉ុនណានោះទេ វាគួរតែមានប្រធានមួយរូប ហើយបើអាចធ្វើបាន មានទីប្រឹក្សាម្នាក់ ឬពីរនាក់ ហើយនិងលេខាម្នាក់ ( សូមមើល ១១.១.៣ ) ។
ការបម្រើ និងសកម្មភាពនានា
គណៈប្រធានថ្នាក់ដែលគាំទ្រដោយថ្នាក់ដឹកនាំមជ្ឈិមវ័យរៀបចំផែនការបម្រើ និងសកម្មភាពនានាដែលស្ថាបនាទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ ជំរុញឲ្យមានសាមគ្គីភាពនៅក្នុងថ្នាក់ និងផ្ដល់ឱកាសដើម្បីផ្ដល់ពរជ័យដល់អ្នកដទៃ ( សូមមើល ១១.២.១.៣ ) ។ ការបម្រើ និងសកម្មភាពនានាគឺជាឱកាសមួយដើម្បីប្រមូលផ្តុំយុវវ័យ និងចែកចាយនូវក្តីអំណរនៃការរស់នៅតាមដំណឹងល្អ និងការចូលរួមក្នុងកិច្ចការដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ។
គោលការណ៍ណែនាំ និងគោលនយោបាយ
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ និងយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែ ក្រោយពីត្រូវបានគាំទ្រចំពោះការហៅ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ គោលការណ៍ណែនាំ និងគោលនយោបាយដែលទាក់ទងនឹងយុវនារីដែលមានពិការភាព និមិត្តរូបយុវវ័យ និងច្រើនទៀត មាននៅក្នុងផ្នែក ១១.៦ នៃ ក្បួនខ្នាតទូទៅ ។