សេចក្តីផ្តើមអំពី ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់សិស្សថ្នាក់សិក្ខាសាលា
គោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គឺដើម្បី « ជួយយុវវ័យ និង មជ្ឈឹមវ័យវ័យក្មេងឲ្យយល់ និងពឹងផ្អែកលើការបង្រៀន និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមទទួលពរជ័យទាំងឡាយ នៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសារ និង អ្នកដទៃទៀត ឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ » ( ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និង អ្នកដឹកនាំទាំងឡាយនៅក្នុងថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ xនៅលើគេហទំព័រ ChurchofJesusChrist.org ) ។
មេរៀនទាំងឡាយនៅក្នុងសៀវភៅសិក្សានេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឲ្យសម្រេចបាននូវគោលបំណងនេះពេលអ្នកសិក្សា គម្ពីរ សញ្ញាថ្មី ។ សៀវភៅសិក្សានេះមាន ២៥៥ មេរៀន ។ ( អ្នកនឹងមិនចាំចាច់បញ្ចប់មេរៀនទាំងអស់នេះនោះទេ ) ។ ភាគច្រើនមេរៀនទាំងអស់នេះគឺត្រូវគ្នាជាមួយបណ្តុំបទគម្ពីរសៀវភៅ ចូរមកតាមខ្ញុំ សម្រាប់បុគ្គល និងក្រុមគ្រួសារដែលនឹងសិក្សា ។ មេរៀនផ្សេងទៀតទាក់ទងជាមួយនឹងចំណេះចំណានខាងគោលលទ្ធិ ។ គ្រូបង្រៀនរបស់អ្នកនឹងជួយអ្នកឲ្យដឹងថាមេរៀនណាដែលត្រូវបញ្ចប់នៅផ្ទះ និងមេរៀនណាដែលអ្នកនឹងធ្វើជាមួយគ្នានៅថ្នាក់ ។
កិច្ចការសម្រាប់មេរៀននិមួយៗរួមមានអំណាន និងលំហាត់សរសេរ ។ លំហាត់សំណេរគឺត្រូវបានបង្ហាញដោយរូបតំណាងនេះ ៖
សូមពិចារណាចម្លើយរបស់អ្នកដោយប្រុងប្រយ័ត្នមុនពេលសរសេរវា ។ ការណ៍នេះនឹងជួយអ្នកឲ្យមានបទពិសោធន៏ដែលមានន័យកាន់តែច្រើនពេលអ្នករៀន និងអនុវត្តសេចក្ដីពិតចេញពីព្រះគម្ពីរទាំងឡាយ ។ សូមអធិស្ឋានមុនពេលអ្នកចាប់ផ្តើមមេរៀនរបស់អ្នក ហើយស្វែងរកការណែនាំ និងការដឺកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកក្នុងការសិក្សារបស់អ្នក ។ សូមស្វែងរកឱកាសដើម្បីចែកចាយអ្វីដែលអ្នកកំពុងរៀនជាមួយអ្នកដទៃ រួមទាំងគ្រួសាររបស់អ្នកផងដែរ ។