ការធ្វើអត្តឃាត
របៀបដើម្បី​ជួយដល់​នរណា​ម្នាក់​ដែល​កំពុង​មាន​វិបត្តិ


« របៀបដើម្បី​​ជួយដល់​នរណា​ម្នាក់​ដែល​កំពុង​មាន​វិបត្តិ » របៀប​ជួយ ( ឆ្នាំ ២០១៨ ) ។

« របៀបដើម្បី​​ជួយដល់​នរណា​ម្នាក់​ដែល​កំពុង​មាន​វិបត្តិ » របៀប​ជួយ ។

របៀបដើម្បី​ជួយដល់​នរណា​ម្នាក់​ដែល​កំពុង​មាន​វិបត្តិ

6:35

សូម​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​បំផុត​ចំពោះ​សញ្ញា​ព្រមាន​នៃ​ការធ្វើ​អត្តឃាត និង​ការគំរាម​កំហែង​ណាមួយ​ក្នុង​ការប៉ុនប៉ង​ធ្វើ​អត្តឃាត ទោះបីជា​បងប្អូន​គិត​ថា​បុគ្គល​ម្នាក់​នោះ មិន​គិត​ពិតប្រាកដ​អំពី​ការធ្វើ​អត្តឃាត​ ឬ​គ្រាន់តែ​ទាមទារ​ចំណាប់​អារម្មណ៍​ក៏ដោយ ។ សូម​ធ្វើតាម​ជំហាន​ទាំងបី​នេះ​ដើម្បី​ផ្ដល់​ការគាំទ្រ–សួរ យកចិត្ត​ទុកដាក់ ប្រាប់ ។

ជំហាន​ទី ១ ៖ សួរ ។ សូម​សួរ​បុគ្គល​នោះ​ដោយត្រង់ៗ​ថា តើ​ពួកគេ​កំពុង​គិត​ពី​ការធ្វើ​អត្តឃាត​ដែរ​ឬ​ទេ ។ បងប្អូន​អាច​សួរ​ថា « តើ​អ្នក​កំពុង​គិត​ពី​ការបញ្ចប់​ជីវិត​របស់​អ្នកមែនដែរ​ឬ​ទេ ? » ប្រសិនបើ​ពួកគេ​និយាយ​ថា ពួកគេ​កំពុង​គិត​ពី​ការធ្វើ​អត្តឃាត សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​មាន​ផែនការ​ធ្វើ​អត្តឃាត​ដែរឬ​អត់ ។ បងប្អូន​អាច​សួរ​ថា « តើ​អ្នក​មាន​គម្រោង​ធ្វើបាប​ខ្លួនឯង​ដែរ​ឬ​ទេ ? » ប្រសិនបើ​ពួកគេ​មាន​គម្រោង​ធ្វើបាប​ខ្លួនឯង សូម​ជួយ​យក​ពួកគេ​​ទៅ​មន្ទីរពេទ្យ ឬ​គ្លីនិក​ថែទាំ​សុខភាព​ភ្លាមៗ ឬ​ទូរសព្ទ​ទៅ​អ្នកផ្តល់​សេវា​សង្គ្រោះ​បន្ទាន់ ឬ​បណ្ដាញ​ជួយ​ដល់​វិបត្តិ​នៅក្នុង​តំបន់​របស់​អ្នក ។ ( សូមមើល « បណ្ដាញ​ជួយ​ដល់​វិបត្តិ » សម្រាប់​តំណភ្ជាប់​ទៅនឹង​បណ្ដាញ​ជំនួយ​នានា​ដែល​នៅ​ជុំវិញ​ពិភពលោក ) ។ ប្រសិនបើ​ពួកគេ​ពុំ​មាន​គម្រោង​ធ្វើបាប​ខ្លួនឯង​ទេ សូម​ចូល​ទៅ​កាន់​ជំហាន​ទី ២ ។

ជំហាន​ទី ២ ៖ យកចិត្ត​ទុកដាក់ ។ សូម​បង្ហាញ​ថា បងប្អូន​យកចិត្ត​ទុកដាក់​ដោយ​ការស្ដាប់​នូវ​អ្វី​ដែល​ពួកគេ​និយាយ ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ពន្យល់​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន ។ សូម​គោរព​ដល់​អារម្មណ៍​ពួកគេ ដោយ​និយាយ​អ្វី​ដូចជា « ខ្ញុំ​សោកស្ដាយ​ដែល​អ្នក​មាន​ការឈឺចាប់​យ៉ាងខ្លាំង​ដូច្នេះ » ឬ « ខ្ញុំ​មិន​នឹក​ស្មាន​ថា រឿង​​ទាំងនេះ​ធ្វើ​ឲ្យ​អ្នក​លំបាក​ដល់​ថ្នាក់​នេះ​នោះ​ទេ » ។ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​បង្កើត​ផែនការ​សុវត្ថិភាព​រារាំង​កុំឲ្យ​មាន​ការធ្វើ​អត្តឃាត​បាន ( សូមមើល « How to Create a Suicide-Prevention Safety Plan » ដាក ថូម៉ាស Ensign ខែ កញ្ញា ឆ្នាំ ២០១៦ ទំព័រ ៦៣ ) ។ ផែនការ​សុវត្ថិភាព​អាច​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ពី​ភាពខ្លាំង​ផ្ទាល់ខ្លួន​របស់​ពួកគេ មាន​ទំនាក់ទំនង​ល្អ និង​ជំនាញ​ដោះស្រាយ​បញ្ហា​បាន​យ៉ាងល្អ ។ វា​ក៏​អាច​កាត់​បន្ថយ​មធ្យោបាយ​ប្រើប្រាស់​ក្នុងការ​បង្ក​ឲ្យមាន​គ្រោះថ្នាក់​លើ​ខ្លួនឯង ដូចជា​អាវុធ ឬ​ថ្នាំលេប​ជាដើម ។ ប្រសិនបើ​ពួកគេ​សុំ​បងប្អូន​មិន​ឲ្យ​ប្រាប់​នរណា​ម្នាក់​ពី​អារម្មណ៍​របស់​ពួកគេ សូម​ពន្យល់​ថា បងប្អូន​នឹង​គោរព​ឯកជនភាព​របស់​ពួកគេ​យ៉ាងខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ពួកគេ​ត្រូវការ​ជំនួយ​ច្រើន​ជាង​អ្វី​ដែល​បងប្អូន​អាច​ផ្ដល់​ជូន​បាន ។ សូម​កុំ​សន្យា​ថា​នឹង​រក្សា​គំនិត​នៃ​ការធ្វើ​អត្តឃាត​របស់​ពួកគេ​ទុកជា​រឿង​សម្ងាត់​ឲ្យសោះ ។

ជំហាន​ទី ៣ ៖ ប្រាប់ ។ សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​ប្រាប់​នរណា​ម្នាក់​ដែល​អាច​ផ្ដល់​ការគាំទ្រ​បន្ថែម​ទៀត​បាន ។ សូម​ចែកចាយ​ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​ធនធាន​ផ្ដល់​ជំនួយ​ផ្សេងៗទៀត​ដែលមាន​នៅក្នុង​តំបន់​របស់​បងប្អូន ។ ធនធាន​ទាំងឡាយ​អាច​រួមមាន​មន្ទីរពេទ្យ​សហគមន៍ គ្លីនិក​ថែទាំ​បន្ទាន់ ឬ​បណ្ដាញ​ជួយ​ដល់​វិបត្តិ​នានា​ដែល​ឥត​គិត​ថ្លៃ ។ ប្រសិនបើ​ពួកគេ​មិន​ស្វែងរក​ជំនួយ​នោះ​ទេ បងប្អូន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ជំនួស​ពួកគេ ។ បងប្អូន​ប្រហែល​ជា​ចង់​និយាយ​អ្វីមួយ​ដូចជា « ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក ហើយ​ចង់​ឲ្យ​អ្នក​មាន​សុវត្ថិភាព ។ ខ្ញុំ​នឹង​ប្រាប់​នរណា​ម្នាក់​ដែល​អាច​ផ្តល់​ជំនួយ​ដែល​អ្នក​ត្រូវការ » ។ សូម​គោរព​ឯកជនភាព​របស់​ពួកគេ ដោយ​ប្រាប់​តែ​នរណា​ម្នាក់​ដែល​បងប្អូន​គិតថា​អាច​ជួយ​បាន ដូចជា សមាជិក​គ្រួសារ​ដែល​ជិតស្និទ្ធ ប៊ីស្សព​របស់​បុគ្គល​នោះ ទីប្រឹក្សា​សាលា វេជ្ជបណ្ឌិត ឬ​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព​ផ្សេងទៀត ។ ប្រសិនបើ​បងប្អូន​មិន​ប្រាកដថា​ត្រូវ​ប្រាប់​នរណា​ទេ សូម​និយាយ​ជាមួយនឹង​ប៊ីស្សព​របស់​បងប្អូន ឬ​ទូរសព្ទ​ទៅ​បណ្ដាញ​ជួយ​ដល់​វិបត្តិ​ដែល​ឥត​គិត​ថ្លៃ​នៅក្នុង​តំបន់​របស់​បងប្អូន ។ សូម​ចងចាំ​ថា យើង​មិន​បាន​រំពឹង​ឲ្យ​បងប្អូន​ជួយ​ដល់​បុគ្គល​នោះ​តែ​ម្នាក់ឯង​នោះទេ ។

កំណត់​ចំណាំ ៖ ប្រសិនបើ​បងប្អូន​កំពុង​ដឹកនាំ​ការពិភាក្សា​មួយ សូម​ពិចារណា​សុំឲ្យ​អ្នកចូលរួម​ទាំងឡាយ​អនុវត្ត​តាម​ជំហាន​ទាំងនេះ ។ សូម​ផ្ដល់​ឧទាហរណ៍​មួយ​ដល់​ពួកគេ​ថា មាន​មនុស្ស​ម្នាក់​មករក​ពួកគេ ហើយ​បង្ហាញ​ពី​គំនិត​ចង់​ធ្វើ​អត្តឃាត រួច​សុំឲ្យ​ពួកគេ​អនុវត្ត​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ។

ធនធាន​បន្ថែម​ទាំងឡាយ