ព្រះគម្ពីរ
អាលម៉ា 47


ជំពូក​ទី ៤៧

អាម៉ាលិកាយ​ប្រើការ​ក្បត់ ឃាតកម្ម និង​កលល្បិច ដើម្បី​បាន​ធ្វើ​ជា​ស្ដេច​នៃ​ពួក​សាសន៍​លេមិន — ពួក​សាសន៍​នីហ្វៃ​ដែល​បែក​ក្រុម​ចេញ នោះ​អាក្រក់ ហើយ​សាហាវ​ជាង​ពួក​សាសន៍​លេមិន​ទៅ​ទៀត។ ប្រមាណ​ជា​ឆ្នាំ ៧២ ម.គ.ស.។

ឥឡូវ​នេះ យើង​នឹង​ត្រឡប់​មក​ឯ​បញ្ជី​យើង​វិញ ស្ដី​អំពី​អាម៉ាលិកាយ និង​ពួក​ជន​ដែល​បាន​រត់​ទៅ​ជាមួយ​វា​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ត្បិត​មើល​ចុះ វា​បាន​នាំ​ពួក​អ្នក​ដែល​ទៅ​ជា​មួយ​វា​នោះ ហើយ​បាន​ឡើង​ទៅ​ឯ​ដែនដី​នីហ្វៃ​នៅ​ក្នុង​ចំណោម​សាសន៍​លេមិន ហើយ​បាន​ចាក់​រុក​ឲ្យ​ពួក​សាសន៍​លេមិន​ខឹង​នឹង​ប្រជាជន​នីហ្វៃ ដរាប​ដល់​ស្ដេច​របស់​ពួក​សាសន៍​លេមិន បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ទូ​ទៅ​អស់​ទាំង​ដែនដី នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​របស់​ទ្រង់​ថា ពួក​គេ​ត្រូវ​ប្រមូល​គ្នា​មក​ដើម្បី​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ​ទៀត។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​សេចក្ដី​ប្រកាស​នោះ​បាន​ឮ​ដល់​ពួក​គេ​ហើយ នោះ​ពួក​គេ​មាន​ការ​ភិតភ័យ​ជា​ខ្លាំង មែន​ហើយ គេ​ខ្លាចក្រែង​ធ្វើ​ឲ្យ​ស្ដេច​អាក់​អន់​ចិត្ត ហើយ​គេ​ក៏​ខ្លាច​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ ខ្លាចក្រែង​ត្រូវ​បាត់បង់​ជីវិត។ ហើយ​ហេតុ ការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​មិន​ព្រម ឬ​ពួក​គេ​ជា​ច្រើន​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​មាន​ការ​ខ្ញាល់​ដោយ​ព្រោះ​ការ​មិន​គោរព​បញ្ជា​នេះ ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ប្រគល់​ឲ្យ​អាម៉ាលិកាយ​នូវ​បញ្ជា​ផ្នែក​នៃ​កងទ័ព ដែល​ស្ដាប់​បញ្ជា​របស់​ទ្រង់ ហើយ​បាន​បញ្ជា​ឲ្យ​អាម៉ាលិកាយ​ចេញ​ទៅ​បង្ខំ​ឲ្យ​ប្រជាជន​ប្រដាប់​អាវុធ។

ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​បំណង​របស់​អាម៉ាលិកាយ ព្រោះ​វា​ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការ​ធ្វើ​អំពើ​អាក្រក់ ហេតុ​ដូច្នេះ​ហើយ វា​បានមាន​គ្រោង​ការ​មួយ​នៅ​ក្នុង​ចិត្ត​វា ដើម្បី​ទម្លាក់​ស្ដេច​នៃ​ពួក​សាសន៍​លេមិន​ពី​បល្ល័ង្ក​ចោល។

ហើយ​ឥឡូវ​នេះ វា​បាន​ក្ដាប់​បញ្ជា​នៃ​កងទ័ព​លេមិន​ទាំង​ឡាយ ដែល​គាំទ្រ​ស្ដេច ហើយ​វា​បាន​ស្វែងរក​ការ​គាំទ្រ​ពី​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ស្ដេច ហេតុ​ដូច្នេះ​ហើយ វា​បាន​ទៅ​កាន់​កន្លែង​មួយ ដែល​គេ​ហៅ​ថា អូណៃដា ព្រោះ​នោះ​ជា​កន្លែង​ដែល​មាន​ពួក​លេមិន​រត់គេច​ចេញ ព្រោះ​ពួក​គេ​បាន​ដឹង​ថា មាន​កងទ័ព​កំពុង​ធ្វើ​ដំណើរ​មក ដោយ​គិត​ស្មាន​ថា កងទ័ព​កំពុងតែ​មក​បំផ្លាញ​ពួក​គេ​ចោល ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​រត់គេច​ទៅ​ឯ​អូណៃដា ទៅ​កន្លែង​ដែល​មាន​អាវុធ។

ហើយ​ពួក​គេ​បាន​តែងតាំង​បុរស​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច និង​ជា​មេដឹកនាំ​ពួក​គេ ដោយ​តាំង​ក្នុង​ចិត្ត​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា ពួក​គេ​មិន​ព្រម​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ​ឡើយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ប្រមូល​គ្នា​មក​នៅ​លើ​កំពូល​ភ្នំ​មួយ ដែល​ហៅ​ថា អាន់ទីប៉ាស ដើម្បី​រៀបចំ​ធ្វើ​ចម្បាំង។

ឥឡូវ​នេះ ពុំ​មែន​អាម៉ាលិកាយ​មាន​បំណង​ចង់​ទៅ​ច្បាំង​នឹង​ពួក​គេ​តាម​បញ្ជា​របស់​ស្ដេច​ទេ ប៉ុន្តែ​មើល​ចុះ ជា​បំណង​របស់​វា​ដើម្បី​បាន​ការ​គាំទ្រ​ពី​ពល​ទ័ព​សាសន៍​លេមិន​វិញ ដើម្បី​វា​អាច​ធ្វើ​ជា​មេ​ពួក​នោះ ហើយ​ទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​ចោល និង​យក​នគរ។

ហើយ​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា វា​បាន​បញ្ជា​ឲ្យ​កងទ័ព​វា​បោះ​ត្រសាល​របស់​គេ​នៅ​ក្នុង​ច្រក​ភ្នំ នៅ​ជិត​ភ្នំ​អាន់ទីប៉ាស។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ពេល​យប់ វា​បាន​ប្រើ​ឲ្យ​សារ​ទូត​សម្ងាត់​ម្នាក់​ទៅ​កាន់​ភ្នំ​អាន់ទីប៉ាស ដោយ​មាន​បំណង​ចង់​ឲ្យ​មេដឹកនាំ​របស់​ពួក​អ្នក​ដែល​នៅ​លើ​ភ្នំ ដែល​មាន​ឈ្មោះ​ថា​លីហុនតៃ​ឲ្យ​ចុះ​មក​ឯ​ជើង​ភ្នំ ព្រោះ​វា​មាន​បំណង​ចង់​និយាយជាមួយ​នឹង​អ្នក​នោះ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​លីហុនតៃ​បាន​ទទួល​សារ​នោះ​ហើយ គាត់​មិន​ហ៊ាន​ចុះ​ទៅ​ឯ​ជើង​ភ្នំ​ទេ។ ហើយ​ហេតុ​ការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​ចាត់​ឲ្យ​មនុស្ស​ទៅ​ជា​លើក​ទី​ពីរ ដោយ​មាន​បំណង​ចង់​ឲ្យ​អ្នក​នោះ​ចុះ​មក។ ហើយ​ហេតុ​ការណ៍​បាន​កើត​ឡើង​ថា លីហុនតៃ​មិន​ព្រម​ចុះ​មក​សោះ ហើយ​វា​ក៏​បាន​ចាត់​មនុស្ស​ទៅ​ជា​លើក​ទី​បី។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាម៉ាលិកាយ​ឃើញ​ថា វា​មិន​អាច​ហៅ​លីហុនតៃ​ឲ្យ​ចុះ​មក​ពីលើ​ភ្នំ​បាន​ទេ វា​ក៏​ឡើង​ទៅ​លើ​ភ្នំ ជិត​ដល់​ជំរំ​របស់​លីហុនតៃ ហើយ​វា​បាន​ចាត់​ឲ្យ​សារ​ទូត​របស់​វា​ទៅ​ជួប​លីហុនតៃ​ម្ដង​ទៀត គឺជា​លើក​ទី​បួន ដោយ​មាន​បំណង​ចង់​ឲ្យ​គាត់​ចុះ​មក ហើយ​ថា​គាត់​អាច​នាំ​អ្នក​យាម​មក​ជា​មួយ​ផង។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​លីហុនតៃ​បាន​ចុះ​មក​ជាមួយ​នឹង​ពួក​អ្នក​យាម​របស់​គាត់ ដើម្បី​ទៅ​ជួប​នឹង​អាម៉ាលិកាយ នោះ​អាម៉ាលិកាយ​មាន​បំណង​ចង់​ឲ្យ​លោក​នាំ​កងទ័ព​របស់​លោក​ចុះ​មក​ក្នុង​ពេល​យប់ ហើយ​ឡោមព័ទ្ធ​ពួក​ទាហាន​ដែល​នៅ​ក្នុង​ជំរំ ដែល​ជា​ពួក​ទាហាន ដែល​ស្ដេច​បាន​ប្រគល់​ឲ្យ​វា​បញ្ជា ហើយ​ថា​វា​នឹង​ប្រគល់​ពួក​ទាហាន​ទាំង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លីហុនតៃ បើ​សិន​ជា​លោក​ព្រម​ឲ្យ​វា (អាម៉ាលិកាយ) ធ្វើ​ជា​មេដឹកនាំ​រង​ទៅ​លើ​កងទ័ព​ទាំង​មូល។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លីហុនតៃ​បាន​ចុះ​មក​ជាមួយ​ទ័ព​លោក ហើយ​បាន​ឡោមព័ទ្ធ​ទ័ព​របស់​អាម៉ាលិកាយ ដើម្បី​ឲ្យ​បាន​មុន​ពេល​ពួក​គេ​ភ្ញាក់​ពី​ដេក​នៅ​ពេល​ព្រលឹម នោះ​ពួក​គេ​ត្រូវ​បាន​ឡោមព័ទ្ធ​ជុំវិញ ដោយ​ពល​ទ័ព​របស់​លីហុនតៃ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ត្រូវ​បាន​ឡោមព័ទ្ធ​ជុំវិញ ពួក​គេ​ក៏​អង្វរ​អាម៉ាលិកាយ សូម​ឲ្យ​វា​បណ្ដោយ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជាមួយ​នឹង​បង​ប្អូន​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​បំផ្លាញ​បង់។ ឥឡូវ​នេះ នេះ​គឺជា​ការណ៍​ដែល​អាម៉ាលិកាយ​ប៉ងប្រាថ្នា។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា វា​បាន​ប្រគល់​ទ័ព​របស់​វា ផ្ទុយ​នឹង​បញ្ជា​របស់​ស្ដេច។ ឥឡូវ​នេះ នេះ​គឺ​ការណ៍​ដែល​អាម៉ាលិកាយ​ប៉ងប្រាថ្នា ដើម្បី​ឲ្យ​វា​អាច​សម្រេច​ផែនការ​របស់​វា ដើម្បី​ទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​ចោល។

១៧ឥឡូវ​នេះ គឺជា​ទម្លាប់​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន បើ​សិន​ជា​មេដឹកនាំ​ធំ​របស់​គេ​ត្រូវ​ស្លាប់ គឺ​ត្រូវ​តែងតាំង​មេដឹកនាំ​រង​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​ធំ​របស់​គេ។

១៨ហើយ​ហេតុការណ៍​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​បញ្ជា​ឲ្យ​អ្នក​បម្រើ​របស់​វា​ម្នាក់ ដាក់​ថ្នាំ​បំពុល​លីហុនតៃ​ជា​សន្សឹមៗ​ដើម្បី​ឲ្យ​លោក​ស្លាប់។

១៩ឥឡូវ​នេះ កាល​លីហុនតៃ​បាន​ស្លាប់​ទៅ នោះ​ពួក​សាសន៍​លេមិន បាន​តែងតាំង​អាម៉ាលិកាយ​ឡើងឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​របស់​គេ និង​ជា​អគ្គ​មេបញ្ជាការ​របស់​គេ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​នាំ​ពល​ទ័ព​របស់​វា (ព្រោះ​វា​បាន​សម្រេច​ដូច​បំណង​របស់​វា​ហើយ) ទៅ​កាន់​ដែនដី​នីហ្វៃ គឺ​ទៅ​កាន់​ទី​ក្រុង​នីហ្វៃ ដែល​ជា​ទី​ក្រុង​សំខាន់​បំផុត។

២១ហើយ​ស្ដេច​បាន​ចេញ​មក​ជួប​នឹង​វា ជាមួយ​នឹង​ពួក​អ្នក​យាម​របស់​ទ្រង់ ព្រោះ​ទ្រង់​បាន​គិត​ស្មាន​ថា អាម៉ាលិកាយ​បាន​បំពេញ​បញ្ជា​ទាំង​ឡាយ​របស់​ទ្រង់​ហើយ ហើយ​ថា​អាម៉ាលិកាយ​បាន​ប្រមូល​កងទ័ព​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ។

២២ប៉ុន្តែ​មើល​ចុះ នៅ​ពេល​ស្ដេច​កំពុង​តែ​យាង​ចេញ​មក​ជួប​វា នោះ​អាម៉ាលិកាយ​បាន​បញ្ជា​ឲ្យ​ពួក​អ្នក​បម្រើ​របស់​វា​ចេញ​ទៅ​ជួប​ស្ដេច។ ហើយ​ពួក​គេ​បាន​ទៅ ហើយ​បាន​ក្រាប​ចំពោះ​ស្ដេច ហាក់​បី​ដូច​ជា​សម្ដែង​ការ​គោរព​កោតក្រែង​ដល់​ទ្រង់ ដោយ​ព្រោះ​អំណាច​របស់​ទ្រង់។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​បាន​ហុច​ព្រះ​ហស្ត​ទៅ​លើ​ក​គេ​ឡើង គឺជា​សណ្ដាប់​របស់​ពួក​សាសន៍​លេមិន ទុក​ជាទី​សម្គាល់​មួយ​នៃ​សេចក្ដី​សុខសាន្ត ដែល​ជា​ទម្លាប់​ពួក​គេ​យក​បាន​មក​ពី​ពួក​សាសន៍​នីហ្វៃ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ទ្រង់​បាន​លើក​អ្នក​ទី​មួយ​ពី​ដី​ហើយ មើល​ចុះ វា​បាន​ចាក់​ស្ដេច​ចំ​បេះដូង ហើយ​ទ្រង់​ក៏​ដួល​ទៅ​លើ​ដី។

២៥ឥឡូវ​នេះ ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​រត់​គេច​ចេញ ហើយ​ពួក​អ្នក​បម្រើ​របស់​អាម៉ាលិកាយ​បាន​ស្រែក​ឡើង​ថា ៖

២៦មើល​ចុះ ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ចាក់​ទ្រង់​ចំ​បេះដូង ហើយ​ទ្រង់​បាន​ដួល ហើយ​ពួក​គេ​បាន​រត់គេច​ខ្លួន មើល​ចុះ ចូរ​មក ហើយ​មើល​ចុះ។

២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​បញ្ជា​ថា ពល​ទ័ព​របស់​វា​គួរតែ​ដើរ​ទៅ​មុខ ហើយ​មើល​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​ដល់​ស្ដេច ហើយ​កាល​ពួក​គេ​បាន​មក​ដល់​កន្លែង​នោះ ហើយ​បាន​ឃើញ​ស្ដេច​ដេក​នៅ​ក្នុង​ថ្លុក​ឈាម​របស់​ទ្រង់ នោះ​អាម៉ាលិកាយ​ធ្វើ ពុត​ជា​ខឹង ហើយ​បាន​និយាយ​ថា ៖ អស់​អ្នក​ណា​ដែល​ស្រឡាញ់​ស្ដេច ចូរ​ឲ្យ​គេ​ចេញ​មក ហើយ​ដេញ​តាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ចុះ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ស្លាប់។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​ពួក​អ្នក​ដែល​ស្រឡាញ់​ស្ដេច កាល​ពួក​គេ​បាន​ឮ​ពាក្យ​ទាំង​នេះ​ហើយ ក៏​ចេញ​មក ហើយ​បាន​ដេញ​តាម​ពួក​អ្នក​បម្រើ​របស់​ស្ដេច។

២៩ឥឡូវ​នេះ កាល​ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ឃើញ​ទ័ព​មួយ​កង​កំពុង​ដេញ​តាម​ខ្លួន នោះ​ពួក​គេ​ភិតភ័យ​ជាថ្មី​ទៀត ហើយ​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​បាន​ឆ្លង​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា ហើយ​បាន​ចូល​រួបរួម​នឹង​ប្រជាជន​អាំម៉ូន។

៣០ហើយ​កងទ័ព​ដែល​ដេញ​តាម​ពួក​គេ​នោះ បាន​ត្រឡប់​មក​វិញ កាល​បាន​ដេញ​តាម​ពួក​គេ​ដោយ​គ្មាន​បាន​លទ្ធផល ម្ល៉ោះ​ហើយ អាម៉ាលិកាយ ដោយ​ការ​បន្លំ​របស់​វា ក៏​យក​បាន​ទឹក​ចិត្ត​របស់​ប្រជាជន។

៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង នោះ​វា​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​នីហ្វៃ​ជាមួយ​នឹង​ពល​ទ័ព​របស់​វា ហើយ​បាន​គ្រប់​គ្រង​យក​ទី​ក្រុង​ទៅ។

៣២ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អគ្គមហេសី​ស្ដេច កាល​ព្រះ​នាង​បាន​ឮ​ថា ស្ដេច​ត្រូវ​គេ​សម្លាប់ — ព្រោះ​អាម៉ាលិកាយ​បាន​ចាត់​ឲ្យ​សារ​ទូត​ម្នាក់​ទៅ​ជួប​នឹង​អគ្គមហេសី​ស្ដេច ដើម្បី​ឲ្យ​ដំណឹង​ដល់​ព្រះ​នាង​ថា ស្ដេច​ត្រូវ​សុគត ដោយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ថា​វា​បាន​ដេញ​តាម​ពួក​គេ​ដោយ​កងទ័ព​របស់​វា ប៉ុន្តែ​គ្មាន​បាន​លទ្ធផល​អ្វី​ឡើយ ហើយ​ពួក​គេ​បាន​រត់គេច​ខ្លួន​ទៅ​ហើយ —

៣៣ហេតុ​ដូច្នេះ​ហើយ កាល​អគ្គមហេសី​ស្ដេច​បាន​ទទួល​សារ​នេះ​ហើយ នោះ​ព្រះ​នាង​បាន​ចាត់​ឲ្យ​មនុស្ស​ទៅ​ជួប​នឹង​អាម៉ាលិកាយ ដោយ​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​វា​លើក​លែង​ជីវិត​ឲ្យ​ប្រជាជន​នៅ​ទី​ក្រុង​នេះ ហើយ​ព្រះ​នាង​ក៏​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​វា​មក​គាល់​ព្រះ​នាង ហើយ​ព្រះ​នាង​ក៏​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​វា​នាំ​ពួក​សាក្សី​មក​ជា​មួយ​វា​ផង ដើម្បី​ធ្វើ​បន្ទាល់​អំពី​ការ​សុគត​របស់​ស្ដេច។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​នាំ​អ្នក​បម្រើ​ដដែល ដែល​បាន​សម្លាប់​ស្ដេច​នោះ និង​អស់​ទាំង​ពួក​ដែល​នៅ​ជាមួយ​នឹង​វា ហើយ​បាន​ចូល​ទៅ​គាល់​អគ្គមហេសី​ស្ដេច ត្រង់​កន្លែង​ដែល​ព្រះ​នាង​អង្គុយ ហើយ​ពួក​គេ​ទាំង​អស់​គ្នា បាន​ធ្វើ​ទី​បន្ទាល់​ដល់ ព្រះ​នាង​ថា ស្ដេច​ត្រូវ​សុគត​ដោយ​ពួក​អ្នក​បម្រើ​ផ្ទាល់​របស់​ទ្រង់ ហើយ​ពួក​គេ​ក៏​បាន​ទូល​ដែរ​ថា ៖ ពួក​គេ​បាន​រត់គេច​ខ្លួន តើ​ពុំ​មែន​ការណ៍​នេះ​ធ្វើ​បន្ទាល់​ទាស់​នឹង​ពួក​គេ​ទេ​ឬ? ម្ល៉ោះ​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​អគ្គមហេសី​ស្ដេច​ស្កប់​ចិត្ត​អំពី​ការ​សុគត​របស់​ស្ដេច។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​ស្វែងរក​ការ​ប្រោសប្រណី​ពី​អគ្គមហេសី​ស្ដេច ហើយ​បាន​យក​ព្រះ​នាង​ធ្វើ​ជា​ភរិយា​វា ម្ល៉ោះ​ហើយ ដោយ​ការ​វៀច​បន្លំ​របស់​វា និង​ដោយ​ជំនួយ​នៃ​ពួក​អ្នក​បម្រើ​របស់​វា ដែល​ប្រកប​ដោយ​កលល្បិច វាយ​ក​បាន​នគរ មែន​ហើយ វា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ស្ដេច​ទូ​ទៅ​អស់​ទាំង​ដែនដី នៅ​ក្នុង​ចំណោម​អស់​ទាំង​ប្រជាជន​នៃ​ពួក​លេមិន ដែល​មាន​រួម​ទាំង​ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​លេមយួល និង​ពួក​សាសន៍​អ៊ីសម៉ាអែល និង​អស់​ទាំង​ពួក​ដែល​បែក​ចេញ​ពី​ពួក​សាសន៍​នីហ្វៃ ចាប់​តាំង​ពី​រជ្ជកាល​នៃ​នីហ្វៃ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

៣៦ឥឡូវ​នេះ ពួក​អ្នក​ដែល​បែក​ចេញ​ទាំង​នេះ មាន​សេចក្ដី​បង្គាប់​ដូច​គ្នា និង​ព័ត៌មាន​ដូច​គ្នា​នឹង​ពួក​សាសន៍​នីហ្វៃ មែន​ហើយ ដោយ​ត្រូវ​បាន​បង្គាប់​ក្នុង​ការ​ចេះ​ដឹង​អំពី​ព្រះ​អម្ចាស់​ដូច​គ្នា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ជា​ការ​ចម្លែក​មួយ​ដែរ គឺ​បន្ទាប់​ពី​ការ​បែក​ចេញ​របស់​គេ​មក​មិន​យូរប៉ុន្មាន​ទេ នោះ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មាន​ចិត្ត​រឹង​ទទឹង​ខ្លាំង​ឡើង ហើយ​គ្មាន​ចិត្ត​នឹក​ស្ដាយ និង​ព្រៃ​ផ្សៃ ទុច្ចរិត និង​សាហាវ ច្រើន​ជាង​ពួក​សាសន៍​លេមិន​ទៅ​ទៀត — ក្រេបជញ្ជក់​នូវ​សណ្ដាប់​ទាំង​ឡាយ​របស់​ពួក​សាសន៍​លេមិន ដែល​នាំ​ឲ្យ​មាន​ការ​ខ្ជិលច្រអូស និង​អំពើ​អាសអាភាស​គ្រប់​យ៉ាង មែន​ហើយ គឺ​ភ្លេច​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​ទាំង​ស្រុង៕