ជំពូកទី ៥៨
ហេលេមិន គីឌ និងទីអុមណើរដណ្ដើមយកទីក្រុងម៉ាន់តៃដោយឧបាយសឹកមួយ — ពួកលេមិនដកថយ — កូនប្រុសទាំងឡាយរបស់ប្រជាជនអាំម៉ូន ត្រូវបានថែរក្សាទុកឲ្យគង់ក្នុងកាលពួកគេឈរយ៉ាងរឹងប៉ឹងក្នុងកិច្ចការពារឥស្សរភាព និងសេចក្ដីជំនឿរបស់គេ។ ប្រមាណជាឆ្នាំ ៦៣–៦២ ម.គ.ស.។
១ហើយមើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ទិសដៅបន្ទាប់របស់យើង គឺយកទីក្រុងម៉ាន់តៃ ប៉ុន្តែមើលចុះ គ្មានមធ្យោបាយណាដែលយើងអាចនាំពួកគេឲ្យចេញពីទីក្រុង ដោយក្រុមទ័ពតូចរបស់យើងបានទេ។ ត្បិតមើលចុះ ពួកគេចាំនូវអ្វីដែលយើងបានធ្វើពីមុន ហេតុដូច្នេះហើយ ពួកយើងមិនអាចបញ្ឆោតពួកគេឲ្យចេញឆ្ងាយពីទីតាំងការពាររបស់ពួកគេបានឡើយ។
២ហើយពួកគេមានចំនួនច្រើនជាងកងទ័ពយើង នាំឲ្យយើងមិនហ៊ានទៅវាយប្រហារពួកគេ នៅក្នុងទីតាំងការពាររបស់គេទេ។
៣មែនហើយ ហើយវាបានក្លាយទៅជាការចាំបាច់ថា ពួកយើងត្រូវប្រើទ័ពយើងក្នុងការរក្សាផ្នែកទាំងឡាយនៃដែនដីដែលយើងយកបានមកវិញ ហេតុដូច្នេះហើយ វាបានក្លាយទៅជាការចាំបាច់ថា យើងត្រូវរង់ចាំដើម្បីយើងអាចទទួលកម្លាំងបន្ថែមពីដែនដីសារ៉ាហិមឡា ព្រមទាំងស្បៀងថ្មីផង។
៤ហើយហេតុការណ៍បានកើតឡើងថា ហេតុនោះ ខ្ញុំបានបញ្ជូនសារទូតមួយ ទៅឯលោកអភិបាលរបស់ដែនដីយើង ដើម្បីរាយការណ៍ជម្រាបលោក អំពីកិច្ចការទាំងឡាយរបស់ទ័ពយើង។ ហើយហេតុការណ៍បានកើតឡើងថា យើងបានរង់ចាំទទួលស្បៀង និងកម្លាំងពីដែនដីសារ៉ាហិមឡា។
៥ប៉ុន្តែមើលចុះ ការណ៍នេះគ្មានបានប្រយោជន៍ដល់យើងសោះ គ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះពួកលេមិនក៏ទទួលកម្លាំងដ៏ច្រើនរាល់ថ្ងៃ និងស្បៀងជាច្រើនផង ម្ល៉ោះហើយ នេះគឺជាកាលៈទេសៈរបស់យើងនៅរយៈពេលនោះ។
៦ហើយពួកលេមិនបានស្ទុះចេញមកវាយយើងម្ដងម្កាល ដោយប្ដេជ្ញាថានឹងបំផ្លាញយើងបង់ ដោយប្រើឧបាយសឹក ទោះជាយ៉ាងណាក៏ដោយ គង់តែយើងមិនអាចទៅច្បាំងនឹងពួកគេបានទេ ព្រោះគេថយទៅក្នុងទីជម្រក និងទីតាំងការពាររបស់គេវិញ។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរង់ចាំនៅក្នុងកាលៈទេសៈដ៏ពិបាកទាំងនេះ អស់រយៈពេលជាច្រើនខែ រហូតដល់យើងជិតវិនាសបង់ដោយអត់អាហារ។
៨ប៉ុន្តែហេតុការណ៍បានកើតឡើងថា ពួកយើងបានទទួលអាហារដែលនាំមកឲ្យយើង ដោយទ័ពមួយកងចំនួនពីរពាន់នាក់ ដើម្បីជាជំនួយដល់យើង ហើយនេះគឺជាជំនួយទាំងអស់ ដែលយើងបានទទួលដើម្បីការពារខ្លួនយើង និងប្រទេសរបស់យើង កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង មែនហើយ ដើម្បីតតាំងនឹងកងទ័ពមួយដែលច្រើនឥតគណនា។
៩ហើយឥឡូវនេះ ហេតុដែលបណ្ដាលឲ្យយើង មានការពិបាកទាំងនេះ ឬហេតុអ្វីដែលពួកគេមិនបញ្ជូនកម្លាំងបន្ថែមឲ្យយើង នោះយើងមិនដឹងទេ ហេតុដូច្នេះហើយ ពួកយើងមានទុក្ខព្រួយ ហើយពោរពេញទៅដោយការភិតភ័យផង ក្រែងលោដោយមធ្យោបាយណាមួយ នោះសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះនឹងធ្លាក់មកលើដែនដីយើង ធ្វើឲ្យមានការរលំរលើង និងការបំផ្លិចបំផ្លាញដល់យើងទាំងស្រុង។
១០ហេតុដូច្នេះហើយ យើងបានខិតខំអស់ពីដួងចិត្តនៅក្នុងការអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់ចម្រើនកម្លាំងដល់យើង ហើយដោះលែងយើងឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង មែនហើយ ហើយសូមប្រទានដល់យើងផងដែរនូវកម្លាំង ដើម្បីយើងអាចរក្សាទីក្រុងទាំងឡាយទុក និងដែនដីទាំងឡាយរបស់យើង ហើយទ្រព្យសម្បត្តិរបស់យើង ដើម្បីចិញ្ចឹមប្រជាជនយើង។
១១មែនហើយ ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ជាព្រះរបស់យើង ទ្រង់បានយាងមកជួបយើង ដោយនូវការអះអាងទាំងឡាយថា ទ្រង់នឹងដោះលែងពួកយើងឲ្យរួច មែនហើយ ដរាបដល់ទ្រង់មានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់ព្រលឹងពួកយើង ហើយបានប្រទានដល់យើងនូវសេចក្ដីជំនឿដ៏ធំ ហើយបានធ្វើឲ្យយើងមានសេចក្ដីសង្ឃឹមដល់ការដោះលែងពួកយើងក្នុងទ្រង់។
១២ហើយយើងបានឡើងចិត្តក្លាហានដោយនូវកងកម្លាំងដ៏តូច ដែលយើងបានទទួល ហើយប្ដេជ្ញាថា នឹងយកជ័យជម្នះលើពួកខ្មាំងសត្រូវរបស់យើង ហើយនឹងរក្សាដែនដី និងទ្រព្យសម្បត្តិរបស់យើង និងប្រពន្ធរបស់យើង និងកូនចៅរបស់យើង និងឧត្ដមគតិនៃឥស្សរភាពរបស់យើងឲ្យបាន។
១៣ម្ល៉ោះហើយ យើងបានចេញទៅដោយអស់ពីសមត្ថភាពរបស់យើង ទៅតតាំងនឹងពួកលេមិន ដែលនៅក្នុងទីក្រុងម៉ាន់តៃ ហើយយើងបានបោះត្រសាលជិតទីរហោស្ថាន ដែលនៅជិតទីក្រុងនោះ។
១៤ហើយហេតុការណ៍បានកើតឡើងថា លុះដល់ស្អែកឡើង កាលពួកលេមិនបានឃើញថា យើងនៅក្នុងព្រំប្រទល់ក្បែរទីរហោស្ថាន ដែលនៅជិតទីក្រុងនោះ នោះពួកគេបានចាត់ឲ្យពួកអ្នកស៊ើបការណ៍ទៅជុំវិញយើង ក្រែងពួកគេអាចដឹងនូវចំនួន និងកម្លាំងរបស់កងទ័ពយើង។
១៥ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេឃើញថា យើងពុំមានកម្លាំងទេ ស្របតាមចំនួនទ័ពរបស់យើង ហើយដោយខ្លាចក្រែងយើងនឹងកាត់ផ្ដាច់ពួកគេពីជំនួយ លើកលែងតែពួកគេចេញមកច្បាំងនឹងពួកយើង ហើយសម្លាប់ពួកយើង ហើយដោយសន្និដ្ឋានផងដែរថា ពួកគេអាចបំផ្លាញយើងដោយងាយ ដោយកងពលដ៏ច្រើនរបស់គេ ទើបពួកគេបានចាប់ផ្ដើមធ្វើការរៀបចំដើម្បីចេញមកច្បាំងតតាំងនឹងយើង។
១៦ហើយកាលពួកយើងបានឃើញថា ពួកគេកំពុងតែរៀបចំដើម្បីមកច្បាំងនឹងយើង មើលចុះ ខ្ញុំបានបញ្ជាឲ្យគីឌនាំទ័ពមួយចំនួនតូចទៅពួនលាក់ខ្លួននៅក្នុងទីរហោស្ថាន ហើយទីអុមណើរ និងទ័ពមួយចំនួនតូចផង ត្រូវទៅពួនលាក់ខ្លួននៅក្នុងទីរហោស្ថានដែរ។
១៧ឥឡូវនេះ គីឌ និងទ័ពរបស់លោកនៅខាងស្ដាំ ឯអ្នកឯទៀតនៅខាងឆ្វេង ហើយកាលពួកគេបានទៅពួនលាក់ខ្លួនហើយ មើលចុះ ខ្ញុំនៅជាមួយនឹងកងទ័ពរបស់ខ្ញុំដែលនៅសល់ទាំងប៉ុន្មាននៅក្នុងកន្លែងដដែល គឺកន្លែងដែលយើងបានបោះត្រសាលមុនដំបូង រង់ចាំពួកលេមិនមកច្បាំង។
១៨ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានចេញមក ដោយមានកងទ័ពយ៉ាងច្រើនមកប្រឆាំងនឹងយើង ហើយកាលពួកគេបានមក ហើយជិតនឹងវាយប្រហារមកលើយើងដោយដាវ នោះខ្ញុំបានបញ្ជាឲ្យទ័ពរបស់ខ្ញុំ គឺពួកដែលនៅជាមួយខ្ញុំ ត្រូវថយចូលទៅក្នុងទីរហោស្ថាន។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានដេញតាមយើងយ៉ាងលឿនអស្ចារ្យ ព្រោះពួកគេប៉ុនប៉ងជាខ្លាំងថា នឹងដេញយើងឲ្យទាន់ដើម្បីគេអាចសម្លាប់យើងចោល ហេតុដូច្នេះហើយ ពួកគេបានដេញតាមយើងចូលទៅក្នុងទីរហោស្ថាន ហើយពួកយើងបានកាត់តាមចន្លោះកណ្ដាលគីឌ និងទីអុមណើរ គឺដរាបដល់ពួកគេពុំបានត្រូវពួកលេមិនរកឃើញឡើយ។
២០ហើយហេតុការណ៍បានកើតឡើងថា កាលពួកលេមិនបានឆ្លងផុតហើយ ឬក៏កាលកងទ័ពបានឆ្លងផុតហើយ នោះគីឌ និងទីអុមណើរ បានក្រោកឡើងចេញពីកន្លែងពួនទាំងឡាយ ហើយបានកាត់ផ្ដាច់ពួកអ្នកស៊ើបការណ៍របស់ពួកលេមិន ដើម្បីកុំឲ្យពួកគេត្រឡប់ទៅទីក្រុងវិញបាន។
២១ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានកាត់ផ្ដាច់ពួកវាហើយ នោះពួកគេក៏រត់ទៅកាន់ទីក្រុង ហើយបានវាយប្រហារទៅលើពួកអ្នកយាមដែលនៅយាមទីក្រុង ដរាបដល់ពួកគេបានបំផ្លាញពួកវាចោល ហើយយកបានទីក្រុង។
២២ឥឡូវនេះ ការណ៍នេះធ្វើទៅបាន ពីព្រោះពួកលេមិនបានឲ្យកងទ័ពគេទាំងមូល ត្រូវបានបញ្ឆោតឲ្យចូលទៅក្នុងទីរហោស្ថាន លើកលែងតែពួកអ្នកយាមបន្តិចបន្តួចប៉ុណ្ណោះ។
២៣ហើយហេតុការណ៍បានកើតឡើងថា គីឌ និងទីអុមណើរ ដោយបានប្រើមធ្យោបាយនេះ ក៏យកទីតាំងការពារទាំងឡាយរបស់ពួកគេបាន។ ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានធ្វើដំណើរតទៅអស់ជាយូរនៅក្នុងទីរហោស្ថាន ឆ្ពោះទៅឯដែនដីសារ៉ាហិមឡា។
២៤ហើយកាលពួកលេមិនបានឃើញថា ពួកគេកំពុងតែធ្វើដំណើរឆ្ពោះទៅឯដែនដីសារ៉ាហិមឡា នោះពួកគេភិតភ័យជាខ្លាំង ក្រែងលោមានផែនការអ្វីមួយ ដែលនាំពួកគេទៅកាន់សេចក្ដីបំផ្លិចបំផ្លាញ ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមដកថយចូលទៅក្នុងទីរហោស្ថានវិញ មែនហើយ គឺត្រឡប់តាមផ្លូវដដែលដែលគេបានមក។
២៥ហើយមើលចុះ នោះគឺនៅពេលយប់ ហើយពួកគេបានបោះត្រសាលរបស់គេ ព្រោះពួកមេទ័ពឯករបស់ពួកលេមិនបានសន្និដ្ឋានថា ពួកនីហ្វៃកំពុងតែនឿយហត់ ដោយសារការធ្វើដំណើរ ហើយដោយសន្និដ្ឋានថា ពួកវាបានដេញតាមទ័ពគេទាំងមូល ហេតុដូច្នេះហើយ ពួកវាពុំបានគិតដល់ទីក្រុងម៉ាន់តៃឡើយ។
២៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា លុះដល់ពេលយប់ នោះខ្ញុំបានបញ្ជាទ័ពខ្ញុំកុំឲ្យដេក តែពួកគេត្រូវធ្វើដំណើរតាមផ្លូវមួយផ្សេងទៀតសំដៅទៅឯទីក្រុងម៉ាន់តៃ។
២៧ហើយដោយសារការធ្វើដំណើររបស់យើងក្នុងពេលយប់ មើលចុះ ដល់ស្អែកឡើង ពួកយើងបានឆ្លងហួសពួកលេមិន ដរាបដល់យើងបានមកដល់ទីក្រុងម៉ាន់តៃមុនពួកគេ។
២៨ម្ល៉ោះហើយ ហេតុការណ៍បានកើតឡើងថា ដោយឧបាយសឹកនេះ យើងយកទីក្រុងម៉ាន់តៃបាន ដោយគ្មានការខ្ចាយឈាមឡើយ។
២៩ហើយហេតុការណ៍បានកើតឡើងថា កាលពលទ័ពសាសន៍លេមិនបានមកដល់ជិតទីក្រុង ហើយបានឃើញថា ពួកយើងកំពុងតែប្រុងប្រៀបខ្លួនចាំប្រយុទ្ធនឹងគេ នោះពួកគេក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ហើយកើតក្ដីភិតភ័យជាអតិបរមា ដរាបដល់ពួកគេរត់ចូលទៅក្នុងទីរហោស្ថាន។
៣០មែនហើយ ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពលេមិនបានរត់គេចចេញពីគ្រប់ភូមិទាំងអស់នេះនៃដែនដី ប៉ុន្តែមើលចុះ ពួកគេបាននាំយកទៅនូវពួកស្ត្រី និងកូនក្មេងជាច្រើនចេញពីដែនដី។
៣១ហើយទីក្រុងទាំងឡាយ ដែលត្រូវពួកលេមិនយកបានពីមុននោះ នៅរយៈពេលនេះ ទាំងអស់ត្រូវបានមកជាកម្មសិទ្ធរបស់យើង ហើយពួកឪពុកយើង និងប្រពន្ធយើង និងកូនចៅយើងក៏ត្រឡប់មកផ្ទះវិញ លើកលែងតែពួកអ្នកដែលត្រូវចាប់យកទៅជាឈ្លើយ ហើយនាំយកទៅដោយពួកលេមិន។
៣២ប៉ុន្តែមើលចុះ ពលទ័ពរបស់យើងតូច ហើយត្រូវរក្សាទីក្រុងដ៏ច្រើន និងទ្រព្យសម្បត្តិដ៏ច្រើន។
៣៣ប៉ុន្តែមើលចុះ យើងទុកចិត្តទៅលើព្រះរបស់យើង ដែលបានប្រទានដល់យើងនូវជ័យជម្នះលើដែនដីទាំងនោះ ដរាបដល់ពួកយើងយកទីក្រុងទាំងនោះបាន និងដែនដីទាំងនោះ ដែលជារបស់យើងផ្ទាល់។
៣៤ឥឡូវនេះ យើងមិនដឹងជាហេតុអ្វី បានជារដ្ឋាភិបាលមិនបន្ថែមកម្លាំងឲ្យយើងសោះ ហើយពួកអ្នកដែលបានមកជាមួយយើង ក៏មិនដឹងជាហេតុអ្វីបានជាយើងមិនទាន់បានទទួលកម្លាំងបន្ថែមដែរ។
៣៥មើលចុះ ពួកយើងមិនដឹងថា បងពុំមានជ័យជម្នះ ហើយបងបាននាំយកកងកម្លាំងទៅកាន់ភូមិនោះនៃដែនដី បើសិនជាដូច្នោះមែន យើងមិនចង់រអ៊ូរទាំទេ។
៣៦ហើយបើពុំមែនជាដូច្នោះទេ មើលចុះ ខ្លាចតែមានការបាក់បែកគ្នា នៅក្នុងរដ្ឋាភិបាល ដែលនាំឲ្យពួកគេពុំបញ្ជូនទ័ពជាជំនួយដល់យើង ព្រោះយើងដឹងថា ពួកគេមានច្រើនជាងចំនួនដែលគេបានបញ្ជូន។
៣៧ប៉ុន្តែមើលចុះ ការណ៍នេះមិនជាអ្វីទេ — យើងជឿថា ព្រះទ្រង់នឹងដោះលែងយើងឲ្យរួច ទោះបីជាមានការទន់ខ្សោយនៃពលទ័ពរបស់យើងក្ដី មែនហើយ ហើយដោះលែងយើងឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង។
៣៨មើលចុះ នេះគឺជាឆ្នាំទីម្ភៃប្រាំបួន គឺនៅចុងឆ្នាំ ហើយយើងយកដែនដីទាំងឡាយរបស់យើងបាន ហើយពួកលេមិនបានរត់ទៅឯដែនដីនីហ្វៃ។
៣៩ហើយពួកកូនប្រុសទាំងឡាយរបស់ប្រជាជនអាំម៉ូន ដែលខ្ញុំបាននិយាយសរសើរជាខ្លាំងនោះនៅជាមួយនឹងខ្ញុំនៅក្នុងទីក្រុងម៉ាន់តៃ ហើយព្រះអម្ចាស់ទ្រង់បានទ្រទ្រង់ដល់ពួកគេ មែនហើយ ហើយបានរក្សាពួកគេកុំឲ្យដួលចុះដោយដាវ ដរាបដល់គ្មានអ្នកណាម្នាក់ត្រូវស្លាប់ឡើយ។
៤០ប៉ុន្តែមើលចុះ ពួកគេបានត្រូវរបួសជាច្រើន ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេឈរយ៉ាងរឹងប៉ឹងនៅក្នុងឥស្សរភាព ដែលព្រះទ្រង់បានធ្វើឲ្យគេមានសេរីដែរ ហើយពួកគេចងចាំយ៉ាងខ្ជាប់ដល់ព្រះអម្ចាស់ជាព្រះរបស់គេជារៀងរាល់ថ្ងៃ មែនហើយ ពួកគេប្រតិបត្តិតាមក្រឹត្យក្រមរបស់ទ្រង់ និងសេចក្ដីយុត្តិធម៌របស់ទ្រង់ និងព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ពុំឈប់ឈរ ហើយសេចក្ដីជំនឿរបស់ពួកគេមុតមាំនៅក្នុងការព្យាករណ៍ទាំងឡាយ អំពីអ្វីៗដែលនឹងកើតឡើង។
៤១ហើយឥឡូវនេះ មរ៉ូណៃ បងជាទីស្រឡាញ់របស់ខ្ញុំអើយ សូមឲ្យព្រះអម្ចាស់ជាព្រះរបស់យើង ដែលបានប្រោសលោះយើង ហើយដោះលែងយើង រក្សាបងក្នុងវត្តមានរបស់ទ្រង់តទៅចុះ មែនហើយ ហើយសូមទ្រង់ប្រោសប្រណីដល់ប្រជាជននេះ គឺព្រមទាំងឲ្យបងអាចមានជ័យជម្នះក្នុងការយកមកវិញនូវអ្វីៗទាំងអស់ ដែលពួកសាសន៍លេមិនបានយកពីយើងទៅ ដែលទុកសម្រាប់គាំទ្រពួកយើង។ ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមបញ្ចប់សំបុត្ររបស់ខ្ញុំសិនហើយ ខ្ញុំ ជាហេលេមិន ជាកូនប្រុសរបស់អាលម៉ា៕