ព្រះគម្ពីរ
អាលម៉ា 48


ជំពូក​ទី ៤៨

អាម៉ាលិកាយ​ញុះញង់​ពួក​សាសន៍​លេមិន​ឲ្យ​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ — មរ៉ូណៃ​រៀបចំ​ប្រជាជន​លោក​ឲ្យ​ការ​ពារ​ឧត្ដម​គតិ​របស់​ពួក​គ្រីស្ទាន — លោក​អរ​រីករាយ​ក្នុង​ឥស្សរភាព និង​សេរីភាព ហើយ​ជា​មនុស្ស​សំណប់​ដ៏​ខ្លាំងក្លា​ម្នាក់​របស់​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៧២ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាម៉ាលិកាយ​យក​នគរ​បាន​ភ្លាម ទ្រង់​បាន​ចាប់​ផ្ដើម​បណ្ដាល​ចិត្ត​ពួក​សាសន៍​លេមិន​ឲ្យ​ទាស់​នឹង​ប្រជាជន​នីហ្វៃ មែន​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​មនុស្ស​ថ្លែង​ទៅ​កាន់​ពួក​សាសន៍​លេមិន​ពីលើ​ប៉ម​ទាំង​ឡាយ​របស់​គេ ជំទាស់​នឹង​ពួក​សាសន៍​នីហ្វៃ។

ម្ល៉ោះ​ហើយ ទ្រង់​បាន​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ដរាប​ដល់​ចុង​ឆ្នាំ​ទី​ដប់​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ដោយ​ទ្រង់​បាន​សម្រេច​គម្រោងការណ៍​ទាំង​ឡាយ​របស់​ទ្រង់​ដល់​នេះ មែន​ហើយ ដោយ​បាន​ធ្វើ​ជា​ស្ដេច​លើ​ពួក​សាសន៍​លេមិន ទ្រង់​ក៏​ស្វែងរក គ្រប់​គ្រង​លើ​ដែនដី​ទាំង​អស់​ដែរ មែន​ហើយ និង​ប្រជាជន​ទាំង​អស់​ដែល​នៅ​លើ​ដែនដី​នោះ ទាំង​ពួក​សាសន៍​នីហ្វៃ ទាំង​ពួក​សាសន៍​លេមិន​ផង។

ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​សម្រេច​គម្រោងការណ៍​របស់​ទ្រង់ ព្រោះ​ទ្រង់​បាន​ធ្វើ​ពួក​សាសន៍​លេមិន​មាន​ចិត្ត​រឹងទទឹង ហើយ​បាន​ធ្វើ​ឲ្យ​គំនិត​គេ​ងងឹត ហើយ​បាន​ចាក់​រុក​ពួក​គេ​ឲ្យ​ខឹង ដរាប​ដល់​ទ្រង់​ប្រមូល​បាន​ពលទ័ព​មួយ​ក្រុម​ដ៏​កុះករ ដើម្បី​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ។

ព្រោះ​ទ្រង់​ប្ដេជ្ញា​ដោយ​ព្រោះ​ចំនួន​ទ័ព​ដ៏​ច្រើន​របស់​ទ្រង់​ថា​នឹង​មាន​ជ័យ​ជម្នះ​ទៅ​លើ​ពួក​សាសន៍​នីហ្វៃ ហើយ​នឹង​នាំ​ពួក​គេ​ទៅ​ក្នុង​សេវក​ភាព​បាន។

ម្ល៉ោះ​ហើយ ទ្រង់​បាន​តែងតាំង​ពួក​សាសន៍​សូរាំ​ឡើង​ជា​មេទ័ព​ឯក ព្រោះ​ពួក​នេះ​ធ្លាប់​ស្គាល់​ជាងគេ​បំផុត​នូវ​កម្លាំង​របស់​ពួក​សាសន៍​នីហ្វៃ និង​ទីតាំង​ទាំង​ឡាយ​របស់​ពួក​គេ និង​ផ្នែក​ទាំង​ឡាយ​ដែល​ខ្សោយ​បំផុត​នៃ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​តែងតាំង​ពួក​គេ​ឡើង​ឲ្យ​ធ្វើ​ជា​ពួក​មេទ័ព​ឯក​លើ​ពល​ទ័ព​របស់​ទ្រង់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​យក​ជំរំ​របស់​គេ ហើយ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ដែនដី​សារ៉ាហិមឡា​នៅ​ក្នុង​ទី​រហោស្ថាន។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​អាម៉ាលិកាយ​កំពុងតែ​យក​បាន​អំណាច​ដោយ​ការ​បន្លំ និង​ការ​បោក​បញ្ឆោត​យ៉ាង​នេះ ផ្ទុយ​ទៅ​វិញ មរ៉ូណៃ​កំពុងតែ​ប្រុងប្រៀប​ចិត្ត​គំនិត​របស់​ប្រជាជន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

មែន​ហើយ លោក​បាន​ពង្រឹងកម្លាំង​ពល​ទ័ព​សាសន៍​នីហ្វៃ ហើយ​បាន​សង់​បន្ទាយ​តូចៗ ឬ​ទីតាំង​ទាំង​ឡាយ បាន​លើក​ទំនប់​ដី​ទាំង​ឡាយ​ជុំវិញ ដើម្បី​ឡោមព័ទ្ធ​ពល​ទ័ព​របស់​លោក ហើយ​ស្ថាបនា​កំផែង​ថ្ម​ទាំង​ឡាយ​ផង ដើម្បី​ឡោមព័ទ្ធ​ជុំវិញ​ពួក​គេ គឺ​ជុំវិញ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ និង​ព្រំប្រទល់​ទាំង​ឡាយ​នៃ​ដែនដី​របស់​គេ មែន​ហើយ គឺ​នៅ​ជុំវិញ​ដែនដី​គេ​ទាំង​អស់។

ហើយ​ឯ​បន្ទាយ​ទាំង​ឡាយ ដែល​ខ្សោយ​បំផុត លោក​បាន​ដាក់​ទ័ព​ច្រើន​ជាង ម្ល៉ោះ​ហើយ លោក​បាន​ពង្រឹង ហើយ​បន្ថែម​កម្លាំង​ដល់​ដែនដី​ដែល​ពួក​សាសន៍​នីហ្វៃ​អាស្រ័យ​នៅ។

១០ម្ល៉ោះ​ហើយ លោក​កំពុងតែ​រៀបចំ​ដើម្បី​គាំទ្រ​ឥស្សរភាព​របស់​ពួក​គេ ដែនដី​របស់​ពួក​គេ ប្រពន្ធ​របស់​ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ និង​សន្តិ​ភាព​របស់​ពួក​គេ ហើយ​ដើម្បី​ពួក​គេ​អាច​រស់នៅ​ចំពោះ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ ហើយ​ដើម្បី​ពួក​គេ​អាច​ទ្រ​ទ្រង់ នូវ​អ្វី​ដែល​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ​ហៅ​ថា ឧត្ដម​គតិ​នៃ​ពួក​គ្រីស្ទាន។

១១ហើយ​មរ៉ូណៃ ជា​បុរស​ម្នាក់​ដ៏​មាន​កម្លាំង ហើយ​ខ្លាំងក្លា លោក​ជា​មនុស្ស​ម្នាក់​ដែល​ប្រកប​ទៅ​ដោយ​យោបល់​ដ៏​ឥត​ខ្ចោះ មែន​ហើយ ជា​មនុស្ស​ម្នាក់​ដែល​មិន​ចូល​ចិត្ត​ការ​ខ្ចាយ​ឈាម ជា​មនុស្ស​ម្នាក់​ដែល​មាន​ព្រលឹង​ត្រេកអរ​ក្នុង​ឥស្សរភាព និង​សេរីភាព​នៃ​ប្រទេស​របស់​លោក និង​បង​ប្អូន​លោក ដែល​ផុត​ពី​សេវក​ភាព និង​ទាស​ភាព។

១២មែន​ហើយ ជា​មនុស្ស​ម្នាក់ ដែល​មាន​ចិត្ត​រីក​ពេញ​ទៅ​ដោយ​អំណរគុណ​ដល់​ព្រះ​របស់​លោក​ចំពោះ​ឯក​សិទ្ធិ និង​ពរ​ដ៏​ច្រើន ដែល​ទ្រង់​បាន​ប្រទាន​ដល់​រាស្ត្រ​ទ្រង់ ជា​មនុស្ស​ម្នាក់ ដែល​ធ្វើ​ការងារ​យ៉ាង​លើសលប់ ដើម្បី​សុខុមាលភាព និង​សន្តិសុខ​ដល់​ប្រជាជន​របស់​លោក។

១៣មែន​ហើយ ហើយ​លោក​ជា​មនុស្ស​ម្នាក់​ដែល​រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​លោក​បាន​ស្បថ ដោយ​ពាក្យ​សម្បថ​ថា​នឹង​ការ​ពារ​ប្រជាជន​របស់​លោក សិទ្ធិ​ទាំង​ឡាយ​របស់​លោក និង​ប្រទេស​របស់​លោក និង​សាសនា​របស់​លោក រហូត​ដល់​អស់​ឈាម​របស់​លោក។

១៤ឥឡូវ​នេះ ពួក​សាសន៍​នីហ្វៃ​ត្រូវ​បាន​បង្រៀន​ឲ្យ​ការ​ពារ​ខ្លួន​ពី​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ រហូត​ដល់​ត្រូវ​កំចាយ​ឈាម ប្រសិន​បើ​ជា​ការ​ចាំ​បាច់ មែន​ហើយ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​បង្រៀន​ដែរ​ថា មិន​ត្រូវ​ធ្វើ​ជាទី​បង្អាក់​ចិត្ត មែន​ហើយ ហើយ​មិន​ត្រូវ​លើក​ដាវ​ឡើយ លើក​លែងតែ​ប្រឆាំង​នឹង​ខ្មាំងសត្រូវ លើក​លែងតែ​ត្រូវ​រក្សា​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ។

១៥ហើយ​នេះ​គឺ​សេចក្ដី​ជំនឿ​របស់​ពួក​គេ គឺ​ថា​ដោយ​ធ្វើ​ដូច្នេះ ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង​នៅ​លើ​ដែនដី ឬ​និយាយ​ម្យ៉ាង​ទៀត​ថា បើ​សិន​ជា​ពួក​គេ​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង​នៅ​លើ​ដែនដី មែន​ហើយ ទ្រង់​នឹង​ព្រមាន​ពួក​គេ​ឲ្យ​រត់គេច ឬ​រៀបចំ​ធ្វើ​សង្គ្រាម ស្រប​តាម​ការ​គ្រោះថ្នាក់​របស់​គេ

១៦ហើយ​ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ដឹង​ដែរ​ថា តើ​ពួក​គេ​គួរ​ទៅ​ទីណា ដើម្បី​ការ​ពារ​ខ្លួន​ពី​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ដោយ​ធ្វើ​ដូច្នេះ នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ដោះ​លែង​ពួក​គេ ហើយ​នេះ​គឺជា​សេចក្ដី​ជំនឿ​របស់​មរ៉ូណៃ ហើយ​ចិត្ត​លោក​ក៏​សរសើរ​តម្កើង​នៅ​ក្នុង​ការណ៍​នោះ ពុំ​មែន​ក្នុង​ការ​ខ្ចាយ​ឈាម​ទេ តែ​ក្នុង​ការ​ធ្វើ​ល្អ​ក្នុង​ការ​រក្សា​ប្រជាជន​របស់​លោក មែន​ហើយ គឺ​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ មែន​ហើយ ហើយ​ទប់​នឹង​អំពើ​ទុច្ចរិត។

១៧មែន​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់នៅ ហើយ​កំពុង​រស់នៅ ហើយ​នឹង​រស់​នៅ ដូច​មរ៉ូណៃ មើល​ចុះ អំណាច​ទាំង​ឡាយ​របស់​ស្ថាន​នរក នឹង​ត្រូវ​ញ័រ​រន្ធត់​រហូត​ត​ទៅ មែន​ហើយ អារក្ស​នឹង​គ្មាន​អំណាច​ទៅ​លើ​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ឡើយ។

១៨មើល​ចុះ លោក​គឺជា​មនុស្ស​ម្នាក់ ដូច​ជា​អាំម៉ូន ជា​បុត្រ​របស់​ហ្លួង​ម៉ូសាយ មែន​ហើយ និង​ដូច​ពួក​បុត្រា​ឯ​ទៀត​របស់​ហ្លួង​ម៉ូសាយ មែន​ហើយ និង​ព្រម​ទាំង​អាលម៉ា និង​ពួក​កូន​ប្រុស​របស់​លោក​ដែរ ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​មនុស្ស​សំណប់​នៃ​ព្រះ។

១៩ឥឡូវ​នេះ មើល​ចុះ ហេលេមិន និង​បង​ប្អូន​លោក​ក៏​បម្រើ​ដល់​ប្រជាជន​មិន​អន់​ជាង​មរ៉ូណៃ​ដែរ ព្រោះ​ពួក​គេ​បាន​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ពួក​គេ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ចំពោះ​ការ​ប្រែ​ចិត្ត​ដល់​អស់​ទាំង​មនុស្ស​ណា ដែល​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួក​គេ។

២០ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចេញ​ទៅ ហើយ​ប្រជាជន​បាន​បន្ទាប​ខ្លួន ដោយ​សារ​ពាក្យ​សម្ដី​របស់​ពួក​គេ ដរាប​ដល់​គេ​បាន​ទៅ​ជាទី​សំណប់​ដ៏​ខ្លាំង​នៃ​ព្រះ​អម្ចាស់ ម្ល៉ោះ​ហើយ ពួក​គេ​បាន​រួច​ផុត​ពី​សង្គ្រាម​ទាំង​ឡាយ និង​សេចក្ដី​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​គេ មែន​ហើយ រហូត​ដល់​អស់​រយៈ​ពេល​បួន​ឆ្នាំ។

២១ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​មក​ថា នៅ​ចុង​ឆ្នាំ​ទី​ដប់​ប្រាំបួន មែន​ហើយ ទោះ​បី​ជា​មាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ចំណោម​ពួក​គេ​ក្ដី គង់តែ​ពួក​គេ​ត្រូវ​ជំរុញ​ដោយ​រុញ​រា​ឲ្យ​ទាស់ទែង​នឹង​បង​ប្អូន​គេ គឺ​ពួក​សាសន៍​លេមិន។

២២មែន​ហើយ ហើយ​សរុប​សេចក្ដី​មក សង្គ្រាម​ទាំង​ឡាយ​របស់​ពួក​គេ​ជាមួយ​នឹង​ពួក​សាសន៍​លេមិន ពុំ​ឈប់​ឈរ​សោះ គឺ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ទោះ​បី​ពួក​គេ​មាន​ការ​រុញ​រាជា​ច្រើន​ក្ដី។

២៣ឥឡូវ​នេះ ពួក​គេ​មាន​ចិត្ត​សោកសៅ ដោយ​បាន​លើក​អាវុធ​ប្រឆាំង​នឹង​ពួក​សាសន៍​លេមិន ព្រោះ​ពួក​គេ​ពុំ​ចូល​ចិត្ត​ក្នុង​ការ​ខ្ចាយ​ឈាម​សោះ មែន​ហើយ ហើយ​នេះ​មិនទាន់​អស់​នៅ​ឡើយ​ទេ — ពួក​គេ​មាន​ចិត្ត​សោកសៅ ដែល​បាន​ធ្វើ​ជា​មធ្យោបាយ​ទាំង​ឡាយ​នៃ​ការ​បញ្ជូន​បង​ប្អូន​គេ​ជា​ច្រើន​ឲ្យ​ចាក​ចេញ​ពី​លោក​នេះ ចូល​ទៅ​ឯ​លោក​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ពុំ​បាន​រៀបចំ​ដើម្បី​ទៅ​ជួប​ព្រះ​របស់​ពួក​គេ​ឡើយ។

២៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​អាច​ទ្រាំ​ប្ដូរ​ជីវិត​របស់​គេ ដើម្បី​ឲ្យ​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ ត្រូវ​ស្លាប់​រង្គាល​ដោយ​ភាព​ឃោរឃៅ​ព្រៃ​ផ្សៃ​របស់​ពួក​អ្នក​ដែល​ធ្លាប់​ជា​បង​ប្អូន​គេ​ពីមុន​នោះ​ឡើយ មែន​ហើយ ហើយ​បាន​បែក​ចេញ​ពី​សាសនា​ចក្រ​របស់​ពួក​គេ ហើយ​បាន​ចាក​ចោល​ពួក​គេ ហើយ​បាន​មក​បំផ្លាញ​ពួក​គេ ដោយ​ទៅ​រួបរួម​នឹង​ពួក​សាសន៍​លេមិន។

២៥មែន​ហើយ ពួក​គេ​មិន​អាច​ទ្រាំទ្រ​ឲ្យ​បង​ប្អូន​គេ អរ​រីករាយ​នឹង​ឈាម​នៃ​ពួក​សាសន៍​នីហ្វៃ​ឡើយ ដរាបណា​នៅ​មាន​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ព្រោះ​ពាក្យ​សន្យា​នៃ​ព្រះ​អម្ចាស់ គឺ​ថា​បើ​សិន​ជា​ពួក​គេ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ នោះ​ពួក​គេ​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី៕