ជំពូកទី ៥២
អាំម៉ូរ៉ុនបន្តរាជជាស្ដេចនៃពួកសាសន៍លេមិនពីអាម៉ាលិកាយ — មរ៉ូណៃ ទីអានគុម និងលីហៃ ដឹកនាំពួកសាសន៍នីហ្វៃនៅក្នុងសង្គ្រាមមួយដ៏ប្រកបដោយជោគជ័យប្រឆាំងនឹងពួកសាសន៍លេមិន — ទីក្រុងមូលេកត្រូវយកបានមកវិញ ហើយយ៉ាកុបជាសាសន៍សូរាំត្រូវស្លាប់។ ប្រមាណជាឆ្នាំ ៦៦–៦៤ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើង គឺនៅឆ្នាំទីម្ភៃប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ មើលចុះ កាលពួកលេមិនបានភ្ញាក់ឡើងនៅព្រឹកទីមួយនៃខែទីមួយ មើលចុះ ពួកគេបានឃើញថា អាម៉ាលិកាយសុគតនៅក្នុងត្រសាលផ្ទាល់របស់ទ្រង់ ហើយពួកគេក៏បានឃើញដែរថា ទីអានគុមបានប្រុងប្រៀបខ្លួនជាស្រេច ដើម្បីមកច្បាំងនឹងពួកគេក្នុងថ្ងៃនោះ។
២ហើយឥឡូវនេះ កាលពួកលេមិនបានឃើញយ៉ាងនេះ ពួកគេតក់ស្លុតជាខ្លាំង ហើយពួកគេបានបោះបង់ចោលគម្រោងការណ៍ក្នុងការលើកទ័ពទៅដែនដីទិសខាងជើង ហើយបានដកថយជាមួយនឹងកងទ័ពទាំងអស់របស់គេចូលទៅក្នុងទីក្រុងមូលេក ហើយបានស្វែងរកកិច្ចការពារនៅក្នុងបន្ទាយការពារទាំងឡាយរបស់គេវិញ។
៣ហើយហេតុការណ៍បានកើតឡើង គឺព្រះអនុជរបស់អាម៉ាលិកាយ ត្រូវបានតែងតាំងឡើងឲ្យធ្វើជាស្ដេចលើប្រជាជន ហើយទ្រង់មាននាមថា អាំម៉ូរ៉ុន ម្ល៉ោះហើយ ស្ដេចអាំម៉ូរ៉ុន គឺជាព្រះអនុជរបស់ស្ដេចអាម៉ាលិកាយ ត្រូវបានតែងតាំងឡើងឲ្យសោយរាជ្យជំនួសទ្រង់។
៤ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានបញ្ជាឲ្យទ័ពទ្រង់រក្សាទីក្រុងទាំងនោះ ដែលពួកគេយកបានដោយការខ្ចាយឈាម ត្បិតពួកគេពុំដែលយកបានទីក្រុងណា ដោយពួកគេពុំបានបាត់បង់ឈាមជាច្រើននោះឡើយ។
៥ហើយឥឡូវនេះ ទីអានគុមបានឃើញថា ពួកសាសន៍លេមិនតាំងចិត្តរក្សាទីក្រុងទាំងនោះ ដែលគេយកបាន និងផ្នែកទាំងឡាយនៃដែនដីដែលពួកគេយកបាន ហើយដោយបានឃើញដែរនូវចំនួនទ័ពរបស់ពួកគេដ៏ច្រើនក្រៃលែង ទើបទីអានគុមគិតថា ពុំមែនជាការចាំបាច់ ដែលលោកត្រូវខំវាយប្រហារពួកគេនៅក្នុងបន្ទាយរបស់គេទេ។
៦ប៉ុន្តែ លោកបានរក្សាទ័ពរបស់លោកនៅជុំវិញ ហាក់បីដូចរៀបចំធ្វើសង្គ្រាម មែនហើយ ហើយការពិត លោកកំពុងតែរៀបចំការពារខ្លួនទប់ទល់នឹងពួកគេ ដោយពូនជាជញ្ជាំងជុំវិញ ហើយរៀបចំទីកន្លែងលាក់ទ័ពទាំងឡាយ។
៧ហើយហេតុការណ៍បានកើតឡើងថា លោកបានបន្តការរៀបចំធ្វើសង្គ្រាមបែបដូច្នេះ រហូតដល់មរ៉ូណៃបានបញ្ជូនទ័ពមួយចំនួនធំមកបន្ថែមលើកម្លាំងកងទ័ពរបស់លោក។
៨ហើយមរ៉ូណៃបានផ្ញើបញ្ជាទាំងឡាយមកលោកថា លោកត្រូវរក្សាទុកអស់ទាំងឈ្លើយ ដែលបានធ្លាក់មកក្នុងកណ្ដាប់ដៃរបស់លោក ព្រោះពួកលេមិនបានចាប់មនុស្សយកទៅជាឈ្លើយក្នុងចំនួនច្រើន នោះលោកត្រូវរក្សាទុកអស់ទាំងឈ្លើយនៃពួកសាសន៍លេមិន ដើម្បីជាតម្លៃលោះ ពួកជនដែលត្រូវពួកលេមិនចាប់យកទៅ។
៩ហើយលោកបានផ្ញើបញ្ជាទាំងឡាយទៅលោកថា លោកត្រូវពង្រឹងដែនដីបរិបូរណ៍ ហើយរក្សាផ្លូវដ៏ចង្អៀត ដែលនាំទៅកាន់ដែនដីប៉ែកខាងជើង ខ្លាចក្រែងពួកសាសន៍លេមិន យកបានចំណុចនោះ ហើយមានអំណាចនឹងវាយរំខានពួកគេតាមគ្រប់ទិស។
១០ហើយមរ៉ូណៃក៏បានផ្ដាំមកលោកដែរ ដោយមានបំណងចង់ឲ្យលោកមានចិត្តស្មោះត្រង់ ក្នុងការរក្សាដែនដីមួយនេះ ហើយថា លោកត្រូវស្វែងរកគ្រប់ឱកាស ដើម្បីវាយពួកសាសន៍លេមិននៅភូមិនោះឲ្យច្រើនតាមកម្លាំងរបស់លោក ក្រែងលោកអាចយកបានមកវិញ ដោយឧបាយសឹក ឬមធ្យោបាយអ្វីផ្សេងទៀតនូវទីក្រុងទាំងឡាយ ដែលត្រូវពួកគេយកបានទៅ ហើយថា លោកក៏ត្រូវពង្រឹង និងបន្ថែមកម្លាំងដល់ទីក្រុងទាំងឡាយ ដែលនៅព័ទ្ធជុំវិញផង ដែលពុំទាន់ធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន។
១១ហើយលោកក៏បានប្រាប់មកលោកថា ខ្ញុំចង់មកជួបនឹងអ្នក ប៉ុន្តែមើលចុះ ពួកលេមិននៅខាងមុខពួកយើងក្នុងព្រំប្រទល់ដែនជិតសមុទ្រខាងលិច ហើយមើលចុះ ខ្ញុំទៅតតាំងនឹងពួកគេ ហេតុដូច្នេះហើយ ខ្ញុំមិនអាចមកជួបអ្នកបានទេ។
១២ឥឡូវនេះ ស្ដេច (អាំម៉ូរ៉ុន) បានចាកចេញពីដែនដីសារ៉ាហិមឡា ហើយបានប្រាប់ឲ្យអគ្គមហេសីស្ដេចជ្រាបអំពីការសុគតនៃព្រះជេដ្ឋារបស់ទ្រង់ ហើយបានប្រមូលមនុស្សមួយចំនួនធំ ហើយបានលើកទៅវាយទល់នឹងពួកសាសន៍នីហ្វៃនៅឯព្រំប្រទល់ជិតសមុទ្រខាងលិច។
១៣ម្ល៉ោះហើយ ទ្រង់បានខិតខំដើម្បីបង្ក្រាបពួកសាសន៍នីហ្វៃ និងដើម្បីដេញចេញនូវកងកម្លាំងរបស់គេមួយភាគពីភូមិនោះ នៅពេលដែលទ្រង់បានបញ្ជាដល់ពួកជនដែលទ្រង់បានដាក់ឲ្យនៅតាមទីក្រុងទាំងឡាយ ដែលទ្រង់យកបាននោះ គឺពួកគេក៏ត្រូវវាយបង្ក្រាបពួកសាសន៍នីហ្វៃនៅលើព្រំប្រទល់ទាំងឡាយជិតសមុទ្រខាងកើត ហើយត្រូវយកដែនដីពួកគេឲ្យបានច្រើនតាមកម្លាំងរបស់គេ ទៅតាមកម្លាំងរបស់ពលទ័ពគេ។
១៤ម្ល៉ោះហើយ ពួកនីហ្វៃស្ថិតនៅក្នុងកាលៈទេសៈទាំងឡាយប្រកបដោយគ្រោះថ្នាក់ គឺនៅចុងឆ្នាំទីម្ភៃប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
១៥ប៉ុន្តែមើលចុះ ហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីម្ភៃប្រាំពីរក្នុងរជ្ជកាលនៃពួកចៅក្រម គឺទីអានគុម តាមបញ្ជារបស់មរ៉ូណៃ — ដែលជាអ្នកបានបង្កើតពលទ័ព ដើម្បីការពារព្រំប្រទល់ខាងត្បូង និងខាងលិចរបស់ដែនដី ហើយបានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅឯដែនដីបរិបូរណ៍ ដើម្បីលោកអាចជួយទីអានគុម និងទ័ពរបស់លោកនៅក្នុងការដណ្ដើមយកទីក្រុងទាំងឡាយ ដែលគេបានបាត់បង់នោះមកវិញ —
១៦ហើយហេតុការណ៍បានកើតឡើងថា ទីអានគុមបានទទួលបញ្ជាទាំងឡាយ ឲ្យធ្វើការវាយប្រហារទៅលើទីក្រុងមូលេក ហើយយកវាមកវិញ ប្រសិនបើមានលទ្ធភាពធ្វើបាន។
១៧ហើយហេតុការណ៍បានកើតឡើងថា ទីអានគុមបានធ្វើការរៀបចំ ដើម្បីវាយប្រហារទីក្រុងមូលេក ហើយលើកទ័ពលោកទៅវាយពួកលេមិន ប៉ុន្តែលោកបានឃើញថា គ្មានលទ្ធភាពឲ្យលោកយកឈ្នះលើពួកគេបានឡើយ នៅពេលដែលពួកគេនៅក្នុងបន្ទាយការពារ របស់គេ ហេតុដូច្នេះហើយ លោកបានបោះបង់ចោលផែនការទាំងឡាយរបស់លោក ហើយបានត្រឡប់ទៅទីក្រុងបរិបូរណ៍វិញ ដើម្បីរង់ចាំមរ៉ូណៃមក ដើម្បីលោកអាចទទួលកម្លាំងដល់កងទ័ពលោក។
១៨ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃបានមកដល់ជាមួយនឹងកងទ័ពរបស់លោក នៅឯដែនដីបរិបូរណ៍ នៅចុងឆ្នាំទីម្ភៃប្រាំពីរ ក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
១៩ហើយនៅដើមឆ្នាំទីម្ភៃប្រាំបី នោះមរ៉ូណៃ និងទីអានគុម និងពួកមេទ័ពឯកជាច្រើន បានប្រជុំក្រុមប្រឹក្សាសង្គ្រាម — នូវអ្វីៗដែលពួកគេត្រូវធ្វើ ដើម្បីធ្វើឲ្យពួកលេមិនចេញមកច្បាំងនឹងពួកគេ ឬថា ពួកគេអាចប្រើមធ្យោបាយយ៉ាងណា ដើម្បីបញ្ជោរពួកគេឲ្យចេញមកពីតំបន់ការ ពារទាំងឡាយរបស់គេ ដើម្បីពួកគេអាចយកប្រៀបលើពួកនោះ ហើយយកទីក្រុងមូលេកវិញ។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាត់អ្នកសារទូតទាំងឡាយ ឲ្យទៅកន្លែងកងទ័ពសាសន៍លេមិន ដែលការពារទីក្រុងមូលេក ជួបនឹងមេដឹកនាំរបស់ពួកគេ ដែលមានឈ្មោះថា យ៉ាកុប ដោយមានបំណងចង់ឲ្យគាត់ចេញមកជាមួយនឹងពលទ័ពគាត់ ដើម្បីជួប នឹងពួកគេនៅលើទីវាលនៅចន្លោះទីក្រុងទាំងពីរ។ ប៉ុន្តែមើលចុះ យ៉ាកុបដែលជាសាសន៍សូរាំ មិនព្រមចេញមកជាមួយនឹងកងទ័ពរបស់គាត់ ដើម្បីជួបនឹងពួកគេនៅលើទីវាលឡើយ។
២១ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃគ្មានសេចក្ដីសង្ឃឹមថានឹងបានជួបពួកគេនៅលើទីដែលល្អទេ ហេតុដូច្នេះហើយ លោកបានសម្រេចចិត្តទៅលើផែនការមួយថា លោកនឹងបញ្ឆោតពួកលេមិនឲ្យចេញពីតំបន់ការពារទាំងឡាយរបស់គេ។
២២ហេតុដូច្នេះហើយ លោកបានបញ្ជាឲ្យទីអានគុម នាំយកទ័ពមួយចំនួនតូច ហើយដើរទៅជិតឆ្នេរសមុទ្រ រីឯមរ៉ូណៃ និងកងទ័ពលោក នៅពេលយប់បានដើរទៅក្នុងទីរហោស្ថាន នៅខាងលិចទីក្រុងមូលេក ម្ល៉ោះហើយ ដល់ស្អែកឡើង កាលពួកអ្នកយាមរបស់ពួកលេមិន បានឃើញទីអានគុម ពួកគេបានរត់ទៅប្រាប់ការណ៍នេះដល់យ៉ាកុប ជាមេដឹកនាំរបស់ខ្លួន។
២៣ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពសាសន៍លេមិន បានលើកទៅប្រយុទ្ធនឹងទីអានគុម ដោយសន្និដ្ឋានថា មកពីចំនួនទ័ពពួកគេ នោះពួកគេនឹងឈ្នះទីអានគុម ព្រោះលោកមានទ័ពតិច។ ហើយនៅពេលទីអានគុមបានឃើញពលទ័ពសាសន៍លេមិន ចេញមកតតាំងនឹងលោក នោះលោកបានចាប់ផ្ដើមដកថយទៅតាមឆ្នេរសមុទ្រនៅទិសខាងជើង។
២៤ហើយហេតុការណ៍បានកើតឡើងថា កាលពួកលេមិនបានឃើញថា លោកបានចាប់ផ្ដើមរត់គេច នោះពួកគេកើតចិត្តក្លាហានឡើង ហើយបានដេញតាមពួកគេដោយខ្លាំងក្លា។ ហើយកាលទីអានគុមកំពុងតែនាំពួកលេមិន ដែលដេញតាមពួកគេ ដោយឥតបានផលអ្វីសោះ មើលចុះ មរ៉ូណៃបានបញ្ជាឲ្យកងទ័ពលោកមួយភាគដែលនៅជាមួយនឹងលោក លើកចូលក្នុងទីក្រុង ហើយយកទីក្រុងនោះទៅ។
២៥ម្ល៉ោះហើយ ពួកគេបានធ្វើដូច្នោះ ហើយបានសម្លាប់អស់អ្នកដែលត្រូវទុកឲ្យនៅការពារទីក្រុងនោះ មែនហើយ គឺអស់អ្នកដែលមិនព្រមដាក់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមចុះចាញ់។
២៦ម្ល៉ោះហើយ មរ៉ូណៃយកបានទីក្រុងមូលេក ដោយប្រើកងទ័ពមួយរបស់លោក នៅពេលដែលលោកលើកទ័ពដែលនៅសល់ទាំងប៉ុន្មានទៅជួបប្រយុទ្ធនឹងពួកលេមិន នៅពេលដែលពួកគេត្រឡប់ពីដេញតាមទីអានគុមមកវិញ។
២៧ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានដេញតាមទីអានគុម រហូតដល់ពួកគេបានទៅជិតដល់ទីក្រុងបរិបូរណ៍ ហើយនៅពេលនោះ ពួកគេបានជួបនឹងលីហៃ និងកងទ័ពមួយតូចដែលត្រូវបានទុក ដើម្បីការពារទីក្រុងបរិបូរណ៍។
២៨ហើយឥឡូវនេះ មើលចុះ កាលពួកមេទ័ពឯករបស់ពួកលេមិន បានឃើញលីហៃ និងកងទ័ពរបស់លោក មកតតាំងនឹងពួកគេ នោះពួកគេបានរត់គេចដោយច្របូកច្របល់ជាខ្លាំង ខ្លាចក្រែងពួកគេមិនអាចទៅដល់ទីក្រុងមូលេកវិញ មុនពេលលីហៃវាយពួកគេឲ្យបរាជ័យ ព្រោះពួកគេនឿយហត់ ដោយព្រោះដំណើរទ័ពរបស់គេ ហើយទ័ពរបស់លីហៃនៅថ្មី។
២៩ឥឡូវនេះ ពួកលេមិន មិនបានដឹងថា មរ៉ូណៃនៅពីក្រោយពួកគេជាមួយនឹងកងទ័ពរបស់លោកទេ ហើយពួកគេគ្រាន់តែខ្លាចលីហៃ និងទ័ពរបស់លោកតែប៉ុណ្ណោះ។
៣០ឥឡូវនេះ លីហៃពុំមានបំណងចង់វាយទៅលើពួកគេ មុនពេលពួកគេជួបប្រយុទ្ធនឹងមរ៉ូណៃ និងកងទ័ពរបស់លោកនោះឡើយ។
៣១ហើយហេតុការណ៍បានកើតឡើងថា មុនពេលពួកលេមិនដកថយបានឆ្ងាយ នោះពួកគេត្រូវហ៊ុមព័ទ្ធ ដោយពួកនីហ្វៃ ដោយទ័ពរបស់មរ៉ូណៃនៅម្ខាង ហើយទ័ពរបស់លីហៃនៅម្ខាងទៀត ទ័ពអស់ទាំងនេះនៅថ្មី ហើយពោរពេញទៅដោយកម្លាំង តែពួកលេមិននឿយហត់ ដោយព្រោះដំណើរដ៏ឆ្ងាយរបស់គេ។
៣២ហើយមរ៉ូណៃបានបញ្ជាទ័ពរបស់លោកថា ត្រូវវាយប្រហារពួកគេ រហូតដល់ពួកគេប្រគល់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមចុះចាញ់។
៣៣ហើយហេតុការណ៍បានកើតឡើងថា យ៉ាកុប ដែលជាមេដឹកនាំរបស់ពួកគេ ជាសាសន៍សូរាំផង ហើយមានចិត្តមិនចុះចាញ់ វាបានដឹកនាំពួកលេមិនច្បាំងតទៅទៀតយ៉ាងខ្លាំងក្លាក្រៃលែង តទល់នឹងមរ៉ូណៃ។
៣៤ដោយមរ៉ូណៃនៅឃាំងផ្លូវពួកគេ ហេតុដូច្នេះហើយ យ៉ាកុបប្ដេជ្ញាថានឹងសម្លាប់ពួកគេ ហើយបើកផ្លូវទៅទីក្រុងមូលេកឲ្យបាន។ ប៉ុន្តែមើលចុះ មរ៉ូណៃ និងទ័ពរបស់លោកមានកម្លាំងជាង ហេតុដូច្នេះហើយ ពួកគេពុំបានបើកផ្លូវឲ្យពួកលេមិនឡើយ។
៣៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រយុទ្ធដោយដៃទាំងពីរ ដោយសេចក្ដីខ្លាំងក្លាហួសប្រមាណ ហើយមានមនុស្សជាច្រើនត្រូវស្លាប់ទាំងសងខាង មែនហើយ ហើយមរ៉ូណៃត្រូវរបួស ហើយយ៉ាកុបក៏ស្លាប់ទៅ។
៣៦ហើយលីហៃវាយសម្រុកពីខាងក្រោយពួកគេដោយភាពខ្លាំងក្លា ដោយកងពលដ៏ខ្លាំងពូកែរបស់លោក ធ្វើឲ្យពួកលេមិនដែលនៅខាងក្រោយ ដាក់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមចុះចាញ់ ហើយពួកវាដែលនៅសល់ទាំងប៉ុន្មាន ដោយមានការច្របូកច្របល់ជាខ្លាំង មិនដឹងថាត្រូវទៅ ឬត្រូវវាយទេ។
៣៧ឥឡូវនេះ មរ៉ូណៃ ដោយបានឃើញពួកវាមានការច្របូកច្របល់ ទើបលោកនិយាយទៅគេថា ៖ បើសិនជាអ្នករាល់គ្នាយកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់អ្នក ហើយទម្លាក់ចុះចាញ់ មើលចុះ យើងនឹងហាមមិនឲ្យកំចាយឈាមអ្នកទេ។
៣៨ហើយហេតុការណ៍បានកើតឡើងថា កាលពួកលេមិនបានឮពាក្យទាំងនេះហើយ នោះពួកមេទ័ពឯករបស់គេ អស់ទាំងជនដែលមិនបានស្លាប់នៅឡើយ បានចេញមក ហើយបានបោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេទៅក្បែរជើងរបស់មរ៉ូណៃ ហើយក៏បានបញ្ជាទៅ ទ័ពរបស់គេផងថា ពួកគេត្រូវធ្វើដូច្នោះដែរ។
៣៩ប៉ុន្តែមើលចុះ មានពួកគេច្រើននាក់មិនព្រមធ្វើឡើយ ហើយពួកអ្នកដែលពុំបានប្រគល់ដាវរបស់គេ ត្រូវចាប់ ហើយចង ហើយគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ត្រូវបានដកយកពីគេ ហើយពួកគេត្រូវបានបង្ខំឲ្យដើរជាមួយនឹងបងប្អូនគេទៅដែនដីបរិបូរណ៍។
៤០ហើយឥឡូវនេះ ចំនួនពួកឈ្លើយដែលត្រូវចាប់នោះ មានច្រើនជាងចំនួនពួកអ្នកដែលត្រូវស្លាប់ មែនហើយ ច្រើនជាងពួកអ្នកដែលត្រូវស្លាប់ទាំងសងខាង៕