ជំពូកទី ៥៥
មរ៉ូណៃមិនព្រមប្ដូរឈ្លើយ — ពួកអ្នកយាមសាសន៍លេមិនត្រូវបង្អកស្រាឲ្យស្រវឹង ហើយពួកឈ្លើយសាសន៍នីហ្វៃត្រូវបានដោះលែង — ទីក្រុងគីឌត្រូវយកបានដោយពុំមានការខ្ចាយឈាម។ ប្រមាណជាឆ្នាំ ៦៣–៦២ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបានទទួលសំបុត្រនេះហើយ នោះលោកកាន់តែខឹងខ្លាំងឡើង ព្រោះលោកបានដឹងថា អាំម៉ូរ៉ុនបានដឹងដ៏ឥតខ្ចោះនូវការបន្លំរបស់ទ្រង់ មែនហើយ លោកបានដឹងថា អាំម៉ូរ៉ុនបានដឹងថា គឺពុំមែនជាឧត្ដមគតិមួយដ៏ត្រឹមត្រូវទេ ដែលបានបណ្ដាលឲ្យទ្រង់បង្កសង្គ្រាមប្រឆាំងនឹងប្រជាជននីហ្វៃ។
២ហើយលោកបាននិយាយថា ៖ មើលចុះ ខ្ញុំនឹងមិនប្ដូរឈ្លើយជាមួយនឹងអាំម៉ូរ៉ុនទេ លើកលែងតែទ្រង់នឹងដកគោលបំណងរបស់ទ្រង់ ដូចខ្ញុំបាននិយាយនៅក្នុងសំបុត្ររបស់ខ្ញុំ ព្រោះខ្ញុំនឹងមិនអនុញ្ញាតឲ្យទ្រង់មានកម្លាំងច្រើនជាងកម្លាំង ដែលទ្រង់មានរួចហើយនោះទេ។
៣មើលចុះ ខ្ញុំស្គាល់កន្លែងដែលពួកសាសន៍លេមិនឃាំងប្រជាជនខ្ញុំទុក ដែលពួកវាបានចាប់យកទៅជាឈ្លើយ ហើយដូចជាអាំម៉ូរ៉ុន មិនយល់ព្រមតាមសេចក្ដីស្នើនៅក្នុងសំបុត្ររបស់ខ្ញុំទេ មើលចុះ ខ្ញុំនឹងឲ្យទ្រង់តាមពាក្យសម្ដីរបស់ខ្ញុំ មែនហើយ ខ្ញុំនឹងស្វែងរកសេចក្ដីស្លាប់ឲ្យពួកវា រហូតដល់ពួកគេសុំអង្វររកសន្តិភាព។
៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបាននិយាយពាក្យទាំងនេះហើយ នោះលោកបានចាត់ឲ្យស្វែងរកក្នុងចំណោមពលរបស់លោក ក្រែងលោកអាចរកបានបុរសម្នាក់ ដែលជាពូជលេមិននៅក្នុងចំណោមពួកគេ។
៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេរកបានម្នាក់ដែលមានឈ្មោះថា លេមិន ហើយគាត់ជាអ្នកបម្រើម្នាក់របស់ស្ដេច ដែលត្រូវធ្វើឃាតដោយអាម៉ាលិកាយ។
៦ឥឡូវនេះ មរ៉ូណៃបានបញ្ជាឲ្យលេមិន និងពលលោកមួយចំនួនតូចទៅរកពួកអ្នកដែលយាមពួកនីហ្វៃ។
៧ឥឡូវនេះ ពួកសាសន៍នីហ្វៃត្រូវបានឃាំងទុកនៅក្នុងទីក្រុងគីឌ ហេតុដូច្នេះហើយ មរ៉ូណៃបានចាត់លេមិន ហើយបានបញ្ជាឲ្យពួកពលមួយចំនួនតូចទៅជាមួយនឹងគាត់។
៨ហើយលុះដល់ពេលព្រលប់ នោះលេមិនបានទៅឯពួកអ្នកដែលយាមពួកនីហ្វៃ ហើយមើលចុះ ពួកគេបានឃើញគាត់មក ហើយពួកគេក៏ស្រែកហៅគាត់ ប៉ុន្តែគាត់បាននិយាយទៅគេថា ៖ ចូរកុំខ្លាចអី មើលចុះ ខ្ញុំជាសាសន៍លេមិនម្នាក់។ មើលចុះ យើងបានរត់រួចពីពួកសាសន៍នីហ្វៃ ហើយពួកគេដេកលក់ ហើយមើលចុះ ពួកយើងបានយកស្រាទំពាំងបាយជូររបស់គេ ហើយបានយកមកជាមួយយើងផង។
៩ឥឡូវនេះ កាលពួកលេមិនបានឮពាក្យទាំងនេះហើយ នោះពួកគេបានទទួលគាត់ដោយសេចក្ដីអំណរ ហើយពួកគេបាននិយាយទៅគាត់ថា ៖ ចូរឲ្យយើងនូវស្រាទំពាំងបាយជូររបស់អ្នកមក ដើម្បីយើងអាចបានផឹក យើងត្រេកអរដែលអ្នកបានយកស្រាទំពាំងបាយជូរមកជា មួយនឹងអ្នក ព្រោះយើងកំពុងតែនឿយហត់។
១០ប៉ុន្តែ លេមិនបាននិយាយទៅគេថា ៖ ចូរយើងទុកស្រាទំពាំងបាយជូររបស់យើង ទាល់តែយើងទៅច្បាំងនឹងពួកនីហ្វៃ។ ប៉ុន្តែការនិយាយនេះ គ្រាន់តែធ្វើឲ្យពួកគេចង់ផឹកស្រាទំពាំងបាយជូរកាន់តែខ្លាំងឡើង។
១១ព្រោះពួកគេបាននិយាយថា ៖ យើងកំពុងតែនឿយហត់ ហេតុដូច្នេះហើយ ចូរឲ្យយើងយកស្រាទំពាំងបាយជូរនេះចុះ ហើយនៅមិនយូរមិនឆាប់ យើងនឹងទទួលចំណែកបន្តិចម្ដងៗ ដែលនឹងធ្វើឲ្យយើងមានកម្លាំងដើម្បីទៅប្រឆាំងនឹងពួកនីហ្វៃ។
១២ហើយលេមិនបាននិយាយទៅពួកគេថា ៖ ពួកអ្នកអាចធ្វើតាមចំណង់អ្នកចុះ។
១៣ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានយកស្រាផឹកតាមទំនើងចិត្ត ហើយវាមានរសជាតិឆ្ងាញ់ ត្រូវនឹងចំណូលចិត្តរបស់គេ ហេតុដូច្នេះហើយ ពួកគេកាន់តែផឹកតាមទំនើងចិត្តច្រើនឡើង ហើយវាជាស្រាខ្លាំង ដោយត្រូវបានបិតឲ្យខ្លាំងដូច្នោះ។
១៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានផឹក ហើយបានអរសប្បាយ ហើយមិនយូរមិនឆាប់ ពួកគេក៏ស្រវឹងទាំងអស់គ្នាទៅ។
១៥ហើយឥឡូវនេះ កាលលេមិន និងពលរបស់គាត់បានឃើញថា ពួកគេស្រវឹងទាំងអស់គ្នាហើយ ហើយដេកលក់យ៉ាងស្កប់ នោះពួកគេក៏ត្រឡប់ទៅជួបនឹងមរ៉ូណៃវិញ ហើយបានជម្រាបលោកពីគ្រប់ការណ៍ទាំងអស់ ដែលបានកើតឡើង។
១៦ហើយឥឡូវនេះ នេះគឺស្របតាមផែនការរបស់មរ៉ូណៃ។ ហើយមរ៉ូណៃបានប្រុងប្រៀបទ័ពរបស់លោកឲ្យប្រដាប់ដោយគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាម ហើយលោកទៅទីក្រុងគីឌ នៅពេលដែលពួកលេមិនកំពុងតែដេកលក់ស្កប់ ហើយស្រវឹង ហើយបានបោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមទៅឲ្យពួកឈ្លើយ ដរាបដល់ពួកគេទាំងអស់គ្នាបានប្រដាប់ដោយអាវុធ។
១៧មែនហើយ គឺដល់ពួកស្ត្រីរបស់គេ និងពួកកូនក្មេងទាំងអស់របស់គេ គឺដល់អស់អ្នកណាដែលអាចប្រើគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមបាន ក្នុងកាលមរ៉ូណៃបានប្រដាប់អាវុធឲ្យពួកឈ្លើយទាំងអស់នោះ ហើយការណ៍អស់ទាំងនោះ ត្រូវបានធ្វើឡើងនៅក្នុងសភាពស្ងាត់ស្ងៀមជាខ្លាំង។
១៨ប៉ុន្តែ ប្រសិនជាពួកគេធ្វើឲ្យពួកលេមិនភ្ញាក់ មើលចុះ ពួកវាកំពុងតែស្រវឹង ហើយពួកនីហ្វៃច្បាស់ជាអាចសម្លាប់ពួកវាចោលបាន។
១៩ប៉ុន្តែមើលចុះ នេះពុំមែនជាបំណងរបស់មរ៉ូណៃទេ លោកពុំចូលចិត្តក្នុងការធ្វើឃាត ឬការខ្ចាយឈាមទេ តែលោកចូលចិត្តក្នុងការជួយសង្គ្រោះប្រជាជនរបស់លោកពីការបំផ្លិចបំផ្លាញវិញ ហើយដោយហេតុនេះ លោកពុំអាចនាំមកលើរូបលោកនូវការអយុត្តិធម៌ទេ លោកក៏ពុំអាចវាយប្រហារពួកលេមិន ហើយបំផ្លាញពួកវា នៅពេលពួកវាកំពុងតែស្រវឹងនោះទេ។
២០ប៉ុន្តែលោកបានបំពេញបំណងទាំងឡាយរបស់លោក ព្រោះលោកបានប្រដាប់អាវុធឲ្យពួកឈ្លើយសាសន៍នីហ្វៃទាំងនោះ ដែលនៅខាងក្នុងកំផែងនៃទីក្រុង ហើយបានប្រគល់ឲ្យគេនូវកម្លាំង ដើម្បីដណ្ដើមយកផ្នែកទាំងនោះ ដែលនៅខាងក្នុងកំផែងទាំងឡាយ។
២១ហើយបន្ទាប់មក លោកបានបញ្ជាឲ្យទ័ព ដែលនៅជាមួយលោក ឲ្យដកថយចេញពីពួកគេមួយជំហាន ហើយហ៊ុមព័ទ្ធពលទ័ពសាសន៍លេមិន។
២២ឥឡូវនេះ មើលចុះ ការណ៍នេះត្រូវបានធ្វើនៅពេលយប់ ដើម្បីនៅពេលពួកលេមិនភ្ញាក់ឡើង នៅពេលព្រឹក នោះពួកគេនឹងឃើញថា គេត្រូវបានឡោមព័ទ្ធដោយពួកនីហ្វៃនៅខាងក្រៅ ហើយពួកឈ្លើយរបស់គេ ប្រដាប់ដោយអាវុធនៅខាងក្នុង។
២៣ម្ល៉ោះហើយ ពួកគេបានឃើញថា ពួកនីហ្វៃមានអំណាចលើពួកគេ ហើយនៅក្នុងកាលៈទេសៈនេះ ទើបពួកគេបានឃើញថា ពួកគេមិនចាំបាច់ត្រូវប្រយុទ្ធនឹងពួកនីហ្វៃទេ ហេតុដូច្នេះហើយ ពួកមេទ័ពឯករបស់គេ បានដកយកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ហើយពួកគេបាននាំយកទៅបោះនៅក្បែរជើងរបស់ពួកនីហ្វៃ ដោយអង្វរសូមក្ដីមេត្តា។
២៤ឥឡូវនេះ មើលចុះ នេះគឺជាបំណងរបស់មរ៉ូណៃ។ លោកបានចាប់ពួកគេយកទៅជាឈ្លើយសឹក ហើយបានយកទីក្រុង ហើយបានបញ្ជាឲ្យដោះលែងឈ្លើយទាំងអស់ណាដែលជាសាសន៍នីហ្វៃ ហើយពួកគេបានចូលរួមកងទ័ពរបស់មរ៉ូណៃ ហើយជាកម្លាំងដ៏ធំមួយដល់កងទ័ពរបស់លោក។
២៥ហើយហេតុការណ៍បានកើតឡើងថា លោកបានបញ្ជាឲ្យពួកលេមិន ដែលលោកបានចាប់ធ្វើជាឈ្លើយនោះថា ពួកគេត្រូវចាប់ផ្ដើមធ្វើការពង្រឹងបន្ទាយការពារនៅជុំវិញទីក្រុងគីឌ។
២៦ហើយហេតុការណ៍បានកើតឡើងថា កាលលោកបានពង្រឹងទីក្រុងគីឌ ស្របតាមបំណងទាំងឡាយរបស់លោកហើយ នោះលោកបានបញ្ជាឲ្យនាំពួកឈ្លើយរបស់លោក ទៅទីក្រុងបរិបូរណ៍ ហើយលោកបានយាមទីក្រុងនោះ ដោយកងកម្លាំងមួយដ៏ខ្លាំងហួសប្រមាណ។
២៧ហើយហេតុការណ៍បានកើតឡើងថា ទោះជាមានអស់ទាំងកលល្បិចរបស់ពួកសាសន៍លេមិនក៏ដោយ គង់តែពួកគេបានរក្សា ហើយការពារអស់ទាំងពួកឈ្លើយ ដែលគេបានចាប់ដែរ ហើយបានរក្សាដីទាំងអស់ និងទ្រព្យដែលពួកគេយកបានមកវិញ។
២៨ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍នីហ្វៃបានចាប់ផ្ដើមមានជ័យជម្នះជាថ្មី ហើយយកបានមកវិញនូវសិទ្ធិទាំងឡាយរបស់គេ និងឯកសិទ្ធទាំងឡាយរបស់គេ។
២៩ពួកលេមិនបម្រុងនឹងព័ទ្ធជុំវិញពួកគេនៅពេលយប់ជាច្រើនលើក ប៉ុន្តែនៅក្នុងការប៉ុនប៉ងទាំងនេះ ពួកគេត្រូវបានបាត់បង់ទៅជាឈ្លើយជាច្រើន។
៣០ហើយពួកគេបានបម្រុងបង្អកស្រាទំពាំងបាយជូរដល់ពួកនីហ្វៃជាច្រើនលើក ក្រែងគេអាចបំផ្លាញពួកគេដោយថ្នាំបំពុល ឬដោយការស្រវឹងបាន។
៣១ប៉ុន្តែមើលចុះ សាសន៍នីហ្វៃពុំយឺតយូរ ក្នុងការចងចាំដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ក្នុងកាលមានទុក្ខវេទនារបស់ពួកគេនោះឡើយ។ ពួកគេពុំអាចជាប់ក្នុងអន្ទាក់របស់ពួកវាបានឡើយ មែនហើយ ពួកគេមិនផឹកស្រាទំពាំងបាយជូររបស់ពួកវាសោះ លើកលែងតែពួកគេឲ្យទៅពួកឈ្លើយសាសន៍លេមិនខ្លះផឹកមុន។
៣២ម្ល៉ោះហើយ ពួកគេបានប្រយ័ត្នប្រយែងខ្លួន ដើម្បីកុំឲ្យត្រូវថ្នាំបំពុលនៅក្នុងចំណោមគេ ព្រោះបើសិនជាស្រាទំពាំងបាយជូររបស់គេ ធ្វើឲ្យសាសន៍លេមិនម្នាក់ពុល វាក៏នឹងធ្វើឲ្យសាសន៍នីហ្វៃម្នាក់ពុលដែរ ម្ល៉ោះហើយ ពួកគេបានសាកល្បងស្រាទាំងអស់របស់គេ។
៣៣ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ជាការចាំបាច់ឲ្យមរ៉ូណៃធ្វើការរៀបចំ ដើម្បីវាយលុកទីក្រុងម៉ូរីអានតុន ត្បិតមើលចុះ ពួកលេមិនបានធ្វើការប្រឹងប្រែង ពង្រឹងទីក្រុងម៉ូរីអានតុន រហូតវាបានក្លាយទៅជាទីការពារមួយដ៏មាំក្រៃលែង។
៣៤ហើយពួកគេបាននាំកងកម្លាំងថ្មីៗទៅទីក្រុងនោះ ដោយមិនឈប់ឈរ ព្រមទាំងស្បៀងផ្គត់ផ្គង់ថ្មីៗផង។
៣៥ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ៕