ជំពូកទី ៥៩
មរ៉ូណៃសូមឲ្យពេហូរ៉ានបន្ថែមកម្លាំងទ័ពឲ្យហេលេមិន — ពួកលេមិនយកទីក្រុងនីហ្វៃហា — មរ៉ូណៃខឹងនឹងរដ្ឋាភិបាល។ ប្រមាណជាឆ្នាំ ៦២ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើង គឺនៅឆ្នាំទីសាមសិបក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ ក្រោយពីមរ៉ូណៃបានទទួល ហើយបានអានសំបុត្ររបស់ហេលេមិនហើយ នោះលោកមានសេចក្ដីអររីករាយជាខ្លាំងមកពីសុខុមាលភាព មែនហើយ និងជោគជ័យដ៏ធំ ដែលហេលេមិនបានទទួលនៅក្នុងការយកបានដែនដីទាំងឡាយ ដែលបាត់បង់ទៅ។
២មែនហើយ ហើយលោកបានប្រកាស ទៅប្រជាជនរបស់លោកទាំងអស់នៅគ្រប់ដែនដីព័ទ្ធជុំវិញ ដែលនៅក្នុងភូមិភាគដែលលោកនៅនោះឲ្យដឹងការណ៍នេះ ដើម្បីឲ្យពួកគេបានអររីករាយផង។
៣ហើយហេតុការណ៍បានកើតឡើងថា លោកបានផ្ញើសំបុត្រមួយច្បាប់ ទៅពេហូរ៉ានភ្លាម សូមឲ្យលោកបញ្ជាឲ្យប្រមូលទ័ពមក ដើម្បីបន្ថែមកម្លាំងឲ្យហេលេមិន ឬពលទ័ពរបស់ហេលេមិន ដើម្បីឲ្យលោកអាចថែរក្សាដោយងាយនូវភូមិនោះនៃដែនដី ដែលលោកយកបានមកវិញ ដោយអព្ភូតហេតុ។
៤ហើយហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបានផ្ញើសំបុត្ររបស់លោក ទៅដែនដីសារ៉ាហិមឡា នោះលោកចាប់ផ្ដើមរៀបចំផែនការមួយទៀត ដើម្បីលោកអាចយកទ្រព្យសម្បត្តិ និងទីក្រុងដែលនៅសល់ទាំងប៉ុន្មាន ដែលពួកលេមិនបានយកពីពួកគេទៅ។
៥ហើយហេតុការណ៍បានកើតឡើងថា នៅពេលមរ៉ូណៃកំពុងតែធ្វើការរៀបចំយ៉ាងនេះ ដើម្បីទៅច្បាំងនឹងពួកលេមិន មើលចុះ ប្រជាជននីហ្វៃហា ដែលត្រូវបានប្រមូលមកពីទីក្រុងមរ៉ូណៃ និងទីក្រុងលីហៃ និងក្រុងម៉ូរីអានតុន ត្រូវវាយប្រហារចោលដោយពួកលេមិន។
៦មែនហើយ ព្រមទាំងពួកដែលត្រូវបានបង្ខំឲ្យរត់ចេញពីដែនដីម៉ាន់តៃ និងពីដែនដីព័ទ្ធជុំវិញនោះ បានមក ហើយបានរួមកម្លាំងនឹងពួកលេមិននៅក្នុងភូមិនៃដែនដីនេះ។
៧ម្ល៉ោះហើយ គេមានចំនួនច្រើនដ៏ឥតគណនា មែនហើយ ដោយបានទទួលកម្លាំងជារៀងរាល់ថ្ងៃតាមបញ្ជារបស់អាំម៉ូរ៉ុន នោះពួកគេបានចេញមកប្រឆាំងនឹងប្រជាជននីហ្វៃហា ហើយពួកគេបានចាប់ផ្ដើមសម្លាប់គេ ដោយការកាប់សម្លាប់ដ៏ធំអស្ចារ្យ។
៨ហើយពលទ័ពរបស់គេមានចំនួនច្រើនដ៏ឥតគណនា រហូតដល់ធ្វើឲ្យប្រជាជននីហ្វៃហា ដែលនៅទាំងប៉ុន្មានត្រូវបង្ខំឲ្យរត់ចេញពីគេ ហើយពួកគេបានមក ហើយបានចូលរួមនឹងកងទ័ពរបស់មរ៉ូណៃ។
៩ហើយឥឡូវនេះ ដោយមរ៉ូណៃបានសន្និដ្ឋានថា ត្រូវបញ្ជូនទ័ពទៅទីក្រុងនីហ្វៃហា ដើម្បីជួយប្រជាជនរក្សាទីក្រុងនោះ ហើយដឹងថា ជាការងាយក្នុងការរក្សាកុំឲ្យទីក្រុងនោះធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន ជាងវាយយកវាពីពួកគេមកវិញ លោកបានសន្និដ្ឋានថា ពួកគេនឹងរក្សាទីក្រុងនោះបានដោយងាយ។
១០ហេតុដូច្នោះហើយ លោកបានរក្សាកងកម្លាំងរបស់លោកទាំងអស់ទុក ដើម្បីរក្សាកន្លែងទាំងនោះ ដែលលោកយកបានមកវិញ។
១១ហើយឥឡូវនេះ កាលមរ៉ូណៃបានឃើញថា ទីក្រុងនីហ្វៃហាត្រូវបាត់បង់ទៅ នោះលោកមានសេចក្ដីសោកសៅជាខ្លាំង ហើយបានចាប់ផ្ដើមសង្ស័យថា មកពីសេចក្ដីទុច្ចរិតរបស់ប្រជាជន ទើបពួកគេត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃបងប្អូនគេ។
១២ឥឡូវនេះ នេះគឺជាករណីនៃអស់ទាំងពួកមេទ័ពឯករបស់លោក។ ពួកគេក៏សង្ស័យ ហើយងឿងឆ្ងល់ដែរថា មកពីសេចក្ដីទុច្ចរិតរបស់ប្រជាជន ហើយនេះគឺដោយព្រោះជ័យជម្នះរបស់ពួកលេមិនមកលើពួកគេ។
១៣ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃក៏ខឹងនឹងរដ្ឋាភិបាល ដោយសារការមិនអើពើរបស់គេចំពោះសេរីភាពនៃដែនដីរបស់ខ្លួន៕