ព្រះគម្ពីរ
អាលម៉ា 63


ជំពូក​ទី ៦៣

ស៊ិបឡុន ហើយ​ក្រោយ​មក ហេលេមិន យក​បញ្ជី​ពិសិដ្ឋ​ទាំង​ឡាយ — ពួក​សាសន៍​នីហ្វៃ​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​ដែនដី​ដែល​នៅ​ទិស​ខាង​ជើង — ហាកូត​សង់​សំពៅ​ទាំង​ឡាយ ដែល​បើក​នៅ​ក្នុង​សមុទ្រ​ខាង​លិច — មរ៉ូណៃហា​ធ្វើ​ឲ្យ​ពួក​លេមិន​បរាជ័យ​នៅ​ក្នុង​ចម្បាំង។ ប្រមាណ​ជា​ឆ្នាំ​៥៦–៥២ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​សាមសិប​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ នោះ​ស៊ិបឡុន បាន​ទទួល​យក​បញ្ជី​ពិសិដ្ឋ​ទាំង​ឡាយ ដែល​អាលម៉ា​បាន​ប្រគល់​ទៅ​ឲ្យ​ហេលេមិន​នោះ។

ហើយ​លោក​គឺជា​មនុស្ស​សុចរិត​ម្នាក់ ហើយ​លោក​បាន​ដើរ​ដោយ​ត្រង់​នៅ​ចំពោះ​ព្រះ ហើយ​លោក​បាន​ប្រតិបត្តិ​តាម​ការ​ធ្វើ​ល្អ​រហូត ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​លោក ហើយ​ប្អូន​លោក​ក៏​ដូច្នោះ​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​ស្លាប់​ទៅ​ដែរ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នោះ​មាន​មនុស្ស​មួយ​ក្រុម​ធំ គឺ​មាន​ចំនួន​ដល់​ទៅ​ប្រាំ​ពាន់​បួន​រយ​នាក់​ជាមួយ​នឹង​ប្រពន្ធ និង​កូន​ចៅ​គេ​ផង បាន​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​ទៅ​កាន់​ដែនដី​ដែល​នៅ​ទិស​ខាង​ជើង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហាកូត លោក​ជា​មនុស្ស​ដែល​ចង់​ចេះ​ចង់​ដឹង​ជា​ខ្លាំង ហេតុ​ដូច្នេះ​ហើយ លោក​បាន​ចេញ​ទៅ ហើយ​បាន​សង់​សំពៅ​មួយ​ដ៏​ធំ​អស្ចារ្យ​នៅ​ត្រង់​ព្រំប្រទល់​នៃ​ដែនដី​បរិបូរណ៍ នៅ​ជិត​ដែនដី​ចោល​ស្ងាត់ ហើយ​បាន​ដាក់​វា​ចុះ​ទៅ​ក្នុង​សមុទ្រ​ខាង​លិច នៅ​ជិត​ចន្លោះ​តូច ដែល​នាំ​ទៅ​កាន់​ដែនដី​ទិស​ខាង​ជើង។

ហើយ​មើល​ចុះ មាន​សាសន៍​នីហ្វៃ​ជា​ច្រើន ដែល​បាន​ចូល​ទៅ​ក្នុង​នោះ ហើយ​បាន​បើក​ទៅ​ដោយ​មាន​ស្បៀង​ជា​ច្រើន ហើយ​មាន​ពួក​ស្ត្រី និង​កូន​ក្មេង​ជា​ច្រើន​ផង ហើយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ឯ​ទិស​ខាង​ជើង។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ​ទៅ។

ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​សាមសិប​ប្រាំបី បុរស​នេះ​បាន​សង់​សំពៅ​ឯ​ទៀត​ទាំង​ឡាយ ហើយ​សំពៅ​ទី​មួយ​បាន​ត្រឡប់​មក​វិញ​ផង ហើយ​មនុស្ស​ជា​ច្រើន​ទៀត​បាន​ចូល​ទៅ​ក្នុង​នោះ ហើយ​ពួក​គេ​ក៏​បាន​យក​ស្បៀង​ជា​ច្រើន​ផង ហើយ​បើក​ចេញ​ទៅ​ជា​ថ្មី ទៅ​កាន់​ដែនដី​ទិស​ខាង​ជើង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពុំ​ដែល​ឮ​ដំណឹង​ពី​ពួក​នោះ​ទៀត​ឡើយ។ ហើយ​យើង​បាន​សន្និដ្ឋាន​ថា ពួក​គេ​ត្រូវ​លិចលង់​នៅ​ក្នុង​ជម្រៅ​នៃ​សមុទ្រ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំពៅ​មួយ​ផ្សេង​ទៀត​ក៏​បាន​បើក​ចេញ​ទៅ​ដែរ ហើយ​វា​ទៅ​ទីណា នោះ​យើង​មិន​ដឹង​ទេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ចេញ​ទៅ​ដែនដី​នៅ​ទិស​ខាង​ជើង។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​ប្រាំបី​ទៅ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នោះ​ស៊ិបឡុន​ក៏​បាន​ស្លាប់​ទៅ​ដែរ ហើយ​កូរីអានតុន​បាន​ចេញ​ទៅ​ដែនដី​នៅ​ទិស​ខាង​ជើង​តាម​សំពៅ​មួយ ដើម្បី​យក​ស្បៀង​ទៅ​ឲ្យ​ប្រជាជន​ដែល​បាន​ទៅ​ដែនដី​នោះ។

១១ហេតុ​ដូច្នេះ​ហើយ វា​ក្លាយ​ទៅ​ជា​ការ​ចាំ​បាច់​ដល់​ស៊ិបឡុន​ថា ត្រូវ​ប្រគល់​វត្ថុ​ពិសិដ្ឋ​ទាំង​នោះ​នៅ​មុន​ពេល​លោក​ស្លាប់​ទៅ​ឲ្យ​កូន​ប្រុស​របស់​ហេលេមិន ដែល​ហៅ​ថា ហេលេមិន ដោយ​បាន​ហៅ​តាម​ឈ្មោះ​ឪពុក​លោក។

១២ឥឡូវ​នេះ មើល​ចុះ ចម្លាក់​ទាំង​អស់​នោះ ដែល​នៅ​ក្នុង​ការ​ថែរក្សា​របស់​ហេលេមិន ត្រូវ​បាន​ចម្លង ហើយ​ផ្សព្វផ្សាយ​ទៅ​ក្នុង​ចំណោម​ពួក​កូន​ចៅ​មនុស្ស​ទូ​ទៅ​អស់​ទាំង​ដែនដី លើក​លែងតែផ្នែក​ទាំង​ឡាយ ដែល​ត្រូវ​បាន​បញ្ជា​ដោយ​អាលម៉ា​ថា មិន​ត្រូវ​ផ្សាយ។

១៣ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​វត្ថុ​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុកជា​ពិសិដ្ឋ ហើយ​បន្ត​ពី​តំណ​មួយ​ទៅ​តំណ​មួយ ហេតុដូច្នេះ​ហើយ នៅ​ក្នុង​ឆ្នាំ​នេះ វា​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ហេលេមិន មុន​ពេល​ស៊ិបឡុន​ស្លាប់​ទៅ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​នេះ ក៏​មាន​ពួក​អ្នក​បែក​ចេញ​ខ្លះ បាន​ចូល​ទៅ​ខាង​ពួក​សាសន៍​លេមិន​ផង ហើយ​ពួក​វា​ត្រូវ​បាន​ចាក់​រុក​ជា​ថ្មី​ឲ្យ​ខឹង​នឹង​ពួក​សាសន៍​នីហ្វៃ។

១៥ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ ពួក​គេ​បាន​យក​កងទ័ព​ដ៏​ច្រើន ចុះ​មក​ប្រឆាំង​នឹង​ប្រជាជន​មរ៉ូណៃហា ឬ​ប្រឆាំង​នឹង​កងទ័ព​របស់​មរ៉ូណៃហា​នៅ​ក្នុង​សង្គ្រាម​នោះ ពួក​គេ​ត្រូវ​បាន​វាយ ហើយ​ត្រូវ​បាន​រុញច្រាន​ថយ​ក្រោយ​វិញ​ទៅ​ដល់​ដែនដី​ទាំង​ឡាយ​របស់​ពួក​គេ​ផ្ទាល់ ដោយ​រង​នូវ​ការ​ខូចខាត​ដ៏​ធំ។

១៦ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

១៧ម្ល៉ោះ​ហើយ ក៏​ចប់​នូវ​ការ​រៀប​រាប់​របស់​អាលម៉ា និង​ហេលេមិន ជា​កូន​ប្រុស​របស់​លោក និង​ស៊ិបឡុន​ផង ដែល​ជា​កូន​ប្រុស​របស់​លោក៕ :៚