ព្រះគម្ពីរ
អេធើរ 10


ជំពូក​ទី ១០

ស្ដេច​មួយ​ត​ពី​ស្ដេច​មួយ​ទៀត — ស្ដេច​ខ្លះ​សុចរិត ខ្លះ​ទៀត​ទុច្ចរិត — កាលណា​មាន​សេចក្ដី​សុចរិត នោះ​ប្រជាជន​បាន​ពរ ហើយ​ចម្រើន​ឡើង ដោយ​សារ​ព្រះ​អម្ចាស់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សែស ដែល​ជា​ពូជ​ពង្ស​របស់​ហេត — ត្បិត ហេត​បាន​សុគត​ដោយ​អំណត់ ព្រម​ទាំង​រាជ​វង្សានុវង្ស​របស់​ទ្រង់​ទាំង​អស់ លើក​លែងតែ សែស — ហេតុ​ដូច្នោះ​ហើយ សែស បាន​ចាប់​ផ្ដើម​កសាង​ឡើង​វិញ​នូវ​ប្រជាជន​មួយ​ដែល​ត្រូវ​បាក់​បែក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សែស​បាន​ចងចាំ​ពី​ការ​បំផ្លិចបំផ្លាញ​ដល់​ពួក​អយ្យកោ​របស់​ទ្រង់ ហើយ​ទ្រង់​បាន​កសាង​ឡើង​នូវ​នគរ​មួយ​ដ៏​សុចរិត ត្បិត​ទ្រង់​បាន​ចងចាំ​ពី​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ក្នុង​ការ​នាំ​យ៉ារេឌ និង​បងប្រុស​របស់​លោក​ឆ្លងកាត់​ទី​ជម្រៅ ហើយ​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ទាំង​ឡាយ។

ហើយ​បុត្រ​ច្បង​របស់​ទ្រង់ ដែល​មាន​នាម​ថា សែស បាន​បះបោរ​ប្រឆាំង​ទ្រង់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ សែស ត្រូវ​បាន​វាយ​ដោយ​ដៃ​នៃ​ចោរ​ម្នាក់ ដោយ​ព្រោះ​ទ្រង់​មាន​ទ្រព្យ​ច្រើន​លើសលប់ ដែល​បាន​នាំ​សន្តិ​ភាព​មក​ឲ្យ​បិតា​ខ្លួន​វិញ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បិតាទ្រង់​បាន​ស្ថាបនា​ទី​ក្រុង​ជា​ច្រើន​នៅ​លើ​ផ្ទៃ​ដែនដី ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​ជា​ថ្មី រាលដាល​ពាស​ពេញ​លើ​ផ្ទៃ​ដែនដី។ ហើយ​សែស​បាន​រស់នៅ​រហូត​ដល់​មាន​ព្រះ​ជន្មាយុ​ចាស់​ខ្លាំង ហើយ​ទ្រង់​បង្កើត​បាន​រីពឡាគិស។ ហើយ​ទ្រង់​ក៏​សុគត​ទៅ ហើយ​រីពឡាគិស​បាន​សោយរាជ្យ​ជំនួស​ទ្រង់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា រីពឡាគិស​ពុំ​បាន​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់​ទេ ត្បិត​ទ្រង់​មាន​ភរិយា និង​ស្នំ​ជា​ច្រើន ហើយ​បាន​បំពាក់​ទៅ​លើ​ស្មា​របស់​មនុស្ស​នូវ​អ្វី​ដែល​ពិបាក​នឹង​ទ្រាំទ្រ​បាន មែន​ហើយ ទ្រង់​បាន​យកពន្ធ​ពួក​គេ​ជា​ទម្ងន់ ហើយ​ពន្ធ​ទាំង​នេះ ទ្រង់​បាន​យក​ទៅ​ស្ថាបនា​អគារ​ដ៏​ធំ​ទូលាយ​ជា​ច្រើន។

ហើយ​ទ្រង់​បាន​ស្ថាបនា​ឡើង​សម្រាប់​ខ្លួន​ទ្រង់​នូវ​បល្ល័ង្ក​មួយ​ដ៏​សែន​ល្អ ហើយ​ទ្រង់​បាន​សង់​គុក​ជា​ច្រើន ហើយ​អស់​អ្នក​ណា​ដែល​មិន​ព្រម​បង់ពន្ធ នោះ​ទ្រង់​ដាក់​ទៅ​ក្នុង​គុក ហើយ​អស់​អ្នក​ណា​ដែល​មិន​អាច​បង់ពន្ធ នោះ​ទ្រង់​ដាក់​ទៅ​ក្នុង​គុក ហើយ​ទ្រង់​បាន​ឲ្យ​ពួក​គេ​ធ្វើ​ការ​មិន​ឈប់​ឈរ​សោះ ប្រយោជន៍​បាន​ការ​ទ្រ​ទ្រង់​ពី​ពួក​គេ ហើយ​អស់​អ្នក​ណា​ដែល​ប្រកែក​មិន​ព្រម​ធ្វើ​ការ នោះ​ទ្រង់​បាន​បញ្ជា​ឲ្យ​យក​ទៅ​សម្លាប់​ចោល។

ហេតុ​ដូច្នោះ​ហើយ ទ្រង់​យក​បាន​អស់​ទាំង​ស្នាដៃ​ដ៏​ល្អ​វិចិត្រ មែន​ហើយ ទាំង​មាស​សុទ្ធ​របស់​ទ្រង់ ក៏​ទ្រង់​បាន​ឲ្យ​ចម្រាញ់​នៅ​ក្នុង​គុក​ដែរ ហើយ​ស្នាដៃ​ដ៏​ល្អ​គ្រប់​យ៉ាង ក៏​ទ្រង់​បាន​ចាត់​ឲ្យ​ធ្វើ​នៅ​ក្នុង​គុក ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រជាជន​កើតទុក្ខ វេទនា ដោយ​សារ​អំពើ​សហាយស្មន់ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ទ្រង់។

ហើយ​កាល​ទ្រង់​បាន​សោយរាជ្យ​អស់​រយៈ​ពេល​សែសិប​ពីរ​ឆ្នាំ នោះ​ប្រជាជន​បាន​បះបោរ​ឡើង​ប្រឆាំង​នឹង​ទ្រង់ ហើយ​ក៏​ចាប់​ផ្ដើម​មាន​សង្គ្រាម​ជា​ថ្មី​នៅ​លើ​ដែនដី ដរាប​ដល់​រីពឡាគិស​ត្រូវ​សុគត​ទៅ ហើយ​ពួក​បុត្រា​បុត្រី​របស់​ទ្រង់ ត្រូវ​បាន​ដេញ​ឲ្យ​ចេញ​ពី​ដែនដី។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ក្រោយ​ពី​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក នោះ​ម៉ូរីអានតុន (លោក​ជា​ពូជ​ពង្ស​របស់​រីពឡាគិស) ប្រមូល​បាន​កងទ័ព​មួយ​ពី​ពួក​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ហើយ​បាន​លើក​ទៅ​ច្បាំង​នឹង​ប្រជាជន ហើយ​លោក​បាន​អំណាច​លើ​ទី​ក្រុង​ជា​ច្រើន ហើយ​សង្គ្រាម​នោះ បាន​ក្លាយ​ជា​សាហាវ​ក្រៃលែង ហើយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ លោក​បាន​អំណាច​លើ​អស់​ទាំង​ដែនដី ហើយ​បាន​តាំង​ខ្លួន​ជា​ស្ដេច​លើ​អស់​ទាំង​ដែនដី។

១០ហើយ​បន្ទាប់​ពី​លោក​បាន​តាំង​ខ្លួន​ឡើងធ្វើ​ជា​ស្ដេច នោះ​ទ្រង់​បាន​សម្រាល​បន្ទុក​របស់​ប្រជាជន ដោយ​ហេតុ​នេះ​ហើយ ទ្រង់​បាន​ទទួល​ការ​ប្រោសប្រណី​នៅ​ក្នុង​ភ្នែក​នៃ​ប្រជាជន ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ។

១១ហើយ​ទ្រង់​បាន​អនុវត្ត​សេចក្ដី​យុត្តិធម៌​ដល់​ប្រជាជន ប៉ុន្តែ​ពុំ​មែន​សម្រាប់​ខ្លួន​ទ្រង់​ទេ ហើយ​មក​ពី​អំពើ​សហាយស្មន់​ជា​ច្រើន​របស់​ទ្រង់ ហេតុ​ដូច្នោះ​ហើយ ទ្រង់​ត្រូវ​បាន​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូរីអានតុន​បាន​ស្ថាបនា​ទី​ក្រុង​ជា​ច្រើន ហើយ​ប្រជាជន​បាន​ក្លាយ​ទៅ​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​បំផុត​នៅ​ក្រោម​រាជ្យ​របស់​ទ្រង់ ទាំង​ខាង​អគារ និង​ខាង​មាស និង​ប្រាក់ និង​ខាង​ការ​ដាំ​ធញ្ញជាតិ និង​ចិញ្ចឹម​ហ្វូង​ចៀម និង​ហ្វូង​សត្វ និង​អ្វីៗ​ដែល​ត្រូវ​បាន​ឲ្យ​មក​ពួក​គេ​វិញ។

១៣ហើយ​ម៉ូរីអានតុន បាន​រស់នៅ​ដល់​ព្រះ​ជន្មាយុ​ដ៏​ចាស់​ណាស់ ហើយ​បន្ទាប់​មក ទ្រង់​បង្កើត​បាន​គិម ហើយ​គិម​បាន​សោយរាជ្យ​ជំនួស​បិតា​ទ្រង់ ហើយ​ទ្រង់​បាន​សោយរាជ្យ​ប្រាំបី​ឆ្នាំ ហើយ​បិតា​ទ្រង់​ក៏​សុគត​ទៅ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គិម មិន​បាន​សោយរាជ្យ​ក្នុង​សេចក្ដី​សុចរិត​ទេ ហេតុ​ដូច្នោះ​ហើយ ទ្រង់​ពុំ​បាន​ទទួល​ការ​ប្រោសប្រណី​ពី​ព្រះ​អម្ចាស់​ឡើយ។

១៤ហើយ​ព្រះ​អនុជ​របស់​ទ្រង់​បាន​បះបោរ​ប្រឆាំង​នឹង​ទ្រង់ ដោយ​ហេតុ​នេះ បាន​នាំ​ទ្រង់​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង ហើយ​ទ្រង់​បាន​នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​អស់​មួយ​ជីវិត​ទ្រង់ ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ទាំង​ឡាយ​នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង ហើយ​នៅ​ក្នុង​វ័យ​ចាស់​របស់​ទ្រង់ នោះ​ទ្រង់​បង្កើត​បាន​លេវី ហើយ​ទ្រង់​ក៏​សុគត​ទៅ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ការ​សុគត​របស់​បិតា​ខ្លួន នោះ​លេវី​បាន​បម្រើ​នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​អស់​រយៈ​ពេល​សែសិប​ពីរ​ឆ្នាំ។ ហើយទ្រង់​បាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ស្ដេច​របស់​ដែនដី ដោយ​ហេតុ​នេះ ទ្រង់​យក​បាន​នគរ​មក​វិញ។

១៦ហើយ​បន្ទាប់​ពី​ទ្រង់​យក​បាន​នគរ​មក​វិញ​ហើយ នោះ​ទ្រង់​បាន​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ ហើយ​ប្រជាជន​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ហើយ​ទ្រង់​មាន​ព្រះ​ជន្មាយុ​រស់នៅ​ដល់​វ័យ​ចាស់ ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ទាំង​ឡាយ ហើយ​ទ្រង់​បង្កើត​បាន​កូរ៉ុម ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​ទ្រង់។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូរ៉ុម​បាន​ធ្វើ​នូវ​អ្វី​ដែល​ល្អ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​ទ្រង់ ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន ហើយ​បន្ទាប់​ពី​ទ្រង់​បាន​រស់នៅ​ជា​យូរអង្វែង នោះ​ទ្រង់​ក៏​សុគត​ទៅ ដូច​អ្នក​ឯ​ទៀត​នៅ​លើ​ផែនដី​ដែរ ហើយ​គីស​បាន​សោយរាជ្យ​ជំនួស​ទ្រង់។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គីស បាន​សុគត​ទៅ​ដែរ ហើយ លិប សោយរាជ្យ​ជំនួស​ទ្រង់។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លិប ក៏​បាន​ធ្វើ​នូវ​អ្វី​ដែល​ល្អ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់​ដែរ។ ហើយ​នៅ​ក្នុង​សម័យ លិប នោះ​សត្វ​ពស់​អ​សិរ​ពិស​ទាំង​ឡាយ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់​ទៅ។ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​បាន​ទៅ​ឯ​ដែនដី​នៅ​ទិស​ខាង​ត្បូង ដើម្បី​រក​អាហារ​សម្រាប់​ប្រជាជន​នៅ​លើ​ដែនដី ត្បិត​ដែនដី​នោះ​ពោរ​ពេញ​ទៅ​ដោយ​សត្វ​ព្រៃ។ ហើយ​រីឯ លិប ផ្ទាល់ ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​បរបាញ់​ដ៏​ជំនាញ​ម្នាក់​ដែរ។

២០ហើយ​ពួក​គេ​បាន​ស្ថាបនា​ទី​ក្រុង​មួយ​ដ៏​ធំ នៅ​ជិត​ចន្លោះ​តូច​មួយ​នៃ​ដែនដី នៅ​កន្លែង​ដែល​សមុទ្រ​ចែក​ដែនដី​នោះ។

២១ហើយ​ពួក​គេ​បាន​ទុក​ដី​ផ្នែក​ខាង​ត្បូង​ជាទី​រហោស្ថាន​សម្រាប់​បរបាញ់​សត្វ។ ហើយ​ផ្ទៃ​ដែនដី​ភាគ​ខាង​ជើងទាំង​មូល ពោរ​ពេញ​ទៅ​ដោយ​បណ្ដាជន។

២២ហើយ​ពួក​គេ​ឧស្សាហ៍​ជា​ខ្លាំង ហើយ​ពួក​គេ​ទិញ និង​លក់ និង​ជួញ​ដូរ​ជាមួយ​គ្នា ដើម្បី​រក​កម្រៃ។

២៣ហើយ​ពួក​គេ​បាន​ធ្វើ​ការ​រក​ជាតិ​រ៉ែ​គ្រប់​យ៉ាង ហើយ​ពួក​គេ​បាន​ធ្វើ​មាស និង​ប្រាក់ និង​ដែក និង​លង្ហិន និង​លោហធាតុ​គ្រប់​បែប​យ៉ាង ហើយ​ពួក​គេ​បាន​ជីក​យក​វា​ចេញ​ពី​ដី ហេតុ​ដូច្នោះ​ហើយ ពួក​គេ​បាន​គរ​ដីជា​គំនរ​ធំៗ ដើម្បី​រក​រ៉ែ រក​មាស និង​ប្រាក់ និង​ដែក និង​ស្ពាន់។ ហើយ​ពួក​គេ​បាន​ធ្វើ​វត្ថុ​ដ៏​ល្អ​គ្រប់​បែប​យ៉ាង។

២៤ហើយ​ពួក​គេ​មាន​សូត្រ​ព្រែ និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត​ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ពួក​គេ​បាន​ត្បាញ​សំពត់​គ្រប់​បែប​យ៉ាង ដើម្បី​ពួក​គេ​អាច​ស្លៀក​បិទបាំង​ខ្លួន​ពី​ភាព​អាក្រាត។

២៥ហើយ​ពួក​គេ​បាន​ធ្វើ​គ្រឿង​ឧបករណ៍​គ្រប់​បែប​យ៉ាង ដើម្បី​កាប់​គាស់​ដី គឺ​ភ្ជួរ និង​សាប​ព្រោះ ច្រូតកាត់ និង​បោក​ផង។

២៦ហើយ​ពួក​គេ​បាន​ធ្វើ​គ្រឿង​ឧបករណ៍​គ្រប់​បែប​យ៉ាង ដែល​គេ​ប្រើ​សម្រាប់​ឃ្វាល​សត្វ​របស់​គេ។

២៧ហើយ​ពួក​គេ​បាន​ធ្វើ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​គ្រប់​បែប​យ៉ាង។ ហើយ​ពួក​គេ​បាន​ធ្វើ​វត្ថុ​ដ៏​ចម្លែក​គ្រប់​បែប​យ៉ាង។

២៨ហើយ​គ្មាន​ប្រជាជន​ណា ដែល​មាន​ពរ​ជាង​ពួក​គេ ហើយ​ចម្រើន​ឡើង​ជាង​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់​ឡើយ។ ហើយ​ពួក​គេ​នៅ​លើ​ដែនដី​មួយ ដែល​ជា​ដែនដី​ជម្រើស​លើ​ដែនដី​ទាំង​អស់ ត្បិត​ព្រះ​អម្ចាស់ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លិប មាន​ព្រះ​ជន្មាយុ​រស់នៅ​ជា​ច្រើន​ឆ្នាំ ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ទាំង​ឡាយ ហើយ​ទ្រង់​ក៏​បង្កើត​បាន ហេអើថុម។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេអើថុម បាន​សោយរាជ្យ​ជំនួស​បិតា​ខ្លួន។ ហើយ​កាល ហេអើថុម បាន​សោយរាជ្យ​បាន​ម្ភៃ​បួន​ឆ្នាំ មើល​ចុះ នគរ​ត្រូវ​ដណ្ដើម​យក​ពី​ទ្រង់។ ហើយ​ទ្រង់​បាន​បម្រើ​នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​អស់​ជា​ច្រើន​ឆ្នាំ មែន​ហើយ គឺ​អស់​មួយ​ជីវិត​របស់​ទ្រង់។

៣១ហើយ​ទ្រង់​បង្កើត​បាន ហេត ហើយ ហេត បាន​រស់នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​អស់​មួយ​ជីវិត​ទ្រង់។ ហើយ​ហេត​បង្កើត​បាន​អើរ៉ុន ហើយ​អើរ៉ុន​បាន​រស់នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​អស់​មួយ​ជីវិតទ្រង់ ហើយទ្រង់​បង្កើត​បាន​អាំនីកាដា ហើយ​អាំនីកាដា​ក៏​រស់នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង អស់​មួយ​ជីវិត​ទ្រង់ ហើយទ្រង់​បង្កើត​បាន​កូរីអានទុម ហើយ​កូរីអានទុម​រស់នៅ​ក្នុង​ការ​ជាប់​ឃុំ​ឃាំង​អស់​មួយ​ជីវិតទ្រង់ ហើយទ្រង់​បង្កើត​បាន​កុម។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កុម​យក​នគរ​បាន​ពាក់​កណ្ដាល​មក​វិញ។ ហើយ​ទ្រង់​បាន​សោយរាជ្យ​លើ​នគរ​មួយ​ចំហៀង​អស់​សែសិប​ពីរ​ឆ្នាំ ហើយ​ទ្រង់​បាន​ទៅ​ច្បាំង​នឹង​ស្ដេច​អាំគីឌ ហើយ​ពួក​គេ​បាន​ច្បាំង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​រយៈ​ពេល​នោះ កុម​មាន​អំណាច​លើ​អាំគីឌ ហើយ​យក​បាន​អំណាច​លើ​ផ្នែក​នគរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន។

៣៣ហើយ​នៅ​សម័យ​កុម នោះ​ចាប់​ផ្ដើម​មាន​ពួក​ចោរ​នៅ​លើ​ដែនដី ហើយ​ពួក​គេ​បាន​ប្រើ​ផែនការ​ទាំង​ឡាយ​ពី​ជំនាន់​ដើម ហើយ​បាន​ធ្វើ​ពិធី​ស្បថ​តាម​របៀប​ពួក​ចាស់​បុរាណ ហើយ​ស្វែងរក​បំផ្លាញ​នគរ​ទៀត។

៣៤ឥឡូវ​នេះ កុម បាន​ប្រយុទ្ធ​នឹង​ពួក​គេ​ជា​ច្រើន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ទ្រង់​ពុំ​បាន​ឈ្នះ​លើ​ពួក​គេ​ឡើយ៕